(អ៉ីតាលី)៖ កូឡូស្យូម (Clolosseum) គឺជាពហុកីឡដ្ឋានបុរាណដ៏ធំមួយស្ថិតនៅកណ្ដាលទីវាលនៃចក្រភពរ៉ូម៉ាំង ដែលគ្រប់ការប្រកួតប្រយុទ្ធនៅក្នុងពហុកីឡដ្ឋានបុរាណនេះ គឺសុទ្ធតែភ្នាល់ដាក់ជីវិតស្លាប់រស់ទាំងអស់ មានន័យថា អ្នកឈ្នះគឺអាចនៅរស់ ឬមានសេរីភាពដូចពលរដ្ឋទូទៅ រីឯអ្នកចាញ់ដាច់ខាតត្រូវតែស្លាប់។

វាត្រូវបានសាងសង់ឡើងនៅគ្រិស្ដសករាជ ៧០ ក្រោមស្នាព្រះហស្ដរបស់ព្រះចៅអធិរាជ វេស្ប៉ាសៀន (Vespasian) និងបញ្ចប់ការសាងសង់នៅគ្រិស្ដសករាជ ៨០ ដោយព្រះចៅអធិរាជ ទីទុស (Titus) ដែលជាព្រះរាជបុត្ររបស់ព្រះចៅវេស្ប៉ាសៀន។

ពហុកីឡដ្ឋាននេះមានរាងជារង្វង់មូល តម្រៀបដោយថ្មខ្សាច់ និងឥដ្ឋដែលមានកម្ពស់៥៧ម៉ែត្រ មានកៅអីអង្គុយជាថ្នាក់ៗចុះមកតាមលំដាប់ ដែលអាចផ្ទុកមនុស្សបានដល់ទៅ៨,០០០នាក់។

នៅបរិវេណកណ្ដាល គឺជាទីលានសម្ដែងកីឡាក្បាច់គុន ប្រកួតថ្វីដៃកាប់ដាវលំពែងរវាងពួកទាសករ និងអ្នកទោស ឬរវាងមនុស្ស និងសត្វតោផងដែរ។ នៅបរិវេណខាងក្រោមរាងអឌ្ឍចន្ទ បានគេខណ្ឌចែកជាបន្ទប់ៗ ដើម្បីបង្ខាំងសត្វតោធំៗ និងអ្នកទោសប្រហារជីវិត។ លុះដល់ពេលត្រូវប្រហារជីវិត អ្នកទោសទាំងនោះត្រូវប្រយុទ្ធស្លាប់រស់ជាមួយសត្វតោ ប្រសិនបើប្រយុទ្ធឈ្នះជាមួយសត្វតោបាន អ្នកទោសនោះនឹងរួចផុតពីទោសប្រហារជីវិត និងទទួលបានសិទ្ធិសេរីភាពវិញ។

ក្រៅពីនេះ នៅមានវិធីប្រកួតប្រើកម្លាំង និងប្រយុទ្ធដោយវិធីសាហារព្រៃផ្សៃជាច្រើនទៀត ដោយអ្នកទទួលជ័យជម្នះនឹងទទួលបានការគោរពគាំទ្រ និងលើកតម្កើងពីសំណាក់មហាជនរ៉ូម៉ាំងយ៉ាងអស្ចារ្យបំផុត។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គ្រប់ការប្រកួតនៅក្នុងសង្វៀនដាក់សង្ខារមួយនេះ អ្នកឈ្នះគឺរស់ អ្នកចាញ់ត្រូវតែស្លាប់ ដោយគ្មានការស្ដាយស្រណោះបន្តិចណាឡើយ ប៉ុន្តែនៅសម័យនោះ ព្រះមហាក្សត្រ នាម៉ឺនមន្ត្រី អភិជន ប្រជាជន បែរជាមានការពេញនិយមខ្លាំងចំពោះកីឡាដ៏ព្រៃផ្សៃនេះទៅវិញ។

តាមការកត់ត្រាបានឱ្យដឹងថា ក្នុងរយៈពេលប្រមាណ៤០០ឆ្នាំ មានមនុស្សប្រមាណ៤០០,០០០នាក់ ត្រូវបានស្លាប់ក្នុងការប្រកួតនៅពហុកីឡដ្ឋានកូឡូស្យូមនេះ។

ចំណេរកាលក្រោយមក សំណង់កូឡូស្យូមនេះត្រូវបានសត្រូវចូលមកបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង ដោយនៅសេសសល់តែគ្រោងអគារប៉ុណ្ណោះ។

ពហុកីឡដ្ឋានកូឡូស្យូម ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៨០ ហើយរហូតដល់ពេលបច្ចុប្បន្ន សំណង់ប្រវត្តិសាស្ត្រមួយនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនសន្ធឹកសន្ធាប់៕