(ពិភពលោក)៖ អ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញថាពពួកសត្វដាយណូស័របានស្លាប់ផុតពូជតាំងពី ៦៥ លានឆ្នាំមុនមកម្ល៉េះ ការស្លាប់របស់ពពួកវាក៏ដូចសារមានអាចម៍ផ្កាយធំៗជាច្រើនបានធ្លាក់មកលើផែនដី ហើយរណ្ដៅអាចម៍ផ្កាយទាំងនោះក៏នៅមើលឃើញស្នាកស្នាមច្បាស់ដល់ពេលបច្ចុប្បន្ននេះដែរ។

តើទីតាំងរណ្ដៅអាចម៍ផ្កាយទាំងនោះមានទីតាំងនៅកន្លែងណា ហើយមានលក្ខណៈយ៉ាងដូចម្ដេចខ្លះ?

អ្នកវិទ្យាសាស្ត្របានរកឃើញស្លាកស្នាមរណ្ដៅអាចម៍ផ្កាយធំៗមហិមាចំនួន ១៦២ កន្លែងនៅជុំវិញផែនដី ដែលបានធ្លាក់មកលើផែនដីកាលពីរាបសិបរាប់រយលានឆ្នាំមុន និងបានសម្លាប់សត្វដាយណូស័រយ៉ាងរង្គាលឱ្យផុតពូជចេញពិភពលោកយើងនេះ។

រណ្ដៅអាចម៍ផ្កាយដែលធំជាងក្នុងចំណោមនោះ ត្រូវបានគេរកឃើញនៅត្រង់ឧបទ្វីបយូកាតាន (Yucatan) ក្បែរកំពង់ផែស៉ីស៊ុយលូប (Chicxulub) នៃប្រទេសម៉ិកស៉ិក​បច្ចុប្បន្ន។ រណ្ដៅអាចម៍ផ្កាយយូកាតាននេះមានអង្កត់ផ្ចិតប្រមាណ ១៥ គីឡូម៉ែត្រ មានរាងជារង្វង់ពីរជាន់ លាតសន្ធឹងលើផ្នែកទឹកសមុទ្រខ្លះ ផ្នែកដីទ្វីបខ្លះ។

អ្នកវិទ្យាសាស្ត្របានបង្ហាញទៀតថា រណ្ដៅអាចម៍ផ្កាយដែលចាស់ជាងគេបំផុតគឺមានអាយុប្រមាណ ២០០ លានឆ្នាំមកហើយ ពោលគឺវាបានធ្លាក់មកលើផែនដីរបស់យើងមុនការផុតពូជរបស់សត្វដាយណូស័រនោះទៅទៀត ប៉ុន្តែបច្ចុប្បន្នស្លាកស្នាមរបស់វាបានរលុបបាត់អស់ទៅហើយ។

តាមការស្រាវជ្រាវបានរកឃើញថា ភពផែនដីរបស់យើងបានរងនូវការប៉ះទង្គិចពីការធ្លាក់អាចម៍ផ្កាយចំនួន ៥ លើកមកហើយ។ រាល់ការប៉ះទង្គិចម្ដងៗវាបានសម្លាប់ភាវៈមានជីវិតនៅលើផែនដីឱ្យស្លាប់ផុតពូជ និងបំពុលបរិយាកាសរបស់ផែនដីយ៉ាងខ្លាំងសម្បើម៕