(អាស៊ាន)៖ តំបន់អាស៊ានគឺពិតជាពោរពេញទៅដោយសម្បត្តិធនធានធម្មជាតិ វប្បធម៌ អរិយធម៌ដ៏សម្បូរបែប និងបង្កប់រឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើន ក្នុងនោះគេក៏បានដឹងអំពី «កោះព្រះអាទិទេព» ដ៏អស្ចារ្យមួយនៅក្នុងតំបន់នេះផងដែរ។ តើអ្នកដឹងទេថា កោះដ៏ពិសិដ្ឋនេះស្ថិតនៅប្រទេសណា, ហេតុអ្វីបានជាគេដាក់រហស្សនាមថាកោះព្រះអាទិទេពយ៉ាងដូច្នេះ?

ក្នុងចំណោមប្រទេសទាំង ១០ នៃសមាគមន៍អាស៊ាន មានតែឥណ្ឌូណេស៉ីទេដែលជាប្រទេសសម្បូរកោះច្រើនជាងគេ ក្នុងនោះកោះបាលីត្រូវបានគេប្រសិទ្ធនាមថា កោះព្រះអាទិទេព ឬ Island of gods។ កោះបាលីមានទីតាំងស្ថិតនៅតាមបណ្ដោយជួរកោះភាគខាងត្បូងនៃប្រទេសឥណ្ឌូណេស៉ី។ វាមានផ្ទៃដីប្រមាណ ៥,៧៨០ គីឡូម៉ែត្រក្រឡា និងមានប្រជាជនប្រមាណ ៤,៣៦២,០០០ នាក់ (ស្ថិតិឆ្នាំ២០១៩) ដែលភាគច្រើននិយាយភាសាឥណ្ឌូណេស៉ី បាលី និងអង់គ្លេស។

នៅលើកោះដ៏ពិសិដ្ឋមួយនេះពោរពេញទៅដោយសម្បត្តិធនធានធម្មជាតិ កេរដំណែលសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់បុព្វបុរសដែលបានបន្តមករាប់ពាន់ឆ្នាំ។ ប្រាសាទបុរាណល្បីៗទាំង ២៥ កន្លែង ដូចជា ប្រាសាទអ៊ូលុនដានូបេរ៉ាតាន (Ulun Danu Beratan) ប្រាសាទវិហារធម្មគិរី (Vihara Dharma Giri) ប្រាសាទគោគិរីភពត្រី (Goa Giri Putri) ប្រាសាទ Tanah Lot នៅប៉ប្រះទឹកសមុទ្រជាដើម។ ម្យ៉ាងវិញទៀត ក៏មានតំបន់បេតិកភណ្ឌដែលបានចុះក្នុងបញ្ជីអង្គការយូណេស្កូផងដែរ វាគឺជាប្រព័ន្ធធារាសាស្ត្របុរាណមានឈ្មោះថា ស៊ូបាក (Subak irrigation system)។

ប្រជាជនភាគច្រើននៅលើកោះនេះ គឺសុទ្ធសឹងជាហិណ្ឌូសាសនិក (៨២.៥%) ដែលបានប្រកាន់នូវប្រពៃណី ទំនៀមទម្លាប់ គោរពព្រះសិវៈ ព្រះវិស្ណុ ព្រះព្រហ្ម ព្រះគណេស ព្រះពុទ្ធ ព្រះស្រីលោកេស្វរៈជាដើម។ វត្តអារាម បុរាណស្ថានជាច្រើន ត្រូវបានប្រជាជនកសាងឡើងនៅពាសពេញកោះ។ ក្នុងមួយថ្ងៃៗ ប្រជាជនលើកោះបាលីបានរៀបចំពិធីសាសនា សែនព្រេនដល់ព្រះអាទិទេព និងវត្ថុស័ក្តិសិទ្ធិស្ទើរពេញមួយខែ ឬពេញមួយឆ្នាំ រហូតដល់មានគេនិយាយថា «បើមកលេងកោះបាលី ហើយមិនឃើញពិធីប្រពៃណីនៅលើកោះនេះទេ ប្រៀបដូចមិនបានមកដល់វាកោះនេះឡើយ»

បើនិយាយពីវិស័យទេសចរណ៍វិញ កោះបាលីក៏ត្រូវបានគេប្រសិទ្ធនាមមួយទៀតថា កោះអរុណោទ័យ ឬ Morning of the World ផងដែរ ព្រោះដោយសាររៀងរាល់ពេលព្រឹកព្រហៀម ព្រះអាទិត្យតែងរះផុសចេញពីទឹកសមុទ្រសន្សឹមៗ ជះពន្លឺពណ៌មាសចែងចាំងពេញផ្ទៃមហាសាគរ។

ក្រៅពីសម្បត្តិធនធានធម្មជាតិ វប្បធម៌ និងភាពអំណោយផលនៃទេសភាពខាងលើនេះ កោះបាលីនៅមានអ្វីៗជាច្រើនទៀត ទាំងផ្នែករូបិយ និងអរូបិយ ដែលសរុបជារួមមក កោះភាគខាងត្បូងប្រទេសឥណ្ឌូណេស៉ីមួយនេះ គឺប្រៀបដូចជាជីវឋានរបស់ព្រះអាទិទេពដ៏ស្រស់ត្រកាលក្រៃលែង៕