(បរទេស)៖ ទស្សនៈមួយរបស់លោក W. Somerset Maugham បានពោលថា «គ្មានភាពរីករាយណាប្រៀបបានទៅនឹងកាលដែលបានធ្វើដំណើរកំសាន្តទទួលទាន អាហារថ្ងៃត្រង់ជួបជុំគ្នានោះទេ»។ ដំណើរ «កំសាន្តពិចនិច» ប្រៀបបានដូចជាដំណើរលំហែកាយដែលអាចឲ្យគ្រប់គ្នាមានឱកាសបោះបង់ចោលនូវទុក្ខកង្វល់របស់ខ្លួន ដោយជំនួសមកវិញនូវសេចក្ដីរីករាយព្រមទាំងភាពស្រស់ស្រាយសម្រាប់ជីវិត។

ពាក្យ «Picnic» គឺជាពាក្យដែលបានមកពីភាសាបារាំងជំនាន់ដើម ពីកិរិយាស័ព្ទនៃពាក្យ «Piquer» ដែលមានអត្ថន័យថា «ជ្រើសរើស» ព្រមជាមួយនឹងពាក្យ «Nique» ដែលមានន័យថា «ចំនួនតិចតួច» ប៉ុន្តែវាគ្រាន់តែជាកិច្ចសន្និដ្ឋានតាមការយល់ឃើញមួយផ្នែកតែប៉ុណ្ណោះ។

ដំណើរ «កំសាន្តពិចនិច» វាបានលេចចេញរូបរាងដំបូងនៅឯ Bachiques de Pique-Nique ក្នុងឆ្នាំ១៦៤៩ នៅប្រទេសបារាំង។ ដំណើរ «កំសាន្តពិចនិច» មានវត្តមានកាន់តែខ្លាំងឡើងនាអំឡុងសតវត្សរ៍ទី១៨។

ដំណើរ «កំសាន្តពិចនិច» បានក្លាយទៅជាចំណង់ចំណូលចិត្តយ៉ាងពេញនិយមសម្រាប់ពួកអភិជនក្នុងស្រុក ដោយគ្រប់គ្នាតែងតែរៀបចំអនុវត្តវាឡើងជាកិច្ចកម្មវិធីកំសាន្ត ដែលប្រព្រឹត្តនៅតែក្នុងគេហដ្ឋាន។ អ្នកចូលរួមទាំងអស់តែងតែធ្វើការចែករំលែកគ្នា នាំយកនូវគ្រឿងភេសជ្ជៈ ម្ហូបអាហារពិសេសៗជាច្រើនពីគ្រប់ទិសទី។ នៅក្នុងព្រឹត្តិការណ៌ជួបជុំធំៗ គឺមានការប្រារព្ធកម្មវិធីរាំរែក ច្រៀងចម្រៀងតាមចង្វាក់ភ្លេង គឺវាប្រៀបបីដូចជាកិច្ចប្រារព្ធកម្មវិធីជប់លៀងធំមួយ។

* ការធ្វើបដិវត្តបានបានធ្វើឲ្យមានការផ្លាស់ប្ដូរនៃដំណើរ «កំសាន្តពិចនិច» នៅក្នុងគ្រាមានការបះបោរប្រឆាំងទៅ នឹងភាពផ្ដាច់មុខរបស់បារាំង។ នាកំឡុងពេលបដិវត្ត របស់ប្រទេសបារាំងអ្វីៗទាំងអស់ត្រូវបានផ្លាស់ប្តូរ។ ហើយស្ថិតក្នុងស្ថានភាពរស់នៅដោយភាពភ័យខ្លាច ពួកអភិជននិយមជាច្រើនបានធ្វើការភៀសខ្លួនទៅឯបរទេស ពួកគេខ្លះបានទៅរស់នៅឯប្រទេសអូទ្រីស មួយចំនួនទៀតភៀសទៅកាន់ តំបន់ព្រុសស្សី និងប្រទេសអាមេរិកជាដើម។ ប៉ុន្តែភាគច្រើនបាននាំគ្នាធ្វើដំណើរទៅកាន់ ប្រទេសអង់គ្លេសទៀតផង។

អ្នកដែលបានតាំងទីលំនៅនៅឯទីក្រុងឡុងដ៍ ពួកគេភាគច្រើនត្រូវបានជួបប្រទះនឹងបញ្ហាជីវភាព។ ប៉ុន្ដែទោះជាយ៉ាងណាក្ដីពួកគេទាំងអស់សុទ្ធសឹងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរក្សាឲ្យបាននូវរបៀបរបររស់នៅតាមទំនៀមទំលាប់ចាស់របស់ពួកគេដដែល ក្នុងគ្រានោះហើយដែលដំណើរ «កំសាន្តពិចនិច» ត្រូវបានណែនាំឲ្យស្គាល់ដំបូង មកកាន់ប្រទេសអង់គ្លេស វាបានប្រែក្លាយឲ្យមានកិច្ចអភិវឌ្ឍ «ថ្មីពីរបែប» នៅក្នុងទីក្រុងឡុង។

* ប្រភេទទី១៖ សមាជិកទាំងអស់គឺតម្រូវឲ្យយកជាមុខម្ហូបអាហារម្នាក់មួយចាន ព្រមទាំងស្រាក្រហមមួយចំនួន។ បន្ទាប់ពីការទទួលទានអាហារពេលល្ងាចរួចរាល់ ពួកគេបាននាំគ្នាច្រៀងរាំលេងល្បែងកម្សាន្តបន្តយ៉ាងអធិកអធម។ កិច្ចកម្មវិធីទាំងនេះត្រូវបានប្រព្រឹត្តឡើងដោយទទួលការឧបត្ថមគាំទ្រពីសមាជិកទាំងអស់ស្មើៗគ្នា។ កិច្ចដំណើរ «កំសាន្តពិចនិច» បានក្លាយជាចំណង់ចំណូលចិត្តរបស់ប្រជាជនទីនោះ។ នាចុងឆ្នាំ១៨០១ មានយុវជនឋានៈខ្ពង់ខ្ពស់ប្រមាណជាង២០០នាក់ បាននាំគ្នាប្រារព្ធកម្មវិធីជួបជុំកម្សាន្តនៅក្នុងទីតាំងបន្ទប់ជួលមួយដោយមានឈ្មោះថា «Pic Nic Society»។

* ប្រភេទទី២៖ សម្រាប់កិច្ចអភិវឌ្ឍន៍ថ្មី គឺវាមានភាពស៊ីជម្រៅជាងមុន។ ដំណើរ «កំសាន្តពិចនិច» ត្រូវបានធ្វើការនាំមុខដោយពួកវណ្ណៈកណ្តាល និងលេចចេញជារូបរាង ដំណើរកម្សាន្តខាងក្រៅវិញម្ដង។ កត្តាដែលបណ្តាលឱ្យមានការផ្លាស់ប្តូរនេះកើតឡើងគឺពុំមានប្រភពច្បាស់លាស់នោះទេ។ ដោយលទ្ធផលនៃកិច្ចអភិវឌ្ឍន៍ថ្មីនេះ វាបានប្រែក្លាយពីដំណើរកំសាន្តដែលមានសភាពលក្ខណៈអ៊ូអរមកជាដំណើរកំសាន្តទទួលទានអាហារបែបលក្ខណៈសមញ្ញវិញ។

កិច្ចប្រារព្ធកម្មវិធីកម្សាន្តតាមបែបបទដ៏ថ្មីស្រឡាងនេះត្រូវបានលេចរូបរាងឡើងនៅក្នុងសៀវភៅកុមាររបស់ លោក John Harris ដែលមានឈ្មោះថា «The Courtship, Merry Marriage, and Pic-Nic Dinner of Cock Robin and Jenny Wren» ក្នុងឆ្នាំ១៨០៦។

នាទសវត្សក្រោយៗមកដំណើរ «កំសាន្តពិចនិច» ត្រូវបានលេចរូបរាងឡើងនៅក្នុងប្រទេសអាមេរិក។ វានៅតែបន្តដើរតួនាទីជាដំណើរកំសាន្ត ប្រព្រឹត្តិទៅដោយមានលក្ខណៈតាមបែបសាមញ្ញដដែល ដែលអាចឱ្យប្រជាជនឋានៈកណ្ដាលទាំងអស់អាចចូលរួមរីករាយបាន ប៉ុន្តែខុសពីប្រទេសអង់គ្លេស។ ប្រជាជនសហរដ្ឋអាមេរិកបានចូលរួមធ្វើការរៀបចំប្រារព្ធវាឡើងតាមបែបវប្បធម៌ថ្មីផ្សេងទៀត មានអមជាមួយនឹងទីតាំងទេសភាពដើមឈើធំៗ រឺនៅតាមទីតំបន់ថ្មជាដើម។

ដំណើរ «កំសាន្តពិចនិច» ធ្វើឡើងនៅខាងក្រៅគេហដ្ឋានពុំសូវជាទទួលបានការគាំទ្រពីតំបន់ផ្សេងៗច្រើននោះទេ។ ទោះបីជាការស្ដារឡើងវិញនូវរបបរាជានិយមបារាំង ត្រូវបានត្រឡប់មកវិញក៏ដោយដំណើរ «កំសាន្តពិចនិច» ប្រព្រឹត្តនៅក្នុងគេហដ្ឋាននៅតែជាជម្រើសដ៏ពេញនិយមសម្រាប់ពួកគេ ជាពិសេសគឺពួកអ្នកអភិជននិយមទាំងឡាយ។

រហូតមកដល់ដើមសតវត្សរ៍ទី២០ ដំណើរ «កំសាន្តពិចនិច» នៅខាងក្រៅកាន់តែមានភាពលេចធ្លោឡើង។ ជាពិសេសនៅក្នុងប្រទេសអង់គ្លេស ការអភិវឌ្ឍនៃមធ្យោបាយដឹកជញ្ជូនថ្មី មានដូចជា រថភ្លើង កង់ រថយន្ត និងម៉ូតូជាដើម ព្រមទាំងការបង្កើនកែប្រែផ្លាស់ប្តូរថ្មីសម្រាប់វិស័យសង្គមបានធ្វើឱ្យទីជនបទអាចទទួលបាននូវចំនួនប្រជាជនច្រើនជាងមុន។ ដែលបំផុសធ្វើឲ្យមនុស្សគ្រប់ទីតាំងភូមិឋានទាំងអស់ អាចចូលរួមនូវកិច្ចកម្មវិធីដំណើរកំសាន្តបែបនេះដោយខ្លួនឯងបាន។

បន្ទាប់ពីប្រជាប្រិយភាពនៃដំណើរកំសាន្តប្រភេទនេះ បានបង្កើតឲ្យមានអ្មកឯកទេសផលិតកន្ត្រកអាហារជាច្រើននៅលើទីផ្សារ។ គ្រប់គ្នាយល់ថា ដំណើរ «កំសាន្តពិចនិច» នេះនឹងនៅតែបន្តប្រជាប្រិយភាពដ៏ខ្លាំងខ្លារបស់វាទៀតនាពេលខាងមុខ។ ប៉ុន្តែប្រសិនបើពិភពលោកនៅតែបន្តជួបប្រទះប្រឈមទៅនឹងបញ្ហាការកើនឡើង កំដៅផែនដីឥតឈប់ឈរបែបនេះ គ្រប់គ្នាគួរតែបង្កើតការប្រុងប្រយ័ត្នឲ្យកាន់តែម៉ត់ចត់បន្ថែមទៀតអំពីស្ថានភាពទីតាំងនីមួយៗជាមុនសិន មុននឹងធ្វើការសម្រេចជ្រើសរើសទីតាំងតំបន់ណាមួយសំរាប់ដំណើរ «កំសាន្តពិចនិច» នេះ៕