(វ៉ាសុីនតោន)៖ មិនដូចទៅនឹងបច្ចេកវិទ្យាដទៃទៀតដូចជា «អំពូលភ្លើង» ឬក៏ «ទូរស័ព្ទ» នោះទេ «អ៉ីនធើណិត» ពុំមានអ្នកបង្កើតឡើងតែម្នាក់ឡើយ ដោយវាបានវិវឌ្ឍខ្លួនជាបន្តបន្ទាប់រហូតក្លាយមកជាអ្វីដែលពួកយើងប្រើប្រាស់សព្វថ្ងៃ។ អ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវបានប្រើប្រាស់វាអស់ជាច្រើនឆ្នាំ សម្រាប់តែការទំនាក់ទំនងនិងចែករំលែកទិន្នន័យជាមួយគ្នា។ បច្ចុប្បន្នវិញ យើងទាំងអស់គ្នាប្រើអ៉ីនធើណិតស្ទើរតែសម្រាប់អ្វីៗទាំងអស់ ហើយចំពោះមនុស្សភាគច្រើន ពួកគេប្រហែលជាមិនអាចស្រមៃចេញនោះឡើយនូវការរស់នៅដោយគ្មានវា។ រឿងរ៉ាវនៃការឈានឆ្ពោះទៅបង្កើតបណ្តាញអ៉ីនធើណិត បានចាប់ផ្តើមដំបូងបំផុតកាលពីសម័យសង្រ្គាមត្រជាក់៖
* ការភ័យខ្លាចក្រោយសហភាពសូវៀតបាញ់បង្ហោះផ្កាយរណប Sputnik ឡើងទីអវកាស
នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៥៧ សហភាពសូវៀត បានបាញ់បង្ហោះផ្កាយរណបដំបូងបំផុតលើលោក ឡើងទៅទីអវកាស។ ផ្កាយរណបនោះឈ្មោះថា «Sputnik» ហើយវាមិនមានមុខងារអស្ចារ្យអ្វីនោះទេក្រៅតែពីបាញ់បញ្ជូនរលកសញ្ញាខ្លីៗ ហើយគោចរជុំវិញផែនដីប៉ុណ្ណោះ។ ទោះជាបែបនេះក្តី សហរដ្ឋអាមេរិកយល់ថា ស្របពេលដែលអ្នកវិទ្យាសាស្រ្ត និងវិស្វករចំណានៗរបស់ខ្លួនបានផ្តោតលើការបង្កើតរថយន្តធំៗ និងទូរទស្សន៍ល្អៗ សហភាពសូវៀតឯណោះវិញ ហាក់បានផ្តោតទៅលើវត្ថុដែលមិនសូវលេចធ្លោនោះទេ ប៉ុន្តែប្រហែលអាចជួយពួកគេឲ្យឈ្នះសង្រ្គាមត្រជាក់។
ដូច្នេះហើយ ក្រោយការបាញ់បង្ហោះផ្កាយរណប Sputnik អាមេរិកបានចាប់ផ្តើមយកចិត្តទុកដាក់ខ្លាំងជាងមុន ទៅលើផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។ សាលារៀននៅអាមេរិក បានចាប់ផ្តើមចាត់បញ្ចូលនូវមុខវិជ្ជាដូចជា គីមីវិទ្យា រូបវិទ្យា និងគណិតវិទ្យាកម្រិតខ្ពស់។ ចំណែកក្រុមហ៊ុននានាត្រូវបានរដ្ឋាភិបាលផ្តល់កម្ចីឥតសំណង ដើម្បីយកទៅវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្រ្ត។ ចំណែករដ្ឋាភិបាលអាមេរិកផ្ទាល់ បានបង្កើតទីភ្នាក់ងារថ្មីៗ ដូចជា NASA និង ARPA (បច្ចុប្បន្ន DARPA) ដើម្បីផ្តោតលើការផលិតបច្ចេកវិទ្យាសម្រាប់សម័យអវកាស ដូចជាគ្រាប់រ៉ុក្កែត អាវុធ និងកុំព្យូទ័រ។
* ការចាប់កំណើតនៃ ARPAnet
អ្នកវិទ្យាសាស្រ្តនិងអ្នកជំនាញវិស័យយោធាអាមេរិក មានក្តីបារម្ភជាពិសេសចំពោះលទ្ធភាពនៃវាយប្រហារមកលើប្រព័ន្ធបណ្តាញទូរស័ព្ទរបស់សហរដ្ឋអាមេរិក ពីសំណាក់សហភាពសូវៀត។ ពួកគេខ្លាចថាមីស៉ីលតែមួយគ្រាប់ប៉ុណ្ណោះ អាចកម្ទេចខ្សែបណ្តាញទូរស័ព្ទទាំងអស់ ដែលមានសារសំខាន់ជាខ្លាំងសម្រាប់ការទំនាក់ទំនងគ្នានៅចម្ងាយឆ្ងាយ។
នៅឆ្នាំ១៩៦២ អ្នកវិទ្យាសាស្រ្តម្នាក់ដែលមកពីសាកលវិទ្យាល័យ MIT និងទីភ្នាក់ងារ ARPA ឈ្មោះ J.C.R. Licklider បានស្នើឡើងនូវដំណោះស្រាយសម្រាប់បញ្ហានេះ នោះគឺការបង្កើតបណ្តាញកុំព្យូទ័រទ្រង់ទ្រាយធំមួយ ដែលអាចឆ្លើយឆ្លងជាមួយគ្នាបាន។ បណ្តាញកុំព្យូទ័របែបនេះ នឹងអនុញ្ញាតឲ្យថ្នាក់ដឹកនាំប្រទេសក៏ដូចជារដ្ឋាភិបាលទាំងមូល នៅតែអាចទាក់ទងគ្នាបានដដែល បើទោះបីជាបណ្តាញទូរស័ព្ទត្រូវសូវៀតកម្ទេចខ្ទេចក៏ដោយ។
នៅឆ្នាំ១៩៦៩ អ្នកវិទ្យាសាស្រ្ត MIT ម្នាក់ទៀតបានបង្កើតមធ្យោបាយមួយ ដើម្បីបញ្ជូនព័ត៌មានរវាងកុំព្យូទ័រហៅថា «Packet Switching»។ វិធីសាស្រ្តនេះគឺវាបំបែកទិន្នន័យទៅជាកញ្ចប់ៗ មុនពេលបញ្ជូនពួកវាទៅកាន់គោលដៅ។ តាមរបៀបនេះ កញ្ចប់ទិន្នន័យនីមួយៗអាចធ្វើដំណើរលើច្រកផ្លូវផ្សេងៗគ្នាពីកន្លែងមួយទៅកន្លែងមួយ។ ប្រសិនបើគ្មាន Packet Switching នេះទេ បណ្តាញកុំព្យូទ័ររបស់រដ្ឋាភិបាលអាមេរិកហៅថា ARPAnet គឺច្បាស់ជាមានចំណុចខ្សោយមិនខុសពីបណ្តាញទូរស័ព្ទឡើយ។
* សារ «LOGIN»
នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៦៩ បណ្តាញ ARPAnet បានធ្វើតេស្តបញ្ជូនសារជាលើកដំបូង តាមរបៀបទំនាក់ទំនង «Note-to-Node» គឺរវាងម៉ាស៉ីនកុំព្យូទ័រមួយទៅកាន់ម៉ាស៉ីនកុំព្យូរទ័រមួយទៀត។ ក្នុងពេលនោះគឺម៉ាស៉ីនកុំព្យូទ័រមួយ ស្ថិតនៅមន្ទីរពិសោធន៍នៅឯសាកលវិទ្យាល័យកាលីហ្វរញ៉ា UCLA ដែលស្ថិតក្នុងទីក្រុង Los Angeles រីឯម៉ាស៉ីនកុំព្យូរទ័រមួយទៀតនៅសាកលវិទ្យាល័យ Stanford ក្នុងរដ្ឋកាលីហ្វរញ៉ាដូចគ្នា ហើយកុំព្យូទ័រនីមួយៗមានទំហំប៉ុនកូនផ្ទះមួយខ្នង។ សារដែលត្រូវបានបញ្ជូន គឺពាក្យខ្លីនិងសាមញ្ញ «LOGIN» ប៉ុន្តែវានៅតែធ្វើឲ្យបណ្តាញកុំព្យូទ័រដ៏ក្មេងខ្ចីនេះគាំងដដែល ដោយកុំព្យូទ័រនៅ Stanford ទទួលបានតែ២អក្សរដំបូងប៉ុណ្ណោះ។
* ការរីកដុះដាលនៃបណ្តាញ ARPAnet
មកដល់ចុងឆ្នាំ១៩៦៩ មានកុំព្យូទ័រតែ៤គ្រឿងប៉ុណ្ណោះ ដែលត្រូវបានតភ្ជាប់ក្នុងបណ្តាញ ARPAnet ប៉ុន្តែវាបានរីកដុះដាលជាបន្តបន្ទាប់នៅកំឡុងទសវត្សរ៍ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១ បណ្តាញកុំព្យូទ័រ ALOHAnet របស់សាកលវិទ្យាល័យហាវ៉ៃ ត្រូវបានតភ្ជាប់ជាមួយ ARPAnet ហើយ២ឆ្នាំក្រោយមក បណ្តាញកុំព្យួទ័រនៅក្រៅប្រទេស គឺនៅសាកលវិទ្យាល័យទីក្រុងឡុងដ៍ និងមជ្ឈមណ្ឌលរ៉ាដាស្រាវជ្រាវរបស់អង់គ្លេស នៅន័រវែស ក៏ត្រូវបានតភ្ជាប់ថែមទៀត។
ក៏ប៉ុន្តែស្របពេលដែលបណ្តាញកុំព្យូទ័រដែលពឹងផ្អែកលើមធ្យោបាយ Packet Switch នេះ រីកដុះដាលទៅៗ បញ្ហាក៏បានកើតឡើងគឺវាពិបាកក្នុងការរួមបញ្ចូលកុំព្យូទ័រទាំងនោះឲ្យទៅជាអន្តរបណ្តាញមួយ ឬ អ៉ីនធើណិត (Internet) ដែលអាចធ្វើទំនាក់ទំនងជាលក្ខណៈសកល។ ពេលមកដល់ចុងទសវត្សរ៍១៩៧០ អ្នកវិទ្យាសាស្រ្តកុំព្យូទ័រម្នាក់ឈ្មោះ Vinton Cerf បានចាប់ផ្តើមរិះរកវិធីដោះស្រាយបញ្ហានេះ តាមរយៈការបង្កើតមធ្យោបាយសម្រាប់ឲ្យកុំព្យូទ័រទាំងអស់ នៅតាមបណ្តាញកុំព្យូទ័រតូចៗនៅជុំវិញពិភពលោក អាចធ្វើទំនាក់ទំនងគ្នាបានដោយប្រសិទ្ធភាព។
លោក Cerf បានហៅមធ្យោបាយរបស់លោកថា «Transmission Control Protocol ឬ TCP» ក្រោយមកលោកបានបន្ថែម protocol មួយទៀតហៅថា Internet Protocol។ សព្វថ្ងៃពាក្យកាត់របស់ protocol ទាំងនេះ ត្រូវយើងឃើញនៅក្នុងកុំព្យូរទ័រគឺ TCP/IP។ មធ្យោបាយរបស់លោក Cerf ត្រូវគេចាត់ទុកថា បៀបដូចជាការចាប់ដៃណែនាំឲ្យម៉ាស៉ីនកុំព្យូទ័រនៅឆ្ងាយៗនិងខុសៗគ្នា អាចស្គាល់គ្នាបានដោយប្រសិទ្ធិភាពយ៉ាងដូច្នោះ នៅក្នុងលំហនៃបណ្តាញកុំព្យូទ័រ។
* បណ្តាញ World Wide Web
មធ្យោបាយរបស់លោក Cerf ក៏បានប្រែក្លាយអ៉ីនធើណិតទៅជាបណ្តាញកុំព្យូទ័រលក្ខណៈសកល ដែលអាចធ្វើការទាក់ទងគ្នាបានដោយរហូន។ ពេញមួយទសវត្សរ៍ឆ្នាំ១៩៨០ ក្រុមអ្នកស្រាវជ្រាវនិងអ្នកវិទ្យាសាស្រ្តបានប្រើប្រាស់វា ដើម្បីផ្ញើឯកសារនិងទិន្នន័យពីកុំព្យូទ័រមួយទៅកាន់កុំព្យូទ័រមួយទៀត។ ប៉ុន្តែការវិវឌ្ឍនៃបណ្តាញអ៉ីនធើណិតមិនទាន់បញ្ចប់ត្រឹមនេះឡើយ ដោយនៅឆ្នាំ១៩៩១ អ្នកជំនាញកុំព្យូទ័រម្នាក់នៅឯប្រទេសស្វីសឈ្មោះ Tim Berners-Lee បានណែនាំឲ្យពិភពលោកបានស្គាល់នូវ «World Wide Web»។
World Wide Web មិនមែនជាបណ្តាញអ៉ីនធើណិត ដែលសម្រាប់តែប្រើដើម្បីផ្ញើឯកសារឬទិន្នន័យពីកន្លែងមួយទៅកន្លែងមួយនោះទេ ប៉ុន្តែវាជាសំណាញ់ប្រមូលផ្តុំទៅដោយព័ត៌មាន ដែលនរណាក៏ដោយឲ្យតែនៅលើអ៉ីនធើណិតគឺអាចទាញយកព័ត៌មានឬឯកសារទាំងនោះបាន។ និយាយរួមគឺលោក Berners-Lee ជាបុគ្គលដែលបានបង្កើតបណ្តាញអ៉ីនធើណិត ពួកយើងស្គាល់និងប្រើប្រាស់សព្វថ្ងៃនេះ។
ចាប់តាំងពីពេលនោះ អ៉ីនធើណិតក៏បានបន្តប្រែប្រួលក្នុងរបៀបជាច្រើនថែមទៀត។ នៅឆ្នាំ១៩៩២ និស្សិតនិងអ្នកស្រាវជ្រាវមួយក្រុម នៅឯសាកលវិទ្យាល័យរដ្ឋ Illinois សហរដ្ឋអាមេរិក បានបង្កើតកម្មវិធី Browser ដំបូងបំផុតមួយ ហៅថា Mosaic (ក្រោយមកហៅថា Netscape)។ Mosaic គឺដូចកម្មវិធី Firefox និង Chrome ដែលយើងប្រើសព្វថ្ងៃដូច្នោះដែរ វាផ្តល់មធ្យោបាយងាយស្រួលដល់អ្នកប្រើប្រាស់អ៉ិនធើណិត ក្នុងការស្វែងរកព័ត៌មានផ្សេងៗនៅលើ World Wide Web ឬ វែប។ អ្នកប្រើប្រាស់អាចមើលឃើញពាក្យក៏ដូចជារូបភាពក្នុងទំព័រតែមួយជាលើកដំបូង ហើយប្រើមុខងារ scrollbar និងចុចលើលីង (Link) បានជាដើម។
គួរជម្រាបថា ក្នុងឆ្នាំដដែលនោះ សភាអាមេរិកបានសម្រេចថា អ៉ីនធើណិត World Wide Web អាចប្រើប្រាស់សម្រាប់គោលដៅពាណិជ្ជកម្មបាន។ ជាលទ្ធផល ក្រុមហ៊ុននានាបាននាំគ្នារួសរាន់រៀបចំបង្កើតវែបសាយរៀងៗខ្លួន ហើយសហគ្រិនវិស័យ E-Commerce ក៏បានចាប់ផ្តើមប្រើប្រាស់បណ្តាញអ៉ីនធើណិតនេះ ដើម្បីលក់ផលិតផលដោយផ្ទាល់ទៅកាន់អតិថិជន។ រីឯពេលចុងក្រោយបំផុតនេះ គឺវែបសាយដូចជាបណ្តាញសង្គម រួមមាន Facebook ឬ Twitter បានក្លាយជាមធ្យោបាយដ៏ពេញនិយមបំផុត ដើម្បីឲ្យមនុស្សគ្រប់វ័យរក្សាការទាក់ទងជាមួយគ្នាជាប់ជានិច្ច ពោលគឺពួកវាក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់ពួកយើងភាគច្រើន៕