(ពិភពលោក)៖ ជារៀងរាល់ថ្ងៃនេះ បើសិនជាគេឃើញនរណាម្នាក់ ពាក់ចិញ្ចៀននៅលើម្រាមដៃនាងខាងឆ្វេង គេនឹងអាចកំណត់បុគ្គលនោះភ្លាមថា មានគូកំណាន់ចិត្ត ឬមានគូស្រកររួចហើយ។ តើអ្នកដឹងទេ ហេតុអ្វីបានជាគេពាក់ចិញ្ចៀនកំជាប់ពាក្យ (ភ្ជាប់ពាក្យ) ឬចិញ្ចៀនរៀបការ នៅម្រាមដៃនាងខាងឆ្វេង?

Fresh News Plus នឹងបកស្រាយសំណួរនេះ ដូចតទៅ៖

* ប្រវត្តិនៃទំនៀមទម្លាប់

មូលហេតុ ដែលនាំឲ្យគេពាក់ចិញ្ចៀនកំជាប់ពាក្យ ឬចិញ្ចៀនរៀបការ នៅម្រាមដៃនាងខាងឆ្វេង គឺមានទំនៀមទម្លាប់កំណត់ តាំងពីសម័យអាណាចក្ររ៉ូមម្លេះ។ នេះគេចង់បញ្ជាក់ថា ការពាក់ចិញ្ចៀននៅដៃនាងខាងឆ្វេង គឺជាសរសៃស្នេហា (Vein of Love)។

ម្រាមដៃនាងខាងឆ្វេង ត្រូវពួករ៉ូម៉ាំងជឿជាក់ថា វាមានសរសៃភ្ជាប់ដោយផ្ទាល់ទៅដល់បេះដូង។ បន្ថែមលើនេះ ពួកគេអះអាងថា ទីតាំងនេះមើលទៅល្អឥតខ្ចោះតែម្តង ដើម្បីរក្សាសញ្ញានៃអានុភាពនៃសេចក្តីស្នេហា និងជាការប្តេជ្ញាចិត្តពីការលះបង់ភាពនៅ Single ចេញ។

* ទម្លាប់សម័យបច្ចុប្បន្ន

ជាការពិតណាស់ ទម្លាប់នៃការពាក់ចិញ្ចៀនភាគច្រើន អនុវត្តន៍ទៅដល់ការបញ្ជាក់អំពីកំជាប់ពាក្យ និងអាពាហ៍ពិពាហ៍។ ប៉ុន្តែសព្វថ្ងៃនេះ ការពាក់ចិញ្ចៀនរបស់អ្នកមិនប្រាកដថា អ្នកចង់សម្តែងឆន្ទៈថាអ្នកមានគូនោះទេ។ សម្រាប់អ្នកមានគូខ្លះទៀត មិនប្រាកដថាត្រូវតែពាក់វានៅម្រាមដៃនាងខាងឆ្វេងដែរ ជូនកាលពួកគេពាក់នៅម្រាមដៃណាមួយក៏បាន។

ជាក់ស្តែង នៅប្រទេសមួយចំនួន ដូចជាអូទ្រីស ដាណឺម៉ាក ណ័កវេ ប៉ូឡូញ អាល្លឺម៉ង់ ឡាវីយ៉ា វាជាប្រពៃណីទៅហើយ ដែលអ្នកមានគូត្រូវតែពាក់ចិញ្ចៀននៅម្រាមដៃខាងឆ្វេង។ ប៉ុន្តែ សម្រាប់ប្រទេសអេស្ប៉ាញវិញ ពួកគេពាក់ចិញ្ចៀននៅម្រាមដៃខាងស្តាំ។

ទោះបីជាយ៉ាងនេះក្តី ដោយសារការវិវត្តនៃសម័យកាលពីមួយទៅមួយ មានប្រទេសខ្លះគោរពតាមរបៀបពួករ៉ូម៉ាំង ហើយអ្នកខ្លះទៀតក៏មិនគោរពតាមដែរ។ និយាយជារួម ជម្រើសនៃការពាក់ចិញ្ចៀននៅម្រាមដៃខាងណា វាជាការជ្រើសរើសរបស់អ្នកផ្ទាល់ ព្រោះថាការចង់សម្តែងឆន្ទៈថា ខ្លួននៅលីវ ឬមានគូ មិនមែនគ្រាន់តែបញ្ជាក់តាមរយៈចិញ្ចៀននោះទេ គឺវាបញ្ជាក់ដោយបេះដូង។ ក្នុងន័យនេះ ពួកអឺរ៉ុបជាច្រើន រស់នៅជាមួយគ្នា ហើយបង្កើតកូនចៅរហូតដល់ស្លាប់ទៅវិញ ពួកគេមិនដែលភ្ជាប់ពាក់ ឬរៀបការឡើយ។

* តើនៅខ្មែរមានប្រពៃណីពាក់ចិញ្ចៀនឬទេ?

នៅខ្មែរយើងវិញ ក៏ឃើញមានការពាក់ចិញ្ចៀនដែរ ជាពិសេសគេប្រកាន់យកម្រាមដៃនាងខាងឆ្វេង។ ការពាក់ចិញ្ចៀននេះទៀតសោត សុទ្ធតែមានពិធីដឹងលឺពីចាស់ទុំទាំងសងខាង មិនមែនដូចពួកលោកខាងលិច ពាក់ចិញ្ចៀនឲ្យគ្នាតាមការសម្រេចពីភាគីទាំងពីរ ដោយគ្មានគ្រួសារដឹងជាមុននោះឡើយ។

ជាទូទៅ គេសង្កេតឃើញថា ការពាក់ចិញ្ចៀននេះ ខ្មែរយើងរៀបចំនៅពិធីកំជាប់ពាក្យផង និងនៅក្នុងពិធីអាពាហ៍ពិពាហ៍ផង។ គេមិនច្បាស់ថា តើខ្មែរយើងមានប្រពៃណីពាក់ចិញ្ចៀនពីបុរាណមកទេ។ បើនិយាយពីពាក្យថា «ប្រពៃណីនៃការពាក់ចិញ្ចៀន» ខ្មែរយើងមិនសូវប្រើពាក្យនេះទេ តែបើនិយាយពីពាក្យថា «ទម្លាប់នៃការពាក់ចិញ្ចៀនក្នុងពិធីកំជាប់ពាក្យ ឬពិធីមង្គលការ» ទើបមានប្រើយ៉ាងច្បាស់ និងជាទូទៅផង៕