(បរទេស)៖ មនុស្សយន្តត្រូវបានបង្កើតឡើងដំបូងដោយវិស្វករគ្រឿងយន្តម្នាក់គឺលោក ចច ដេវ៉ុល (George C. Devol) តាំងពីឆ្នាំ១៩៥០ ក្នុងរដ្ឋខិនតាក់គី សហរដ្ឋអាមេរិក ក្រោយៗមកទៀត ទើបប្រទេសជឿនលឿនជាច្រើនបានអភិវឌ្ឍបច្ចេកវិទ្យាបង្កើតមនុស្សយន្តនេះជាបន្តបន្ទាប់ សម្រាប់ប្រើប្រាស់តាមវិស័យនានា។ បច្ចុប្បន្ន តើប្រទេសណាខ្លះដែលមានមនុស្សយន្តច្រើនជាងគេ?

យោងតាមស្ថិតិរបស់សហព័ន្ធមនុស្សយន្តអន្តរជាតិ (IFR) បានបង្ហាញថា ប្រទេសជប៉ុនជាប្រទេសដែលផលិតមនុស្សយន្តច្រើនជាងគេបំផុតនៅលើពិភពលោក បន្ទាប់មកគឺប្រទេសអាល្លឺម៉ង់។

កំណើនបរិមាណមនុស្សយន្តដែលបានផលិតឡើងថ្មីៗនោះបានកើនចាប់ពី ១,០៣៥,០០០ គ្រឿង នៅចុងឆ្នាំ២០០៨ ដល់ ៣,០៥៣,០០០ គ្រឿង នៅឆ្នាំ២០២០នេះ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ ប្រទេសជប៉ុនគឺជាប្រទេសដែលដើរតួយ៉ាងសំខាន់ក្នុងវិស័យឧស្សាហកម្មផលិតមនុស្សយន្ត និងជាប្រទេសនាំចេញមនុស្សយន្តច្រើនជាងគេ ដែលស្មើនឹង ៥៦% នៃការផ្គត់ផ្គង់មនុស្សយន្តទាំងអស់នៅលើពិភពលោក។

ចំណែកឯប្រទេសដែលប្រើប្រាស់មនុស្សយន្តច្រើនជាងគេនោះ ក៏ជាប្រទេសជប៉ុនដដែល។ ក្នុងចំណោមកម្មករ ១០,០០០ នាក់ គឺមានមនុស្សយន្ត ៣០០ គ្រឿងទៅហើយ។ ពួកវាត្រូវបានគេប្រើប្រាស់ច្រើនបំផុតនៅក្នុងឧស្សាហកម្មផលិតរថយន្ត។

ក្រៅពីប្រទេសជប៉ុនខាងលើនេះ ប្រទេសចិន និងកូរ៉េខាងត្បូង ក៏ប្រើប្រាស់មនុស្សយន្តច្រើនជាងគេផងដែរ។ ប្រការនេះក៏ដោយសារកំណើនសេដ្ឋកិច្ចមានការលូតលាស់ឆាប់រហ័ស រីឯវិស័យឧស្សាហកម្មក៏មានភាពមមាញឹកខ្លាំងណាស់ដែរ ដែលទាមទារឱ្យមានកម្លាំងមនុស្សយន្តជួយធ្វើការឱ្យបានច្រើនបំផុត។

តាមការវាយតម្លៃរបស់សហព័ន្ធមនុស្សយន្តអន្តរជាតិ បានបញ្ជាក់ថា នៅទ្វីបអឺរ៉ុបអាត្រានៃការប្រើប្រាស់មនុស្សយន្តមានចំនួន ១០៦ គ្រឿងក្នុងចំណោមកម្មករ ១០,០០០ នាក់ ចំណែកនៅទ្វីបអាមេរិក និងទ្វីបអាស៉ី អាត្រានៃការប្រើប្រាស់មនុស្សយន្តមានចាប់ពី ៧៥-៩១ គ្រឿងក្នុងចំណោមកម្មករ ១០,០០០ នាក់ដូចគ្នា៕