(បរទេស)៖ «សង្រ្គាមកូរ៉េ» បានចាប់ផ្តើមឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ នៅពេលដែលកងទ័ពកូរ៉េខាងជើងប្រមាណ៧៥,០០០នាក់ បានឆ្លងខ្សែបន្ទាត់ស្របទី៣៨ (38th Parallel) ជាចំណុចខណ្ឌចែកព្រំដែន រវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ដែលមានសូវៀតនៅពីក្រោយ ហើយនិងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលមានអាមេរិកគាំទ្រ។

ការឈ្លានពាននេះ ត្រូវគេចាត់ទុកថាជាការធ្វើសកម្មភាពយោធាដំបូងបំផុត ក្នុងសម័យសង្រ្គាមត្រជាក់។ នៅខែកក្កដា កងទ័ពរបស់អាមេរិកក៏បានចូលរួម​ក្នុងសង្រ្គាមកូរ៉េ ដើម្បីជួយកូរ៉េខាងត្បូង ហើយសម្រាប់សហរដ្ឋអាមេរិក វាជាសង្រ្គាមប្រឆាំងនឹងរបបកុម្មុយនិស្តផ្ទាល់តែម្តង។ បន្ទាប់ពីការវាយ​គ្នាទៅវិញទៅមកឆ្លងខ្សែបន្ទាត់ស្របទី៣៨ ការប្រយុទ្ធគ្នាក៏បាននៅជាប់ទ្រឹង ហើយភាគីទាំងសងខាងសុទ្ធតែមានមនុស្សស្លាប់យ៉ាងច្រើន​សម្បើម។

នាពេលនោះ សហរដ្ឋអាមេរិកបានប្រឹងប្រែងជាខ្លាំង ដើម្បីសម្រេចឲ្យបានបទឈប់បាញ់ក្នុងទម្រង់ណាមួយជាមួយកូរ៉េខាងជើង។ ព្រោះថា​បើពុំដូច្នោះទេ ពួកគេខ្លាចថាសង្រ្គាមទ្រង់ទ្រាយធំនឹងផ្ទុះឡើងជាមួយសហភាពសូវៀតនិងចិន ហើយអ្នកខ្លះបានព្រមានពីសង្រ្គាមលោក​លើកទី៣តែម្តង។ ទីបំផុតនៅខែកក្កដា ឆ្នាំ១៩៥៣ «សង្រ្គាមកូរ៉េ» ក៏បានឈានដល់ទីបញ្ចប់ តាមរយៈបទឈប់បាញ់ គឺមិនមែនសន្ធិសញ្ញាបញ្ចប់​សង្រ្គាមជាផ្លូវការនោះឡើយ។

សរុបមក កងទ័ពនិងប្រជាជនស្លូតត្រង់រាប់លាននាក់ បានបាត់បង់ជីវិតនៅក្នុងសង្រ្គាមមួយនេះ ដែលមនុស្សភាគច្រើននៅអាមេរិក​ចាត់ទុកជា «សង្រ្គាមដែលត្រូវបានគេបំភ្លេច» ដោយសារវាពុំសូវទទួលមានការចាប់អារម្មណ៍នោះទេ បើប្រៀបធៀបជាមួយសង្រ្គាមដទៃទៀត ដូចជាសង្រ្គាមលោកលើកទី១ សង្រ្គាមលោកលើកទី២ និងសង្រ្គាមវៀតណាម។ ឧបទ្វីបកូរ៉េបានបែកជាពីររហូតមកទល់សព្វថ្ងៃ។

* កូរ៉េខាងត្បូង និង កូរ៉េខាងជើង
ឧបទ្វីបកូរ៉េបានស្ថិតក្រោមការត្រួតត្រារបស់ចក្រភពជប៉ុន ចាប់តាំងពីដើមសតវត្សរ៍ទី២០មកម្ល៉េះ ហើយនៅក្រោយសង្រ្គាមលោកលើកទី២ ជោគវាសនានៃឧបទ្វីបនេះ បានធ្លាក់ទៅក្នុងដៃរបស់សហរដ្ឋអាមេរិក និងសហភាពសូវៀត ជាអ្នកសម្រេច។ ភាគីទាំងពីរបានព្រមព្រៀង​គ្នាបែងចែកឧបទ្វីបកូរ៉េជាពីរជាបណ្តោះអាសន្នសិន ដោយមានខ្សែបន្ទាត់ស្របទី៣៨ ធ្វើជាព្រំដែនមិនផ្លូវការ។ តាមរយៈការបែងចែកនោះ គឺអាមេរិកត្រួតត្រានៅខាងត្បូង រីឯសូវៀតត្រួតត្រានៅខាងជើង។

ក្រោយមកនៅឆ្នាំ១៩៤៨ រដ្ឋថ្មីចំនួនពីរបានលេចរូបរាងឡើងនៅលើឧបទ្វីបកូរ៉េ។ នៅភាគខាងត្បូងគឺ សាធារណរដ្ឋកូរ៉េ​ ក្រោមការដឹកនាំរបស់លោក ស៉ីងម៉ាន់ រី (Syngman Rhee) ដែលប្រឆាំងរបបកុម្មុយនិស្ត និងទទួលបានការគាំទ្រមិនសូវជាធំដុំនោះទេពីរដ្ឋាភិបាលអាមេរិក មុន​ពេលដែលកងទ័ពអាមេរិកត្រូវដកចេញទៅវិញ។ ចំណែកឯនៅភាគខាងជើង គឺសាធារណរដ្ឋប្រជាមានិត​ប្រជាធិបតេយ្យ ដឹកនាំដោយ​លោក គីម អ៉ីលស៊ុង (Kim Il Sung) ដែលប្រកាន់របបកុម្មុយនិស្ត និងទទួលការគាំទ្រជាច្រើនពីសហភាពសូវៀត មុនពេលដែលសូវៀតដក​​​កងទ័ពចេញ។

មេដឹកនាំកូរ៉េទាំងពីរគឺនៅមិនសុខដូចគ្នា ដ្បិតខ្លួនសុទ្ធតែជាអ្នកស្នេហាជាតិ ដែលចង់បង្រួបបង្រួមកូរ៉េឲ្យទៅជាប្រទេសតែមួយវិញ ប៉ុន្តែ​មាន​និន្នាការខុសគ្នា គឺម្នាក់តាមលោកខាងលិច និងម្នាក់តាមកុម្មុយនិស្ត។ ជម្លោះនៅខ្សែបន្ទាត់ស្របទី៣៨ បានកើតឡើងជាញឹកញាប់​ ដោយ​កងទ័ព​កូរ៉េទាំងពីរខាងសរុបជិត១ម៉ឺននាក់ បានស្លាប់ មុនពេលសង្រ្គាមផ្ទុះឡើងជាផ្លូវការទៅទៀត។ ដោយជៀសមិនផុត កូរ៉េខាងជើងក៏បាន​លើកទ័ពឈ្លានពានកូរ៉េខាងត្បូងក្នុងឆ្នាំ១៩៥០។

* សង្រ្គាមត្រជាក់និងសង្រ្គាមកូរ៉េ
ចំពោះសហរដ្ឋអាមេរិក ការឈ្លានពានរបស់កូរ៉េខាងជើងមកលើកូរ៉េខាងត្បូង ​មិនមែនគ្រាន់ជាជម្លោះផ្ទៃក្នុងធម្មតាៗ រវាងកូរ៉េទាំងពីរឡើយ ប៉ុន្តែវាអាចជាការបោះជំហានដំបូង នៃយុទ្ធនាការរបស់របបកុម្មុយនិស្ត ដើម្បីគ្រប់គ្រងពិភពលោកទាំងមូល។ ដោយសារហេតុផលនេះ​ហើយ ទើបអាមេរិកយល់ថា ការមិនចូលអន្តរាគមន៍ គឺមិនបានជាដាច់ខាត។

ប្រធានាធិបតីអាមេរិកជំនាន់នោះ គឺលោក ហារី ទ្រូម៉ាន់ (Harry Truman) បាននិយាយថា ប្រសិនបើមិនជួយកូរ៉េខាងត្បូងទេ សូវៀតនឹងមិន​បញ្ឈប់ត្រឹមកូរ៉េឡើយ ហើយបន្តវាតទីឥទ្ធិពលកុម្មុយនិស្តពាសពេញពិភពលោក។ ដូច្នេះហើយ សង្រ្គាមនៅឧបទ្វីបកូរ៉េ គឺជានិមិត្តសញ្ញានៃ​ការប្រជែងឥទ្ធិពលគ្នា រវាងរបបសេរីនិងកុម្មុយនិស្តនៅលើសកលលោក ក្នុងសម័យសង្រ្គាមត្រជាក់។

នៅពេលដែលកងទ័ពកូរ៉េខាងជើង វាយចូលដល់រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិកបានត្រៀមលក្ខណៈកងទ័ពរបស់ខ្លួន ដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងរបបកុម្មុយនិស្តតែម្តង គឺមិនមែនតែកូរ៉េខាងជើងនោះឡើយ នៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ពីដំបូងឡើយ វាគ្រាន់តែជាការទប់ទល់ធ្វើយ៉ាងណា ឲ្យកូរ៉េខាងជើងដកខ្លួនចេញពីកូរ៉េខាងត្បូងវិញ ហើយវាមិនងាយស្រួលអ្វីបន្តិចនោះទេសម្រាប់​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូងនិងអាមេរិក។

បន្ទាប់មក​លោក ទ្រូម៉ាន់ និងលោក ឌូគឡាស់ ម៉ាក់អាតសឺ (Douglas MacArthur) ដែលជាអគ្គមេបញ្ជាការយោធាអាមេរិកប្រចាំនៅអាស៉ី-ប៉ាស៉ីហ្វិក ក៏បានសម្រេចកំណត់គោលដៅថ្មីនៃសង្រ្គាមកូរ៉េ គឺលែងត្រឹមជាការទប់ទល់ទៀត​ហើយ ប៉ុន្តែជាការវាយរំដោះដែនដីភាគខាងជើងឧបទ្វីបកូរ៉េ​​ចេញរបបកុម្មុយនិស្តតែម្តង។

ក្នុងជំហានដំបូង ការដាក់គោលដៅយុទ្ធសាស្រ្តថ្មីនេះ គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ សមរភូមិអ៉ីនឈាន់ បានរុញច្រានកងទ័ព​កូរ៉េខាងជើងឲ្យចេញពីរដ្ឋធានីសេអ៊ូល ហើយត្រឡប់ទៅដែនម្ខាងទៀតនៃខ្សែបន្ទាត់ស្របទី៣៨វិញ។ អាមេរិកនិងកូរ៉េខាងត្បូងក៏បានឆ្លង​ខ្សែបន្ទាត់នេះ ហើយបន្តវាយទៅដល់រដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង។

ប៉ុន្តែនៅពេលកងទ័ពសម្ព័ន្ធមិត្តឆ្ពោះទៅរកទន្លេយ៉ាលូ ដែលជាព្រំដែនរវាងកូរ៉េខាងជើងនិងចិន ចិនក៏បានចាប់ផ្តើមកើតក្តីបារម្ភថា ប្រសិនបើ​​កូរ៉េខាងជើងត្រូវអាមេរិកវាយកាន់កាប់បាននោះ វានឹងក្លាយការគំរាមកំហែងដ៏ធំបំផុតនៅមាត់ទ្វារផ្ទះរបស់ខ្លួន។ ហេតុដូច្នេះ មេដឹកនាំចិន លោក ម៉ៅ សេទុង ក៏បានបញ្ជូនកងទ័ពចូលជួយកូរ៉េខាងជើង ហើយព្រមានសហរដ្ឋអាមេរិកឲ្យនៅឲ្យឆ្ងាយពីទន្លេយ៉ាលូ បើមិនចង់មាន​សង្រ្គាមទ្រង់ទ្រាយធំផ្ទុះឡើង។

សង្រ្គាមទ្រង់ទ្រាយធំជាមួយចិន ក៏ជាអ្វីដែលលោក ទ្រូម៉ាន់ មិនចង់បានដែរ ព្រោះវានឹងធ្វើឲ្យសូវៀតឆ្លៀតឱកាសពង្រីកឥទ្ធិពលកាន់តែខ្លាំង​នៅអឺរ៉ុប ហើយដោយសារតែចិនជាសម្ព័ន្ធមិត្តរបស់សូវៀត នោះសូវៀតអាចនឹងចូលជួយ រហូតឈានដល់ការប្រើអាវុធនុយក្លេអ៊ែរដាក់គ្នា ដែលនឹងបណ្តាលឲ្យមនុស្សរាប់លាននាក់ស្លាប់ជាក់ជាមិនខាន។ ប៉ុន្តែសម្រាប់មេទ័ពអាមេរិក ម៉ាក់អាតសឺ គឺលោកមិនយល់ស្របជាមួយ​ប្រធានាធិបតីខ្លួនឡើយ។

យ៉ាងណាមិញ បន្ទាប់ពីកងទ័ពចិនចូលមកដល់កូរ៉េខាងជើង កងទ័ពចិនក៏ទទួលបានជោគជ័យ ក្នុងការវាយបណ្តេញសហរដ្ឋអាមេរិកចេញពី​រដ្ឋធានីព្យុងយ៉ាង ហើយឲ្យអាមេរិកនិងកូរ៉េខាងត្បូងថយទៅផុតខ្សែបន្ទាត់ស្របទី៣៨វិញ។ ទោះជាបែបនេះក្តី កងទ័ពចិននិងកូរ៉េខាងជើងក៏​បានបន្តវាយលុកឆ្លងចូលកូរ៉េខាងត្បូង រហូតទៅដល់រដ្ឋធានីសេអ៊ូលជាថ្មីម្តង និងកាន់កាប់ទីនោះបានមួយរយៈ​។ នាពេលនោះរដ្ឋាភិបាល​អាមេរិក បានគំរាមចង់ប្រើអាវុធនុយក្លេអ៊ែរលើចិន ប៉ុន្តែទន្ទឹមគ្នាដែរ កងទ័ពអាមេរិកនិងកូរ៉េខាងត្បូង ក៏បានទទួលជោគជ័យក្នុងការវាយ​បណ្តេញកងទ័ពកូរ៉េខាងជើងនិងចិនឲ្យដកថយពីសេអ៊ូល ត្រឡប់ទៅដែនម្ខាងទៀតនៃខ្សែបន្ទាត់ស្របទី៣៨វិញ ប៉ុន្តែលើកនេះអាមេរិក​​បានសម្រេចថា មិនឆ្លងចូលទៅខាងកូរ៉េខាងជើងទៀតនោះទេ។

* សង្រ្គាមកូរ៉េឈានដល់ដំណាក់កាលជាប់គាំង និងការព្យាយាមចរចារកសន្តិភាព
នៅខែកក្កដា ឆ្នាំ១៩៥១ លោក ទ្រូម៉ាន់ និងមេបញ្ជាការថ្មីរបស់លោក (លោក ម៉ាក់អាតសឺ ត្រូវបានដកចោលកាលពីប៉ុន្មានខែមុន ព្រោះតែ​​មិនស្តាប់បង្គាប់) បានចាប់ផ្តើមការចរចាគ្នាជាមួយចិននិងកូរ៉េខាងជើង នៅឯភូមិផានមុនជុម។ យ៉ាងណាក៏ដោយ ការប្រយុទ្ធគ្នានៅតែបន្ត​កើតមាន​តាមបណ្តោយខ្សែបន្ទាត់ស្រប ដោយសារការចរចាមិនទៅមុខ។

ទីបំផុតក្រោយការខិតខំចរចាគ្នាអស់រយៈពេលដល់ទៅជាង២ឆ្នាំ គូបដិបក្ខក៏បានយល់ព្រមចុះហត្ថលេខាលើបទឈប់បាញ់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣។ តាមរយៈបទឈប់បាញ់នោះ ខ្សែបណ្តោយព្រំដែនថ្មីនៃកូរ៉េទាំងពីរ ត្រូវបានគូរឡើងនៅក្បែរខ្សែបន្ទាត់ស្របទី៣៨ ហើយបង្កើតឲ្យមានតំបន់គ្មានកងទ័ព (Demilitarized Zone) ដែលមានទទឹងប្រវែងជាង៣គីឡូម៉ែត្រ។

* ចំនួនមនុស្សស្លាប់ក្នុងសង្រ្គាមកូរ៉េ
ការប្រយុទ្ធគ្នាខ្លាំងក្នុងសង្រ្គាមកូរ៉េមានរយៈពេលមិនសូវជាយូរប៉ុន្មានមែន ប៉ុន្តែការបង្ហូរឈាមគឺខ្លាំងក្លា ដោយមនុស្សសរុបជិត៥លាននាក់បានបាត់បង់ជីវិត ដោយ​ក្នុងនោះ គឺជាងពាក់កណ្តាលជាជនស៉ីវិលស្លូតត្រង់កូរ៉េ។

គួរជម្រាបថា ទោះបច្ចុប្បន្នឧបទ្វីបកូរ៉េមានសុខសន្តិភាពក៏ដោយ បើតាមបច្ចេកទេសគឺកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅតែស្ថិតក្នុងសង្រ្គាម​ជាមួយគ្នាដដែល ដ្បិតប្រទេសទាំងពីរពុំមានសន្ធិសញ្ញាបញ្ចប់សង្រ្គាមជាផ្លូវការទេ គឺមានតែបទឈប់បាញ់ប៉ុណ្ណោះ។ ប្រទេសកូរ៉េខាងត្បូង​ឥឡូវស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក មូន ចេអ៉ីន ខណៈប្រទេសកូរ៉េខាងជើងស្ថិតក្រោមការដឹកនាំរបស់លោក គីម​ ជុងអ៊ុន ដែលត្រូវជាចៅរបស់លោក គីម អ៉ីលស៊ុង៕​

ប្រភពវែបសាយ History.com