(បរទេស)៖ ជាទូទៅ «Air Force One» គឺជាឈ្មោះសម្គាល់យន្តហោះទាំងឡាយណារបស់កងទ័ពអាកាសអាមេរិក ដែលដឹកជញ្ជូនប្រធានាធិបតីនៃសហរដ្ឋអាមេរិក ពោលគឺយន្តហោះណាក៏ដោយរបស់កងទ័ពអាកាសអាមេរិក ឲ្យតែប្រធានាធិបតីស្ថិតនៅលើនោះគឺត្រូវគេហៅសំដៅថា Air Force One ទាំងអស់។ ប៉ុន្តែពាក្យ «Air Force One» នេះបានក្លាយជាប់ទៅជាឈ្មោះ របស់យន្តហោះជាក់លាក់ណាមួយ ដែលទុកប្រើសម្រាប់ការធ្វើដំណើររបស់ប្រធានាធិបតីអាមេរិក ទាំងនៅក្នុងសហរដ្ឋអាមេរិក និងនៅក្រៅប្រទេស។

គិតចាប់តាំងតែពីឆ្នាំ១៩៩១មកមានយន្តហោះពីរគ្រឿង ដែលត្រូវបានប្រើប្រាស់ក្នុងលក្ខណៈបែបនេះ។ ពួកវាជាប្រភេទ Boeing 747-200B ដូចគ្នាទាំងពីរគ្រឿង និងមានលេខកន្ទុយ២៨០០០ និង២៩០០០ ខណៈកងទ័ពអាកាសអាមេរិកឲ្យឈ្មោះសម្គាល់ថា VC-25A។

* លក្ខណៈពិសេសរបស់យន្តហោះ Air Force One នាពេលបច្ចុប្បន្ន

យន្តហោះ Air Force One ទាំងពីរគ្រឿង ដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះ សុទ្ធតែបំពាក់ទៅដោយប្រព័ន្ធសន្តិសុខនិងប្រព័ន្ធការពារខ្លួនសម្ងាត់ៗ រួមមានប្រព័ន្ធការពារគ្រឿងអេឡិចត្រូនិចនានានៅលើនោះប្រឆាំងនឹងរលកកម្លាំងអេឡិចត្រូម៉ាញេតិច ដែលសាយចេញពីបន្ទុះនុយក្លេអ៊ែរ និងប្រព័ន្ធការពារការវាយប្រហារដោយមីស៉ីលជាដើម។

នៅក្នុងយន្តហោះ Air Force One មានមជ្ឈមណ្ឌលគ្រប់គ្រងបណ្តាញទូរគមនាគមន៍មួយ ដែលស្ថិតនៅជាន់ខាងលើ និងកន្លែងស្តុកទំនិញ ធំមួយនៅជាន់ខាងក្រោម។ ចំណែកនៅជាន់កណ្តាលវិញ មានកន្លែងសម្រាប់ទទួលអ្នកដំណើរបានដល់៧០នាក់ បន្ថែមពីលើសហសេវិក យន្តហោះ២៦នាក់។

នៅជាន់កណ្តាលនេះមានកន្លែងដូចជា បន្ទប់អង្គុយនិងធ្វើការសម្រាប់ក្រុមអ្នកសារព័ត៌មាន, កងកម្លាំងសន្តិសុខ និងក្រុមបុគ្គលមានតួនាទីផ្សេងៗទៀត ព្រមទាំងបន្ទប់ដែលអាចបម្រើជាកន្លែងសន្និសីទ ឬកន្លែងទទួលទានអាហារ។ ក្រៅពីនេះមានឱសថស្ថាន, កន្លែងប្រតិបត្តិការ វេជ្ជសាស្រ្ត, គ្រឿងបរិក្ខា ពេទ្យសង្រ្គោះបន្ទាន់យ៉ាងសម្បូរបែប និងក្រុមគ្រូពេទ្យប្រចាំការជាប់ ព្រមទាំងផ្ទះបាយចំនួនពីរដែលអាចរៀបចំ អាហារសម្រាប់មនុស្សរហូតដល់១០០នាក់ បានក្នុងមួយពេល។ រីឯនៅផ្នែកខាងមុខ គឺបន្ទប់របស់ប្រធានាធិបតី ដែលរួមមាន ការិយាល័យ បន្ទប់សម្រាក និងបន្ទប់ទឹក។

យន្តហោះ Air Force One មានលទ្ធភាពធ្វើដំណើរមួយជើង បានចម្ងាយលើសពី១២,០០០គីឡូម៉ែត្រ ប៉ុន្តែបើចាក់សាំងនៅលើផ្ទៃអាកាសតែម្តងនោះ គឺវាមានលទ្ធភាពធ្វើដំណើរក្រឡឹងជុំវិញពិភពលោកឯណោះ។ Air Force One ទាំងពីរគ្រឿងឈរជើងនៅមូលដ្ឋានទ័ពអាកាស Andrews ក្នុងរដ្ឋ Maryland ក្បែររដ្ឋធានីវ៉ាស៉ីនតោន។ ពួកវាទាំងពីរគ្រឿងនេះធ្លាប់បានបម្រើប្រធានាធិបតី អនុប្រធានាធិបតី (ពេលដឹកអនុប្រធានាធិបតីគឺគេហៅថា Air Force Two វិញ) និងឥស្សរជនផ្សេងៗ នៅក្រោមរដ្ឋបាលលោក George H.W. Bush, លោក Bill Clinton, George W. Bush, និង លោក Barack Obama ហើយបច្ចុប្បន្នស្ថិតក្រោមការប្រើប្រាស់របស់រដ្ឋបាល លោក Donald Trump។

យ៉ាងណាមិញ យន្តហោះ Air Force One ចាស់ៗទាំងពីរគ្រឿងនេះ នឹងត្រូវជំនួសដោយយន្តហោះថ្មី ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ ដែលនឹងត្រូវ ហៅថា VC-25B។

* យន្តហោះដំបូងៗសម្រាប់ការធ្វើដំណើររបស់ប្រធានាធិបតីអាមេរិក

ប្រធានាធិបតីអាមេរិកដំបូងគេ ដែលបានធ្វើដំណើរតាមយន្តហោះពេលកំពុងតែកាន់អំណាច គឺលោក Franklin D. Roosevelt។ នៅខែមករា ឆ្នាំ១៩៤៣ លោកបានឡើងជិះយន្តហោះស៉ីវិល Boeing 314 Clipper ទៅចូលរួមសន្និសីទ Casablanca នៅប្រទេសម៉ារុក អំឡុងសង្រ្គាមលោកលើកទីពីរ។ ក្រោយមកយន្តហោះ Bouglas C-54 Skymaster មួយគ្រឿង ត្រូវបានសាងសង់ឡើងជាពិសេស សម្រាប់ការប្រើប្រាស់របស់ប្រធានាធិបតីអាមេរិក។

យន្តហោះម៉ាស៉ីន៤នេះ ជារបស់កងទ័ពអាកាសអាមេរិក មានសមត្ថភាពហោះហើរបានចម្ងាយ៦,៤០០គីឡូម៉ែត្រក្នុងមួយជើង ហើយខុសពី Boeing 314 Clipper ដែលជា យន្តហោះធ្វើប្រតិបត្តិការឡើងចុះលើផ្ទៃទឹក Bouglas C-54 Skymaster ធ្វើប្រតិបត្តិការឡើងចុះនៅលើគោក ទោះមានឈ្មោះសម្គាល់ផ្លូវការថា VC-54A ក៏ដោយ ក្រុមអ្នកសារព័ត៌មានមួយចំនួននាំគ្នាហៅវាថា «Sacred Cow»។ យន្តហោះនេះមានផ្ទុក បន្ទប់ប្រជុំមួយ និងបន្ទប់សម្រាករបស់ប្រធានាធិបតី ដែលមានបន្ទប់ទឹកនិងបង្អួចបាញ់មិនធ្លុះ។

យន្តហោះ Douglas C-54 Skymaster ធ្លាប់ដឹកលោក Roosevelt បានតែម្តងប៉ុណ្ណោះគឺទៅកាន់សន្និសីទ Yalta នៅតំបន់គ្រីមៀសូវៀត ក្នុងខែកុម្ភៈ ឆ្នាំ១៩៤៥ ក៏ប៉ុន្តែវាបានបន្តស្ថិតក្រោមការប្រើប្រាស់រហូតដល់ឆ្នាំ១៩៤៧ អំឡុងអាណត្តិដំបូងរបស់ប្រធានាធិបតី លោក Harry S. Truman។ យន្តហោះដែលលោក Truman ប្រើប្រាស់ជាចម្បងគឺ Douglas C-118 Liftmaster (Douglas DC-6)។ វាមានឈ្មោះសម្គាល់ផ្លូវការ ថា VC-118 ប៉ុន្តែលោក Truman ដាក់ឈ្មោះផ្សេងឲ្យវាថា Independence តាមទីក្រុងកំណើតរបស់លោក នៅរដ្ឋ Missouri។

យន្តហោះ Independence មានម៉ាស៉ីនខ្លាំងជាង និងហោះបានឆ្ងាយជាងយន្តហោះ Sacred Cow។ វាក៏មានបំពាក់បច្ចេកវិទ្យាថ្មីៗ ហើយដឹក អ្នកដំណើរបានច្រើនជាងមុនផងដែរ។ យន្តហោះនេះបានបន្តបម្រើជាយន្តហោះចម្បងសម្រាប់ការធ្វើដំណើររបស់ប្រធានាធិបតីអាមេរិក រហូតដល់ជំនាន់លោក Dwight D. Eisenhower ដែលបានចូលកាន់អំណាចនៅឆ្នាំ១៩៥៣ ទើបមានការផ្លាស់ប្តូរយន្តហោះថ្មី។

* ឈានចូលសម័យយន្តហោះប្រើម៉ាស៉ីនប្រភេទ Jet Engine

យន្តហោះធ្វើដំណើរផ្ទាល់ខ្លួនដំបូងរបស់លោក Eisenhower ដោយចាប់ផ្តើមពីឆ្នាំ១៩៥៣ គឺ C-121 Constellation របស់ក្រុមហ៊ុន Lockheed ដែលមានឈ្មោះសម្គាល់ផ្លូវការ VC-21E។ ប៉ុន្តែលោក Eisenhower ដាក់ឈ្មោះឲ្យថា Columbine II។ យោងទៅតាមរឿងរ៉ាវដំណាលតៗគ្នាពាក្យ «Air Force One» ត្រូវបានប្រើប្រាស់ជាលើកដំបូង ដោយអាកាសយានិករបស់ Columbine II កំឡុងជើងហោះហើរមួយទៅកាន់រដ្ឋ Florida នៅពេលអាកាសយានិករូបនោះបារម្ភថា ក្រុមគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ប្រហែលអាចច្រឡំយន្តហោះប្រធានាធិបតីជាមួយ យន្តហោះស៉ីវិលមួយគ្រឿងទៀតដែលនៅក្បែរគ្នា។

ក្រោយមកនៅឆ្នាំ១៩៥៤ យន្តហោះ Columbine II ត្រូវបានជំនួសដោយ Columbine III ដែលច្នៃចេញមកពី Lockheed Super Constellation ដែលមានប្រវែងវែងលឿន និងផាសុកភាពជាង Columbine II។ យន្តហោះ Columbine III គឺជាយន្តហោះម៉ាស៉ីនពិស្តុង (Piston Engine) ចុងក្រោយគេ ដែលត្រូវបានប្រើប្រាស់ជា មធ្យោបាយដឹកជញ្ជូនផ្លូវអាកាស សម្រាប់ប្រធានាធិបតីអាមេរិក។

ក្នុងជំនាន់កាន់អំណាចរបស់លោក Eisenhower យន្តហោះសម្រាប់ការធ្វើដំណើរប្រធានាធិបតីអាមេរិក បានឈានដល់សម័យម៉ាស៉ីន Jet ដែលជាប្រភេទម៉ាស៉ីនយន្តហោះ ប្រើប្រាស់រហូតមកទល់សព្វថ្ងៃនេះ។ នៅខែសីហា ឆ្នាំ១៩៥៩ Eisenhower ជាដំបូងបានធ្វើដំណើរលើ យន្តហោះ VC-137A ជាយន្តហោះ Boeing 707 Stratoliner កែច្នៃ មានឈ្មោះហៅក្រៅថា «Queenie»

ក្នុងយន្តហោះ Queenie មានកន្លែងគ្រប់គ្រងបណ្តាញទូរគមនាគមន៍ពិសេសមួយកន្លែង ជិះរបស់អ្នកដំណើរដែលបានរហូតដល់៤០នាក់ បន្ទប់សន្និសីទ និងបន្ទប់ប្រធានាធិបតី។ ល្បឿន ចម្ងាយហោះហើរផាសុកភាព និងរូបរាងរបស់វា គឺសាកសមបំផុតសម្រាប់មេដឹកនាំនៃប្រទេសមហាអំណាច។

នៅខែធ្នូ ឆ្នាំ១៩៥៩ យន្តហោះនេះបានដឹកលោក Eisenhower ក្នុងដំណើរទស្សនកិច្ចសុឆន្ទៈមួយមិនធ្លាប់មាន រយៈពេល៣សប្តាហ៍ទៅកាន់ប្រទេសសរុបចំនួន១១ នៅតំបន់អឺរ៉ុប អាស៉ី និងអាហ្រ្វិកខាងជើង។ នៅឆ្នាំ១៩៦២ Queenie ក៏លែងត្រូវបានប្រើប្រាស់ជាយន្តហោះចម្បង សម្រាប់ការធ្វើដំណើររបស់ប្រធានាធិបតីអាមេរិកតទៅទៀត។

* មុខមាត់ថ្មីនៅក្រោមជំនាន់លោក Kennedy

នៅឆ្នាំ១៩៦២ ប្រធានាធិបតីអាមេរិកលោក John F. Kennedy ទទួលបានយន្តហោះប្រភេទម៉ាស៉ីន Jet ថ្មី ដែលត្រូវបានសាងសង់ឡើងជា ពិសេសសម្រាប់ការប្រើប្រាស់របស់ប្រធានាធិបតីតែម្តង។ វាជាយន្តហោះ Boeing 707 ដដែល ដែលមានលេខកន្ទុយ២៦០០០ និងឈ្មោះ សម្គាល់ផ្លូវការ VC-137C ប៉ុន្តែនៅជុំវិញពិភពលោកគេស្គាល់វាថាជា «Air Force One»

អំឡុងរដ្ឋបាលលោក Kennedy យន្តហោះ Air Force One ទទួលបានរូបរាងថ្មី គឺមានពណ៌សលាយខៀវ, ក្បាច់អក្សរថ្មីនៃពាក្យ «United States of America» ដែលធំលេចធ្លោជាងមុន, ទង់ជាតិអាមេរិកនៅកន្ទុយ, និងត្រាប្រធានាធិបតីនៅសងខាងក្បែរផ្នែកខាងមុខរបស់វា។ យន្តហោះ Air Force One ក្រោយៗតមកទៀតសុទ្ធតែមានការរចនាដូចគ្នានេះ។ នៅឆ្នាំ១៩៦៣ យន្តហោះ Air Force One រូបរាងថ្មីនេះ បានជូនដំណើរលោក Kennedy ទៅកាន់ ទីក្រុងប៊ែរឡាំងខាងលិច ជាទីដែលលោកបានចេញសេចក្តីប្រកាសដ៏ល្បីថា «Ich bin ein Berliner» ហើយនៅខែវិច្ឆិកា ឆ្នាំ១៩៦៣ វាបាននាំយកសាកសពលោក Kennedy ដែលត្រូវបានគេធ្វើឃាតពីទីក្រុង Dallas ត្រឡប់ទៅកាន់រដ្ឋធានីវ៉ាស៉ីនតោនវិញ ហើយលោក Lyndon B. Johnson ដែលជាអនុប្រធានាធិបតី បានស្បថចូលកាន់តំណែងជំនួស លោក Kennedy នៅលើយន្តហោះនោះតែម្តង។

យន្តហោះ Air Force One បានបន្តបម្រើជាយន្តហោះចម្បង ឬយន្តហោះបម្រុង អំឡុងរដ្ឋបាលលោក Johnson, លោក Richard M. Nixon, លោក Gerald R. Ford, លោក Jimmy Carter, លោក Ronald Reagan និង លោក George H.W. Bush។ នៅឆ្នាំ១៩៧២ ក៏មានយន្តហោះ Air Force One មួយគ្រឿងទៀតដើម្បីជាគូនឹងគ្នា ដែលមានកន្ទុយលេខ២៧០០០។ យន្តហោះថ្មីនេះហើយ ដែលបានជូនដំណើរលោក Nixon វិលត្រឡប់ទៅរកជីវិតឯកជនវិញនៅរដ្ឋ California បន្ទាប់ពីលោកបានលាលែងពីតំណែង នៅខែសីហា ឆ្នាំ១៩៧៤។

គួរជម្រាបថា យន្តហោះទាំងពីរគ្រឿងខាងលើ បានឆ្លងកាត់ការកែលម្អនិងជួសជុលថែទាំប៉ុន្មានលើក មុនពេលជំនួសដោយយន្តហោះ Air Force One មួយគូថ្មី នៅឆ្នាំ១៩៩០-៩១។ Boeing 747 មួយគូថ្មីនោះ គឺជាយន្តហោះ Air Force One ដែលត្រូវបាននិងកំពុងប្រើប្រាស់រហូតមកទល់បច្ចុប្បន្ន៕

ប្រភពវែបសាយ៖ Encyclopedia Britannica