(បរទេស)៖ បច្ចុប្បន្ន ស្រាសាំប៉ាញ (Champagne) ពិតជាមានការពេញនិយមខ្លាំងណាស់សម្រាប់ពិធីជួបជុំ ឬពិធីអបអរនានា ខណៈមនុស្សជាច្រើនបានយល់ថា ស្រាដ៏មានឱជារសនេះមានដើមកំណើតនៅប្រទេសបារាំង ដែលជាឃ្លាំងស្រាទំពាំងបាយជូរដ៏ធំលើពិភពលោក ប៉ុន្តែដំបូងឡើយវាមិនមែនផលិតដោយជនជាតិបារាំងនោះទេ។

តាមពិតទៅ ស្រាសាំប៉ាញ ត្រូវបានផលិតឡើងដំបូងបង្អស់តាំងពីសតវត្សរ៍ទី១៦ ដោយជនជាតិអង់គ្លេសម្នាក់។ វាត្រូវបានផលិតចេញពីស្រាទំពាំងបាយជូរដែលមានពពុះ និងមានបន្ថែមស្ករ និងកាកស្ករចូលធ្វើឱ្យកើតពពុះ។ ក្រៅពីនេះ ក្រុមសិប្បករបានបង្កើតដបកែវថ្លាហើយរឹង និងបានច្នៃឆ្នុកសម្រាប់បិទគម្របដបទៀតផង។

យោងតាមសៀវភៅកំណត់ត្រារបស់រាជសមាគមចក្រភពអង់គ្លេស បានបង្ហាញឱ្យដឹងថា វិធីសាស្ត្រធ្វើស្រាសាំប៉ាញបែប Method Champenoise ត្រូវបានសរសេរជាលាយលក្ខណ៍អក្សរលើកដំបូងនៅប្រទេសអង់គ្លេស (England) នៅឆ្នាំ១៦៦២។

នៅសម័យក្រោយមកទៀត ជនជាតិបារាំងបានបន្ថែមបច្ចេកទេសក្នុងការផលិត និងប្រើភាពប៉ិនប្រសប់ផ្នែកទីផ្សារ រហូតធ្វើឱ្យស្រាសាំប៉ាញក្លាយជារបស់ពេញនិយម។ រហូតដល់ឆ្នាំ១៨៧៦ ទើបជនជាតិបារាំងអាចផលិតស្រាសាំប៉ាញសម័យថ្មីតាមបែប Brut ដែលមានរសជាតិពុំសូវផ្អែម និងបានចេញលក់នៅលើទីផ្សារពិភពលោក។

ចក្រភពអង់គ្លេសជាអតិថិជនស្រាសាំប៉ាញដ៏ធំមួយរបស់បារាំង ដោយនៅឆ្នាំ២០០៤ ប្រជាជនក្នុងរាជាណាចក្រនេះមានការទទួលទានស្រាសាំប៉ាញរហូតដល់ទៅ ៣៤ លានដប ស្មើនឹង ១/៣ នៃចំនួននាំចេញ ពោលគឺច្រើនជាងសហរដ្ឋអាមេរិក ២ ដង ច្រើនជាងអាល្លឺម៉ង់ ៣ ដង និងច្រើនជាងអេស្ប៉ាញ ២០ ដង៕