(បរទេស)៖ នៅលើផែនដីយើងនេះ មានដើមឈើច្រើនរាប់មិនអស់ឡើយ ប៉ុន្តែតើអ្នកមានដឹងទេថា ដើមឈើណាដែលធំជាងគេ ខ្ពស់ជាងគេ និងមានអាយុកាលចំណាស់ជាងគេ ហើយស្ថិតនៅឯណោ។ ចម្លើយគឺ ពួកវាសុទ្ធតែស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ារបស់សហរដ្ឋអាមេរិក។
* ដើមឈើធំជាងគេ
ដើមឈើដែលគេចាត់ទុកថាធំជាងគេបំផុតលើលោក គឺដើមឈើមួយដែលស្ថិតនៅឧទ្យានជាតិ «សេក្វូយ៉ា (Sequoia)» ក្នុងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក។ វាមានឈ្មោះថា ចេណឺរ៉ល សឺមែន (General Sherman) និងជាប្រភេទដើមឈើធំៗម៉្យាងហៅថា Giant Sequoia ឬ Giant Redwood។ ដើមឈើ General Sherman មានមាឌប្រមាណ ១,៤៨៧ម៉ែត្រគូប ដែលធំជាងគេបង្អស់។ វាមានកម្ពស់ជាង៨៣ម៉ែត្រ និងអាយុប្រហែល២ពាន់ឆ្នាំ ខណៈដើមឈើ Giant Sequoia ភាគច្រើន អាយុលើសពី៣,២០០ឆ្នាំ។
* ដើមឈើខ្ពស់ជាងគេ
ដើមឈើដែលគេចាត់ទុកថាខ្ពស់ជាងគេបំផុតលើលោក គឺដើមឈើមួយដែលស្ថិតនៅឧទ្យានជាតិ «រ៉េដវូដ (Redwood)» ក្នុងរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក។ វាឈ្មោះ ហៃផឺរាន (Hyperion) និងជាប្រភេទដើមឈើម៉្យាងហៅថា សេក្វូយ៉ា សេមផឺវីរែន (Sequoia Semperviren) ដែលជាប់ខ្សែស្រឡាយនឹងពពួក Giant Sequoia ឬ Giant Redwood ដែរ។ វាមានកម្ពស់ដល់ទៅ១១៥.៧ម៉ែត្រ ដែលខ្ពស់ជាងគេបង្អស់។
* ដើមឈើចំណាស់ជាងគេ
ទោះវាជារឿងលំបាកក្នុងការកំណត់អាយុកាលដើមឈើ ដែលចាស់ៗខ្លាំងឲ្យបានច្បាស់ក៏ដោយ ក្រុមអ្នកជំនាញភាគច្រើនបានឯកភាពថា ដើមឈើមួយ ដែលជាប្រភេទដើមឈើ ប្រ៊ីស្សលខូន ផាញ (Bristlecone Pine) ដែលស្ថិតនៅជួរភ្នំសនៃរដ្ឋកាលីហ្វរញ៉ា ឈ្មោះ មេស៊ូសេឡា (Methuselah) មានអាយុកាលជាង ៤,៨០០ឆ្នាំ ដែលជាដើមឈើចាស់ជាងគេនាពេលបច្ចុប្បន្ននេះ។
ប៉ុន្តែតាមពិតទៅធ្លាប់មានដើមឈើប្រភេទ Bristlecone Pine មួយដើមទៀត ដែលមានឈ្មោះ ផ្រូមីសៀស (Prometheus) ដែលស្ថិតនៅរដ្ឋណេវ៉ាដា (Nevada) និងមានចំណាស់ជិត ៤,៩០០ឆ្នាំឯណោះ ត្រូវបានគេកាត់ចោលកាលពីឆ្នាំ១៩៦៤។ សព្វថ្ងៃនេះដើម្បីការពារដើមឈើល្បីៗដូចជា Methuselah ក៏ដូចជា Hyperion និង General Sherman គឺទីតាំងជាក់លាក់តែម្តងរបស់ពួកវា មិនត្រូវបានបង្ហើបឲ្យដឹងជាសាធារណៈឡើយ៕