(ភ្នំពេញ)៖ កាលពីឆ្នាំ១៩៤៥ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ សហរដ្ឋអាមេរិក បានប្រើប្រាស់គ្រាប់បែកនុយក្លេអ៊ែរ ចំនួន២គ្រាប់ទម្លាក់នៅទីក្រុងចំនួន២ របស់ប្រទេសជប៉ុន គឺហ៉ីរ៉ូស៉ីម៉ា និងណាកាសាគី។ អាវុធប្រល័យលោកទាំង២នោះ គឺជាគ្រាប់បែកបរិមាណូ ដែលត្រូវបានផលិតដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលមានការនិយាយតៗគ្នាមកថា កើតឡើងពីគំនិតរបស់លោក Albert Einstein (អាលបឺត អាញស្តាញ)។

ការលើកឡើងថា Einstein គឺជាបិតាអាវុធនុយក្លេអ៊ែរ ព្រោះតែគេអះអាងថា រូបមន្តដ៏ល្បីល្បាញរបស់លោកគឺ អឺ=អ៉ឹម*សេ ការ៉េ (E= mc2) ដែលជារូបមន្តពិសេសមួយ ជាដើមចមក្នុងការឈានទៅដល់ការស្រាវជ្រាវ ដើម្បីបង្កើតអាវុធប្រល័យលោកមួយនេះ។ តើលោក អាញស្តាញ ពិតជាបិតាអាវុធនុយក្លេអ៊ែរមែនឬ ? ហើយនរណាជាអ្នកផ្តួចផ្តើមឲ្យអាមេរិកផលិតគ្រាប់បែកដ៏សាហាវលើលោកមួយនេះ។

ឆ្លើយតបនឹងសំណួរនេះ Fresh News Plus សូមយកចម្លើយរបស់អ្នកវិទ្យាសាស្ត្រ មកចែកជូនប្រិយមិត្តដូចតទៅ៖

នៅក្នុងនិក្ខេបបទស្ដីអំពីអេឡិចត្រូឌីណាមិចនៃអង្គធាតុមានចលនា នៅឆ្នាំ១៩០៥ របស់ Einstein, លោកបានលើកឡើងពីទ្រឹស្ដីរ៉ឺឡាទីវីតេពិសេស។ បើតាមទ្រឹស្ដីនេះ ភាពមិនប្រើប្រួលរបស់ល្បឿនពន្លឺ តម្រូវឲ្យមានកំណែសម្រួល លើសញ្ញាណនៃភាពព្រមគ្នា។ ជាលទ្ធផលតម្រុយលំហរពេល របស់អង្គធាតុមានចលនា អាចបន្ថយល្បឿន និងរួញខ្លី (ក្នុងទិសដៅចលនា) បើប្រៀបធៀប នឹងតម្រុយរបស់អ្នកសង្កេត។

ពីទ្រឹស្ដីនេះ Einstein បានទាញបានរូបមន្តដ៏ល្បីគឺ E=mc2 ដែលជារូបមន្តសមមូលម៉ាស និងថាមពល។ ក្នុងនោះ E គឺជាថាមពល, m គឺជាម៉ាស់, និង c គឺជាល្បឿននៃពន្លឺ។ រូបមន្តនេះបញ្ជាក់ថា បរិមាណដ៏តិចតូច របស់ម៉ាសរូបធាតុ អាចបម្លែងជាថាមពលយ៉ាងធំសម្បើមបានដែរ។ គេប្រើរូបមន្តនេះ ដើម្បីគណនាថាមពល បានពីប្រតិកម្មបំបែកនុយក្លេអ៊ែរ។

E=mc2 ត្រូវបានប្រើប្រាស់ដើម្បីគណនាថាមពលអង្គធាតុមួយបញ្ចេញ មិនថាជាការបញ្ចេញថាមពលរបស់គ្រាប់បែកបរិមាណូ ឬការបញ្ចេញថាមពលរបស់ព្រះអាទិត្យ។ ប៉ុន្តែរូបមន្ត ដែលត្រូវរកឃើញនៅឆ្នាំ១៩០៥ ដោយលោក Einstein នេះតែម្យ៉ាង ពុំបានជួយឲ្យរកឃើញគ្រាប់បែកបរិមាណូបានសម្រេចនោះទេ ព្រោះវាគ្រាន់តែប្រើក្នុងការគណនាថាមពល ដែលចេញពីគ្រាប់បែកតែប៉ុណ្ណោះ។

រូបមន្តនេះទៀតសោត ក៏មិនបានបង្ហាញពីការបម្លែងម៉ាស់ទៅជាថាមពលនោះទេ និងក៏មិនបានបង្ហាញពីប្រព្រឹត្តិកម្មនុយក្លេអ៊ែរនោះដែរ។ ការបង្កើតគ្រាប់បែកបរិមាណូបាន ត្រូវមានការផ្សំបញ្ចូលគ្នាជាមួយនឹងទ្រឹស្តី និងរបបគំហើយជាច្រើនទៀត ជាពិសេសទ្រឹស្តីប្រព្រឹត្តិកម្មនុយក្លេអ៊ែរ ដែលអាចបម្លែងម៉ាស់ទៅជាថាមពល និងបង្កើតជាកម្លាំងផ្ទុះ របស់អ្នកវិទ្យាសាស្ត្រមួយរូបទៀត ឈ្មោះថា ឡេអូ ស៉ីឡាដ៍ (Leo Szilard) ដែលត្រូវបានរកឃើញនៅដើមឆ្នាំ១៩៣០។

មុនការបង្កើតគ្រាប់បែកបរិមាណូ លោក Leo Szilard បានប្រាប់ទៅដល់លោក Einstein ដែលជាមិត្តភក្តិនឹងគ្នានោះ ពីបញ្ហាពីរយ៉ាង គឺការរកឃើញទ្រឹស្តីប្រព្រឹត្តិកម្មនុយក្លេអ៊ែរ និងប្រាប់ទៀតថា មានសារធាតុអ៊ុយរ៉ាញ៊ូមជាច្រើននៅប្រទេសកុងហ្គោ។ លោកបញ្ចុះបញ្ចូលថា អាល្លឺម៉ង់កំពុងតែផលិតគ្រាប់បែកបរិមាណូ ក្រោមការស្រាវជ្រាវរបស់លោក ហៃសិនបឺក (Heisenberg) ហើយបើសិនជាអាល្លឺម៉ង់ ដែលកាលនោះក្រោមការដឹកនាំរបស់លោក អ៉ីត្លែរ អាចផលិតគ្រាប់បែកប្រភេទនេះបាន ពិភពលោកច្បាស់ជាគ្រោះថ្នាក់បំផុត។ ទីបំផុត ក្រោយការបញ្ចុះបញ្ចូលនេះ Einstein ក៏បានយល់ព្រម។

Einstein បានចូលរួមចុះហត្ថលេខា ដើម្បីស្នើទៅលោក Franklin Roosevelt (ហ្រ្វង់គ្លីន រូសឺវ៉ែល) ប្រធានាធិបតីអាមេរិក ក្នុងការគាំទ្រដល់កម្មវិធីស្រាវជ្រាវផលិតគ្រាប់បែកបរិមាណូរបស់លោក Leo នៅឆ្នាំ១៩៣៩ រហូតផលិតគ្រាប់បែកបរិមាណូបានយ៉ាងជោគជ័យលើកដំបូង ចំនួន២គ្រាប់ ក្រោមគម្រោង «ម៉ាន់ហាត់ថាន់»។ គ្រាប់បែកទាំងនោះ ត្រូវបានយកទៅទម្លាក់នៅទីក្រុងហីរ៉ូស៉ីម៉ា និងណាកាសាគី របស់ជប៉ុន អំឡុងសង្គ្រាមលោកលើកទី២ ដែលធ្វើឲ្យដែនដីជប៉ុនទាំងមូលស្ទើរតែក្លាយជាផេះ។

ក្រោយមកទើបដឹងថាលោក Heisenberg ដែលជាអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ ពុំបានធ្វើតាមគម្រោងផលិតអាវុធប្រល័យលោកនោះទេ ដែលប្រការនេះធ្វើឲ្យលោក Einstein មានវិប្បដិសារី ឈឺចាប់ផ្លូវចិត្ត និងសោកស្តាយយ៉ាងខ្លាំង ព្រោះបានបង្កវិនាសកម្មយ៉ាងធំធេងសម្រាប់ពិភពលោក ខណៈដែលលោកជាមនុស្សមិនចូលចិត្តសង្គ្រាមទាល់តែសោះ។ មានការកត់ត្រាថា Einstein តែងតែពោលពាក្យសុំទោសចំពោះប្រជាជនជប៉ុន និងធ្វើយុទ្ធនាការដើម្បីសាងសន្តិភាព រហូតដល់ថ្ងៃអវសាន្តនៃជីវិត។

សរុបមក បើនិយាយតាមផ្នែកវិទ្យាសាស្ត្រ រូបមន្តរបស់ Einstein គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះក្នុងការផលិតអាវុធប្រល័យលោកនុយក្លេអ៊ែរ ប៉ុន្តែបើនិយាយពីអ្នកបង្កើតវាវិញ គឺត្រូវបានកសាងឡើងតាមទ្រឹស្តីជាច្រើន ជាពិសេសរបស់លោក Leo Szilard ដែលជាមិត្តភក្តិរបស់គាត់។ ទោះយ៉ាងណាក៏ដោយ ប្រជាជនលើពិភពលោក នៅតែចាត់ទុកថា Einstein ជាបិតានៃអាវុធនុយក្លេអ៊ែរដដែល។

មូលហេតុ ដែលអះអាងថា Einstein មិនមែនជាបិតាអាវុធនុយក្លេអ៊ែរ មាន២យ៉ាង រួមមាន៖

១៖ នៅក្នុងទ្រឹស្តីបង្កើតអាវុធនុយក្លេអ៊ែរ ទ្រឹស្តីដ៏សំខាន់បំផុតមួយ គឺប្រព្រឹត្តិកម្មនុយក្លេអ៊ែរ ហើយអ្នកវិទ្យាសាស្ត្រដ៏ល្បីជាងគេក្នុងការរកឃើញទ្រឹស្តីនេះ គឺលោក Leo ។

២៖ Einstein មិនបានចូលរួមក្នុងការផលិតអាវុធនុយក្លេអ៊ែររបស់អាមេរិកទេ ទាំងក្នុងដំណាក់កាលដែលសិក្សាដោយក្រុមអ្នកវិទ្យាសាស្រ្ត និងគម្រោងម៉ាន់ហាត់ថាន់។ លោកថែមត្រូវ កងទ័ពអាមេរិក មិនអនុញ្ញាតដឹងពីគម្រោងម៉ាន់ហាត់ថាន់ទៀតផង ព្រោះលោកជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់ FBI ថាជាពួកមកពីអាល្លឺម៉ង់ ដែលប្រឆាំងនឹងអាមេរិក។

ដោយសារតែឥទ្ធិពលរបស់អាវុធនុយក្លេអ៊ែរបង្កវិនាសកម្មយ៉ាងដូច្នេះហើយ ទើបលោក Einstein អះអាងទុកជាមុនថា «បើមានសង្គ្រាមលោកលើកទី៤កើតឡើង មនុស្សយើងនឹងច្បាំងគ្នា ដោយប្រើដំបង និងដុំថ្ម តែប៉ុណ្ណោះ»។

ប្រវត្តិខ្លីៗរបស់លោក Leo Szilard និងលោក Albert Einstein៖

* អំពីលោក Leo Szilard

Leo Szilard គឺជារូបវិទូ និងតក្កករ (អ្នកច្នៃប្រឌិត) ជនជាតិហុងគ្រី-អាល្លឺម៉ង់-អាមេរិក។ លោកមានឈ្មោះដើមថា Leo Spitz កើតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៨៩៨ នៅទីក្រុង Budapest ប្រទេសហុងគ្រី ស្ថិតក្នុងអម្បូរជីហ្វដូចលោក Einstein ដែរ។ មួយឆ្នាំក្រោយមក ឪពុកម្តាយជនជាតិជ្វីហ្វរបស់គាត់ គឺលោក Louis Spitz និងអ្នកស្រី Tekla Vidor បានផ្លាស់ប្តូរត្រកូលគ្រួសារ ពីឈ្មោះអាល្លឺម៉ង់ Spitz ទៅជាឈ្មោះ Szilard របស់ហុងគ្រី។

ដោយសារការប្រឈមមុខនឹងការគំរាមកំហែងនៃគោលនយោបាយរបស់គណបក្សណាស៉ី និងការប្រព្រឹត្ដយ៉ាងឃោរឃៅទៅលើអ្នកសិក្សាជនជាតិជ្វីហ្វ, Szilard បានចាកចេញពីប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ១៩៣៣។ គាត់បានរកឃើញវិធីបំបែក Radioactive Isotopes of Iodine ដែលការស្រាវជ្រាវនេះបាននាំឱ្យលោក ឈានទៅរកឃើញការបង្កើតប្រព្រឹត្តិកម្មនុយក្លេអ៊ែរ នៅឆ្នាំ១៩៣៦។

នៅខែមករាឆ្នាំ១៩៣៨ លោកបានធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក ដែលនៅទីនោះ លោកបានបន្តការស្រាវជ្រាវរបស់លោកទាក់ទងនឹងប្រព្រឹត្តិកម្មនុយក្លេអ៊ែរ។ ពេលនោះដែរ លោកក៏ឆ្លៀតបង្រៀនសិស្ស នៅសាកលវិទ្យាល័យកូឡុំប៊ី ក្នុងទីក្រុងញូវយ៉ក ដើម្បីរកកម្រៃទៀតផង។

នៅពេលមានព័ត៌មាន ក្នុងឆ្នាំ១៩៣៩ ដែលផ្សាយថា អ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ បានរកឃើញការបំភាយនុយក្លេអ៊ែរ ដែលជាគន្លឹះនៃការបង្កើតគ្រាប់បែកបរិមាណូ, លោក Szilard និងរូបវិទូជាច្រើនទៀត បានបញ្ចុះបញ្ចូល លោក Einstein ឲ្យចុះហត្ថលេខាលើលិខិតមួយ ដើម្បីផ្ញើទៅប្រធានាធិបតី Franklin Roosevelt ឲ្យគាំទ្រគម្រោងផលិតគ្រាប់បែកបរិមាណូរបស់គាត់។

បន្ទាប់ពីឃើញសំបុត្ររួមគ្នារវាង Szilard និង Einstein និងខ្លាចអាល្លឺម៉ង់ផលិតអាវុធប្រល័យលោកបានមុនមែននោះ ប្រធានាធិបតីអាមេរិក Roosvelt បានគាំទ្រទាំងស្រុង និងបង្កើតជាក្រុមមួយដាក់ឈ្មោះថា គម្រោងម៉ាន់ហាត់ថាន់ (Manhattan Project) ដែលមានកម្មករ, វិស្វករ និងអ្នកវិទ្យាសាស្ត្ររាប់សែននាក់ ដែលភាគច្រើនជាជនជាតិអឺរ៉ុប បានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងគម្រោងផលិតអាវុធនេះ។ ក្នុងនាមជាសមាជិកម្នាក់នៃគម្រោងនេះ ពីឆ្នាំ១៩៤២ ដល់ឆ្នាំ១៩៤៥, Szilard បានធ្វើការជាប្រធានក្រុម ហើយបានសាងសង់ឡចំហាយប្រព្រឹត្តិកម្មនុយក្លេអ៊ែរ ដំបូងបង្អស់នៅលើពិភពលោកមួយ ក្នុងសាកលវិទ្យាល័យឈីហ្កាហ្គោ។ របកគំហើញនេះ បាននាំឲ្យមានការផលិត និងសាកល្បងគ្រាប់បែកបរមាណូដោយជោគជ័យ ជាលើកដំបូងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៤៥ ។

បន្ទាប់ពីសាកល្បងដោយជោគជ័យលើការបំផ្ទុះគ្រាប់បែកបរិមាណូនោះ Szilard ក៏បានផ្ញើលិខិតមួយទៅប្រធានាធិបតីអាមេរិក (កាលនោះ ហារី ទ្រូម៉ាន់ ជាអ្នកដឹកនាំ) កុំឲ្យប្រើអាវុធដ៏សាហាវនោះលើប្រទេសជប៉ុន។ ទោះយ៉ាងនេះក្តី Harry Truman មិនទទួលយកសំណើនោះឡើយ និងបានបញ្ជាឲ្យទម្លាក់នៅទីក្រុងហ៉ីរ៉ូស៉ីម៉ា និងណាកាសាគី យ៉ាងឃោរឃៅ។

* អំពីលោក Albert Einstein

Einstein កើតនៅក្នុងគ្រួសារជនជាតិជ្វីហ្វមួយ នៅប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ១៨៧៩។ ឪពុករបស់លោកឈ្មោះ ហឺរម៉ែន អ៊ែនស្ទែន (Hermann Einstein) ជាអ្នកលក់ដូរ និងវិស្វករ។ ម្ដាយរបស់លោកឈ្មោះ ផូលីន អ៊ែនស្ទែន (Pauline Einstein)។ នៅឆ្នាំ១៨៨០ គ្រួសារនេះបានប្ដូរទីលំនៅទៅក្រុងមុយនិច ដែលនៅទីនោះ ឪពុក និងឪពុកមារបស់លោក បានបើកក្រុមហ៊ុនមួយឈ្មោះថា Elektrotechnische Fabrik J. Einstein & Cie ដែលជាក្រុមហ៊ុនផលិតបរិក្ខារអគ្គីសនីប្រើប្រាស់ចរន្តជាប់ (DC)។

នៅឆ្នាំ១៨៩៤ ពេលដែល Einstein មានអាយុ១៥ឆ្នាំ ការរកស៉ីរបស់ឪពុកលោកបានរលាយរលំ បន្ទាប់ពីចរន្តជាប់ (DC) ចាញ់ចរន្តឆ្លាស់ (AC) ក្នុងអ្វីដែលគេហៅថា សង្គ្រាមចរន្តអគ្គីសនី។ ដើម្បីស្វែងរកមុខរបរថ្មី គ្រួសាររបស់គាត់បានរើទៅប្រទេសអ៉ីតាលី ដោយទុកឲ្យលោកនៅប្រទេសអាល្លឺម៉ង់ម្នាក់ឯងយ៉ាងកណ្តោចកណ្តែង ដើម្បីបញ្ចប់ការសិក្សា មធ្យមសិក្សា នៅ Luitpold Gymnasium។

ឪពុករបស់កំពូលអ្នកវិទ្យាសាស្ត្ររូបនេះ ចង់ឲ្យលោកបន្តរៀនផ្នែកវិស្វកម្មអគ្គិសនី ប៉ុន្តែលោកបានប៉ះទង្គិចជាមួយសាលាដោយស្អប់វិធីបង្រៀន និងរបបគ្រប់គ្រង របស់សាលានៅទីនោះ និងមិនឲ្យមានការសួរដេញដោលផងដែរ។ គាត់ត្រូវបានគេបណ្តេញចេញពីសាលា ហើយនៅឆ្នាំ១៨៩៥ គាត់បានរត់ទៅជួបជុំគ្រួសារនៅប្រទេសអ៉ីតាលីវិញ។

នៅឆ្នាំ១៨៩៦ Einstein ក៏មានលទ្ធភាពចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលគរុកោសល្យ ផ្នែកគណិតវិទ្យា និងរូបវិទ្យា រយៈពេល៤ឆ្នាំនៅ ETH។ ពេលនៅរៀននៅមហាវិទ្យាល័យ Einstein មិនសូវទៅរៀនទៀងទាត់ទេ។ គាត់យកចិត្តទុកដាក់ស្ដាប់តែមុខវិជ្ជាណាដែលគាត់ចូលចិត្ត។ មុខវិជ្ជាពិសោធន៍រូបវិទ្យា គាត់បានទទួលតម្លៃកម្រិត១ (ទាបជាងគេ) តែចំពោះមុខវិជ្ជាអគ្គីសនី គាត់ទទួលបានតម្លៃកម្រិត៦ (ខ្ពស់ជាងគេ)។

លោកបញ្ចប់ការសិក្សានៅឆ្នាំ១៩០០ ដោយមានសញ្ញាប័ត្រផ្នែករូបវិទ្យា។ ក្រោយពីបញ្ចប់ការសិក្សា ដោយមិនសូវត្រូវគ្នានឹងប្រធានដេប៉ាតឺម៉ង់រូបវិទ្យានៅ ETH លោកមិនអាចក្លាយជាគ្រូជំនួយការនៅទីនោះបានទេ។ ជាបណ្ដោះអាសន្នគាត់ធ្វើជាគ្រូជំនួស និងគ្រូបង្រៀនតាមផ្ទះ ដើម្បីរកកម្រៃចិញ្ចឹមជីវិត។

បន្ទាប់ពីបញ្ចប់ការសិក្សា Einstein មិនអាចរកប៉ុស្តិ៍បង្រៀនបានទេ។ ដោយរកការងារ២ឆ្នាំហើយមិនបាន, ឪពុករបស់អតីតមិត្តរួមថ្នាក់ម្នាក់ បានជួយឲ្យគាត់បានធ្វើការងារជាជំនួយការវិនិច្ឆ័យ នៅការិយាល័យសហព័ន្ធសម្រាប់កម្មសិទ្ធបញ្ញា (ការិយាល័យប៉ាតង់) នៅទីក្រុងប៊ែន។ ការងាររបស់គាត់ គឺ វាយតម្លៃពាក្យសុំប៉ាតង់ ទាក់ទិននឹង ឧបករណ៍អេឡិចត្រូម៉ាញ៉េទិច។

ជាមួយនឹងមិត្តភក្តិនៅប៊ែន Einstein បានបង្កើតក្លឹបពិភាក្សាពីវិទ្យាសាស្ត្រ និងទស្សនវិជ្ជា រៀងរាល់សប្តាហ៍។ ក្នុងអំឡុងពេលនោះ គាត់មិនសូវមានទំនាក់ទំនងជាឯកជន ជាមួយសហគមន៍រូបវិទ្យាទេ។ នៅឆ្នាំ១៩០៥ ពេលដែលលោកធ្វើការនៅការិយាល័យប៉ាតង់ គាត់បានបោះពុម្ភនិក្ខេបបទ៤ នៅក្នុង Annalen der Physik។ និក្ខេបបទទាំងនេះ ត្រូវបានគេស្គាល់ថាជានិក្ខេបបទ Annus Mirabilis ឬឆ្នាំអច្ឆរិយៈ ហើយលោកបានទទួលរង្វាន់ណូបែល ដោយសារបាតុភូតហ្វូតូអេឡិចទ្រិច (Photoelectric Effect)។ ក្រោយមក Einstein ក៏បានរកឃើញរូបមន្តពិសេសមួយគឺ E=mc2 ដែលជាផ្នែកមួយនៃការផលិតនុយក្លេអ៊ែរ៕


ប្រភេទគ្រាប់បរិមាណូ ដែលធ្លាប់ទម្លាក់នៅជប៉ុន

អាញស្តាញ និង ឡេអូ ស៊ីឡាដ៍


រូបអាញស្តាញពេលស្លាប់