(អារ៉ាប៊ីសាអូឌីត)៖ ពិធីបុណ្យហាជ ឬហាជ្ជី គឺជាសក្ការៈបូជាមួយនៅក្នុងចំណោមសក្ការៈបូជាទំាង៥ នៃសាសានាឥស្លាម ទៅចំពោះអល់ឡោះជាម្ចាស់ដែលទ្រង់បានបង្គាប់បញ្ជា មកលើជនមូស្លីមគ្រប់រូប។ សក្ការៈបូជាទំាង៥នៃ សាសនាឥស្លាម រួមមានការទទួលស្គាល់អល់ឡោះជាម្ចាស់ និងមហំាម៉ាត់ ជាអ្នកនំាសាររបស់ព្រះ (Shahadah), ការថ្វាយបង្គំមួយថ្ងៃយប់ប្រំាដង (Salat), ការផ្ដល់វិភាគទាន (Zakat) ការតមអាហារក្នុងខែរ៉ាម៉ាដន (Sawm) និងពិធីបុណ្យហាជនេះតែម្ដង។

ការបំពេញកាតព្វកិច្ចហាជ ឬហាជ្ជី ជាការអនុវត្តតាមកម្ពីកូរអាន និងស៊ុនណះ ឬសកម្មភាពដែលអ្នកសាររបស់អល់ឡោះជាម្ចាស់ គឺមហាំម៉ាត់ បានធ្វើកាលពីជាង ១,៣៧៧ឆ្នាំមុន។

បុណ្យហាជ (Hajj) ដែលជាបុណ្យប្រចាំឆ្នាំធំជាងគេបំផុតសម្រាប់ អ្នក កាន់ សាសនាឥស្លាម ត្រូវប្រារព្ធនៅឯទីសក្ការៈបូជា ក្នុងទីក្រុងម៉ិកកា (Mecca) និងម៉ាឌីណាស់ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ពិធីបុណ្យនេះ ចាប់ផ្ដើមឡើងនៅថ្ងៃទី៨ ខែស៊ុលហិចជាស់ រហូតដល់ថ្ងៃទី១៣ ក្នុងខែដដែលនេះ (គិតតាមកាលបរិច្ឆេទ មហាមំាម៉ាត់ សករាជ ឬចន្ទគតិ)។

គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានកំណត់យកថ្ងៃពុធ ទី២២ ខែកក្កដាឆ្នាំ២០២០ ជាថ្ងៃ១កើតខែហ្សុលហិជ្ជះ ដូច្នេះពិធីបុណ្យ រ៉ាយ៉ាហាជ្ជី នឹងចាប់ផ្តើមនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ត្រូវនឹងថ្ងៃសុក្រទី១០ ខែហ្សុលហិជ្ជះ រហូតដល់ថ្ងៃទី០៣ ខែសីហាឆ្នាំ២០២០។ ដោយឡែក អ្នក ខ្លះដែលមិនបានទៅធ្វើ ធម្មយាត្រាសាសនាក្នុងទីក្រុងម៉ិចកា និងម៉ាឌីណាស់ ពួកគេអាច បរិច្ចាគ ថវិកាទិញសត្វគោ ក្របី ពពែ ចៀម ឬសត្វអូដ សំឡេះយកសាច់ចែកជូន អ្នកជិតខាង និងអ្នកក្រីក្របរិភោគ ។

ការសំឡេះសត្វពាហនៈទាំងនេះ គឺធ្វើទៅតាមវិន័យប្រវតិ្តសាស្ត្រ និងជាការរំលឹកដល់រឿងរ៉ាវរបស់ណាពីអ៊ីព្រហ៊ីម (Abrahim) (អ្នកនាំសារអល់ឡោះ មុនជំនាន់មហាំម៉ាត់)។ ក្នុង ដំណើររឿងនេះ អល់ឡោះជាម្ចាស់បានបង្គាប់ឱ្យណាពីអ៊ីព្រហ៊ីម (Abraham) សម្លាប់កូនប្រុសខ្លួនឯងឈ្មោះ អ៊ីស្មាអែល គ្រាន់តែជាការសាកល្បង ជំនឿរបស់គាត់ និងកូនប្រុស តែប៉ុណ្ណោះ។

ប៉ុន្តែ នៅពេលនោះដែរ សាតាន់ (បិសាច) បានព្យាយាមបញ្ចុះបញ្ចូល អ៊ីព្រហ៊ីម កុំឱ្យគោរពតាមបទបញ្ជានេះ តែអ៊ីព្រហ៊ីមបានឆ្លើយតប ទៅវិញដោយការគប់ដុំគ្រួស ទៅលើសាតាន់។ អ៊ីព្រហ៊ីម បានធ្វើតាមបញ្ជា ប៉ុន្តែទន្ទឹមគ្នានោះអល់ឡោះ បានទទួលយកជំនឿរបស់គាត់ និងកូន ដោយឱ្យ គាត់សម្លាប់សត្វពាហៈជំនួសកូនរបស់គាត់វិញ។ ដូច្នេះ ហើយទើប នៅក្នុងពិធីបុណ្យហាជនេះ តម្រូវឱ្យជនម៉ូស្លីមសម្លាប់សត្វពាហនៈ ដូចជា គោ ចៀម ឬអូដ្ឋជាដើម យកទៅចែកជូនបងប្អូនអ្នកជិតខាងបរិភោគ។

ពិធីបុណ្យហាជ អាចនិយាយបានថា វាជាកាតព្វកិច្ចចំពោះជនមូស្លីម ដែលមានទ្រព្យសម្បត្តិ សមត្ថភាព និងលទ្ធភាព ក៏ប៉ុន្តែក្នុងពេលជាមួយគ្នា គេក៏ត្រូវគិតផងដែរពីជីវភាព គ្រួសាររបស់ខ្លួន ជាឧទាហរណ៍ បើសិនជាយើងខ្វះខាតលុយកាក់ ឬមានត្រឹមតែលទ្ធភាពសម្រាប់ ធ្វើដំណើរនោះ កាតព្វកិច្ចមួយនេះមិនត្រូវតម្រូវឱ្យធ្វើនោះទេ ឬត្រូវរង់ចំា នៅពេលក្រោយដែលយើងមានលទ្ធភាព។ បុណ្យហាជ គឺជាកាតព្វកិច្ចសម្រាប់បុគ្គលជាអ្នកកាន់សាសនាឥស្លាមគ្រប់ៗរូបត្រូវអនុវត្តឱ្យបានម្ដង នៅក្នុងជីវិត លើកលែងតែ អ្នកស្លាប់ និងចាស់ជរា ឬក៏ពិការតែប៉ុណ្ណោះ ទើបអាចឱ្យអ្នកដទៃធ្វើជំនួសខ្លួនបាន។

ដោយឡែក បើនិយាយអំពីប្រវត្តិពិធីបុណ្យហាជ មានតំាងតែពីសម័យអ្នកនំាសាររបស់ព្រះជាម្ចាស់ឈ្មោះ អាដំា មកម្ល៉េះរហូតដល់ មហំាម៉ាត់ ដែលជាអ្នកនំាសារចុងក្រោយ ហើយគោលបំណងនៃពិធីបុណ្យនេះគឺ អល់ឡោះ ចង់សាកល្បង លើគោលជំនឿរបស់អ្នកកាន់សាសនាឥស្លាមគ្រប់រូប ក៏ដូចជាបង្ហាញពីភាពជាបងប្អូនរបស់ជនមូស្លីម ក្នុងពិភពលោក ដែលមានវប្បធម៌ ភាសា ពណ៌សម្បុរខុសៗគ្នាមកជួបជុំគ្នា តាមការបង្គាប់បញ្ជាពី អល់ឡោះជាម្ចាស់។

សូមជំរាបថា ដោយសារតែការឆ្លងរាតត្បាត COVID-19 អារ៉ាប៊ីសាអូឌីត មិនបានអនុញ្ញាតឱ្យអ្នកធ្វើធម្មយាត្រាសាសនា មកពីបរទេសចូលក្នុងប្រទេសខ្លួនឡើយ ហើយការអនុវត្ត ធម្មយាត្រានោះទៀតសោត ត្រូវធ្វើឡើងក្រោមវិធានការរឹតត្បិត ក្នុងនោះរួមមានទាំងការរក្សាគម្លាតសុវត្ថិភាព។ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ក៏បានចេញ សេចក្ដីណែនាំផងដែរ ឱ្យប្អូនសាសនិកឥស្លាម នៅក្នុងប្រទេសកម្ពជា ត្រូវរៀបចំពិធីបុណ្យរ៉យ៉ាហាជី្ជ និងថ្វាយបង្គំនៅតាមផ្ទះរៀងៗខ្លួន ជៀសវាងការប្រមូលផ្ដុំ ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លង COVID-19៕