(ពិភពលោក)៖ លោហៈដែលគេប្រើសម្រាប់ជាអង្គធាតុចម្លងអគ្គិសនី ភាគច្រើនបំផុតមានតែទង់ដែង (Cu) ប៉ុណ្ណោះ ប៉ុន្តែទង់ដែងនេះមិនមែនជាលោហធាតុដែលចម្លងអគ្គិសនីល្អបំផុតនោះទេ។ តើលោហធាតុណាដែលចម្លងអគ្គិសនីបានល្អជាងគេ?

ប្រាក់ (Ag) ជាអង្គធាតុចម្លងអគ្គិសនី និងចម្លងកម្ដៅបានល្អជាងគេបំផុត ហើយវាក៏អាចបញ្ចាំងពន្លឺបានល្អណាស់ដែរក្នុងចំណោមអង្គធាតុទាំងអស់ ប៉ុន្តែដោយសារវាមានតម្លៃខ្ពស់ពេក ទើបគេប្ដូរមកប្រើខ្សែលួសទង់ដែងក្នុងឧបករណ៍អគ្គិសនីវិញ។ ទង់ដែងជាអង្គធាតុចម្លងដ៏ល្អលំដាប់ទី២ និងមានតម្លៃថោកជាងប្រាក់។

ក្រៅពីអាចធ្វើជាគ្រឿងអលង្ការ បច្ចុប្បន្នប្រាក់មួយចំនួនធំត្រូវបានគេយកទៅប្រើក្នុងឧស្សាហកម្មរូបថតផងដែរ គឺប្រើក្នុងថ្មពិលដែលអាចធន់បានយូរ និងធ្វើជាបន្ទះសូឡាដែលស្រូបថាមពលពលពន្លឺព្រះអាទិត្យផងដែរ។

ប្រាក់មានគុណសម្បត្តិពិសេសក្នុងការសម្លាប់មេរោគក្នុងទឹក ដោយប្រើបរិមាណដ៏តិចបំផុត គឺត្រឹមតែ ១/១០០,០០០,០០០ ប៉ុណ្ណោះ។ ការពិតដ៏គួរឱ្យស្ងើចនេះត្រូវបានគេដឹងតាំងពី ៥០០ ឆ្នាំមុនគ្រិស្ដសករាជមកម្ល៉េះ ដែលកាលណោះ ហេរ៉ូដូទុស កត់ត្រាទុកថាព្រះចៅអធិរាជ ស៉ីរុស នៃចក្រភពពែក្ស ទ្រង់តែងតែសោយទឹកដែលដាំពុះ និងដាក់ក្នុងភាជន៍ប្រាក់។

ម្យ៉ាងវិញទៀត ជនជាតិរ៉ូម៉ាំង និងក្រិកបុរាណក៏សុទ្ធតែបានសង្កេតឃើញថាអាហារ និងភេសជ្ជៈដែលដាក់ក្នុងភាជន៍ប្រាក់មិនងាយខូចនោះឡើយ។

គួរជម្រាបថា ទឹក (H2O) ពុំមែនជាអង្គធាតុចម្លងអគ្គិសនីបានល្អអ្វីទេ ដែលតាមការពិតវាគ្រាន់តែជាអង្គធាតុចម្លងបន្តឱ្យគេតែប៉ុណ្ណោះ។ អ្វីដែលចម្លងចរន្តអគ្គិសនីមិនមែនជាម៉ូលេគុនរបស់ទឹកទេ តែវាជាសារធាតុគីមីដែលរលាយក្នុងទឹកដូចជាអំបិលជាដើម។

ហេតុនេះហើយ ទឹកសមុទ្រអាចចម្លងអគ្គិសនីបានល្អជាងទឹកសាបដល់ទៅ ១០០ ដង ពីព្រោះតែកំហាប់អំបិលដ៏ច្រើនរបស់វា ប៉ុន្តែទឹកសមុទ្រចម្លងអគ្គិសនីខ្សោយជាងប្រាក់ដល់ទៅ ១,០០០,០០០ ដងឯណោះ៕