(ភ្នំពេញ)៖ សម្ព័ន្ធអារ៉ាប់ (Arab League) ជាតួអង្គដ៏សំខាន់មួយក្នុងទំនាក់ទំនងអន្តរជាតិ ដោយបានដើរតួជាអង្គការអន្តរជាតិថ្នាក់តំបន់ សម្រាប់បណ្តាប្រទេសអារ៉ាប់ ក្នុងការចងសម្ព័ន្ធភាពគ្នា និងជួយគ្នាទៅវិញទៅមក។ នេះគឺជាស្ថាប័នអន្តរជាតិថ្នាក់តំបន់មួយ ដែលមានសមាជិកជារដ្ឋចំនួន២២ និងមានទីតាំងរដ្ឋបាលនៅទីក្រុងខារីយ៉ូ ប្រទេសអេហ្ស៉ីប។

ថ្ងៃនេះ Fresh News Plus នឹងចែករំលែកចំណេះដឹងទូទៅ ស្តីពីសម្ព័ន្ធអារ៉ាប់ដូចខាងក្រោម៖

១៖ ប្រវត្តិសង្ខេបនៃការបង្កើតសម្ព័ន្ធអារ៉ាប់
សម្ព័ន្ធអារ៉ាប់ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែមិនា ឆ្នាំ១៩៤៥ ដោយមានគោលបំណងចម្បងក្លាយជាស្ថាប័នតំបន់អារ៉ាប់មួយ ដែលយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ច ដោះស្រាយជម្លោះដោយសន្តិវិធី និងសម្របសម្រួលនយោបាយរវាងគ្នានិងគ្នា។ សម្ព័ន្ធអារ៉ាប់ គឺជាស្ថាប័នមួយ ដែលគ្របដណ្តប់លើផ្ទៃដីប្រមាណ ១៣ ៣៣៣ ២៩៦គីឡូម៉ែត្រក្រឡា និងប្រជាជនប្រមាណជាង ៤០០លាននាក់។

ភាសាអារ៉ាប់ គឺជាភាសាសម្រាប់ប្រើប្រាស់ផ្លូវការក្នុងសម្ព័ន្ធនេះ។ បង្កើតឡើងនៅថ្ងៃទី២២ ខែមិនា ឆ្នាំ១៩៤៥ សម្ព័ន្ធអារ៉ាប់ មានប្រទេសស្ថាបនិកចំនួន៦ រួមមាន អេហ្ស៉ីប អ៉ីរ៉ាក់ ស៊ូដង់ លីប៊ែន ស៊ូឌីអារ៉ាប៊ី និងស៉ីរី។ បង្កើតមិនទាន់បាន២ខែផង ប្រទេសយែមែន បានចូលជាសមាជិកទី៧ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៤៥។ រហូតមកដល់បច្ចុប្បន្ននេះ សម្ព័ន្ធអារ៉ាប់ មានសមាជិកជារដ្ឋចំនួន២២ ទោះបីជាប្រទេសស៉ីរី ត្រូវបានគេព្យួរសមាជិកភាព តាំងពីខែវិច្ឆិកា ឆ្នាំ២០១១ ដោយសារតែវិបត្តិនយោបាយ និងសង្គ្រាមស៉ីវិលនៅក្នុងប្រទេសរបស់ខ្លួនក៏ដោយ។

សម្ព័ន្ធអារ៉ាប់មានគោលបំណងបង្កើនភាពជិតស្និត និងសម្របសម្រួលទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ដើម្បីធានាឯករាជ្យភាព និងអធិបតេយ្យភាពរបស់សមាជិកខ្លួន និងការពារផលប្រយោជន៍ជូនសមាជិករបស់ខ្លួន។ តាមរយៈស្ថាប័នជំនាញជាច្រើនរបស់ខ្លួនដូចជា អង្គការអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រនៃសម្ព័ន្ធអារ៉ាប់ (ALECSO) ក្រុមប្រឹក្សាបង្រួបបង្រួមសេដ្ឋកិច្ចអារ៉ាប់ (CAEU) សម្ព័ន្ធអារ៉ាប់បានធ្វើការសម្របសម្រួលកម្មវិធីនយោបាយ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងសង្គម ដែលត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់ផលប្រយោជន៍ នៃពិភពអារ៉ាប់ជាច្រើន តាមរយៈការដើរតួនាទីជាវេទិកាដ៏សំខាន់មួយ ឲ្យរដ្ឋសមាជិកធ្វើការពិភាក្សា និងរៀបចំគោលនយោបាយផ្សេងៗ ដូចជាការបង្កើតគោលនយោបាយដោះស្រាយបញ្ហារួម គោលនយោបាយដោះស្រាយវិវាទដោយសន្តិវិធី និងកម្រិតជម្លោះឲ្យរួមតូច ដូចជាករណីវិបត្តិប្រទេសលីប៊ែន ឆ្នាំ១៩៥៨។ លើសពីនេះទៀត សម្ព័ន្ធនេះបានដើរតួនាទីជាវេទិកានយោបាយមួយ ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាក់ស្តែងដូចជាការអនុម័តធម្មនុញ្ញរួម សកម្មភាពសេដ្ឋកិច្ចអារ៉ាប់ ដែលជាការកំណត់គោលនយោបាយ សេដ្ឋកិច្ចនៅក្នុងតំបន់។

ប្រទេសនីមួយៗមានសំឡេងតែមួយប៉ុណ្ណោះនៅក្នុងការធ្វើការសម្រេចចិត្ត នៃក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ ដែលការសម្រេចចិត្តនោះមានអានុភាពគតិយុត្តចាប់បង្ខំ តែចំពោះរដ្ឋដែលបានបោះឆ្នោតគាំទ្រតែប៉ុណ្ណោះ។ គោលបំណងដំបូងរបស់សម្ព័ន្ធអារ៉ាប់ កាលនៅឆ្នាំ១៩៤៥នោះគឺ ដើម្បីពង្រឹង និងសម្របសម្រួលកម្មវិធីនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គម សម្រាប់រដ្ឋសមាជិករបស់ខ្លួន និងធ្វើជាអ្នកសម្របសម្រួលវិវាទ ក្នុងចំណោមរដ្ឋសមាជិកខ្លួន ដែលមានវិវាទ ក្នុងនាមជាភាគីទី៣។

បន្ថែមលើនេះ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចការពាររួម និងសហប្រតិបត្តិការសេដ្ឋកិច្ច នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៥០ ដោយរដ្ឋហត្ថលេខីបានប្តេជ្ញាចិត្ត ធ្វើការសម្របសម្រួលការពារគ្នាទៅវិញទៅមក តាមរយៈកម្លាំងយោធា។ នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ក្រុមប្រឹក្សាសេដ្ឋកិច្ចសម្ព័ន្ធអារ៉ាប់ បានបង្កើតបន្តទៀតនូវអ្វីដែលគេហៅថា សភាពាណិជ្ជកម្មអារ៉ាប់ នៅតំបន់អឺរ៉ុប ដែលមានតួនាទីក្នុងការលើកកម្ពស់ ជំរុញ និងសម្របសម្រួលពាណិជ្ជកម្មពហុភាគី រវាងប្រទេសអារ៉ាប់ និងប្រទេសអឺរ៉ុប ជាពិសេសគឺចក្រភពអង់គ្លេស។ សម្ព័ន្ធអារ៉ាប់ ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចកម្មវិធីសិក្សានៅក្នុងរដ្ឋសមាជិក លើកកម្ពស់តួនាទីស្ត្រី នៅក្នុងសង្គមអារ៉ាប់ លើកកម្ពស់សុខុមាលភាពកុមារ និងជំរុញលើកទឹកចិត្តកម្មវិធីយុវជន និងកីឡាដោយការការពារបេតិកភណ្ឌវប្បធម៌អារ៉ាប់ និងពង្រីកការផ្លាស់ប្តូរ បទពិសោធន៍ក្នុងចំណោមរដ្ឋសមាជិក។

២៖ ប្រព័ន្ធនយោបាយ និងរដ្ឋបាលសម្ព័ន្ធអារ៉ាប់
ធម្មនុញ្ញនៃសម្ព័ន្ធអារ៉ាប់ បានកំណត់នូវគោលការណ៍មួយ ដែលគេហៅថា «ស្រុកកំណើតអារ៉ាប់ Arab Homeland» ដោយតម្រូវឲ្យរដ្ឋអារ៉ាប់ទាំងអស់ ត្រូវគោរពទៅវិញទៅមកនូវអធិបតេយ្យភាព រវាងគ្នានិងគ្នា។ លើសពីនេះទៀត បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាអារ៉ាប់ និងគណៈកម្មការផ្សេងៗ ក៏ត្រូវបានគេអនុម័តយល់ព្រម នៅខែឧសភា ឆ្នាំ១៩៥១ ហើយបទបញ្ញត្តិនានា នៅក្នុងលេខាធិការដ្ឋានវិញ ត្រូវបានគេអនុម័តយល់ព្រម នៅខែឧសភា ឆ្នាំ១៩៥៣។

ចាប់តាំងពីពេលនោះមក អភិបាលកិច្ចនៅក្នុងសម្ព័ន្ធអារ៉ាប់ ត្រូវបានគេគោរពតាមប្រព័ន្ធដឹកនាំបែបទ្វិនិយម នៃស្ថាប័នថ្នាក់ជាតិ និងអធិបតេយ្យភាពនៃរដ្ឋសមាជិកនីមួយៗ។ ក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន នៅឆ្នាំ១៩៦៤ ក្នុងទីក្រុងខារីយ៉ូ សម្ព័ន្ធអារ៉ាប់បានផ្តួចផ្តើម បង្កើតនូវអង្គការមួយធ្វើជាអ្នកតំណាង ឲ្យប្រជាជនប៉ាឡេស្ទីន ដែលដំបូងឡើយ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៦៤ ក្នុងភាគខាងកើតនៃទីក្រុងហ្សេរុយសាឡឹម។

នៅពេលនោះហើយ ដែលអង្គការសេរីភាពប្រជាជនប៉ាឡេស្ទីន ត្រូវបានបង្កើតឡើង គឺនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៦៤។ បច្ចុប្បន្ននេះ ប្រទេសប៉ាឡេស្ទីន គឺជាសមាជិកពេញសិទ្ធិនៅក្នុងសម្ព័ន្ធអារ៉ាប់ ដែលត្រូវបានតំណាងដោយអង្គការសេរីភាព ប្រជាជនប៉ាឡេស្ទីន។

៣៖ បញ្ហារបស់សម្ព័ន្ធអារ៉ាប់
សកម្មភាពសំខាន់ដំបូងនៃសម្ព័ន្ធអារ៉ាប់ គឺការធ្វើអន្តរាគមន៍រួម ក្នុងនាមជាមតិភាគច្រើន នៃប្រជាជាតិអារ៉ាប់ ទៅលើការកើតឡើងនៃរដ្ឋអ៉ីស្រាអែល នៅឆ្នាំ១៩៤៨ ទោះបីជាការធ្វើអន្តរាគមន៍នោះ មិនមានប្រទេសស៊ូដង់ចូលរួម ហើយទទួលស្គាល់ការកកើតឡើងនៃអ៉ីស្រាអែល តាមការស្នើឡើង នៃមហាសន្និបាតអង្គការសហប្រជាជាតិក៏ដោយ។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ ក្រោយពេលនៃការចាប់ផ្តើមសង្គ្រាមស៉ីវិលនៅលីប៊ី និងការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្ក្រាបប្រជាជនស៉ីវិល អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ បានអះអាងថា សមាជិកភាពរបស់ប្រទេសលីប៊ី ក្នុងសម្ព័ន្ធអារ៉ាប់ត្រូវបានព្យួរ ហើយអង្គការបានសម្រេចផ្អាកអ្នកតំណាង ដែលជាគណៈប្រតិភូរបស់លីប៊ី ក្នុងសម្ព័ន្ធអារ៉ាប់ផងដែរ។ ការព្យួរសមាជិកភាពរបស់លីប៊ីនេះ គឺជាប្រទេសទី២ ក្នុងប្រវត្តិសាស្ត្ររបស់សម្ព័ន្ធអារ៉ាប់ហើយ។

ក្រោយពេលចេញសេចក្តីសម្រេចនេះ ប្រមុខដឹកនាំប្រទេសលីប៊ី បានប្រកាសថា ការប្រកាសរបស់សម្ព័ន្ធអារ៉ាប់ គឺជាការខុសច្បាប់ដោយបានបញ្ជាក់បន្ថែមថា តួនាទីរបស់អារ៉ាប់ត្រូវបានបញ្ចប់ហើយលើលោកនេះ មិនដែលមានស្ថាប័នមួយណាដូចនេះឡើយ។ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ បានចេញសេចក្តីប្រកាសថា វាជាពេលវេលាមួយដែលសមគួរបំផុត ដែលសមាជិកភាពរបស់ប្រទេសលីប៊ី ត្រូវប្រគល់ឲ្យវិញ។ ក្រុមប្រឹក្សាជាតិអន្តរកាល បានទទួលស្គាល់រដ្ឋាភិបាលបណ្តោះអាសន្នលីប៊ី ដែលនឹងបញ្ជូនអ្នកតំណាងរបស់ខ្លួនមួយរូប ដើម្បីទទួលកៅអីនៅក្នុងកិច្ចប្រជុំ នៃសម្ព័ន្ធអារ៉ាប់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ ដើម្បីបើកកិច្ចពិភាក្សាអំពីតួនាទីរបស់ប្រទេសលីប៊ី នៅក្នុងតំបន់។

សភាអារ៉ាប់ បានធ្វើការផ្តល់យោបល់ពីការព្យួរសមាជិកភាពរបស់ប្រទេសស៉ីរី និងប្រទេសយែមែន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១១ ដោយសារតែការប្រើអំពើហិង្សា ប្រឆាំងប្រជាជនស៉ីវិល និងសកម្មជនតវ៉ា អំឡុងពេលនៃបដិវត្តន៍ «ផ្កាម្លិះ»។ ដោយមានការបោះឆ្នោតមួយ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១១ ដើម្បីធ្វើការព្យួរសមាជិកភាព ប្រទេសស៉ីរីជាផ្លូវការ ដោយទុករយៈពេល ៤ថ្ងៃ បន្ទាប់ពីការបោះឆ្នោតឲ្យ «អាសាដ» ដើម្បីកែប្រែសកម្មភាពរបស់ខ្លួន។ ក្នុងការបោះឆ្នោតនោះ មានប្រទេសស៉ីរីខ្លួនឯង លីប៊ែន និងយែមែន បានបោះឆ្នោតបដិសេធ ខណៈពេលដែលប្រទេសអ៉ីរ៉ាក់ បានធ្វើអនុប្បវាទ។

បញ្ហាមួយទៀត គឺកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៧ សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ ហ្សេរុយសាឡឹម ជារដ្ឋធានីរបស់អ៉ីស្រាអែល។ ក្រុមរដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធអារ៉ាប់ បានចេញសេចក្តីថ្លែងការណ៍ ណជំរុញឱ្យសហរដ្ឋអាមេរិកលុបចោលការសម្រេចចិត្តរបស់ខ្លួន ដែលទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៉ីសា្រអែល បន្ទាប់ពីពួកគេជួបប្រជុំគ្នាក្នុងទីក្រុងគែរ ប្រទេសអេហ្ស៉ីប។

តាមសេចក្ដីថ្លែងការណ៍ខាងលើ ក្រុមរដ្ឋមន្ត្រីការបរទេស នៃសម្ព័ន្ធអារ៉ាប់ទាំង២២ប្រទេស បានអះអាងថា សហរដ្ឋអាមេរិកបានដកខ្លួនចេញក្នុងនាមជាអ្នកគំាទ្រ និងសម្របសម្រួលដំណើរការណ៍សនិ្តភាព នៅក្នុងតំបន់មជ្ឈិមបូព៌ា តាមរយៈការសម្រេចចិត្តទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីអ៉ីសា្រអែល។ ដូច្នេះហើយ ទើបពួកគេជំរុញឱ្យទីក្រុងវ៉ាស៉ីនតោន លុបចោលការសម្រេចចិត្តនេះ ដែលកំពុងបង្កចលាចលរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន។ ក៏ប៉ុន្តែនៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋមន្ត្រីការបរទេសលីបង់ លោក Gebran Bassil បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្ម ក៏ដូចជាថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយលោកចាត់ទុកថា វាគឺជាការសម្រេចចិត្តដ៏គ្រោះថ្នាក់ និងមិនអាចទទួលយកបាន។

«វិធានការបឋមគួរតែត្រូវធ្វើឡើងប្រឆាំងនឹងការសម្រេចចិត្ត នេះដោយផ្ដើមដំបូងពីការដាក់សម្ពាធការទូត ហើយបន្ទាប់មកគឺសម្ពាធនយោបាយ មុននឹងយើងត្រូវចាត់វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។ នេះបើតាមការ លើកឡើងរបស់ លោក Bassil។ គួរបញ្ជាក់ថា ក្រៅតែពីអំពាវនាវឱ្យសហរដ្ឋអាមេរិកលុបចោលការសម្រេចចិត្តរបស់ខ្លួន ក្រុមរដ្ឋមន្ត្រីការបរទេសនៃសម្ព័ន្ធអារ៉ាប់ ក៏បានអំពាវនាវផងដែរឱ្យសហគមន៍អន្តរជាតិ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ជាមួយទីក្រុងហ្សេរុយសាឡឹម ខាងកើតជារដ្ឋធានី ក្រោយហ្សេរុយសាឡឹមខាងកើតនេះ ត្រូវបានអ៊ីស្រាអែលបញ្ចូលក្នុងឧបសម្ព័ន្ធ ចាប់តាំងពីឆ្នាំ១៩៦៧មក៕