(បរទេស)៖ នាពេលបច្ចុប្បន្ន ក្រដាសប្រាក់គឺជារូបិយប័ណ្ណដ៏ពេញនិយមបំផុតសម្រាប់ការទូទាត់ទិញដូរទំនិញ និងផលិតផលនានា ខណៈការទូទាត់តាមប្រព័ន្ធធនាគារក៏កំពុងមានដំណើរការផុសផុលខ្លាំងដែរនៅតាមប្រទេសមួយចំនួន។ តើអ្នកដឹងទេថា ប្រទេសណាដែលបានបង្កើតឱ្យមានក្រដាសប្រាក់មុនគេបង្អស់?

នាសម័យរាជវង្សថាង (Tang dynasty) ដែលគ្រប់គ្រងទឹកដីចិនចាប់ពីគ្រិស្ដសករាជ ៦១៨-៩០៧ ប្រជាជនចិនបានបង្កើតឱ្យមានក្រដាសប្រាក់លើកដំបូងសម្រាប់ការចាយវាយ និងទូទាត់ទំនិញជួញដូរនានា។ ក្រដាសប្រាក់លើកដំបូងនេះមានទម្រង់លក្ខណៈដូចជាក្រដាសសៀវភៅដែរ ប៉ុន្តែមានសរសេរចំនួនលេខ និងអក្សរចិនបុរាណ ហើយត្រូវតែមានបោះត្រាហ្លួងពណ៌ក្រហម ខណៈត្រានេះមិនអាចមានអ្នកក្លែងបន្លំបានឡើយ ព្រោះរាល់ត្រារបស់ព្រះរាជាចិនទាំងឡាយសុទ្ធតែធ្វើអំពីគជ់ថ្ម។

ប្រជាជនចិនប្រើប្រាស់ក្រដាសប្រាក់នេះសម្រាប់ទិញដូរទំនិញ ទិញដីស្រែ ដែលអាចខ្ចីសងទៅមកបាន។ ទោះបីយ៉ាងនេះក្ដី ក្រដាសប្រាក់ខាងលើនេះមិនសូវប្រើប្រាស់ទូលំទូលាយដូចពេលបច្ចុប្បន្ននោះឡើយ វាត្រូវបានប្រើប្រាស់ភាគច្រើននៅតាមតំបន់ណាដែលមិនសូវមានមាស និងប្រាក់ (លោហៈ) សម្រាប់ចាយវាយ។

រហូតដល់គ្រិស្ដសករាជ ១៦៦១ ទើបប្រទេសស៊ុយអែតចាប់ផ្ដើមបង្កើតធនាគារបោះពុម្ពក្រដាសប្រាក់ ឬលុយជាលើកដំបូង ដើម្បីផលិតជាក្រដាសប្រាក់សម្រាប់ចាយវាយពាសពេញទ្វីបអឺរ៉ុប និងបានបន្តសាយភាយពាសពេញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា «លុយ» គឺហៅតាមភាសាបារាំងសែស ដែលយកតាមព្រះនាមរបស់ព្រះចៅ Louis ហើយត្រូវនឹងពាក្យខ្មែរថា «ប្រាក់» នេះឯង៕