(បរទេស)៖ ការប្រារព្ធពិធីខួបកំណើតសឹងតែក្លាយជាការពេញនិយមសម្រាប់យុវជនសម័យបច្ចុប្បន្ន ពិសេសរៀងរាល់ពិធីខួបកំណើតម្ដងៗ គេតែងរៀបចំឱ្យមាននំខួបកំណើត និងដុតទៀនបំភ្លឺនៅលើនំនោះ។ ប៉ុន្តែតើអ្នកមានដឹងទេថា ហេតុអ្វីបានជាត្រូវដុតទៀនបំភ្លឺនៅលើនំខួបកំណើតយ៉ាងដូច្នេះ?
វាជាសំណួរមួយ ដែលពេលខ្លះ សូម្បីតែអ្នករៀបចំកម្មវិធីខួបកំណើតខ្លួនឯង ក៏មិនដឹងផងមើលទៅ។ តាមរយៈការស្រាវជ្រាវបានបង្ហាញឱ្យដឹងថា ការដោតទៀននៅលើនំខួបកំណើត មានដើមកំណើតមកពីប្រទេសក្រិក (Greece) ដែលនំរបស់ជនជាតិនេះមានរាងមូល តំណាងឱ្យព្រះច័ន្ទ ហើយភ្លើងទៀននោះ គឺតំណាងឱ្យពន្លឺរបស់ព្រះច័ន្ទនេះឯង។
ជនជាតិក្រិក ក៏ដូចជាជនជាតិអឺរ៉ុបផ្សេងទៀតមានជំនឿថាមានតែព្រះជាម្ចាស់តែម្នាក់ប៉ុណ្ណោះ ដែលជាអ្នកសម្រេចសេចក្ដីប្រាថ្នាដល់មនុស្សគ្រប់គ្នា ដូច្នេះហើយពួកគេក៏មានជំនឿដែរថា ផ្សែងដែលហុយចេញពីទៀននៅលើនំខេកនោះ នឹងនាំយកសេចក្ដីប៉ងប្រាថ្នាទាំងឡាយរបស់ម្ចាស់ខួប ទៅកាន់ព្រះជាម្ចាស់ដែលគង់នៅឋានសួគ៌។
ជុំវិញចំណុចនេះដែរ ក៏មានអ្នកសិក្សាស្រាវជ្រាវផ្សេងទៀតបាននិយាយថា ទៀនដែលដុតបំភ្លឺទាំងនោះ គឺតំណាងឱ្យពន្លឺនៃជីវិត។ រីឯការបន់ស្រន់ក្នុងចិត្តដោយមិនប្រាប់នរណាម្នាក់ ជាមួយនឹងការផ្លុំពន្លត់ភ្លើងទៀនក្នុងមួយដង្ហើម នឹងអាចធ្វើឱ្យសេចក្ដីប៉ងប្រាថ្នាក្លាយជាការពិត។
ចំពោះការដុតទៀនក្នុងពិធីខួបកំណើតនេះទៀតសោត គឺគេនិយមកំណត់យកចំនួនទៀនទៅតាមចំនួនអាយុរបស់ម្ចាស់ខួបកំណើត។ ពិធីខួបកំណើតនឹងមិនមានភាពសប្បាយរីករាយនោះឡើយ ប្រសិនបើគ្មានំខួបកំណើត ដែលអមដោយភ្លើងទៀនបំភ្លឺ៕