(អាមេរិក)៖ អគារ អិមផាយអឺរ ស្តេត (Empire State Building) គឺជាសំណង់ដ៏ខ្ពស់ស្កឹមស្កៃអស្ចារ្យមួយស្ថិតនៅកណ្ដាលកោះម៉ានហាតតាន់ នៃទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលត្រូវបានគេចាត់ទុកថាជាស្នាដៃស្ថាបត្យកម្មដ៏ល្អឯករបស់មនុស្សនាសម័យបច្ចុប្បន្ន។ តើមានមូលហេតុអ្វីខ្លះទើបបានជាគេចាត់វាយ៉ាងដូច្នេះ?

អគារ អិមផាយអឺរ ស្តេត សាងសង់ឡើងចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ១៩២៩ ហើយបញ្ចប់ជាស្ថាពរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៣៧។ គម្រោងសាងសង់អគារទាំងមូលត្រូវបានចំណាយថវិកាសរុប ៤០,៩៤៨,៩០០ ដុល្លារអាមេរិក។

បើគិតតែកម្ពស់អគារសុទ្ធសាធគឺមានកម្ពស់ ៣៨១ ម៉ែត្រពីដី ប៉ុន្តែបើគិតទាំងអង់តែនកម្ពស់ ៦២ ម៉ែត្រនៅចុងកំពូលអគារទៀតនោះ គឺមានកម្ពស់សរុបដល់ទៅ ៤៤៣ ម៉ែត្រឯណោះ។ បរិវេណនៅលើដីគឺមានផ្ទៃក្រឡា ២០០,៥០០ ម៉ែត្រក្រឡា។ រីឯជម្រៅចុះទៅក្រោមដីគឺមានជម្រៅ ១០ ម៉ែត្រទៀត។

តាមរបាយការណ៍សាងសង់ គេបានប្រើឥដ្ឋអស់ប្រមាណ ១០ លានដុំ ហើយដែកដែលយកមកសាងសង់មហាអគារនេះ គឺជាដែកដែលមិនចេះច្រេះ រួមនឹងបេតុងដែលមានគុណភាពល្អបំផុត។

អគារ អិមផាយអឺរ ស្តេត ចែកចេញជា ១០២ ជាន់ អាចផ្ទុកមនុស្សបានប្រមាណ ២៥,០០០ នាក់។ បច្ចុប្បន្នក្រុមហ៊ុនធំៗដែលជួលនៅក្នុងអគារនេះមានជាង ៦០០ ក្រុមហ៊ុន។ នៅក្នុងអគារមានជណ្ដើរយន្ត ៧៣ គ្រឿង និងមានបង្អួចសរុប ៦,៥០០ កន្លែង។

អ្វីដែលគួរឱ្យស្ងើចសរសើរនោះត្រង់ថា យើងធ្លាប់តែបានស្គាល់អំពីសំណង់ស្ថាបត្យកម្មបុរាញដែលល្បីៗ ប៉ុន្តែអគារ អិមផាយអឺរ ស្តេត ឬ Empire State Building នេះ ត្រូវបានគេចាត់ទុកថាជាស្នាដៃដ៏ល្អឯករបស់មនុស្សនាសម័យបច្ចុប្បន្ន ដែលមានកម្ពស់ខ្ពស់កប់ពពក ព្រមទាំងមានការគណនាសមាសធាតុ និងផ្ទៃក្រឡាបានយ៉ាងល្អិតល្អន់ទៀតផង៕