(ឡុងដ៍)៖ «ចក្រភពអង់គ្លេស» រួមមានប្រទេសសរុបចំនួន៤ គឺ «អង់គ្លេស» «វែលស៍» «ស្កុតលែន» និង «អៀរឡង់ខាងជើង»។ អង់គ្លេសបាន នាំយករដ្ឋ៣ទៀតមករួមគ្នា ក្លាយជាចក្រភពអង់គ្លេស តាមរយៈការឈ្លានពាន និងការចងសម្ព័ន្ធមេត្រីភាពផ្នែកនយោបាយ។ ខាងក្រោមនេះ គឺជាដំណើររឿង ដែលបានកើតឡើង។

* អង់គ្លេសចូលឈ្លានពានវែលស៍បានសម្រេច ប៉ុន្តែបរាជ័យជាមួយស្កុតលែន

អាណាចក្រអង់គ្លេស ដែលកកើតឡើងនៅឆ្នាំ៩២៧ ទទួលបានរដ្ឋមួយទៀតនៃចក្រភពអង់គ្លេស ក្រៅពីខ្លួនឯង តាមរយៈការឈ្លានពាន។ នៅចុងសតវត្សរ៍ទី១៣ ស្តេចអង់គ្លេស អេដវ៉ាដទី១ (Edward I) បានចូលកាន់កាប់អាណាចក្រវែលស៍នៅភាគខាងលិច រួចប្រកាសចាត់ទុក វែលស៍ជាដែនដី របស់អង់គ្លេស។ បន្ទាប់មកទៀត ស្តេច Edward I ក៏បានលើកទ័ពទៅឈ្លានពានអាណាចក្រស្កុតលែន នៅភាគខាងជើងថែមទៀត ដែលបង្កឲ្យសង្រ្គាមលើកទី១ដើម្បីឯករាជ្យស្កុតលែន (First War of Scottish Independence) ចាប់ផ្តើមឡើង។

ក្រោយសង្រ្គាមលើកទី១និងលើកទី២ដើម្បីឯករាជ្យ (Second War of Scottish Independence) បានបញ្ចប់ទៅវិញ ស្កុតលែននៅតែអាច រក្សាអធិបតេយ្យភាពរបស់ខ្លួនបាន។ ដោយឡែក វែលស៍នៅតែបន្តជាដែនដី ស្ថិតក្រោមការត្រួតត្រារបស់អង់គ្លេសដដែល។ ដោយផ្តើមពី ស្តេច Edward I ក្សត្រអង់គ្លេសទាំងអស់ សុទ្ធតែផ្តល់គោរមងារ «ព្រះអង្គម្ចាស់វែលស៍ (Prince of Wales)» ឲ្យរាជយាទខ្លួន ដើម្បីបង្ហាញថា វែលស៍ស្ថិតក្រោមការគ្រប់គ្រងរបស់អង់គ្លេសជានិច្ច។ ប្រពៃណីនេះ បានបន្តរហូតមកទល់បច្ចុប្បន្ន ដោយព្រះអង្គម្ចាស់ឆាល (Charles) មានគោរមងារជា «Prince of Wales» ព្រោះទ្រង់ជារាជទាយាទរបស់មហាក្សត្រីយ៍ចក្រភពអង់គ្លេស អាលីហ្សាប៊ែតស៍ទី២ (Elizabeth II)។

យ៉ាងណាក៏ដោយ វែលស៍នៅតែមិនទាន់ក្លាយជាផ្នែកនៃអាណាចក្រអង់គ្លេសជាផ្លូវការនោះទេ រហូតទាល់តែដល់ទសវត្សរ៍ឆ្នាំ១៥៣០-៤០ ។ នៅក្រោមស្តេចហេនរីទី៨ (Henry VIII) អង់គ្លេសបានអនុម័តច្បាប់ហៅថា Laws in Wales Acts ដើម្បីពង្រីកការអនុវត្តច្បាប់-បទដ្ឋានរបស់ អង់គ្លេសចូលទៅកាន់វែលស៍។ វាគឺជាការចងសម្ព័ន្ធមេត្រីភាពនយោបាយដ៏សំខាន់មួយជាលើកដំបូងនៅក្នុងដែនដី ដែលនឹងត្រូវក្លាយជា «ចក្រភពអង់គ្លេស»។

* អង់គ្លេសនិងស្កុតលែន ចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីក្លាយជា «ចក្រភពអង់គ្លេស»

នៅពេលមហាក្សត្រីយ៍អង់គ្លេស អេលីហ្សាប៊ែតស៍ទី១ (Elizabeth I) សោយទិវង្គតនៅឆ្នាំ១៦០៣ សែស្រឡាយរាជវង្សទ្រង់ដែលត្រូវឡើងស្នងរាជ្យបន្ទាប់គឺ បងប្អូនជីដូនមួយរបស់ទ្រង់ ស្តេចជែមស៍ទី៦ (James VI) របស់អាណាចក្រស្កុតលែន។ ដូច្នេះហើយ ព្រះអង្គក៏ទទួលបានព្រះនាមទីពីរ ហៅថា ស្តេចជែមស៍ទី១ (James I) របស់អាណាចក្រអង់គ្លេស។

ទោះបីពេលនោះ ស្កុតលែននិងអង់គ្លេសមានស្តេចតែមួយក៏ដោយ ប្រទេសទាំងពីរនៅតែជាអាណាចក្រពីរ មាននយោបាយនិងសភាដាច់ ដោយឡែកពីគ្នា។ អស់រយៈពេលប្រមាណជាមួយសតវត្សរ៍ មានការព្យាយាមមួយចំនួនដើម្បីរួមបញ្ចូលអាណាចក្រទាំងពីរ ឲ្យក្លាយទៅជា ប្រជាជាតិតែមួយ ប៉ុន្តែមិនទទួលជោគជ័យ។ រហូតមកដល់ឆ្នាំ១៧០៧ អង់គ្លេសនិងស្កុតលែនក៏បានចងសម្ព័ន្ធមេត្រីភាព ក្លាយជាចក្រភព អង់គ្លេស នៅក្រោមមហាក្សត្រីយ៍អាន (Anne)។

យោងតាម ប្រវត្តិវិទូស្កុតលែន លោក គ្រីស្តូហ្វឺ អេ វ៉ាត់លី (Christopher A. Whatley) គឺមានមូលហេតុមួយចំនួនសម្រាប់ការចងសម័្ពន្ធមេត្រី ភាពនេះ។ ហេតុផលមួយ ក្នុងចំណោមនោះ គឺការដែលស្កុតលែនហ៊ុមព័ទ្ធដោយបំណុល ក្រោយពីបានព្យាយាមបង្កើតដែនអាណានិគមនៅ ទ្វីបអាមេរិក ដូចទៅនឹងអ្វីដែលអង់គ្លេស ព័រទុយហ្គាល់ និងអេស៉្បាញបានធ្វើ។ មួយវិញទៀត ស្កុតលែនយល់ឃើញថា ការចងសម្ព័ន្ធមេត្រី ភាពជាមួយអង់គ្លេស គឺជាមធ្យោបាយមួយដើម្បីទប់ស្កាត់កុំឲ្យមាន ការងើបឡើងវិញនូវរបបរាជានិយមជ្រុលរបស់រាជវង្ស ដែលកាន់កាតូលិក និងដើម្បីធានា នូវអនាគតរបស់ស្កុតលែន ឲ្យនៅក្រោមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់រាជវង្ស ដែលកាន់ប្រូតេស្តង់។

សម្រាប់ខាងអង់គ្លេសវិញ គឺមានការព្រួយបារម្ភថា ប្រសិនបើមិនចងសម្ព័ន្ធមេត្រីភាពជាមួយស្កុតលែនទេនោះ ស្កុតលែនប្រហែលជាទៅ ឈរខាងបារាំងប្រឆាំងមកលើខ្លួន នៅក្នុងសង្រ្គាមអឺរ៉ុបធំមួយ ហៅថា «War of the Spanish Succession» ដែលបានផ្ទុះឡើងនៅអំឡុងដើម សតវត្សរ៍ទី១៨ ក្រោយការសោយទិវង្គតរបស់ស្តេចអេស៉្បាញ ឆាលទី២ (Charles II) ដែលគ្មានបុត្រស្នងរាជ្យបន្ត។ ហេតុដូច្នេះ នាឆ្នាំ១៧០៧ អង់គ្លេសបានយល់ព្រមផ្តល់លុយឲ្យស្កុតលែនយកទៅសងបំណុល ហើយសភាប្រទេសទាំងពីរបានអនុម័តច្បាប់ហៅថា Acts of Union ដើម្បីចងសម្ព័ន្ធមេត្រីភាពឲ្យប្រទេសទាំងពីរ ក្លាយទៅជាប្រជាជាតិតែមួយ។

* ចក្រភពអង់គ្លេសចងសម្ព័ន្ធមេត្រីភាពជាមួយអៀរឡង់ ប៉ុន្តែអៀរឡង់ខាងត្បូងបានផ្តាច់ខ្លួនចេញ

តាមពិតទៅស្តេច James VI របស់ស្កុតលែន ដែលជាស្តេច James I របស់អង់គ្លេសផងដែរនោះ មានព្រះនាមមួយទៀតគឺជាស្តេច James I របស់អៀរឡង់ថែមទៀត។ កាលពីទសវត្សរ៍ឆ្នាំ១៥៤០ អៀរឡង់បានក្លាយជាអាណាចក្រចំណុះឲ្យអង់គ្លេស ហើយច្បាប់ Crown of Ireland ឆ្នាំ១៥៤២ របស់អៀរឡង់ បានកំណត់ថា មហាក្សត្ររបស់អង់គ្លេស ក៏ត្រូវជាមហាក្សត្ររបស់អៀរឡង់ដែរ។ អង្គក្សត្រដំបូងគេដែលទទួល បានព្រះនាមជាស្តេចនៃអាណាចក្រទាំងពីរគឺ Henry VIII រីឯអង្គក្សត្រចុងក្រោយគេគឺស្តេចចចទី៣ (George III) ដែលជាអ្នកចាត់ចែងការ ចងសម្ព័ន្ធមេត្រីភាពនៅឆ្នាំ១៨០១ រវាងចក្រភពអង់គ្លេសនិងអៀរឡង់។

បើតាមលោកសាស្រ្តាចារ្យ Whatley អង់គ្លេសប្រើការចងសម្ព័ន្ធមេត្រីភាពឆ្នាំ១៧០៧ ជាមួយស្កុតលែនធ្វើជាគំរូសម្រាប់ការចងសម្ព័ន្ធមេត្រី ភាពឆ្នាំ១៨០១ ជាមួយអៀរឡង់។ ក៏ប៉ុន្តែការចងសម្ព័ន្ធមេត្រីភាពមិនបាននៅឋិតថេរយូរអង្វែងនោះឡើយ។ នៅចន្លោះឆ្នាំ១៩១៩-១៩២១ កងទ័ពសាធារណរដ្ឋអៀរឡង់ បានងើបឡើងប្រយុទ្ធតស៊ូដើម្បីទាមទារឯករាជ្យពីចក្រភពអង់គ្លេស។ សង្រ្គាមនេះបានបញ្ចប់ទៅវិញដោយ អៀរឡង់ត្រូវបែកខ្ញែកជាពីរ គឺតំបន់ខាងជើង និងតំបន់ខាងត្បូងនៅឆ្នាំ១៩២២។

តំបន់អៀរឡង់ខាងជើងនៅតែបន្តជាផ្នែកនៃចក្រភពអង់គ្លេសដដែល ខណៈអៀរឡង់ខាងត្បូងបានក្លាយជារដ្ឋសេរីមួយ ដាច់ដោយឡែក។ នៅឆ្នាំ១៩៣៧ អៀរឡង់ខាងត្បូងក៏បានក្លាយជាប្រទេសអៀរឡង់ ឬសាធារណរដ្ឋអៀរឡង់ ដែលមានអធិបតេយ្យភាពពេញលេញ ហើយ នៅឆ្នាំ១៩៧៣ បានចូលជាសមាជិកសហភាពអឺរ៉ុប ហើយបន្តរហូតមកទល់បច្ចុប្បន្ន។ ចំណែកចក្រភពអង់គ្លេសវិញ ទើបតែបានចាកចេញ ពីសហភាពអឺរ៉ុប។

* ឈ្មោះរបស់ចក្រភពអង់គ្លេស

ឈ្មោះផ្លូវការជាភាសាអង់គ្លេសរបស់ចក្រភពអង់គ្លេសគឺ «United Kingdom of Great Britain and Northern Ireland» តែក៏ត្រូវគេហៅថា UK ឬ Britain ដែរ។ ពីដំបូងបំផុតវិញឈ្មោះរបស់អង់គ្លេស Kingdom of England ប៉ុន្តែក្រោយពេលគ្រប់គ្រងវែលស៍ ហើយចងសម្ព័ន្ធមេត្រីភាព ជាមួយស្កុតលែន ក៏ក្លាយទៅជា «Great Britain»។ ឈ្មោះ Great Britain នេះ បើតាមនិយាយត្រឹមពីទីតាំងភូមិសាស្រ្ត គឺសំដៅលើដីកោះធំ របស់ចក្រភពអង់គ្លេស ដែលប្រទេសអង់គ្លេស វែលស៍ និងស្កុតលែនស្ថិតនៅ ដោយមិនរាប់កោះដែលអៀរឡង់ខាងជើងស្ថិតនៅឡើយ។ ក្រោយមកទៀត ពេលចងសម្ព័ន្ធមេត្រីភាពជាមួយអៀរឡង់ ចក្រភពអង់គ្លេសបានប្រែក្លាយទៅជា «United Kingdom of Great Britain and Ireland» ប៉ុន្តែបន្ទាប់ពីអៀរឡង់ខាងត្បូងផ្តាច់ខ្លួនចេញ ក៏ប្តូរទៅជាឈ្មោះបច្ចុប្បន្ន United Kingdom of Great Britain and Northern Ireland វិញ។ ការដែលយើងគ្រប់គ្នាហៅថា «ចក្រភពអង់គ្លេស» គឺដោយសារអង់គ្លេសមានឥទ្ធិពលជាងគេ ក្នុងចំណោមប្រទេសទាំង៤៕