(ពិភពលោក)៖ នៅលើពិភពលោកមានសមុទ្របិទធំៗជាច្រើន ដែលភាសាអង់គ្លេសហៅថា Landlocked Sea ហើយក្នុងចំណោមនោះមានតែសមុទ្រកាស្ពាន (Caspian Sea) តែមួយគត់ ដែលជាសមុទ្របិទធំជាងគេបំផុតលើពិភពលោក ហើយក៏មានរឿងរ៉ាវពិសេសៗជាច្រើនទៀតផងដែរ។
សមុទ្រកាស្ពានមានផ្ទៃក្រឡា ៣៧១,០០០ គីឡូម៉ែត្រការ៉េ និងមានចំណុះទឹក ៧៨,២០០ គីឡូម៉ែត្រគូប។ សមុទ្របិទនេះមានជាតិប្រៃប្រហែល ១.២ ភាគរយ (១២ ក្រាមក្នុងមួយលីត្រ) ដែលស្មើនឹងមួយភាគបីនៃជាតិប្រៃនៅក្នុងទឹកសមុទ្រភាគច្រើន។
សមុទ្រកាស្ពានមានទីតាំងស្ថិតនៅចន្លោះទ្វីបអឺរ៉ុប និងអាស៊ី ដែលមានវិសាលភាពលាតសន្ធឹងជាប់នឹងប្រទេសចំនួន ៥ រួមមាន៖ ប្រទេសរុស្ស៉ី នៅភាគពាយព្យ ប្រទេសកាសាក់ស្ថាន នៅភាគខាងជើង និងភាគឦសាន ប្រទេសតួមេនីស្ថាន នៅភាគខាងកើត ប្រទេសអ៉ីរ៉ង់ នៅភាគខាងត្បូង និងភាគនិរតី និងប្រទេសអាហ្ស៊ែបៃស្សង់ នៅភាគខាងលិច។
សមុទ្រកាស្ពានជាជម្រកនៃពពួកសត្វជាច្រើនប្រភេទ ពិសេសគឺល្អសម្រាប់ការពង្រីកបរិមាណពូជមច្ឆាជាតិ និងការប្រកបរបរនេសាទរបស់ប្រជាជននៅជុំវិញនោះ។
ពិសេសលើសនេះ សមុទ្រកាស្ពានក៏ជាប្រភពរ៉ែប្រេងដ៏ធំមួយសម្រាប់ប្រទេសដែលនៅជាប់នោះដែរ ប៉ុន្តែការបំពុលចេញពីឧស្សាហកម្មប្រេង និងទំនប់វារីអគ្គិសនីនៅតាមដងទន្លេដែលហូរចូលសមុទ្របិទនេះ បានជះឥទ្ធិពលអវិជ្ជមានដល់សារពាង្គកាយដែលរស់នៅក្នុងសមុទ្រមិនតិចនោះឡើយ៕