(ពិភពលោក)៖ ក្នុងខែវិច្ឆិកា ជាពិសេសថ្ងៃទី១១ (ថ្ងៃទី១១ ខែ១១) នៅប្រទេសអង់គ្លេសមានថ្ងៃមួយពិសេស ដែលគេហៅថា «ទិវានៃការចងចាំ សម្រាប់ខែវិច្ឆិកា»។ អំឡុងពេលនេះ អ្នកនឹងឃើញប្រជាជនអង់គ្លេស ពាក់ផ្កាអាភៀនពណ៌ក្រហមនៅលើអាវ ហើយរឿងទាំងអស់នេះ អ្នកអាចឃើញវាត្រូវបានបង្ហាញឡើងតាមរយៈទូរទស្សន៍ និងតាមបណ្តាញសារព័ត៌មានផងដែរ។

មើលទៅវាដូចជាចម្លែក ដែលប្រទេសមហាអំណាចមួយនេះ យកដើមអាភៀនដែលជាប្រភេទថ្នាំញៀន មកផ្សព្វផ្សាយទៅវិញ។ គេកាន់តែកត់សម្គាល់ឃើញខ្លាំង សម្រាប់អ្នកចូលចិត្តមើលបាល់ទាត់ ក្របខណ្ឌអង់គ្លេស ដោយសារគ្រប់ក្លឹបទាំងអស់ ក៏បង្កើតអាវដោយមានភ្ជាប់ដើមអាភៀន ឲ្យកីឡាការពាក់សម្រាប់ពេលប្រកួត ក្នុងខែវិច្ឆិកានេះផងដែរ។

មូលហេតុអ្វីបានជាពួកគេធ្វើយ៉ាងដូច្នេះ? តាមពិតមានមូលហេតុសំខាន់ ដែលអ្នកអាចគិតខុសពីបំណងរបស់ពួកគេ ហើយ Fresh News Plus នឹងបង្ហាញជូនលោកអ្នកដូចតទៅនេះ៖

ការដាក់ផ្កាអាភៀនពណ៌ក្រហមនៅលើអាវ គឺជាសញ្ញា ដើម្បីរំលឹកដល់ទាហាន ដែលបានបាត់បង់ជីវិត ក្នុងអំឡុងសង្គ្រាមលោកលើកទី១ និងដើម្បីរំលឹកដល់ប្រជាជន ដែលត្រូវបានសម្លាប់ដោយពួកភេរវករ។ អំឡុងពេលថ្ងៃទី១១ ខែ១១មកដល់ អ្នកនឹងឃើញផ្កាអាភៀនពណ៌ក្រហម រាប់លានដើម (ឥឡូវនេះបែបជាជ័រៗ) ត្រូវបានលក់ទូទាំងប្រទេស ដោយអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ (ខ្លះដើម្បីយកលុយបម្រើការងារមនុស្សធម៌)។

ហេតុផលដែលផ្កាអាភៀន ត្រូវបានប្រើប្រាស់ដើម្បីរំលឹកដល់ទាហាន ដែលបានស្លាប់អំឡុងពេលតស៊ូប្រយុទ្ធ ដើម្បីប្រទេសជាតិក្នុងសម័យសង្គ្រាម ក៏ព្រោះតែពួកវាជាប្រភេទដើមផ្កា ដែលបានលូតលាស់ និងចេញផ្កា កន្លែងសមរភូមិប្រយុទ្ធគ្នា បន្ទាប់ពីសង្គ្រាមលោកលើកទី១ បានបញ្ចប់ទៅ។ ចំណុចនេះ ត្រូវបានពណ៌នា នៅក្នុងកំណាព្យសង្គ្រាមលោកលើកទី១ យ៉ាងល្បីល្បាញឈ្មោះថា «In Flanders Fields»

សូមបញ្ជាក់ថា ក្នុងអំឡុងពេលថ្ងៃ១១ ខែ១១មកដល់នេះ ក៏មានសប្បុរសជនបរិច្ចាគប្រាក់ជាច្រើន សម្រាប់ការងារមនុស្សធម៌ផងដែរ។ ប្រាក់ ដែលបានមកពីការបរិច្ចាគ ត្រូវបានប្រើប្រាស់ក្នុងការជួយអ្នកណា ដែលនៅរស់សល់ពីសង្គ្រាម ហើយដែលជីវិតពួកគាត់បានផ្លាស់ប្តូរ ដោយសារតែសង្រ្គាមនោះ។ ប្រាក់ទាំងនោះ ក៏ជួយដល់ទាហានជើងចាស់ ដែលត្រូវការស្វែងរកការងារថ្មី ឬក៏អ្នកដែលត្រូវការ ការជួយសង្គ្រោះទៀតផង។

សម្រាប់កីឡាករបាល់ទាត់ ក្នុងក្របខណ្ឌអង់គ្លេស ឬអ្នករស់នៅអង់គ្លេស ដែលមិនមែនជាសញ្ជាតិអង់គ្លេស បើមិនចង់ពាក់អាវមានផ្កាអាភៀន ក៏គេមិនបង្ខំដែរ។ មិនត្រឹមតែដាក់ផ្កាអាភៀនលើអាវប៉ុណ្ណោះទេ តាមស្ថាប័ននានា ក្លឹបកីឡា ព្រមទាំងទីតាំងជាច្រើនទៀត សុទ្ធតែដាក់ផ្កាអាភៀន ដើម្បីរំលឹកថ្ងៃនៃការចងចាំនេះ៕

ប្រភព BBC សម្រួលអត្ថបទដោយ Fresh News Plus

ក្រុមកីឡាករបាល់ទាត់ ពាក់អាវមានផ្កាអាភឿន ពណ៌ក្រហម

ដើមអាភឿន ដុះនៅប្រទេសបារាំង ដែលធ្លាប់ជាទីតាំងសមរភូមិ

ក្រុមទាហានជើងចាស់ ចូលរួមថ្ងៃនៃការចងចាំ (ថ្ងៃទី១១ ខែ១១)

ក្រុមអ្នកស្ម័គ្រចិត្ត ដើរចែកផ្កាអាភឿនជ័រ នៅតាមដងផ្លូវ

ផ្កាអាភឿនក្លែងក្លាយ ដែលត្រូវបានបង្កើតឡើង

សែរាជវង្សអង់គ្លេស ចូលរួមធ្វើជាអ្នកស្ម័គ្រចិត្ត ចែកផ្កាអាភឿនដល់ប្រជាជនតាមដងផ្លូវ