(អ៉ីតាលី)៖ អ្នកណាៗក៏ស្គាល់អំពីប៉មទ្រេតភីហ្សាដែរ ដែលវាជាវិមានបុរាណដ៏ស្កឹមស្កៃមួយស្ថិតនៅទីក្រុងពីហ្សា ប្រទេសអ៉ីតាលីបច្ចុប្បន្ន វាមានលក្ខណៈប្លែកពីគេត្រង់ថាមានរាងទ្រេតទៅម្ខាង ប៉ុន្តែមិនបណ្ដាលឱ្យរលំបាក់នោះឡើយ។ តើមានមូលហេតុអ្វីបានជាធ្វើឱ្យប៉មបុរាណមួយនេះមានសភាពទ្រេតយ៉ាងដូច្នេះ?

តាមពង្សាវតាចក្រភពរ៉ូមបានឱ្យដឹងថា ប៉មទ្រតពីហ្សា (Leaning Tower of Pisa) ត្រូវបានសាងសង់ឡើងអំពីថ្មកែវពណ៌ស ចាប់ពីគ្រិស្ដសករាជ ១១៧៣។ ក្នុងពេលសាងសង់បានប្រាំឆ្នាំដំបូង វាមានលក្ខណៈត្រង់ប្រក្រតីធម្មតាទេ ប៉ុន្តែនៅពេលនៅសាងសង់ដល់ជាន់ទី៣ ក្នុងគ្រិស្ដសករាជ ១១៧៨ គេបានផ្អាកការសាងសង់បណ្ដោះអាសន្នសិន ព្រោះដោយសារចក្រភពរ៉ូមផ្ទុះសង្គ្រាមជាមួយកងទ័ពសត្រូវ បណ្ដាលឱ្យគ្រឹះអគារដែលពុំទាន់រឹងមាំល្អនោះ បានផ្អៀងទ្រេតបន្ដិចទៅទិសខាងជើង។

លុះក្រោយមក គេក៏បានបន្តសាងសង់អគារពីហ្សានេះឡើងវិញ និងដោះស្រាយបញ្ហាទ្រេតនៃអគារនោះ។ ក្រុមវិស្វករបានសម្រេចសាងសង់សសរនៅទិសខាងជើងឱ្យវែងជាងទិសខាងត្បូង ប៉ុន្តែនៅពេលសាងសង់ដល់ជាន់ទី៧ គេក៏ផ្អាកការសាងសង់ម្ដងទៀត ព្រោះលើកនេះកងទ័ពសត្រូវបានវាយចូលកាន់កាប់ទីក្រុងពីហ្សាសាជាថ្មី ទើបសំណង់ដែលពុំទាន់រឹងមាំល្អផងនោះ ចាប់ផ្ដើមទ្រេតទៅទិសខាងត្បូងវិញម្ដង។

លុះដល់គ្រិស្ដសករាជ ១៣៥០ ទើបប៉មទ្រេតពីហ្សាត្រូវបានសាងសង់រួចរាល់ជាស្ថាពរ ប៉ុន្តែស្ថិតក្នុងសភាពទ្រេតដដែល ដោយនៅផ្នែកទ្រេតខាងទីខ្ពស់មានកម្ពស់ ៥៦.៦៧ ម៉ែត្រ និងផ្នែកទ្រេតខាងទីទាបមានកម្ពស់ ៥៥.៨៦ ម៉ែត្រ រីឯទម្ងន់គឺប្រមាណ ១៤,៥០០ តោន។ ទម្រាំសម្រេចបានសមិទ្ធផលប្រវត្តិសាស្ត្រដែលមានកម្ពស់ ៨ ជាន់នេះ គេត្រូវចំណាយពេលដល់ទៅ ១៧៧ ឆ្នាំឯណោះ។

នៅគ្រិស្ដសករាជ ១៩៩០ គេបានគណនារកឃើញភាពទ្រេតដល់ទៅ ៥.៥ ដឺក្រេពីអ័ក្សត្រង់។ នៅចន្លោះគ្រិស្ដសករាជ ១៩៩៣-២០០១ ក្រុមអ្នកជួសជុលបានប្រើបច្ចេកទេសទាញតម្រង់ ដើម្បីរក្សាស្ថិរភាពអគារទាំងមូលឡើងវិញ ប៉ុន្តែកិច្ចខិតខំនេះនៅតែមិនអាចតម្រង់អគារបាន ១០០ ភាគរយឡើយ បានត្រឹមកាត់បន្ថយភាពលំអៀងបានតែ ៣.៩៧ ដឺក្រេប៉ុណ្ណោះ។

សូមជម្រាបថា នាពេលបច្ចុប្បន្ន ប៉មទ្រេតពីហ្សាបានក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់នៅប្រទេសអ៉ីតាលី បន្ទាប់ពីវាត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅគ្រិស្ដសករាជ ១៩៨៧៕