(ពិភពលោក)៖ លោក គីម ជុងអ៊ុន កើតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៨៣ (ឯកសារខ្លះថា ១៩៨៤) បច្ចុប្បន្នជាប្រធានគណបក្សពលករ និងជាមេដឹកនំាកំពូល នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ដែលបានកាន់ដំណែងនេះ តជំនាន់ពីលោក គីម ជុងអ៉ីល (ឪពុក) និងលោក គីម អ៉ីលស៊ុង (ជីតា)។
ក្រោមរបបដឹកនំារបស់លោក គីម ជុងអ៊ុន កូរ៉េខាងជើងត្រូវមនុស្សភាគច្រើនស្គាល់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ដែលតែងតែចុះផ្សាយពីការរំលោភសិទ្ធិមនុស្ស និងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែ រួមទំាង មីស៉ីលបាលិស្ទីគ ដោយគ្មានញញើតកោតក្រែង នឹងដំណោះស្រាយរបស់អង្គការសហប្រជាជាតិឡើយ។ តើលោក គីម ជុងអ៊ុន មានប្រវត្តិបែបណាខ្លះ?
Fresh News Plus សូមចែករំលែកចំណេះដឹង ស្តីពីប្រវត្តិសង្ខេបកំពូលមេដឹកនាំកូរ៉េខាងជើងរូបនេះ ដូចខាងក្រោម៖
* កុមារភាព និងការសិក្សា៖
លោក គីម ជុងអ៊ុន គឺជាកូនប្រុសទី៤ របស់លោក គីម ជុងអ៉ីល និងលោកស្រី កូ យ៉ុងហ៉ី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចាប់កំណើត នៅទីក្រុង គីម ជុងអ៉ីល នៃខេត្តសំាជីយ៉ុន ស្ថិតនៅក្បែរជើងភ្នំប៉េគូ ដែលជាតំបន់ប្រវត្តិសាស្ត្រមួយ ត្រូវបានប្រជាជនកូរ៉េខាងជើង ចាត់ទុកជាទីតំាងដ៏ពិសិដ្ឋ។
ចំណែកឯប្រភពមួយចំនួនអះអាងថា លោក គីម ជុងអ៊ុន បានកើតនៅក្នុងទីក្រុងចាងសុង នៃខេត្តព្យុងហ្គាន់ខាងជើង ឬក៏នៅទីក្រុងវ៉ូសាន ក្នុងខេត្តក្វាងវ៉ុន។ ក៏ប៉ុន្តែអ្វីដែលគេដឹងច្បាស់គឺថា លោក គីម ជុងអ៊ុន បានចំណាយពេលក្នុងវ័យកុមារ រស់នៅក្នុងគេហដ្ឋានដ៏ស្កឹមស្កៃមួយ នៅឯទីក្រុងព្យុងយ៉ាង។ លោក គីម បានចាប់ផ្ដើមរៀនសូត្រ នៅពេលមានអាយុ ៣ឆ្នាំមកម្ល៉េះ។
ពីឆ្នំា១៩៩៦ ដល់ ឆ្នំា១៩៩៨ លោក គីម ជុងអ៊ុន បានបន្តការសិក្សានៅសាលា International School of Berne ហើយរាប់ពីឆ្នាំ ១៩៩៨ ដល់ឆ្នំា២០០០ លោកបានចូលរៀននៅសាលារដ្ឋមួយក្នុងទីក្រុង Liebefeld ប្រទេសស្វីស ដោយប្រើឈ្មោះក្លែងក្លាយ ផាក អ៊ុន។ កាលនៅរៀន មុខវិជ្ជាដែលលោក រៀនពូកែជាងគេ គឺគណិតវិទ្យា និងសិល្បៈ មិនតែប៉ុណ្ណោះ លោកក៏មានជំនាញពិសេសខាងកីឡាបាល់បោះផងដែរ ដោយលោកមានចំណាប់អារម្មណ៍យ៉ាងខ្លំាង លើលីគកំពូលបាល់បោះអាមេរិក NBA ហើយលោក Michael Jordan ជាកីឡាករបាល់បោះ ដែលលោកពេញចិត្តជាងគេ។
ក៏ប៉ុន្តែថ្វីត្បិតតែ បានទៅរៀនដល់ស្វីសក៏ពិតមែនលោក គីម ជុងអ៊ុន បានបញ្ឈប់ការសិក្សារបស់ខ្លួន ដោយមិនបានទទួលសញ្ញាបត្រនោះទេ។ មួយវិញទៀត បើតាមប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងត្បូង កាលរៀននៅស្វីស កូនប្រុសសំណព្វរបស់លោក គីម ជុងអ៉ីល រូបនេះ មិនសូវចេញពីអាគារស្នាក់នៅ ស្ថិតនៅផ្លូវ Kirchstrasse ក្នុងទីក្រុង Liebefeld នោះឡើយ ដើម្បីការពារខ្លួនឯង កុំឱ្យទទួលយកឥទ្ធិពល ឬវប្បធម៌មូលធននិយម។
គីម ជុងអ៊ុន បានត្រឡប់មកកាន់កូរ៉េខាងជើងវិញនៅឆ្នាំ២០០១ ហើយនៅឆ្នាំ២០០២ ដល់ឆ្នំា២០០៧ លោកទទួលបានការបណ្ដុះបណ្ដាល រយៈពេល ៣ឆ្នាំពីក្រុមមន្ត្រី នៅឯសាលាយោធា គីម ជុងអ៉ីល ក្នុងទីក្រុងព្យុងយ៉ាង ហើយបានបន្តសិក្សារយៈពេល ២ឆ្នំា លើកម្មវិធីស្រាវជ្រាវ នៅឯសាលាហ្វឹកហ្វឺន បាញ់កំាភ្លើងធំ។
ក្រោយមកទៀត លោកបានចូលរៀនថ្នាក់សាកលវិទ្យាល័យផ្នែកព័ត៌មានវិទ្យា ប៉ុន្តែការរៀនសូត្ររបស់លោក ត្រូវបានបង្រៀនពីគ្រូដាច់ដោយឡែកពីគេឯង ពោលគឺលោកមិនមានទំនាក់ទំនង ជាមួយនឹងសិស្សដ៏ទៃទៀតឡើយ។ តែយ៉ាងណា នៅអំឡុងពេលនោះ លោក គីម ជុងអ៊ុន នៅតែអាចទាក់ទងបានមិត្តស្រីម្នាក់ ឈ្មោះថា Hyon Song-wol ដែលជាអ្នកចម្រៀង។
* ជីវិតឯកជន៖
ដូចការបង្ហាញខាងលើនេះ លោក គីម ជុងអ៊ុន គឺជាកូនប្រុសទី៤ របស់លោក គីម ជុងអ៉ីល និងលោកស្រី កូយ៉ុន ហ៊ី។ បន្ថែមលើនេះ លោកមានបងប្អូនប្រុសស្រី ៤នាក់ រាប់ទំាងបងប្អូនម្ដាយផ្សេងគ្នា ក្នុងនោះមាន លោក គីម ជុងណំា (កើតនៅឆ្នំា១៩៧១), លោកស្រី គីម ស៊ូលសុង (កើតនៅឆ្នាំ១៩៧៤), លោក គីម ជុងឆុល (កើតឆ្នំា ១៩៨១), និងលោកស្រី គីម យូជុង (កើតនៅឆ្នាំ១៩៨៧)។
លោក គីម ជុងអ៊ុន បានរៀបការជាមួយនឹងលោកស្រី រី សូលជូ នៅឆ្នំា២០១០។ ប៉ុន្តែរហូតដល់ឆ្នំា២០១២ ទើបអាពាហ៍ពិពាហ៍ រវាងលោក និងលោកស្រី រី សូលជូ ត្រូវបានគេប្រកាសឱ្យដឹង នៅក្រោយពេលដែលអ្នកទំាងពីរ មានវត្តមានរួមគ្នាជាសាធារណៈជាច្រើនដងរួចមក។ លោកស្រី រី សូលជូ ជាអ្នកស្រុកមកពីទីក្រុង ឈុងជីន កើតនៅឆ្នំា១៩៨១ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅឯសាកលវិទ្យាល័យ គីម អ៉ីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាង។ ចំណែកឯឪពុកក្មេករបស់លោក គីម ជុងអ៊ុន ជាសាស្រ្តាចារ្យមា្នក់ និងមានម្ដាយក្មេកជាពេទ្យឆ្មប។
* ការឡើងកាន់អំណាច៖
នៅកូរ៉ខាងជើង បញ្ហាស្នងដំណែងត្រូវបានគេលើកឡើង តំាងតែឆ្នំា២០០៤ នៅពេលដែលលោក គីម ជុងអ៊ុន និងបងប្រុសឈ្មោះ គីម ជុងឆុល បានអមដំណើរជាមួយនឹងលោក គីម ជុងអ៉ីល ទៅធ្វើអធិការកិច្ចនៅតាមមូលដ្ឋានយោធា។ នៅឆ្នាំ២០០៦ គឺនៅពេលដែលស្លាករូបភាព របស់លោក គីម ជុងអ៊ុន ត្រូវបានគេចែកជូនក្រុមមន្ត្រី និងមេដឹកនំាយោធាជាន់ខ្ពស់ ទើបគេកាន់តែប្រាកដនៅក្នុងចិត្តថា លោកនឹងត្រូវគេជ្រើសរើសឱ្យកាន់ដំណែងបន្តពីឪពុក។
ជាក់ស្តែងរហូតដល់ឆ្នំា២០០៩ ទើបលោក គីម ជុងអ៉ីល បានប្រាប់មន្ត្រីយោធា និងអ្នកមុខអ្នកការ កូរ៉េខាងជើងថា លោកបានជ្រើសរើសលោក គីម ជុងអ៊ុន ឱ្យបន្តដំណែងពីលោក ហើយចាប់ពីពេលនោះមកដែរ លោកគីម ជុងអ៊ុន តែងតែអមដំណើរឪពុករបស់លោកជានិច្ច តួយ៉ាងដូចជា ការធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០១០។
សូមរំលឹកថា លោក គីម ជុងអ៊ុន បានក្លាយមេដឹនំាកំពូលកូរ៉េខាងជើង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១១ នៅបន្ទាប់ពីការប្រកាសពីមរណៈភាពរបស់ លោក គីម ជុងអ៉ីល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នំាដដែល។ ដោយសារតែនៅកាលណោះ លោក គីម ជុងអ៊ុន មានវ័យត្រឹមតែ ២៧ ឆ្នាំក្រុមអ្នកវិភាគមួយចំនួនយល់ថា ម្ដាយមីងគាត់ គឺលោកស្រី គីម ឃ្យុនហ៉ី និងឪពុកមាគាត់ គឺលោក ចាង សុងតេក ដែលជាមនុស្សលោកទុកចិត្តបំផុតនោះ នឹងក្លាយជាអ្នកមានឥទ្ធិពល និងគ្រប់គ្រងកិច្ចការដឹកនំា ប្រទេសពីក្រោយរូបលោក។
ប៉ុន្តែអី្វៗគឺផ្ទុយស្រឡះពីការគិតបែបនេះ នៅពេលលោក គីម ជុងអ៊ុន បានបញ្ជាឱ្យគេប្រហារជីវិត លោក ចាង សុងតេក នៅឆ្នំា២០១៣ ពីទោសបទក្បត់ជាតិ ដែលនេះជាការបោសសម្អាតផ្ទៃក្នុងដ៏សំខាន់ គិតចាប់តំាងពីលោក គីម ជុងអ៉ីល ទទួលមរណភាព។ លើសពីនេះទៅទៀត នៅឆ្នំា ២០១៦នេះ លោកគីម ជុងអ៊ុន បានរៀបចំសមាជបក្សពលករជាលើកដំបូង ក្នុងរយៈពេលជាង ៤០ឆ្នំាចុងក្រោយនេះ ដើម្បីពង្រឹងអំណាចមិនអាចផ្លាស់ប្ដូររបស់ខ្លួន នៅកូរ៉េខាងជើង។
* ហេតុផលដែលគីម ជុងអ៉ីល ប្រគល់តំណែងឲ្យគីម ជុងអ៊ុន៖
ដូចគេដឹងហើយថា លោក គីម ជុងអ៊ុន គឺជាកូនប្រុសរបស់លោក គីម ជុងអ៉ីល ដែលមានកូនប្រុសបង្កើត ៣នាក់ និងកូនស្រីបង្កើត២នាក់ (កូនប្រុសរបស់ គីម ជុងអ៉ីល ទាំងបីនាក់រួមមាន៖ គីម ជុងណាំ, គីម ជុងឈុល និង គីម ជុងអ៊ុន ហើយកូនស្រីទាំងពីររួមមាន៖ គីម សុលសុង និង គីម យ៉ូចុង)។
កូនប្រុសទី១ គឺលោក គីម ជុងណាំ ត្រូវបានជប៉ុនចាប់ខ្លួន ដោយសារលួចចូលប្រទេសនេះ ដោយប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ហើយបន្ថែមលើនេះ កូនច្បងរូបនេះក៏មានគំនិតមិនស្របនឹងការដឹកនាំរបស់ឪពុកខ្លួនផងដែរ។ ជាលទ្ធផលលោក គីម ជុងណាំ មិនត្រូវបានរាប់ចូល សម្រាប់ធ្វើទាយាទស្នងតំណែងឡើយ។
កូនប្រុសទី២ គឺលោក គីម ជុងឈុល ដែលជាមនុស្សម្នាក់មានប្រាជ្ញាឈ្លាសវៃ និងទេព្យកោសល្យផ្នែកអក្សរសាស្ត្រ និងអក្សរសិល្ប៍។ ប៉ុន្តែកូនប្រុសបន្ទាប់រូបនេះ ត្រូវបានឪពុកចាត់ទុកថា ជាមនុស្សទន់ភ្លន់ និងទន់ជ្រាយ ដែលមិនស័ក្តិសមធ្វើជាមេដឹកនាំកូរ៉េខាងជើងទី៣បានដែរ។
ចំណែកឯកូនប្រុសទី៣ គឺលោក គីម ជុងអ៊ុន មានលក្ខណៈសម្បត្តិ និងបុគ្គលិកលក្ខណៈស្ទើរតែស្រដៀងគ្នានឹងឪពុកខ្លួន ឬនិយាយដោយឡែក កូនពៅរូបនេះ មានគំនិតដើរត្រូវគន្លងត្រកូល គីម ដែលស័ក្តិជាទាយាទបំផុត។ លោក គីម ជុងអ៉ីល តែងតែនិយាយថា កូនប្រុសពៅរបស់លោកស្រឡាញ់អំណាច និងអាចការពារអំណាចបាន ដូចលោកការពារឲ្យលោក គីម អ៉ីលសុង ដែលជាជីតារបស់ទៀតផង។
បន្ថែមនឹងលក្ខណៈសម្បត្តិខាងលើ គីម ជុងអ៊ុន ក៏ត្រូវបានបង្ហាត់បង្រៀនឲ្យមានភាពរឹងប៉ឹង ចិត្តដាច់ ក្លាហាន និងសាហាវតាំងពីតូច។ លោកអាចបើករថយន្ត និងផឹកគ្រឿងស្រវឹង បានយ៉ាងច្រើនមិនងាយស្រវឹងឡើយ។ មិនតែប៉ុណ្ណោះអនាគតមេដឹកនាំទី៣ របស់កូរ៉េខាងជើងរូបនេះចូលចិត្តស្លៀកសម្លៀកបំពាក់យោធាជាខ្លាំង ដែលខុសស្រឡះពីកូនច្បង ដែលចូលចិត្តស្លៀកសម្លៀកបំពាក់តាមបែបអឺរ៉ុប។
លោក គីម ជុងអ៊ុន តែងតែត្រូវបានបំពាក់បំប៉ន និងហ្វឹកហាត់លត់ដំ ឲ្យមានចិត្តធ្វើជាអ្នកដឹកនាំ ឬអ្នកមានអំណាចលើអ្នកដទៃដូចឪពុកលោកបានរំពឹងទុកអញ្ចឹង។ គួរកត់សម្គាល់ថា នៅពេលទៅកម្មវិធីធំដុំ ឬសន្និសីទសារព័ត៌មានជាដើម គេតែងតែឃើញលោក គីម ជុងអ៊ុន ទៅចូលរួមជាមួយឪពុកជានិច្ច។ ចំណុចមួយដែលធ្វើឲ្យឪពុកលោកពេញចិត្តបំផុតនោះ គឺលោក គីម ជុងអ៊ុន កាលនៅពីក្មេងតែងតែឲ្យគេហៅខ្លួនថា «សមមិត្តឧត្តមសេនីយ៍»ៗ ដែលនេះសបញ្ជាក់ឲ្យឃើញពីគំនិតអ្នកមានមហិច្ឆិតាខ្ពស់ និងអាចដឹកនាំមនុស្សជាច្រើនបាន។
គីម ជុងអ៊ុន បានឡើងកាន់តំណែងជំនួសឪពុក នៅអាយុមិនទាន់គ្រប់៣០ឆ្នាំផងទេ។ បើទោះបីមានវ័យនៅក្មេងខ្ចីក៏ដោយ ក៏បុគ្គលសំខាន់ៗនៅកូរ៉េខាងជើង សុទ្ធតែបានយល់ព្រមឲ្យលោក ធ្វើជាមេដឹកនាំកំពូលសម្រាប់ប្រទេស ធ្វើជាមេដឹកនាំរដ្ឋាភិបាល និងជាពិសេសនោះឲ្យធ្វើជាមេដឹកនាំកងទ័ព ដែលមានអានុភាពក្លាំងខ្លា ជាងប្រទេសមួយចំនួននៅលើពិភពលោកនេះ៕