(ឆាងអាន-ចិន)៖ ទីបញ្ចុះព្រះសពរបស់ព្រះចៅអធិរាជចិនមួយអង្គឈ្មោះថា ឈិនស៉ី (Qin Shi Huang) ដែលជាស្តេចដ៏មានឥទ្ធិពល និងល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រចិន បានប្រែក្លាយរូបរាងទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ដ៏ពេញនិយមមួយនៅទីក្រុងឆាងអាន ខេត្តស្ហានស៉ី ខណៈដែលមានអ្នកទេសចរលើសពី១លាននាក់ មកពីជុំវិញពិភពលោក ទៅទស្សនានៅទីនោះជារៀងរាល់ឆ្នាំ។ ទីបញ្ចុះសពរបស់អធិរាជ ឈិនស៉ី មកដល់បច្ចុប្បន្នត្រូវបានគេដាក់ឈ្មោះថា សារមន្ទីរទាហានចម្បាំងស្តេចឈិនស៉ី ឬត្រូវបានគេស្គាល់ថា The Museum of Qin Terra-cotta Warriors and Horses។

ផ្នូរខ្មោចស្តេចអង្គនេះ ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៨៧។ បើតាមការកត់ត្រារបស់ប្រវត្តិវិទូ មានការអះអាងជាច្រើនបញ្ជាក់ថា អធិរាជ ឈិនស៉ី បានប្រសូត្រនៅឆ្នាំ២៥៩ មុនគ្រិស្តសករាជ និងសោយទិវង្គតនៅឆ្នាំ២១០ មុនគ្រិស្តសករាជ។

ភាពល្បីល្បាញរបស់តំបន់ទេសចរប្រវត្តិសាស្ត្រមួយនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសារព័ត៌មានទូទាំងសកលលោក ហើយភ្នាក់ងារអង្គភាពព័ត៌មាន Fresh News និង Fresh News Plus ក៏បានចាកចេញពីប្រទេសកម្ពុជា ទៅទស្សនាតំបន់នេះផងដែរនាពេលកន្លងទៅ។ នៅថ្ងៃនេះអង្គភាពព័ត៌មានយើងខ្ញុំ សូមចែករំលែកចំណេះដឹងទូទៅមួយចំនួន ទាក់ទងនឹងទីបញ្ចុះព្រះសព និងអធិរាជ ឈិនស៉ី ដល់ប្រិយមិត្តអ្នកអានដូចតទៅ៖

* អំពីមហាចេតិយអធិរាជ៖

តាមប្រពៃណីរបស់រាជវង្ស ឈិន ព្រះមហាក្សត្រគ្រងរាជ្យត្រូវត្រៀមចេតិយទុកជាមុន ទើបមហាចេតិយនោះ ត្រូវបានកសាងឡើងនៅជើងភ្នំ លីសាន់ (បច្ចុប្បន្នក្នុងតំបន់ Lintong នៅទីក្រុងឆាងអាន ខេត្តស្ហានស៉ី) និងចាប់ផ្តើមសាងសង់ដំបូងនៅខណៈដែលអធិរាជ ឈិនស៉ី ទើបតែឡើងគ្រងរាជ្យក្នុងព្រះជន្ម ១៣ព្រះវស្សាម្លេះ។ បើតាមសៀវភៅប្រវត្តិសាស្ត្រ មហាចេតិយនេះ មានរាងបួនជ្រុងទ្រវែង ជ្រុងទាំងបួនប្រវែង ៥លី (តាមឯកសារសរសេរថា ១លី ដែលជាខ្នាតរង្វាស់ប្រវែងរបស់ចិន ស្មើនឹង៤១៥ម៉ែត្រ នៅជំនាន់រាជវង្ស ឈិន) និងកម្ពស់ ១៦៦ម៉ែត្រ ដែលនៅផ្នែកខាងក្នុងប្រៀបដូចជាព្រះរាជវាំងក្រោមដីដែរ។ ក្នុងរាជវាំងនោះ មានរាជដំណាក់រាប់រយ រួមទាំងរូបចម្លាក់អាមាត្រជាច្រើនកំពុងអង្គុយស្តាប់សវនការ។

នៅពីលើផ្ទៃចេតិយវិញ មានរូបចម្លងពីព្រៃព្រឹក្សាធម្មជាតិ មានកំពូលភ្នំដែលត្រូវបានធ្វើពីថ្មគជ់ មានរូបចម្លាក់សត្វក្រៀល និងសត្វប្រវឹកធ្វើអំពីមាស និងប្រាក់។ នៅលើដំបូលចេតិយ គេរចនាជាផ្ទៃមេឃចម្លង មានទាំងព្រះអាទិត្យ ព្រះចន្ទ និងដួងតារាដែលធ្វើឡើងអំពីត្បូងពេជ្រកែវមណីជះពន្លឺផ្លេកៗ ព្រមទាំងមានគន្លឹះយន្តសម្រាប់ប្រហារជនណា ដែលលបលួចចូលទៅដោយគ្មានការអនុញ្ញាតផងដែរ។

មហាចេតិយពោរពេញដោយរូបចម្លាក់កងទ័ព និងសេះធ្វើពីដីឥដ្ឋ ដែលមានទំហំប៉ុនរូបពិតៗ រៀបចំជាក្បួនទ័ពនៅហ៊ុមព័ទ្ធជុំវិញទីបញ្ចុះសព ទៅតាមបែបចាត់ក្បួនយុទ្ធសាស្ត្រសង្គ្រាមដូច្នោះដែរ។ ក្រៅពីនេះនៅមានត្បូង ពេជ្រនីល កែវមណី ត្បូងមានតម្លៃ គ្រោងឆ្អឹង ពួកស្នំបម្រើ និងគ្រោងឆ្អឹងពពួកសត្វ ដែលគេយកមកបូជាទៀតផង។ ចេតិយដ៏ធំមហិមាមួយនេះ ត្រូវបានប្រើពេលយ៉ាងហោចណាស់ ៣៩ឆ្នាំ ក្នុងការសាងសង់ និងចំណាយពលកររហូតដល់ទៅ ៧២ម៉ឺននាក់ឯណោះ។

រឿងឃោរឃៅដែលត្រូវបានគេកត់ត្រានោះគឺថា នៅក្នុងពិធីបញ្ចុះសពអធិរាជ ឈិនស៉ី, ព្រះអង្គម្ចាស់ ឈិនអឺស៉ឺ ជារាជបុត្រទី២ បាននាំយកស្រីស្នំពីរាជវាំង ស៊ានយ៊ាង ប្រមាណជាង ១ម៉ឺននាក់ទៅកប់ទាំងរស់ ដើម្បីឲ្យទៅតាមបម្រើអធិរាជ ឈិនស៉ី នៅឋានបរលោក។ រីឯជាងដែលមានថ្វីដៃខាងធ្វើគន្លឹះយន្តវិញ ក៏ត្រូវបានគេបញ្ឆោតយកទៅកប់ទាំងរស់ក្នុងចេតិយជាង ៣០០០នាក់ ដើម្បីបំបាត់ភស្តុតាងផងដែរ។

ទោះបីជាកសាងឡើង នៅចុងសតវត្សទី៣ មុនគ្រិស្តរាជក៏ដោយ ក៏រូបចម្លាក់ទាំងនេះ ទើបតែត្រូវបានរកឃើញ នៅឆ្នាំ១៩៧៤ប៉ុណ្ណោះ។ កាលពីឆ្នាំ១៩៧៤ កសិករនៅក្នុងតំបន់ Lintong នៅទីក្រុងឆាងអាន ខេត្តស្ហានស៉ី ប្រទេសចិន បានជីកអណ្តូងទឹកនៅទីនោះ ក៏ប្រទះឃើញរូបចម្លាក់ទាំងនេះតែម្តង។

* អំពីអធិរាជ៖

ព្រះចៅអធិរាជ ឈិនស៉ី (Qin Shi Huang) គឺជាស្តេចដ៏ល្បីល្បាញបំផុតមួយអង្គ ក្នុងប្រវត្តិសាស្ត្រចិន ព្រោះនៅជំនាន់ទ្រង់ ព្រះអង្គគឺជាមនុស្សតែម្នាក់គត់ ដែលបានបង្រួបបង្រួមអាណាចក្រតូចធំទាំងឡាយ ឬភាសាបច្ចេកទេសថា ឯកភាពវូបនីយកម្ម (Unify) ឲ្យរួមបញ្ចូលគ្នាក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ស្តេច ឈិនស៉ី បានប្រើប្រាស់មធ្យោបាយយ៉ាងឃោរឃៅ ជាងក្សត្រអង្គដទៃទៀត ដែលមិនធ្លាប់មានកន្លងមកក្នុងប្រវត្តិសាស្ត្រចិន។

មានអ្នកប្រវត្តិសាស្ត្រមួយចំនួនបានធ្វើការវិនិច្ឆ័យថា «ឈិនស៉ី គឺជាព្រះរាជាផ្តាច់ការមួយអង្គ ដែលឈ្លក់វង្វេងនឹងអំណាចគំរាមកំហែងប្រជារាស្ត្រ ដើម្បីសាងអំណាចខ្លួនតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយទង្វើរបស់ព្រះអង្គ ក៏បានបណ្តុះមូលដ្ឋានគ្រឹះក្នុងការកសាងប្រទេសចិនឲ្យគង់វង្សជាដរាបរៀងមក រហូតត្រូវបានគេកោតសរសើរថា ទ្រង់គឺជាមហាក្សត្រចិន ដែលបានបង្រួបបង្រួមផែនដីចិន ឲ្យក្លាយមកជាផែនដីរួមតែមួយ និងជាអ្នកបង្កើតទំនៀមទម្លាប់ វប្បធម៌ ប្រពៃណី ដ៏មានតម្លៃសម្រាប់ប្រទេសចិន រហូតមកដល់បច្ចុប្បន្ន»

* អំពីការចូលទិវង្គតអធិរាជ៖

ដោយសារតែចង់សោយសុខតាមបែបជាអធិរាជជានិរន្តរ៍នោះ ស្តេច ឈិនស៉ី បានបញ្ជាឲ្យអ្នកប្រាជ្ញទាំងឡាយស្វែងរកថ្នាំជីវិតអមតៈ ប៉ុន្តែដូចមនុស្សយើងដឹងស្រាប់ហើយថា មនុស្សលោកយើងគ្មាននរណាម្នាក់ មានជីវិតអមតៈបានឡើយ សមដូចពាក្យអ្នកប្រាជ្ញមួយឃ្លាលើកឡើងថា «មានតែភាពប្រែប្រួលទេ ដែលមិនចេះប្រែប្រួល»។ នៅចុងរាជកាលរបស់ស្តេច ឈិនស៉ី ព្រះអង្គបានទៅប្រពាតព្រៃនៅតំបន់មួយ ដែលកាលនោះមានឈ្មោះថាយុនម៉ង់ ដើម្បីបួងសួងដល់វិញ្ញាណខន្ធបុព្វក្សត្ររាជវង្សផ្សេងៗ។

ដោយសារតែទ្រង់បំពេញរាជកិច្ចតែអង្គឯងរៀងរហូតមកទាំងយប់ទាំងថ្ងៃ ទើបធ្វើឲ្យព្រះកាយពលខ្សោយទៅៗជាលំដាប់ និងធ្លាក់ខ្លួនប្រឈួនជាទម្ងន់ ក្នុងជន្មាយុទើបតែ ៤៩ព្រះវស្សាតែប៉ុណ្ណោះ។ ក្សត្រអង្គនេះ រំពឹងតែមួយគត់គឺថ្នាំជីវិតអតមៈ ដើម្បីអាចបន្តជីវិតគ្រប់គ្រងអំណាចតទៅទៀត ប៉ុន្តែគ្មាននរណាអាចផ្សំថ្នាំនេះបានឡើយ ហើយថ្នាំសង្កូវផ្សេងៗ ក៏មិនអាចជួយឲ្យទ្រង់មានអាការៈធូរស្បើយបានដែរ។ ទីបំផុតអធិរាជដ៏មានឥទ្ធិពលរូបនេះ បានសោយទិវង្គតនៅតាមដងផ្លូវនោះទៅ។

ពួកមន្ត្រីហែរហមអធិរាជ ឈិនស៉ី បានព្យាយាមលាក់បាំងរឿងដែលព្រះអង្គសោយទិវង្គតតាមផ្លូវនេះ ដោយធ្វើដូចមិនមានរឿងអ្វីកើតឡើងអញ្ចឹង។ នៅសម័យនោះ ក៏គ្មានឡើយថ្នាំដើម្បីរក្សាសាកសពកុំឲ្យហើមស្អុយ ហេតុដូច្នេះហើយពួកមន្ត្រីបានយកត្រីស្អុយៗជាច្រើន ដាក់លើគ្រប់រទេះទាំងអស់ ដើម្បីបន្លំភ្នែកប្រជានុរាស្ត្រ និងមហាជន។ ពួកមន្ត្រី ធ្វើបែបនេះរហូតទាល់តែធ្វើដំណើរដល់ក្នុងព្រះរាជរាំង ទើបប្រកាសផ្សព្វផ្សាយថាព្រះអង្គ ឈិនស៉ី បានសោយទិវង្គតហើយ។ បន្ទាប់មក ក៏មានការរៀបចំពិធីបុណ្យបញ្ចុះព្រះសព តាមប្រពៃណីរាជវង្ស និងយកព្រះសពទ្រង់ ទៅបញ្ចុះក្នុងមហាចេតិយដូចរៀបរាប់ខាងលើនោះឯង៕