(អវកាស)៖ គិតមកដល់ពេលបច្ចុប្បន្ន មានអវកាសយានិកជាច្រើនបានឡើងទៅកាន់ទីអវកាស និងឋានព្រះច័ន្ទ ប៉ុន្តែក៏មានសត្វជាច្រើនប្រភេទទៀតដែរ ដែលបានឡើងទៅកាន់ទីអវកាសដូចមនុស្សយើង។ តើអ្នកដឹងទេថា សត្វទាំងនោះជាសត្វអ្វីខ្លះ ហើយមានរឿងអ្វីកើតឡើងខ្លះក្នុងពេលបញ្ជូនពួកវាទៅកាន់លម្ហចក្រវាឡនោះ?

មុនពេលមនុស្សឡើងទៅកាន់ទីអវកាស ពួកគេបានបញ្ជូនសត្វតូចធំច្រើនប្រភេទច្រើនក្បាលឱ្យឡើងទៅសាកល្បងជាមុន ប៉ុន្តែការបញ្ជូននេះពេលខ្លះក៏ទទួលបានជោគជ័យ ពេលខ្លះក៏បរាជ័យ ហើយបានបណ្ដាលឱ្យសត្វទាំងនោះស្លាប់ជាបន្តបន្ទាប់ផងដែរ។

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៤៧ អង្គការណាសារបស់សហរដ្ឋអាមេរិកបានបង្ហោះយានអវកាសឈ្មោះ វីធូ (V2) ចេញពីរដ្ឋញូវម៉ិកស៉ិកទៅកាន់ទីអវកាសលើកដំបូង ដោយនៅក្នុងយានអវកាសនេះក៏មានផ្ទុកនូវបាក់តេរី និងសត្វរុយខ្លះដែរ។

នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ អាល់បឺតទី២ (Albert II) គឺជាសត្វស្វាទីមួយដែលបានឡើងទៅដល់ទីអវកាស ប៉ុន្តែវាបានស្លាប់ក្នុងពេលចុះមកកាន់ផែនដីវិញ។ ក្រោយមក សត្វស្វាចំនួនពីរក្បាលទៀត គឺអាល់បឺតទី៣ និងអាល់បឺតទី៤ ក៏បានងាប់បន្តទៀតដែរ ដោយសារការបាញ់រ៉ុក្កែតបញ្ជូនយានត្រូវបរាជ័យ។ គួរជម្រាបថា រហូតមកដល់ពេលនេះមានសត្វស្វាសរុបចំនួន ៣២ ក្បាលហើយ ដែលបានជិះយានឡើងទៅទីអវកាស ហើយស្វាដែលមានភាពល្បីឈ្មោះជាងគេ គឺស្វាឈ្មោះ ឈីមផេនហ្ស៉ី (Chimpanzees)។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៥០ កណ្តុរមួយក្បាលត្រូវបានគេបញ្ជូនទៅកាន់ទីអវកាសទៀត ប៉ុន្តែវាបានស្លាប់មុនពេលធ្វើដំណើរវិលត្រលប់មកផែនដីវិញ។

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៥៧ សហភាពសូវៀតបានដាក់សត្វឆ្កែមួយក្បាលឈ្មោះ ឡៃកា (Laika) នៅលើផ្កាយរណបស្ពូតនិកធូ (Sputnik 2)។ សុនខឡៃកាបានជាប់ឈ្មោះជាសត្វដំបូងគេ ដែលធ្វើដំណើរគោចរជុំវិញភពផែនដីបានសម្រេច ប៉ុន្តែគួរឱ្យស្ដាយឆ្កែដ៏កម្សត់មួយនេះបានស្លាប់នៅពេលយានស្ពូតនិកធូ ហោះហើរត្រលប់មកផែនដីវិញក្នុងថ្ងៃដដែលនោះ។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ១៩៦៣ បារាំងបានបញ្ជូនសត្វឆ្មាមួយក្បាលដំបូងរបស់ខ្លួនទៅក្នុងលំហអវកាស។ វាបានឡើងកម្ពស់ ១៦០ គីឡូម៉ែត្រ ហើយចុះចតដោយសុវត្ថិភាព។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៨ សហភាពសូវៀតបានបញ្ជូនសត្វអណ្តើកចំនួន ២ ក្បាលឱ្យជិះយានអវកាសឡើងទៅទីអវកាស និងបានធ្វើគោចរជុំវិញព្រះច័ន្ទ។ ៧ ថ្ងៃក្រោយ យាននេះក៏បានវិលត្រលប់មកកាន់ផែនដីវិញ ហើយសត្វអណ្កើកទាំងពីរក្បាលនោះក៏នៅរស់រានផងដែរ។

សូមជម្រាបថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៦១ អវកាសយានិកសូវៀតគឺលោក យូរី ហ្កាហ្ការីន (Yuri Gagarin) បានក្លាយជាមនុស្សដំបូងគេដែលហោះហើរនៅទីអវកាស។ យានអវកាសដែលលោកបានជិះឡើងទៅនោះមានឈ្មោះថា វ៉ូស្តុកវ័ន (Vostok I)៕