(ឈីលី)៖ អស់រយៈពេលជាច្រើនរយឆ្នាំមកហើយ នៅតែពុំទាន់មានអ្នកស្រាវជ្រាវណាម្នាក់ដឹងថា «បដិមាអាថ៌កំបាំង អ៉ីស្ទ័រ» ត្រូវបានកសាងឡើងដោយអ្នកណា ក្នុងគោលបំណងអ្វីនៅឡើយនោះទេ ខណៈចម្លាក់ថ្មបុរាណជាច្រើនរយដុំនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីមនុស្សជុំវិញពិភពលោក។

កោះអ៉ីស្ទ័រ (Easter) ជាកោះតូចមួយស្ថិតក្នុងលម្ហមហាសមុទ្រប៉ាស៉ីហ្វិក ក្នុងដែនអធិបតេយ្យរបស់ប្រទេសស៉ីលី ឬឈីលី (Chile)។ វាមានចម្ងាយពីច្រាំងភាគខាងលិចកោះឈីលីប្រមាណ ៣,៧០០ គីឡូម៉ែត្រ។ កោះអ៉ីស្ទ័រនេះមានផ្ទៃក្រឡា ១៦៣ គីឡូម៉ែត្រក្រឡា និងមានប្រជាជនរស់នៅប្រមាណជិត ២០០ នាក់តែប៉ុណ្ណោះ។

កោះនេះត្រូវបានអ្នករុករករបស់ហូឡ់ងម្នាក់ គឺលោក ចាខូប រុកហ្គេវីន (Jacob Roggeveen) ប្រទះឃើញលើកដំបូងនៅថ្ងៃទី០៥ ខែមេសា គ្រិស្ដសករាជ ១៧២២ ពោលគឺចំថ្ងៃបុណ្យដ៏សំខាន់មួយរបស់គ្រិស្ដសាសនា ដែលគ្រិស្តសាសនិកហៅថា «បុណ្យអ៉ីស្ទ័រ» ទើបបានជាលោក ចាខូប ហៅឈ្មោះកោះថ្មីនេះថា «កោះអ៉ីស្ទ័រ» និងមានការហៅតាមតៗគ្នារហូតដល់ពេលបច្ចុប្បន្ន ប៉ុន្តែបើតាមភាសារបស់ប្រជាជនម្ចាស់ស្រុក គេហៅកោះនេះថា រ៉ាប៉ានុយ (Rapa Nui)។

នៅបរិវេណមាត់ឆ្នេរស្ទើរតែជុំវិញកោះ មានចម្លាក់ថ្មបុរាណរូបក្បាលមនុស្សប្រុសៗប្រមាណ ២០០ ដុំត្រូវបានគេតម្រៀបគ្នាជាជួរៗ ក្នុងកិរិយាងើយមុខសម្លឹងមើលមេឃ ប៉ុន្តែមួយចំនួនក៏បានរលំទ្រេតខ្លះផងដែរ។ បដិមាទាំងនោះមានទងត្រចៀកវែងៗ នៅត្រង់ភ្នែកមានបង្កប់អ្វីម្យ៉ាងនៅផ្នែកខាងក្នុងសាច់ថ្ម។ បដិមាទាំង ២០០ ដុំនេះមានកម្ពស់ចាប់ពី ១.៨២ ដល់ ៩.១៤ ម៉ែត្រពីដី រីឯទម្ងន់ក្នុងមួយដុំៗវិញអាចមានដល់ទម្ងន់ ៥០ តោនឯណោះ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ រហូតមកដល់បច្ចុប្បន្ន នៅតែពុំទាន់មានអ្នកស្រាវជ្រាវណាម្នាក់ដឹងថា តើថ្មដែលកសាងបដិមាអ៉ីស្ទ័រនេះត្រូវបានយកមកពីណា ជាស្នាដៃរបស់អ្នកណា និងកសាងឡើងក្នុងគោលបំណងអ្វី។

ក្រោយៗមកទៀត មានការអះអាងថាផ្នែកខាងក្រោមនៃបដិមាដែលកប់នៅក្រោមដីនោះ គឺមានជម្រៅជ្រៅៗខ្លាំងណាស់ រហូតដល់គេមិនអាចកាយទៅដល់នោះឡើយ៕