(ចិន)៖ ពីកូនកំព្រាឪពុកក្រីក្រតោកយាក ខុង ជឺ (Confucuis) បានខិតខំត្រដាបត្រដុសសិក្សារៀនសូត្រស្វែងរកចំណេះវិជ្ជា រហូតក្លាយជាទស្សនវិទូបុរាណចិនដ៏ល្បីល្បាញម្នាក់ ដែលមានកេរ្តិ៍ឈ្មោះរន្ទឺខ្ទ័រខ្ទារពាសពេញពិភពលោក តាំងពីសម័យមុនគ្រិស្តសករាជបន្តរាប់ពាន់ឆ្នាំមកដល់សម័យបច្ចុប្បន្ននេះ។
ខ្សែជីវិតរបស់អ្នកប្រាជ្ញទស្សនវិជ្ជាជនជាតិចិនរូបនេះ មិនសូវមានភាពស្រណុកសុខស្រួលនោះឡើយ ដោយលោកត្រូវបានមន្ត្រីក្បត់ធ្វើទុក្ខបុកម្នេញស្ទើរស្លាប់ស្ទើររស់ តែលោកនៅតែអាចគេចផុតពីចង្កូមមច្ចរាជដោយប្រការផ្សេងៗ និងបានប្រើប្រាស់ជីវិតដែលសល់ពីសេចក្ដីស្លាប់នេះ ដើរផ្សព្វផ្សាយអប់រំមនុស្សពាសពេញពិភពចិនបុរាណ។
តើ ខុង ជឺ ជាមនុស្សបែបណា ហើយជួបរឿងព្យុះភ្លៀងអ្វីខ្លះ ទម្រាំបានក្លាយជាទស្សនវិទូដ៏ល្បីល្បាញមកដល់សព្វថ្ងៃនេះ? តើ ខុង ជឺ ដឹងខ្លួនដែរឬទេថា លោកត្រូវបានមនុស្សជំនាន់ក្រោយចាត់ទុកជាអរិយបុគ្គលដ៏អស្ចារ្យម្នាក់?
តទៅនេះសូមស្វែងយល់ពីជីវប្រវត្តិពិតរបស់ទស្សនវិទូចិន ខុង ជឺ ដូចតទៅ៖
ខុង ជឺ ត្រូវបានប្រសូត្រនៅឆ្នាំ៥៥១ មុនគ្រិស្តសករាជ ក្នុងភូមិតូចមួយនៃទឹកដីនគរលូ (Lu 1042-249 B.C) នាសម័យរាជវង្សចូវ (Zhou) ដែលបច្ចុប្បន្នជាផ្នែកមួយនៃខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន។ ខុង ជឺ មានឈ្មោះដើមថា កុង ស៉ឺ (Kong Qiu) ប៉ុន្តែក្រោយមក សាវ័ករបស់លោកបានហៅថាឈ្មោះថា កុងហ្វូ សឺ (Kong-fu Tse)។
ក្នុងឋានៈជាគ្រួសារអភិជនមួយនៅក្រុងឈឺហ្វូ (Qufu) ឪពុករបស់ កុង ស៉ឺ គឺជាមេទ័ពកាន់កាប់ស្រុកមួយនៃនគរលូបុរាណ ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែជាអកុសលគ្រួសារមេទ័ព កុង បានធ្លាក់ខ្លួនក្រតោកយាកយ៉ាងខ្លាំង ដោយសារការបាត់បង់ទ្រព្យសម្បត្តិផ្ទះសម្បែងស្ទើរតែទាំងអស់។ មិនយូរប៉ុន្មាន មេទ័ព កុង ក៏បានទទួលមរណភាពចែកឋានចាកចោលគ្រួសារទាំងដែលទារក កុង ស៉ឺ ទើបតែមានអាយុ ៣ ឆ្នាំប៉ុណ្ណោះ អ្នកស្រី កុង ក៏ទទួលបន្ទុកចិញ្ចឹមបីបាច់ទារក កុង ស៉ឺ តែម្នាក់ឯងទាំងជីវភាពដុនដាបមែនទែន។
តាំងពីវ័យកុមាររហូតដល់ធំពេញរូបពេញរាង កុង ស៉ឺ មានលទ្ធភាពទទួលបានការអប់រំដូចគេឯងនៅសាលារៀនភូមិមួយនៃទឹកដីនគរលូដដែល លោកតែងមានចំណូលចិត្តលើការសិក្សាតាំងពីដើមមកម្ល៉េះ ចំណែកម្ដាយរបស់លោកក៏តែងតែលើកទឹកចិត្ត និងបង្រៀនបន្ថែមដល់កូនប្រុសសំណព្វតែម្នាក់របស់គាត់យ៉ាងយកចិត្តទុកដាក់។ កុង ស៉ឺ ជាកូនចេះស្ដាប់ដំបូន្មាន មានវិចារណញ្ញាណវាងវៃ ស្លូតត្រង់ លុះដល់ក្លាយជាយុវជនពេញកម្លាំង លោកក៏តែងតែគោរពតួនាទីជាពលរដ្ឋល្អ ព្រមទាំងជឿជាក់ និងគោរពតាមច្បាប់នគរយ៉ាងស្មោះត្រង់ផងដែរ។ ការងារនៅផ្សារ ឃ្វាលសត្វចិញ្ចឹមនៅកសិដ្ឋាន ថែសួនជាដើម គឺជាការងារប្រចាំថ្ងៃរបស់ កុង ស៉ឺ ដើម្បីចិញ្ចឹមម្ដាយនៅផ្ទះ។
ក្រោយមកលោកក៏ទទួលបានការងាររាជការជាស្មៀន និងជាអ្នកកាន់បញ្ជីម្នាក់នៅក្នុងក្រុងឈឺហ្វូ រាជធានីនៃនគរលូ ប៉ុន្តែទោះបីមានការងារល្អធ្វើហើយក៏ដោយ ក៏លោកមន្ត្រី កុង ស៉ឺ មិនបានលះបង់ចោលការសិក្សារៀនសូត្របន្ថែមនោះឡើយ។
ឈានដល់វ័យ ១៩ឆ្នាំ យុវជន កុង ស៉ឺ បានរៀបការជាមួយនារីជនជាតិឈីដ៏ស្រស់ស្អាតម្នាក់មានឈ្មោះថា ឈី ឈួន។ កន្លងទៅមួយឆ្នាំក្រោយមក អ្នកទាំងពីរក៏បានបង្កើតកូនប្រុសម្នាក់ឈ្មោះថា កុង លី។ មិនយូរប៉ុន្មាន លោក កុង ស៉ឺ និងអ្នកស្រី ឈី ក៏បានបង្កើតកូនម្នាក់ទៀត តែគេមិនបានស្គាល់ឈ្មោះកូនទីពីររបស់ពួកគេនោះឡើយ។ ព្រោះតែការផ្ដោតអារម្មណ៍តែទៅលើការសិក្សារៀនសូត្រមិនចេះឈប់ឈរ និងការងារជារាជការរបស់ខ្លួន កុង ស៉ឺ មិនសូវបាននឹកនាស្និទ្ធស្នាលជាមួយប្រពន្ធកូននោះឡើយ រហូតធ្វើឱ្យប្ដីប្រពន្ធទាំងពីរនាក់នេះដើរដល់ផ្លូវបំបែកលែងលះគ្នា។
ដោយការយកចិត្តទុកដាក់លើការងាររាជការបានយ៉ាងល្អប្រសើរ មន្ត្រីស្មៀន កុង ស៉ឺ បានឡើងឋានៈជាមន្ត្រីមេការរដ្ឋបាលកម្រិតទាបម្នាក់នៅព្រះបរមរាជវាំងឈឺហ្វូ នៃនគរលូ ខណៈមន្ត្រីពោះម៉ាយរូបនេះពោរពេញដោយសមត្ថភាព ចំណេះដឹង ព្រមទាំងឧស្សាហ៍ព្យាយាមផងដែរ។ មិនយូរប៉ុន្មាន កុង ស៉ឺ ក៏បានមានឈ្មោះបោះសំឡេងប្រសើរឡើងទូទាំងក្រុងឈឺហ្វូ។ ជាមួយគ្នានោះ លោក កុង ស៉ឺ បានបង្ហាញសណ្ដានចិត្តចង់ចែករំលែកចំណេះដឹងលើកិច្ចការរាជការទៅមន្ត្រីក្រមការដទៃ ប៉ុន្តែបែរជាគ្មានអ្នកណាអើពើជាមួយយោបល់របស់មន្ត្រីថ្នាក់ទាបមកពីជនបទរូបនេះឡើយ។ ប្រហែលមានការអាក់អន់ស្រពន់ចិត្តនឹងអស់លោកនាម៉ឺនមន្ត្រី លោក កុង ស៉ឺ បានងាកមកផ្ដោតអារម្មណ៍ទៅលើការស្វែងយល់ពីទស្សនវិជ្ជា និងការអប់រំដល់ប្រជារាស្ត្រវិញ។
ពេលវេលាចេះតែរសាត់ផុតទៅ កុង ស៉ឺ ក៏បានចម្រើនវ័យឈានដល់អាយុ ២៣ឆ្នាំជាមួយនឹងវឌ្ឍនភាពការងាររាជការយ៉ាងពេញចិត្ត ប៉ុន្តែព្យុះព្យោមាកំណាចក៏បានបោកបក់កាត់ជីវិត កុង ស៉ឺ សាជាថ្មីឡើងវិញ ក៏ព្រោះតែម្ដាយកម្សត់របស់លោកបានទទួលមរណភាពចាកចោលលោក ជាហេតុបង្កឱ្យមន្ត្រី កុង ស៉ឺ ជួបនឹងទុក្ខក្រៀមក្រំជាខ្លាំង។ លោកបានរៀបចំពិធីបញ្ចុះសពអ្នកម្ដាយរបស់លោកបានយ៉ាងល្អតាមទំនៀមពីបុរាណ ដែលជនជាតិចិនសម័យនោះលែងប្រតិបត្តិតាមយូរមកហើយ។ ការរៀបចំពិធីបុណ្យសពម្ដាយរបស់លោក កុង ស៉ឺ បានធ្វើឱ្យមនុស្សម្នាគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយពួកគេក៏បានប្ដូរទម្លាប់នៃការរៀបចំពិធីបុណ្យសព មកអនុវត្តតាមទំនៀមបុរាណដូច កុង ស៉ឺ វិញដែរ។
តាមទំនៀមទម្លាប់របស់ជនជាតិចិនបុរាណ នៅពេលមានឪពុកម្ដាយសាច់ញាតិណាម្នាក់ស្លាប់ គេតែងសម្រាកពីការងារមកកាន់ទុក្ខជូនអ្នកដែលបានស្លាប់ទៅ ហើយលោក កុង ស៉ឺ ក៏បានកាន់ទុក្ខជូនម្ដាយរបស់លោករយៈពេល៣ឆ្នាំ ដោយរស់នៅក្នុងផ្ទះដែលស្ងាត់ដាច់ពីគេ។ កំលុងពេលនោះ លោកបានចំណាយពេលទាំងអស់ទៅលើការសិក្សាទស្សនវិជ្ជា។ លោកមានការចាប់អារម្មណ៍ទៅលើសីលធម៌ និងគុណធម៌ ហើយបានសម្រេចចិត្តរស់នៅដោយប្រតិបត្តិតាមគោលការណ៍នានា ដែលពាក់ព័ន្ធនឹងធម៌ទាំងអម្បាលម៉ាននេះ។
មិនយូរប៉ុន្មាន ទស្សនៈនិងពុទ្ធិរបស់លោកត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ អ្នកស្រុកបានបញ្ជូនកូនចៅរបស់ពួកគេឱ្យទៅរៀនសូត្រជាមួយលោក ហើយលោកបានក្លាយជាមនុស្សដំបូងនៅក្នុងវិស័យអប់រំទូទាំងពិភពបុរាណចិននាសម័យនោះ ប៉ុន្តែកូនសិស្សរបស់លោកភាគច្រើនជាអ្នកស្វែងរកដំបូន្មាន មិនមែនសុទ្ធតែមកក្រេបជញ្ជក់យកចំណេះដឹងប៉ុណ្ណោះទេ។ ក្នុងពេលបង្រៀនសិស្សនោះ លោក កុង ស៉ឺ គ្មានមធ្យោបាយរកប្រាក់សម្រាប់ចិញ្ចឹមជីវិតបានឡើយ ជួនកាលគាត់ទទួលបានអំណោយពីសិស្សរបស់ខ្លួនខ្លះដែរ។ លោកចង់ឱ្យសិស្សគ្រប់រូបយកចិត្តទុកដាក់លើការសិក្សា ហើយគាត់មិនឱ្យតម្លៃអ្នកណាដែលខ្ជិលសិក្សានោះឡើយ។
តាមរយៈសិស្សពីរនាក់ដែលមានទំនាក់ទំនងល្អជាមួយរាជវាំងឈឺហ្វូ កុង ស៉ឺ តែងតែធ្វើទស្សនកិច្ច និងចំណាយពេលយ៉ាងច្រើនអានសៀវភៅនៅបណ្ណាល័យរាជវាំង។ លោកក៏បានរៀនចេះប្រភេទតូរ្យតន្ត្រីល្បីៗ ដែលគេប្រគំនៅក្នុងព្រះបរមរាជវាំងឈឺហ្វូ គឺពេលនោះហើយដែលលោកបានជួបប្រាស្រ័យជាមួយ ឡៅ ស៉ឺ ដែលជាស្ថាបនិកសាសនាតាវ ឬលទ្ធិតាវ។ គាត់ទទួលឥទ្ធិពលយ៉ាងច្រើនពីលោកគ្រូ ឡៅ ហើយបានចំណាយពេលជាច្រើនរៀនសូត្រជាមួយលោកគ្រូ ឡៅ ស៉ឺ។
លោក កុង ស៉ឺ បានបង្រៀនសិស្សរបស់ខ្លួននូវគោលការណ៍ចរិយាសម្បត្តិ និងអភិបាលកិច្ចល្អ។ ការបង្រៀនរបស់គាត់គឺផ្អែកលើសីលធម៌ជាជាងផ្អែកលើសាសនា។ លោកបានប្រៀនប្រដៅមនុស្សឱ្យរស់នៅប្រកបដោយកិត្តិយស និងការប្រុងប្រយ័ត្ន។ លោក កុង ត្រូវបានគេគោរពស្រលាញ់ និងចាត់ទុកជាមនុស្សប្រកបដោយពុទ្ធិ ដែលជនជាតិចិនហៅថា ជឺ (មានន័យថាអាចារ្យ)។
ខុង ជឺ រស់នៅក្នុងរបបសក្តិភូមិដែលមានការបែងចែកដីធ្លីសម្រាប់តែស្ដេចត្រាញ់ប៉ុណ្ណោះ រីឯសីលធម៌ និងការគ្រប់គ្រងសង្គមវិញមានការលក្ខណៈអន់ថយ។ លោកព្យាយាមរិះរកមធ្យោបាយយ៉ាងណាដើម្បីស្ដារឱ្យមានតុល្យភាពសង្គមឡើងវិញ។ លោកយល់ថាការផ្លាស់ប្ដូរ អាចកើតឡើងបានលុះត្រាតែអ្នកដឹកនាំទាំងនោះយល់ដឹងពីប្រពៃណីបុរាណ និងទស្សនវិជ្ជារបស់គាត់។ វាជាការចាំបាច់ណាស់ ដើម្បីផ្លាស់ប្ដូរពួកគេទាំងនោះឱ្យមានជំនឿមកលើប្រពៃណីបុរាណវិញ។
ខុង ជឺ មិនដែលកត់ត្រាទុកនូវការប្រៀនប្រដៅរបស់ខ្លួនទុកនោះទេ។ គេយល់ដឹងនូវការប្រៀនប្រដៅរបស់លោកតាមរយៈសិស្សរបស់គាត់ ដែលបានផ្សព្វផ្សាយការប្រៀនប្រដៅ និងសុភាសិតរបស់គាត់ពាសពេញប្រទេសចិន។ សុភាសិតប្រកបដោយគតិបណ្ឌិតមួយរបស់គាត់ដែលគេតែងហៅថាគតិមាសនោះ គឺ «កុំធ្វើទៅលើអ្នកដទៃនូវអ្វីដែលអ្នកមិនចង់ឱ្យអ្នកដទៃធ្វើមកលើអ្នក»។
គេបាននិទានថា មានឧបទ្ទវហេតុមួយចំនួនទាក់ទងទៅនឹង ខុង ជឺ។ មានគ្រាមួយនោះ នៅពេលដែលទស្សនវិទូ ខុង ជឺ និងសាវ័កកំពុងធ្វើដំណើរកាត់ផ្នូរមួយ ពួកគេបានឃើញស្ត្រីម្នាក់កំពុងយំបោកខ្លួននៅក្បែរផ្នូរនោះ ស្ត្រីនោះបានប្រាប់ ខុង ជឺ ថាកូនប្រុសស្រី និងឪពុកក្មេករបស់គាត់ត្រូវសត្វខ្លាសម្លាប់នៅក្បែរផ្ទះ។ នៅពេលដែលគាត់សួរស្ត្រីនោះថា ហេតុដូចម្ដេចក៏នាងមិនចាកចេញពីកន្លែងដែលប្រកបដោយគ្រោះថ្នាក់បែបនេះទៅ, នាងបានឆ្លើយតបវិញថា រាជការដែលគ្រប់គ្រងប្រទេសរបស់នាងធ្វើបានកៀបសង្កត់ប្រជារាស្ត្រ។ ខុង ជឺ ញញឹមហើយពន្យល់ទៅកាន់សិស្សថា «រាជការដែលសាហាវយង់ឃ្នង គឺគួរឱ្យខ្លាចជាងសត្វខ្លាដែលកាចសាហាវទៅទៀត»។
ខុង ជឺ មានចំណង់ចំណូលចិត្តទៅនឹងតូរតន្ត្រី និងការរៀបចំពិធីប្រពៃណី ដោយលោកជឿថាការរៀបចំពិធីទាំងនោះបង្ហាញពីការគ្រប់គ្រងសង្គម រីឯតន្ត្រីវិញញ៉ាំងឱ្យសតិយើងសប្បាយរីករាយ។
គ្រានោះ ព្រះអង្គចូវ នៃនគរលូបានដឹកនាំប្រទេសចូលក្នុងភ្លើងសង្គ្រាម ហើយទទួលបរាជ័យ ព្រះអង្គក៏បានភៀសព្រះកាយទៅកាន់នគរឈី (Qi) ដែលនៅជាប់នគរលូនោះ។ នគរលូក៏បានធ្លាក់ចូលក្នុងភាពវឹកវរ និងការបំផ្លិចបំផ្លាញ ដូច្នេះ ខុង ជឺ ក៏បានគេចខ្លួនទៅកាន់នគរឈីដែរ។ ព្រះអង្គចូវ តែងតែស្កាត់មកជួប ខុង ជឺ ដើម្បីសុំដំបូន្មាន ដូច្នេះអ្នកទាំងពីរក៏មានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ្ធ ប៉ុន្តែមន្ត្រីរបស់ព្រះអង្គចូវបានបញ្ចុះបញ្ចូលព្រះអង្គកុំឱ្យមករក ខុង ជឺ ទៀត ហើយពួកគេទាំងនោះបានរៀបចំផែនការក្បត់ប្រឆាំងនឹង ខុង ជឺ។ ខុង ជឺ ក៏បានត្រលប់ទៅនគរលូវិញ ដើម្បីគេចពីការតាមសម្លាប់របស់មន្ត្រីលូ។
នៅពេលដែល ខុង ជឺ មានអាយុ ៥០ឆ្នាំ មានមន្ត្រីនគរឈីបានមកជួបលោកសុំឱ្យលោកចូលបម្រើរាជការឈី ដើម្បីរកវិធីទប់ទល់នឹងការបះបោរនៅក្នុងនគរពួកគេ ប៉ុន្តែលោកបានបដិសេធនឹងសំណើនេះ។ ចំណេរកាលក្រោយមក ព្រះមហាក្សត្រថ្មីនៃនគរលូនបានតែងតាំងលោក ខុង ជឺ ជាមន្ត្រីយុត្តិធម៌នៅក្រុងឈឹងទូ (Chung-du)។ លោកទទួលបានជោគជ័យក្នុងកិច្ចការរាជការយ៉ាងខ្លាំង គឺក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ លោកត្រូវបានរាជការដំឡើងឋានៈ ហើយបន្តឡើងតំណែងជាច្រើនដងទៀត ចុងក្រោយ លោកបានក្លាយជាមន្ត្រីយុត្តិធម៌កំពូល។ លោកបានបំពេញកិច្ចការបានយ៉ាងល្អ ដូចជាការកែប្រែប្រព័ន្ធការិយាល័យនៃវិស័យយុត្តិធម៌ ហើយធ្វើឱ្យនគរទាំងមូលស្ទើរតែគ្មានឧក្រិដ្ឋកម្ម។ អាកប្បកិរិយាមនុស្សចិនក្នុងនគរលូសម័យនោះ មានសភាពល្អប្រសើរឡើង ហើយមន្ត្រីពុករលួយអយុត្តិធម៌ក៏ត្រូវបានយកមកកាត់ទោសថែមទៀត។ នោះជាសម័យកាល «ស្អាតស្អំ» ហើយមានយុត្តិធម៌ល្អនៅក្នុងនគរ។
ក្រោមប្រព័ន្ធគ្រប់គ្រងដ៏មានឥទ្ធិពលបែបនេះ នគរលូបានរីកចម្រើន និងក្លាយជានគរដ៏សំខាន់មួយ។ នគរជិតខាងមានការព្រួយបារម្ភពីឥទ្ធិពល ខុង ជឺ ហើយពួកគេបានរៀបចំផែនការបណ្ដេញលោកចេញពីតំណែងមន្ត្រីយុត្តិធម៌នោះ។ ពួកគេចាប់ផ្ដើមបញ្ជោរព្រះមហាក្សត្រនគរលូឱ្យបែកព្រះទ័យ និងចាប់ផ្ដើមព្រងើយកន្តើយមិនអើពើចំពោះព្រះរាជ្យកិច្ច ដោយគិតតែពីសប្បាយជាមួយស្រីស្រា។ ដោយមិនពេញចិត្តនឹងទង្វើរបស់ព្រះមហាក្សត្រខ្លួន ខុង ជឺ ក៏បានលាលែងពីតំណែងមន្ត្រីយុត្តិធម៌កំពូលនេះ។
នៅឆ្នាំ៤៦៩ មុនគ្រិស្តសករាជ ខុង ជឺ ចាប់ផ្ដើមដើរត្រាច់ចរដើម្បីបង្រៀនប្រជាជន ដោយសង្ឃឹមថានឹងមានអ្នកដឹកនាំមួយចំនួនអនុញ្ញាតឱ្យគាត់ប្រើប្រាស់នូវកំណែទម្រង់ក្នុងប្រទេសរបស់ពួកគេ។ មានអ្នកដឹកនាំមួយចំនួនបានស្ដាប់ការប្រៀនប្រដៅរបស់លោក ប៉ុន្តែពួកគេមិនបានប្រគល់តួនាទីនយោបាយសំខាន់ណាមួយដល់គាត់ឡើយ។ នៅក្នុងនគរខ្លះទៀត ស្ថានការណ៍កាន់តែមិនអំណោយផល គ្រាន់តែគាត់ចូលដល់ព្រះរាជវាំងភ្លាម អ្នកកាន់អំណាចទាំងនេះមានអារម្មណ៍ថា ខ្លួនពួកគេត្រូវបានគំរាមកំហែង ដូច្នេះពួកគេត្រូវចាប់ផ្ដើមផែនការបណ្ដេញ ខុង ជឺ ចេញពីរាជវាំងដែលពួកគេកាន់ការនោះ ឬក៏រកកលឧបាយសម្លាប់ ខុង ជឺ ចោលទៀតផង។
នៅឆ្នាំ៤៨៤ មុនគ្រិស្តសករាជ ខុង ជឺ បានត្រលប់ទៅកាន់នគរលូវិញ ប៉ុន្តែស្ថានភាពមិនបានធូរស្រាលឡើយ ដោយគាត់ត្រាច់ចរក្នុងប្រទេសចិនអស់ពេល១៣ឆ្នាំ។ គាត់នៅតែបន្តព្យាយាមតម្រែតម្រង់អ្នកដឹកនាំទាំងនោះ ប៉ុន្តែគាត់ត្រូវបានគេធ្វើទុក្ខបុកម្នេញជាច្រើនលើកច្រើនសា ដោយសារតែទស្សននយោបាយរបស់លោកធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់ពួគេ។ មានម្ដងនោះគាត់ត្រូវបានគេចាប់ដាក់មន្ទីរឃុំឃាំងរយៈពេល៥ថ្ងៃ ធ្វើឱ្យលោកឃ្លានស្ទើរដាច់ពោះស្លាប់។ មានពេលមួយទៀត នៅពេលគាត់មានអាយុ ៦២ឆ្នាំ គាត់ត្រូវទាហានដេញចាប់ជាមួយសាវ័ករបស់លោករហូតដល់ទីជនបទ។ មន្ត្រីកំពូលៗមួយចំនួនដែលមានគំនុំជាមួយលោក បានបញ្ជាឱ្យសេនារបស់ខ្លួនតាមវាយប្រហារជីវិតលោកថែមទៀតផង។ លោក ខុង ជឺ អាចរស់រានមានជីវិតបានដោយសារតែព្រះមហាក្សត្រប្រទេសជិតខាង បានបញ្ជូនកងទ័ពមកជួយសង្គ្រោះជីវិតលោកទាន់ពេលវេលា។
នៅចុងបញ្ចប់នៃជីវិត លោក ខុង ជឺ បានដឹងខ្លួនថាគាត់គ្មានសង្ឃឹមនឹងកែប្រែមនុស្សទាំងនោះ ឱ្យជឿលើទស្សនរបស់លោកបាននោះឡើយ។ ក្នុងវ័យ៦៩ឆ្នាំ ដោយសារទុរគតភាពខ្លាំងពេក ខុង ជឺ ក៏បានត្រលប់ទៅស្រុកកំណើតរបស់ខ្លួនម្ដងទៀត។ នៅទីនោះលោកបានចំណាយពេលទាំងអស់ ដើម្បីបង្រៀននូវក្រមសីលធម៌ដល់សិស្សជំនាន់ក្រោយរបស់ខ្លួន។ សាវ័កដែលចូលរួមរៀនសូត្រជាមួយលោកមានចំនួន ៣,០០០ នាក់ ហើយក្នុងចំណោមអ្នកទាំងនោះ យ៉ាងហោចណាស់ក៏មាន៧២នាក់ ដែលបានក្លាយជាអ្នកប្រាជ្ញដ៏ល្បីនៅពិភពចិននាសម័យក្រោយ។
ខុង ជឺ បានចងក្រងឧត្តមគតិបុរាណរបស់ខ្លួនជាសៀវភៅ ៥ ក្បាល ដែលមានឈ្មោះថា «គម្ពីរបុរាណទាំងប្រាំ» ដែលមានកត់ត្រានូវការប្រៀនប្រដៅ និងជីវប្រវត្តិរបស់គាត់។ កំណត់ត្រានេះរៀបចំពីប្រវត្តិសាស្ត្រចិនក្នុងសម័យនគរលូ ចាប់ពីឆ្នាំ ៧២២-៤៨១ មុនគ្រិស្តសករាជ។ គាត់ចង់ឱ្យសាវ័ករបស់ខ្លួនពិចារណាដោយខ្លួនឯង និងសិក្សាពីពិភពលោកខាងក្រៅ តាមរយៈគម្ពីរបុរាណជាជាងការបង្កើតទ្រឹស្ដីជីវិត។
ខុង ជឺ បានទទួលមរណភាពនៅឆ្នាំ៤៧៩ មុនគ្រិស្រសករាជ សាកសពរបស់លោកត្រូវបានគេបញ្ចុះនៅផ្នូរមួយក្នុងក្រុងឈឺហ្វូ ខេត្តសានទុង បច្ចុប្បន្ន៕