(ពិភពលោក)៖ ពិភពលោកនាពេលបច្ចុប្បន្នមានប្រទេសជាង ២០០ ប្រទេស និងប្រជាជនជាង ៧,០០០ លាននាក់ ហើយប្រទេសទាំងនោះសុទ្ធតែត្រូវបានដឹកនាំតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ឬទ្វេបក្ស ហើយក៏មានរបបឯកបក្សផងដែរ គឺរបបកុម្មុយនីស្ដ។

តើអ្នកដឹងទេថា គណបក្សនយោបាយណាខ្លះដែលមានសមាជិកច្រើនជាងគេនៅលើពិភពលោកយើងនេះ?

គណបក្សដែលមានសមាជិកច្រើនជាងគេនោះ រួមមានគណបក្សប្រជាជនឥណ្ឌា នៅប្រទេសឥណ្ឌា គណបក្សកុម្មុយនីស្ដចិន នៅប្រទេសចិន គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ នៅសហរដ្ឋអាមេរិក។

គណបក្សប្រជាជនឥណ្ឌា មានឈ្មោះជាភាសាអង់គ្លេសថា Bharatiya Janata Party បង្កើតឡើងនៅឆ្នាំ១៩៨០។ នាពេលបច្ចុប្បន្ន គណបក្សនេះមានសមាជិករហូតដល់ទៅ ១១០ លាននាក់ ដែលត្រូវបានគេកំណត់ថាជាគណបក្សធំជាងគេក្នុងពិភពលោក។ លោក នរិន្ទ្រា មូឌី (Narendra Modi) ដែលជានាយករដ្ឋមន្ត្រីឥណ្ឌានាពេលបច្ចុប្បន្ន ក៏ជាសមាជិករបស់គណបក្ស Bharatiya Janata នេះដែរ។

គណបក្សកុម្មុយនីស្ដចិន មានឈ្មោះជាភាសាអង់គ្លេសថា Communist Party of China បង្កើតឡើងនៅឆ្នាំ១៩២១ ចាស់ជាងគណបក្សប្រជាជនឥណ្ឌាជិត ៦ ទសវត្សរ៍ ប៉ុន្តែមានជិកតិចជាងគណបក្សប្រជាជនឥណ្ឌា។ បច្ចុប្បន្ន គណបក្សកុម្មុយនីស្ដចិនមានសមាជិក ៨៨ លាននាក់ ក្នុងនោះមានសមាជិកតំណាងក្នុងការចូលរួមសមាជបក្ស ៣០០ នាក់។

មូលហេតុដែលគណបក្សកុម្មុយនីស្ដជាគណបក្សធំជាងគេទីពីរនោះ គឺដោយសារប្រទេសចិនមានប្រជាជនច្រើនជាងគេក្នុងលោក គឺប្រមាណ ១,៤០០លាននាក់ ហើយមូលហេតុធំមួយទៀត គឺប្រព័ន្ធនយោបាយរបស់ប្រទេសចិនគឺជារបបឯកបក្ស។ ដូច្នេះប្រជាជនចិនទាំងអស់គ្មានជម្រើនចូលជាសមាជិកគណបក្សផ្សេងក្រៅពីគណបក្សកុម្មុយនីស្ដនេះឡើយ។

ចំណែកនៅសហរដ្ឋអាមេរិកដែលជាប្រទេសបិតាប្រជាធិបតេយ្យនោះវិញ គឺមានគណបក្សតែពីរគត់ រួមមានគណបក្សប្រជាធិបតេយ្យ បង្កើតឡើងនៅឆ្នាំ១៨២៨ បច្ចុប្បន្នមានសមាជិកប្រមាណ ៤០ លាននាក់ និងគណបក្សសាធារណរដ្ឋ បង្កើតឡើងនៅឆ្នាំ១៨៥៤ បច្ចុប្បន្នមានសមាជិកប្រមាណ ៣០លាននាក់៕