(ពិភពលោក)៖ សហភាពអាហ្រ្វិក ឬហៅកាត់ថា AU (African Union) គឺជាការរួមបញ្ចូលគ្នារបស់ទ្វីបមួយ នៃរដ្ឋជាសមាជិកចំនួន៥៥ ដែលស្ថិតនៅទ្វីបអាហ្វ្រិកនេះតែម្តង។ នេះ គឺជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលបង្កើនកិច្ចសហប្រតិបត្តិការគ្នាក្នុងតំបន់ ដូចសហភាពអឺរ៉ុប សម្ព័ន្ធអារ៉ាប់ និងអាស៊ាន ផងដែរ។

Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅមួយ ស្តីពីសហភាពអាហ្វ្រិកដូចខាងក្រោមនេះ៖

១៖ អំពីសហភាពអាហ្រ្វិក

ដើមហេតុមួយដែលនាំឲ្យមានសហភាពអាហ្វ្រិក គឺតាមរយៈសេចក្តីថ្លែងការណ៍ Sirte Declaration នៅក្នុងទីក្រុង Sirte ប្រទេស Libya កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ១៩៩៩។ បន្ទាប់មកអង្គការនេះ ត្រូវបានបង្កើតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០១ នាទីក្រុង Addis Ababa ប្រទេសអេដ្យូពី និងត្រូវបានប្រកាសអត្ថិភាពជាផ្លូវការនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០២ នាទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង។

គោលបំណងនៃការបង្កើតសហភាពអាហ្វ្រិក គឺដើម្បីជំនួសឲ្យអង្គការមួយ ដែលគេហៅថា អង្គការបង្រួបបង្រួមអាហ្វ្រិក (Organisation of African Unity) ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៦៣ ក្នុងទីក្រុង Addis Ababa ដោយរដ្ឋលេខីចំនួន៣២។

សហភាពអាហ្រ្វិក គ្របដណ្តប់លើផ្ទៃដីប្រមាណ ២៩លានគីឡូម៉ែត្រក្រឡា រួមបញ្ចលទាំងដែនដីល្បីៗដូចជា វាលខ្សាច់សាហារ៉ា និងទន្លេនីល។ ភាសាផ្លូវការ រួមមាន អារ៉ាប់ អង់គ្លេស បារាំង ព័រទុយហ្កាល់ អេស្ប៉ាញ ស្វាហីលី និងភាសាអាហ្វ្រិកមួយចំនួនទៀតផងដែរ។ នៅក្នុងសហភាពអាហ្រ្វិក មានស្ថាប័នផ្លូវការមួយចំនួនដូចជា ក្រុមប្រឹក្សាសន្តិភាព និងសន្តិសុខ និងសភារបស់វាឈ្មោះថា Pan-Africa ។

២៖ អំពីគោលដៅ

សហភាពអាហ្វ្រិកមានគោលដៅដូចតទៅ៖
* ដើម្បីសម្រេចឲ្យបាននូវការរួបរួម និងសាមគ្គីភាព រវាងប្រទេសអាហ្រ្វិក និងប្រជាជនអាហ្រ្វិក
* ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាព នៃរដ្ឋសមាជិកទាំងអស់
* ដើម្បីជំរុញសមាហរណកម្មនយោបាយ និងសង្គមកិច្ចនៃទ្វីបអាហ្រ្វិក
* ដើម្បីលើកកម្ពស់ និងការពាររួមនៃទ្វីបអាហ្វ្រិក ចំពោះផលប្រយោជន៍នៃទ្វីបទាំងមូល និងប្រជាជនខ្លួន
* ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ គោរពតាមគោលការណ៍ មានចែងក្នុងរដ្ឋធម្មនុញ្ញសហប្រជាជាតិ និងសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស
* ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងទ្វីប
* ដើម្បីលើកកម្ពស់គោលការណ៍ប្រជាធិបតេយ្យ និងស្ថាប័ននិយមដោយមានការចូលរួមដោយគ្រប់ភាគី និងអភិបាលកិច្ចល្អ។

៣៖ ស្ថាប័នសំខាន់ៗ

សហភាពអាហ្រ្វិក មានស្ថាប័នសំខាន់ដូចខាងក្រោម៖
* សភាប្រជាជននៃទ្វីបអាហ្វ្រិក៖ គឺជាស្ថាប័នកំពូលមួយនៃសហភាពនេះ មានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងមីឌ្រែន ប្រទេសអាហ្រ្វិកខាងត្បូង។ សភានេះ គឺជាស្ថាប័នមួយ ដែលមានសមាជិកចំនួន ២៦៥រូប ឆ្លងកាត់ការបោះឆ្នោតចេញពីប្រទេសសមាជិកទាំង៥៥ ដើម្បីធ្វើជាតំណាងឲ្យប្រជាជនអាហ្វ្រិកទាំងមូល។ លើសពីនេះ សភានេះបានបង្កលក្ខណៈងាយស្រួល និងល្អប្រសើរដល់ក្រុមអង្គការសង្គមស៉ីវិល ដើម្បីចូលរួម និងផ្តល់មតិយោបល់ ក្នុងការសម្រេចចិត្តនានា តាមបែបប្រជាធិបតេយ្យ។

* សភានៃសហភាពអាហ្រ្វិក៖ គឺជាស្ថាប័នសំខាន់មួយទៀត នៃសហភាពអាហ្វ្រិក ដែលមានសមាជិកជាប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល នៃរដ្ឋសមាជិកទាំង៥៥។ សភានេះ គឺជាស្ថាប័នកំពូល ដែលមានអំណាចធំជាងគេ ក្នុងប្រព័ន្ធនៃសហភាពអាហ្វ្រិក ព្រោះសំឡេងរបស់ស្ថាប័ននេះ គឺជាសំឡេងរបស់ថ្នាក់ដឹកនាំទាំងអស់ ដែលជាសមាជិក។ សភានេះត្រូវធ្វើកិច្ចប្រជុំម្តងក្នុងមួយឆ្នាំ ហើយការធ្វើសេចក្តីសម្រេចចិត្តត្រូវធ្វើឡើងទៅតាមសំឡេងឯកច្ឆន ឬសំឡេង២ភាគ៣ ទៅតាមករណីជាក់ស្តែង។

* អាជ្ញាធរសហភាពអាហ្រ្វិក៖ គឺជាស្ថាប័នមួយ ដែលជាលេខាធិការដ្ឋាន នៃសហភាពអាហ្វ្រិក មានសមាសភាពជាបេសកជននានា និងបុគ្គលិកការងារផ្សេងៗ។ លេខាធិការដ្ឋាននេះ ស្ថិតនៅក្នុងទីក្រុង Addis Ababa ប្រទេសអេដ្យូពី ហើយវាមានតួនាទីជាស្ថាប័នរដ្ឋបាល និងសម្របសម្រួលកិច្ចទូទៅនៃសហភាព និងសមាជិកក្នុងកិច្ចប្រជុំ ឬការរៀបចំរក្សាឯកសារនានា។

* តុលាការយុត្តិធម៌អាហ្វ្រិក៖ គឺជាស្ថាប័នយុតិ្តកម្រិតតំបន់មួយ ដែលត្រូវបានគេបង្កើតឡើងដើម្បីធ្វើការគ្រប់គ្រង និងត្រួតពិនិត្យការគោរពច្បាប់នៃសហភាព ដោយរដ្ឋសមាជិក និងធ្វើការបកស្រាយវិវាទច្បាប់ នៃសហភាពអាហ្វ្រិក សម្រាប់រដ្ឋសមាជិក។ តុលាការនេះត្រូវបានបង្កើតឡើងដោយពិធីសារមួយ ក្នុងឆ្នាំ២០០៣ ហើយបានចូលជាធរមានឲ្យអនុវត្តជាផ្លូវការនៅឆ្នាំ២០០៩។ លើសពីនេះទៀត តុលាការនេះក៏មានយុត្តាធិការ ទៅលើបញ្ហាសិទ្ធិមនុស្សផងដែរ ដោយមានស្ថាប័នចំនួន ២ផ្សេងទៀត ដែលមួយដោះស្រាយទៅលើបញ្ហាច្បាប់ទូទៅ និងមួយទៀតដោះស្រាយចំពោះបញ្ហាសន្ធិសញ្ញាសិទ្ធិមនុស្ស។

* ក្រុមប្រឹក្សាប្រតិបត្តិ៖ គឺជាស្ថាប័នមួយដែលមានតួនាទីបន្ទាប់ពីសភាសហភាពអាហ្វ្រិក ព្រោះថាសមាសភាពស្ថាប័ននេះ មានត្រឹមតែកម្រិតរដ្ឋមន្ត្រីតាមផ្នែកនៃរដ្ឋសមាជិកប៉ុណ្ណោះ។ វាមានតួនាទីធ្វើសេចក្តីសម្រេចទៅលើបញ្ហាមួយចំនួន ដូចជាពាណិជ្ជកម្មបរទេស សន្តិសុខសង្គម ស្បៀងអាហារ កសិកម្ម និងទំនាក់ទំនង ដោយមានទំនួលខុសត្រូវចំពោះសភាសហភាព និងរៀបចំឯកសារផ្សេងៗ ដើម្បីឲ្យសភាសហភាព ធ្វើការសម្រេចជាចុងក្រោយ។

* គណៈកម្មាធិការអ្នកតំណាងអចិន្ត្រៃយ៍៖ គឺជាស្ថាប័នពិសេសមួយ ដែលមានសមាជិកជាអ្នកតំណាងមកពីរដ្ឋសមាជិកនីមួយៗ ដោយគណៈកម្មាធិការនេះត្រូវធ្វើការរៀបចំកិច្ចការ សម្រាប់ក្រុមប្រឹក្សាប្រតិបត្តិ ដែលគេអាចហៅម្យ៉ាងទៀតថា ជាស្ថាប័នបច្ចេកទេស។ គួររំលឹកថា សព្វថ្ងៃប្រទេសជាសមាជិកសហភាពអាហ្រ្វិក មានចំនួន៥៥។

* ក្រុមប្រឹក្សាសន្តិសុខ និងសន្តិភាព៖ គឺជាស្ថាប័នកំពូលមួយ នៃសហភាពអាហ្វ្រិក ដែលមានតួនាទីចម្បងក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងធានាសន្តិភាព និងសន្តិសុខក្នុងតំបន់ទាំងមូល ជាពិសេសគឺសម្រាប់រដ្ឋសមាជិក។ ក្រុមប្រឹក្សានេះត្រូវបានគេលើកសំណើឲ្យបង្កើតឡើង កាលពីឆ្នាំ២០០១ នៅក្នុងកិច្ចប្រជុំកំពូលសហភាព ក្នុងទីក្រុងឡាសាកា ហើយត្រូវបានគេបង្កើតឡើងជាផ្លូវការ នៅឆ្នាំ២០០៤ ដោយពិធីសារមួយ ដែលបានអនុម័តដោយសភាសហភាពអាហ្វ្រិក កាលពីខែកក្កដា ឆ្នាំ២០០២។

* ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌៖ គឺជាស្ថាប័នផ្តល់យោបល់មួយ ដែលមានសមាជិកជាអ្នកតំណាងដែលមានអាជីព និងជំនាញដើម្បីធ្វើការផ្តល់យោបល់ ឬចេញសេចក្តីថ្លែងការណ៍ ឬរបាយការណ៍ពីបញ្ហានានាក្នុងទ្វីបអាហ្វ្រិក ស្តីពីសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម និងវប្បធម៌ជាដើម។ ក្រុមប្រឹក្សានេះមានលក្ខណៈ ស្ទើរតែដូចគ្នាទៅនឹងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ នៃអង្គការសហប្រជាជាតិដែរ គ្រាន់តែអង្គការនេះមានវិសាលភាព និងដែនសមត្ថកិច្ចតូចជាង គឺកម្រិតត្រឹមតែទ្វីបអាហ្រ្វិកប៉ុណ្ណោះ។

* គណៈកម្មការបច្ចេកទេស៖ គឺជាស្ថាប័នតូចៗជាច្រើនទៀត ដែលត្រូវបានគេបង្កើតឡើងតាមសន្ធិសញ្ញា Abuja ដោយអនុញ្ញាតឲ្យស្ថាប័នទាំងនោះ ធ្វើការដើម្បីជួយសម្របសម្រួល និងផ្តល់ជំនួយផ្សេងៗ ដល់រដ្ឋមន្ត្រីដើម្បីដាក់ជូនទៅសភាសហភាព។

៤៖ រដ្ឋសមាជិក

ដូចយើងដឹងហើយថា រដ្ឋជាសមាជិករបស់សហភាពអាហ្រិ្វក មាន៥៥ប្រទេស (គិតត្រឹមឆ្នាំ២០២០) ហើយប្រទេសទាំងនោះរួមមាន៖ អាល់ហ្សេរី (Algeria), អង់ហ្គោឡា (Angola), បេណាំង (Benin), បុតស្វាណា (Botswana), បួគីណា ហ្វាសូ (Burkina Faso), ប៊ូរុនឌី (Burundi), កាមេរូន (Cameroon), កាប់ វែរ (Cape Verde), អាហ្វ្រ៊ិកកណ្តាល (Central African Republic), ឆាដ (Chad), កូម័រ (Comoros), សាធារណរដ្ឋកុងហ្គោ (Republic of the Congo), សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (the Democratic Republic of Congo), កូតដីវ័រ (Cote d’Ivoire), ជីប៊ូទី (Djibouti), ហ្គីណេ អេក្វាទ័រ (Equatorial Guinea), អេហ្ស៉ីប (Egypt), អេរីត្រេ (Eritrea), អេត្យូពី (Ethiopia), ហ្កាបុង (Gabon), ហ្កាំប៊ី (Gambia), ហ្កាណា (Ghana), ហ្គីណេ (Guinea), ហ្គីណេ ប៊ីស្សូ (Guinea-Bissau). កេនយ៉ា (Kenya), ឡេសូតូ (the Kingdom of Lesotho), លីបេរីយ៉ា (Liberia), លីប៊ី (Libya), ម៉ាដាហ្កាស្កា (Madagascar), ម៉ាឡាវី (Malawi), ម៉ាលី (Mali), ម៉ូរីតានី (Mauritania), ម៉ូរីស (Mauritius), ម៉ារ៉ុក (Morocco), ម៉ូសំប៊ិក (Mozambique), ណាមីប៊ី (Namibia), នីហ្សេ (Niger), នីហ្សេរីយ៉ា (Nigeria), រវ៉ាន់ដា (Rwanda), សាធារណរដ្ឋប្រជាធិបតេយ្យអារ៉ាប់សាហារ៉ាវី (Saharawi Arab Democratic Republic), សៅតូម៉េ និងប្រាំងស៉ីប (Sao Tome and Principe), សេណេហ្កាល់ (Senegal), សីស្ហែល (Seychelles), សៀរ៉ា ឡេអូន (Sierra Leone), សូម៉ាលី (Somalia), អាហ្វ្រ៊ិកខាងត្បូង (South Africa), ស៊ូដង់ខាងត្បូង (South Sudan), ស៊ូដង់ (Sudan), ស្វាស៉ីឡង់ (Kingdom of Swaziland), តង់សានី (Tanzania), តូហ្គោ (Togo), ទុយនីស៉ី (Tunisia), អ៊ុយហ្កាណា (Uganda), សំប៊ី (Zambia) និងស៉ីមបាវ៉េ (Zimbabwe)៕