(អន្តរជាតិ)៖ គ្រប់ប្រទេសទាំងអស់នៅលើពិភពលោក តែងមានទីក្រុងរដ្ឋបាលសំខាន់មួយដែលជារាជធានី ឬរដ្ឋធានីប្រចាំប្រទេសរៀងៗខ្លួន ខណៈឈ្មោះរបស់ទីក្រុងនីមួយតែងមានខ្លី មានវែងទៅតាមការកំណត់ និងការហៅរបស់ប្រជាជនម្ចាស់ប្រទេស ប៉ុន្តែតើអ្នកដឹងទេថា ទីក្រុងណាដែលមានឈ្មោះវែងជាងគេនៅលើពិភពលោក?

ទីក្រុងបាងកក (Bangkok) ជារាជធានីរបស់ប្រទេសថៃរាប់រយឆ្នាំមកហើយ ហើយបានជាប់នាមជាទីក្រុងដែលមានឈ្មោះដ៏មហាសែនវែងជាងគេបំផុតនៅលើពិភពលោក។ ក្រុងបាងកកនេះមានឈ្មោះជាផ្លូវការថា Krung Thep Mahanakhon Amon Rattanakosin Mahinthara Ayuthaya Mahadilok Phop Noppharat Ratchathani Burirom Udomratchaniwet Mahasathan Amon Piman Awatan Sathit Sakkathattiya Witsanukam Prasit (អានថា៖ គ្រុង ធេបម៉ាហាណៈខន អាម៉ន រ៉ាតថាណៈគោស៉ីន ម៉ាហ៉ីនថារ៉ា អាយុតថាយ៉ា ម៉ាហាឌីលោកភព នុពផារ៉ាត រ៉ាតឆាថានី ប៊ូរីរុម អ៊ូដុមរ៉ាតឆានីវេត ម៉ាហាសាត់ថាន អាម៉ន ភីម៉ាន អាវ៉ាតាន សាធីត សាក់កាថាតធីយ៉ា វិសានុខាម ប្រាស៉ីត)។

ប្រសិនបើហៅតាមខេមរភាសា គឺអានថា «ក្រុងទេពមហានគរ បវររតនគោសិន្ទ្រ មហិន្ទ្រាយុធ្យា មហាតិលកភព នព្វរតន៍រាជធានីបុរីរម្យ ឧត្តមរាជនិវេសន៍មហាស្ថាន អមរពិមាន អវតាសណ្ឋិត សក្កខត្តិយៈ វិស្ណុកម្មប្រសិទ្ធ»

រាជធានីរបស់សៀមមួយនេះ ត្រូវបានកសាងឡើងនៅថ្ងៃទី០៦ ខែមេសា គ្រិស្ដសករាជ ១៧៨២ ក្រោមស្នាព្រះហស្ដរបស់ព្រះបាទសម្ដេច ព្រះពុទ្ធយ៉តហ្វា ចូឡាលោក (Phra Phutthayotfa Chulalok) ឬព្រះចៅរាមាទី១ (Rama I) បន្ទាប់ពីព្រះអង្គប្ដូររាជធានីពីក្រុងធនបុរី (Thon Buri) ដែលស្ថិតនៅភាគខាងលិចទន្លេចៅព្រះពញា (Chao Praya) បច្ចុប្បន្ន។

នាពេលបច្ចុប្បន្ន ឈ្មោះក្រុងនេះត្រូវបានប្រជាជនហៅកាត់ថា ក្រុងបាងកក ក្រុងធេប ឬក្រុងរ៉ាត់ថាណៈគោស៉ីន ហើយគិតមកដល់បច្ចុប្បន្ន រាជធានីរបស់ប្រទេសថៃមួយនេះមានអាយុកាល ២៣៨ ឆ្នាំហើយ៕