(ពិភពលោក)៖ កាលនៅមានជីវិត លោក Steven Jobs ឬ Steve Jobs ស្ទីវ ចប ធ្លាប់ជាកំពូលមហាសេដ្ឋីពិភពលោកមួយរូប ដែលមានទ្រព្យសម្បត្តិជាង៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែលោកបែរជាត្រូវទទួលមរណភាពនៅមុនអាយុ ដោយសារតែជំងឺមហារីកលំពែង ដែលមិនអាចព្យាបាលឱ្យជាសះស្បើយបាន ប្រការនេះបានបង្ហាញឱ្យឃើញថា ទោះបីបុគ្គលមានទ្រព្យសម្បត្តិមាសប្រាក់កែវកងពិទូសូរកានច្រើនយ៉ាងណាក៏ដោយ ក៏មិនអាចទិញអាយុសង្ខារពីស្ដេចយមរាជបានឡើយ។
លោក ស្ទីវ ចប ត្រូវបានគេស្គាល់ថាជាសហស្ថាបនិកក្រុមហ៊ុន Apple Inc និងធ្លាប់ជានាយកប្រតិបត្តិក្រុមហ៊ុនយក្សដ៏ធំនេះផងដែរ។ ដោយហេតុនេះហើយ ទើបលោកត្រូវបានគេចាត់ទុកថាជាអ្នកត្រួសត្រាយបដិវត្តកំព្យូទ័រនៅទសវត្ស១៩៧០ និង ១៩៨០ រួមជាមួយសហស្ថាបនិកក្រុមហ៊ុនម្នាក់ទៀត គឺលោក ស្ទីហ្វិន វ៉ូសញ៉័ក (Stephen Wozniak)។
លោក ស្ទីវ ចប ប្រសូត្រឡើងនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា។ លុះដល់ចម្រើនធំធាត់ហើយ យុវសិស្ស ស្ទីវ ចប បានបន្តការសិក្សានៅមហាវិទ្យាល័យរីដ នាអំលុងឆ្នាំ១៩៧២ ប៉ុន្តែលោកបែរជាបញ្ឈប់ការសិក្សានៅពាក់កណ្ដាលឆ្នាំ ដោយសារការមិនពេញចិត្តនឹងមុខវិជ្ជាដែលខ្លួនកំពុងរៀននោះ។ ក្រោយពេលឈប់រៀនបានពីរឆ្នាំ លោកបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាក្នុងឆ្នាំ១៩៧៤ ដើម្បីសិក្សាស្វែងយល់អំពីព្រះពុទ្ធសាសនាមហាយាន ខណៈដែលលោកក៏មានមិត្តភក្តិម្នាក់់ នៅប្រទេសអាស៊ីទក្សិណមួយនេះដែរ។
នៅពេលត្រលប់មកវិញ លោកបានងាកមកសិក្សាលើមុខវិជ្ជារចនាអក្សរ ដែលជាចំណង់ចំណូលចិត្តដ៏ខ្លាំងក្លាសម្រាប់លោក។ នេះក៏ជាហេតុផលដែលធ្វើឱ្យលោក និងមិត្តភក្តិរបស់លោក វ៉ូញ៉័ក រួមគ្នាបង្កើតកុំព្យូទ័រក្រាហ្វិកឡើងដំបូងគេនៅឆ្នាំ១៩៧៦ ដែលមានឈ្មោះថា Apple I។ ឈ្មោះ Apple នេះ លោកបានប្រាប់ថា ការដែលលោកដាក់ឈ្មោះបែបនេះ គឺមកពីលោកចូលចិត្តញ៉ាំផ្លែប៉ោមតាំងពីដើមមក។
នៅឆ្នាំ១៩៧៨ អ្នកទាំងពីរបានផលិតកុំព្យូទ័រឡេបថប់ ឬយួរដៃជំនាន់ថ្មីមួយទៀត គឺ Apple II ដែលនេះជាពេលវេលាជោគជ័យថ្មីមួយទៀតសម្រាប់ ស្ទីវ ចប និងកុំព្យូទ័រ Apple ដោយវាត្រូវបានផលិតឡើង និងលក់នៅលើទីផ្សារយ៉ាងច្រើន។ នៅចំពោះមុខភាពជោគជ័យមួយកម្រិតទៀតនេះ ស្ទីវ ចប បានកំណត់ថាជំហានបន្ទាប់ គឺត្រូវតែយកឈ្នះទីផ្សារកុំព្យូទ័រលើតុ។ ស្ទីវ ចប និងមិត្តភក្តិ វ៉ូញ៉័ក ចាប់ផ្ដើមមានកិត្តិនាមតាំងពីចេញលក់កុំព្យូទ័រ Apple II នេះមក។
ត្រឹមរយៈពេល៥ឆ្នាំប៉ុណ្ណោះ សម្លាញ់ទាំងពីរនាក់នេះរកបានប្រាក់៥០លានដុល្លារអាមេរិក។ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៨៣ ផលិតផលថ្មីនោះត្រូវបានបង្ហាញខ្លួនដំបូងនៅលើទីផ្សារ នោះគឺ Apple Lisa។ ឈ្មោះ Lisa ជាឈ្មោះរបស់កូនស្រីលោកគឺនាង Steven Lisa។ បួនឆ្នាំក្រោយមក ក្រុមហ៊ុន Apple បានបង្ហាញ Microsoft ជាកុំព្យូទ័រមួយក្នុងចំណោមកុំព្យូទ័រដំបូងគេ ដែលបញ្ជាដោយម៉ៅបាន នៅឆ្នាំ១៩៨៤។
Macintosh បានណែនាំឧស្សាហកម្មបោះពុម្ពលើតុនៅឆ្នាំ១៩៨៥ ជាមួយនឹងការបន្ថែមរបស់ Apple Laser Writer ដែលជាម៉ាស៊ីនបោះពុម្ពឡាស៊ែរដំបូងគេ។
ក្នុងឆ្នាំ១៩៨៥ លោក ស្ទីវ ចប បែរជាត្រូវបានបង្ខំឲ្យចាកចេញពីក្រុមហ៊ុន Apple ដោយក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ដែលមានលោក John Sculley ជាមេខ្លោង។ នៅឆ្នាំដដែលនោះ ស្ទីវ ចប បាននាំសមាជិក Apple ពីរបីនាក់ទៅជាមួយគាត់ ដើម្បីស្វែងរកក្រុមហ៊ុន Next ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីកុំព្យូទ័រ ហើយមានឯកទេសខ្ពស់ខាងកុំព្យូទ័រសម្រាប់ការអប់រំ និងទីផ្សារអាជីវកម្ម។ Apple បានទិញយកក្រុមហ៊ុន Next នៅឆ្នាំ១៩៩៧។
រយៈពេលបីខែក្រោយមក ក្រុមហ៊ុន Apple បានជួបនូវបញ្ហាក្ស័យធន គេក៏បានអញ្ជើញលោក ស្ទីវ ចប មកធ្វើជានាយកប្រតិបត្តិ Apple វិញ។ គាត់មានទំនួលខុសត្រូវយ៉ាងខ្លាំងក្នុងការជួយឱ្យ Apple រស់ឡើងវិញ ដោយនៅឆ្នាំ១៩៩៧ ក្រុមហ៊ុនបានឈានទៅរក iMac, iTunes, iTunes Store, Apple Store, iPod, iPhone, App Store។ នៅឆ្នាំ២០០១ Mac OS ម៉ូតចាស់ ត្រូវបានជំនួសដោយ Mac OS X ថ្មីទាំងស្រុងដោយផ្អែកលើកម្មវិធី NeXT's NeXTSTEP ដែលផ្តល់ឱ្យប្រព័ន្ធប្រតិបត្តិការនូវមូលដ្ឋានគ្រឹះទំនើបជាលើកដំបូង។
នៅឯសន្និបាតម៉ាកវូវឺរ ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ លោក ស្ទីវ ចប បានបង្ហាញទូរស័ព្ទ iPhone ដែលជាទូរស័ព្ទចល័តអាចបញ្ជាលើកញ្ចក់បាន (touchscreen) មានបំពាក់កាមេរ៉ា និងមានសមត្ថភាពបើកគេហទំព័របានទៀតផង។ លោកបានហៅទូរស័ព្ទម៉ូតថ្មីនេះថាជា «ផលិតផលបដិវត្ត និងវេទមន្តខ្លាំងទូរស័ព្ទចល័តដទៃ»។ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៧ គេឃើញមានអតិថិជនរាប់ពាន់នាក់បានតម្រង់ជួរចូលទិញទូរស័ព្ទ iPhone នៅតាមហាងរបស់ក្រុមហ៊ុន Apple នៅទូទាំងសហរដ្ឋអាមេរិក។
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៧ មានទូរស័ព្ទ iPhone ច្រើនជាង ១.៤ លានគ្រឿង ត្រូវបានលក់ដាច់អស់ក្នុងតម្លៃ ៥៩៩ ដុល្លារអាមេរិក។ iPhone បានដាក់លក់នៅទ្វីបអឺរ៉ុប នាចុងឆ្នាំ២០០៧ និងនៅទ្វីបអាស៊ីនាឆ្នាំ២០០៨។ នៅខែកក្កដា ឆ្នាំ២០០៨ ក្រុមហ៊ុន Apple បានបើកដំណើរការ App Store របស់ខ្លួននៅលើអ៉ីនធឺរណេត ដែលអាចឱ្យអ្នកប្រើប្រាស់ទាញយកកម្មវិធី Soft were ដែលអនុញ្ញាតឱ្យពួកគេប្រើប្រាស់បណ្តាញសង្គមបាន។ ពាណិជ្ជសញ្ញា Apple ដែលមាននៅលើទូរស័ព្ទ iPhone ត្រូវបានធ្វើបច្ចុប្បន្នភាពជាង១០ដង។
ទូរស័ព្ទ iPhone បានជួយឱ្យក្រុមហ៊ុន Apple ដែលលោក ស្ទីវ ចប និង Stephen Wozniak បង្កើតឡើងចាប់ពីឆ្នាំ១៩៥៥ រហូតមកដល់ឆ្នាំ២០១១ ក្លាយជាក្រុមហ៊ុនសាជីវកម្មមានតម្លៃខ្ពស់បំផុតមួយនៅលើពិភពលោក។
iPhone បានចូលរួមក្នុងបញ្ជីនៃផលិតផលច្នៃប្រឌិតថ្មីរបស់ Apple រួមទាំង Macintosh និងឧបករណ៍ចាក់ចម្រៀងចល័ត iPod ដែលបានដាក់បង្ហាញក្នុងឆ្នាំ២០០១ បានក្លាយជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទាំងពិភពលោក។
ប្រមាណ២០ឆ្នាំក្រោយមក លោក ស្ទីវ ចប បានក្លាយជាមហាសេដ្ឋីរាប់ពាន់លានដុល្លារ ហើយបើគិតត្រឹមខែកញ្ញា ឆ្នាំ២០១១ លោកបានទ្រព្យសម្បត្តិគិតជាទឹកប្រាក់មានចំនួនប្រមាណ ៧ពាន់លានដុល្លារសហរដ្ឋអាមេរិក។
ប៉ុន្តែដោយរវល់នឹងធ្វើការខ្លាំងពេកលោក ស្ទីវ ចប ក៏បានធ្លាក់ខ្លួនឈឺជាទម្ងន់នៅឆ្នាំ២០០៣។ លោកត្រូវបានបញ្ជូនចូលមន្ទីរពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ ហើយគេបានរកឃើញថា លោកមានជំងឺមហារីកលំពែង (Neuroendocrine)។ ជំងឺនៅក្នុងខ្លួនលោកមិនអាចព្យាបាលបានឡើយ ពីព្រោះវាបានឈានដល់ដំណាក់កាលចុងក្រោយទៅហើយ។ លោក ស្ទីវ ចប បានទទួលមរណភាពនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១ ក្នុងជន្មាយុ៥៦ឆ្នាំ។
នៅដង្ហើមចុងក្រោយរបស់ខ្លួន លោកបានបន្សល់ពាក្យបណ្ដាំជាច្រើនបង្ហាញពីភាពស្ដាយក្រោយ ដែលលោកមិនបានយកចិត្តទុកដាក់ចំពោះសុខភាព និងមិនបានថែរក្សាក្ដីស្រលាញ់ចំពោះគ្រួសាររបស់លោក និងអ្នកនៅជុំវិញខ្លួនលោក។
ត្រង់ប្រយោគមួយក្នុងចំណោមប្រយោគផ្សេងទៀត លោកបានរៀបរាប់ថា៖
«តើគ្រែអ្វីដែលមានតម្លៃថ្លៃបំផុតក្នុងលោក? នោះគឺគ្រែអ្នកជំងឺ។ អ្នកអាចជួលមនុស្សឲ្យបើកឡានឲ្យអ្នក បញ្ជាមនុស្សឲ្យរកលុយឲ្យអ្នក តែអ្នកមិនអាចជួលនរណាម្នាក់ឲ្យមកឈឺជំនួសអ្នកបានទេ។ អ្វីគ្រប់យ៉ាងដែលបាត់បង់ទៅហើយ គឺអាចរកមកវិញបាន ប៉ុន្តែរបស់មួយដែលបាត់បង់ហើយមិនអាចរកមកវិញបាននោះ គឺជីវិត។ ពេលដែលអ្នកចូលក្នុងបន្ទប់វះកាត់ អ្នកនឹងភ្ងាក់ខ្លួនថា អ្នកមានសៀវភៅមួយក្បាលដែលអ្នកអានមិនទាន់ចប់នោះ គឺសៀវភៅស្ដីពីរបៀបថែរក្សាសុខភាពឲ្យល្អបំផុត»៕
Steve Jobs & Stephen Wozniak