(បរទេស)៖ «Tsunami (ស៊ូណាមិ)» ត្រូវគេស្គាល់ជាទូទៅថាជារលកយក្សធំៗសម្បើម ដែលអាចបង្កឡើងពីហេតុការណ៍រញ្ជួយដីក្រោមបាតសមុទ្រ ពីបន្ទុះភ្នំភ្លើង និងពីបំណាក់ដីជាដើម។ ពាក្យនេះមានប្រភពចេញមកពីភាសាជប៉ុនគឺ «Tsu» ដែលមានន័យថា «កំពង់ផែ» និង «Nami» ដែលមានន័យថា «រលក»។

ពាក្យ «Tsunami» នេះត្រូវគេអះអាងថា បានចាប់ផ្តើមប្រើប្រាស់ក្នុងភាសាអង់គ្លេស ជាលើកដំបូងកាលពីជាង១០០ឆ្នាំមុន នៅពេលដែល មានសេចក្តីរាយការណ៍ព័ត៌មានអំពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបានរុញច្រានរលកទឹកសមុទ្រឲ្យទៅបោកសង្រ្គប់លើប្រទេសជប៉ុន កាលពីឆ្នាំ១៨៩៦។

ចាប់តាំងពីពេលនោះមក ពាក្យ «Tsunami» ត្រូវបានគេចាប់ផ្តើមប្រើប្រាស់កាន់តែទូលំទូលាយឡើង ជាពិសេសក្រោយគ្រោះមហន្តរាយ រលកយក្សនៅមហាសមុទ្រឥណ្ឌា កាលពីឆ្នាំ២០០៤។ បន្ទាប់មកទៀតក្រោយគ្រោះមហន្តរាយនៅជប៉ុន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ពាក្យ «Tsunami» មានវត្តមាននៅពាសពេញបណ្តាញព័ត៌មានទាំងអស់។ សព្វថ្ងៃពាក្យនេះត្រូវបានប្រើប្រាស់ផ្លូវការ ក្នុងភាសាអង់គ្លេសតែម្តង។

Tsunami ធ្លាប់កើតមានឡើងតាំងតែពីសម័យមុនគ្រឹស្តសករាជទៅទៀត ប៉ុន្តែព្រឹត្តិការណ៍ដែលគ្រប់គ្នាបច្ចុប្បន្នចងចាំមិនភ្លេចគឺ Tsunami ដែល បង្កឡើងពីគ្រោះរញ្ជួយដីនៅមហាសមុទ្រឥណ្ឌាឆ្នាំ២០០៤ និង Tsunami នៅជប៉ុន ឆ្នាំ២០១១។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៤ រញ្ជួយដីកម្រិត៩.១រ៉ិចទ័រមួយ បានកើតក្រោមបាតមហាសមុទ្រឥណ្ឌា ក្បែរកោះសូម៉ាត្រារបស់ឥណ្ឌូណេស៉ី។

ប្រមាណជា២ម៉ោងក្រោយមក ទឹករលកកម្ពស់រហូតដល់ទៅ ៩ម៉ែត្រ បានបោកសង្រ្គប់ទៅលើបណ្តោយឆ្នេរភាគខាងកើតនៃប្រទេសឥណ្ឌា និងស្រីលង្កា ដែលនៅចម្ងាយ១,២០០គីឡូម៉ែត្រ។ ហើយក្នុងកំឡុងពេល៧ម៉ោង ក្រោយការកើតឡើងនៃបាតុភូតរញ្ជួយដីខាងលើ រលក Tsunami បានធ្វើដំណើរទៅដល់តំបន់ Horn of Africa ដែលនៅត្រើយម្ខាងទៀតនៃមហាសមុទ្រឥណ្ឌាឯណោះ។

Tsunami នាពេលនោះ បានសម្លាប់មនុស្សលើសពី២សែននាក់ ភាគច្រើនគឺនៅកោះស៊ូម៉ាត្រា និងរាប់ពាន់អ្នកនៅឥណ្ឌា ស្រីលង្កា និងថៃ ហើយ មួយចំនួនតូចនៅម៉ាឡេស៉ី មីយ៉ាន់ម៉ា បង់ក្លាដែស ម៉ាឌីវ សូម៉ាលី និងកន្លែងដទៃទៀត ដែលបានទទួលរងឥទ្ធិពលរបស់វា។

រីឯនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ គ្រោះរញ្ជួយដីកម្រិត៩រ៉ិចទ័រមួយទៀត នៅភាគខាងកើតប្រទេសជប៉ុន ក្រោមបាតមហាសមុទ្រប៉ាស៉ីហ្វិក បានបង្កើតជារលកស៊ូណាមិដ៏ធំមួយ ដែលបានបង្កសេចក្តីវិនាសអន្តរាយធ្ងន់ធ្ងរដល់ឆ្នេរភាគខាងកើតនៃកោះធំ Honshu របស់ជប៉ុន ។ រលកកម្ពស់រហូតដល់១០ម៉ែត្រ បានវាយប្រហារទីក្រុង Sendai និងតំបន់ឆ្នេរដទៃទៀតនៃខេត្ត Miyagi ព្រមទាំងខេត្ត Iwate, Fukushima, Ibaraki, និង Chiba ហើយវាក៏បង្កគ្រោះមហន្តរាយនុយក្លេអ៊ែរ នៅស្ថានីយថាមពលនុយក្លេអ៊ែរ Fukushima Daiichi ផងដែរ។ សម្រាប់ចំនួនមនុស្សស្លាប់គឺជិត២ម៉ឺននាក់ និងបាត់ខ្លួនប្រមាណ២,៥០០នាក់។

ព្រឹត្តិការណ៍រលកយក្ស Tsunami ខ្លាំងៗមួយចំនួនទៀត រួមមានរលកយក្សដែលបង្កឡើងដោយបន្ទុះភ្នំភ្លើង Krakatoa នៅចន្លោះកោះជ្វា និងកោះស៊ូម៉ាត្រា របស់ឥណ្ឌូណេស៉ីជាដើម។ Tsumani នាពេលនោះ មានកម្ពស់រហូតដល់៣៥ម៉ែត្រ និងសម្លាប់មនុស្សអស់ជាង៣.៦ម៉ឺននាក់។ ចំណែកគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតមួយគឺ៩.៥រ៉ិចទ័រ ដែលបានកើតឡើងនៅឆ្នាំ១៩៦០ នៅក្បែរឆ្នេរនៃប្រទេសឈីលី បានបង្ក Tsunami ដែលផ្តាច់ជីវិតមនុស្សប្រហែល២,០០០នាក់នៅឈីលីផ្ទាល់ ៦១នាក់នៅកោះហាវ៉ៃ និង១២២នាក់នៅជប៉ុន។

គួរជម្រាបថា ដោយសារតែគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលអាចបង្កឡើងដោយរលកយក្សស៊ូណាមិ ប្រទេសជាច្រើននៅជុំវិញតំបន់ប៉ាស៉ីហ្វិក ជាទីដែលគ្រោះរញ្ជួយដីក្រោមមហាសមុទ្រ កើតឡើងជាញឹកញាប់នោះ បាននាំគ្នាបង្កើតប្រព័ន្ធប្រកាសអាសន្ន ដើម្បីជូនដំណឹងឲ្យបានទាន់ពេលវេលាពី Tsunami៕