(មជ្ឈិមបូព៌ា)៖ ទោះបីរងការបំផ្លិចបំផ្លាញសឹងតែខ្ទេចខ្ទីទៅហើយក្ដី ក៏ឧទ្យានផុសបាប៊ីឡូននៅតែទទួលបានភាពល្បីល្បាញពាសពេញពិភពលោក ដែលស្ថាបត្យកម្មនេះគឺជាកេរតំណែលដ៏អស្ចារ្យមួយរបស់អ្នកស្រុកនៅតំបន់មេសូប៉ូតាមី (Mesopotamia) ពិសេសគឺបានក្លាយជាអច្ឆរិយវត្ថុបុរាណមួយនៅលើពិភពលោកផងដែរ។

ឧទ្យានផុសបាប៊ីឡូននេះ ត្រូវបានគេហៅម្យ៉ាងទៀតថា The Hanging Gardens of Babylon ដែលបច្ចុប្បន្នស្ថិតនៅទីក្រុងហ៉ីលឡា ខេត្តបាប៊ីល ភាគកណ្ដាលប្រទេសអ៉ីរ៉ាក់ នៅលើច្រាំងទន្លេយូហ្វ្រេទីសភាគខាងជើង (Euphrates)។

ឧទ្យានផុសបាប៊ីឡូន ត្រូវបានកសាងឡើងដោយព្រះចៅណេប៊ូខាដណេហ្សារទី២ (Nebuchadnezzar II) នាអំលុងឆ្នាំ ៦០០ មុនគ្រិស្ដសករាជ ឬត្រូវនឹងជាង ២៦០០ ឆ្នាំមុន។ គោលបំណងនៃការសាងសង់ឧទ្យាននេះ គឺដើម្បីថ្វាយដល់ព្រះមហេសីរបស់ព្រះអង្គ ព្រះនាម អាមីទីស ដែលជាម្ចាស់ក្សត្រីនៃនគរមេឌីយ៉ា (Amytis of Media)។ ដោយសារតែព្រះនាងអាមីទីសតែងនឹកអាឡោះអាល័យដល់ប្រទេសកំណើត ក្រោយរៀបអភិសេកជាមួយព្រះចៅណេប៊ូខាដណេហ្សារទី២ ទើបព្រះចៅណេប៊ូខាដណេហ្សារទី២ ចេញព្រះរាជឱង្ការឱ្យគេសាងសង់ឧទ្យានហ្លួងនេះឡើង ដើម្បីយកព្រះទ័យព្រះមហេសីរបស់ព្រះអង្គឱ្យសប្បាយរីករាយឡើងវិញ។

មនុស្សម្នានាំគ្នានិយាយថា កាលពីពេលសង់ហើយថ្មីៗ ឧទ្យានបុរាណនេះពោរពេញដោយភាពអច្ឆរិយៈអស្ចារ្យបំផុត ជាមួយនឹងទស្សនីយភាពដ៏ស្រស់ត្រកាលនៅកណ្ដាលទឹកទន្លេយូហ្វ្រេទីស។ គេបានរចនាឧទ្យាននេះជាទួលខ្ពស់មានរាងដូចកំណាត់ពីរ៉ាមីតជាច្រើនជាន់ ដែលមានកម្ពស់សរុប ៩៧.៥ ម៉ែត្រ ឡោមព័ទ្ធដោយកំពែងដ៏រឹងមាំកម្រាស់ប្រហែល ៧ ម៉ែត្រ។ នៅតាមជាន់នីមួយៗមានដាំលម្អទៅដោយពូជផ្កាចម្រុះជាច្រើនប្រភេទ និងមានជណ្ដើរធ្វើអំពីថ្មកែវឡើងទៅកាន់សួនផ្កាធំនៅចុងកំពូលបំផុត។ នៅចំហៀងសួនច្បារមានផើងសម្រាប់ត្រងទឹកពុះ និងខ្សែទឹកផ្សេងៗដែលបឺតយកមកពីទន្លេយូហ្វ្រេទីស។ ក្រៅពីនេះមានរូបចម្លាក់ក្រឡោតទាប និងចម្លាក់ក្រឡោតខ្ពស់បង្ហាញអំពីរូបសត្វ មនុស្ស អាទិទេព និងចម្លាក់សម្បូរបែបផ្សេងទៀត ដែលត្រូវបានគេតុបតែងលម្អនៅតាមជញ្ជាំងឧទ្យាន នៅតាមសសរ ឬនៅតាមទ្វារចូលជាដើម។

ជារឿងគួរឱ្យសោកស្ដាយដែលស្ថាបត្យកម្មដ៏ល្អឯកនេះ ត្រូវរងការបំផ្លិចបំផ្លាញខ្ទេចខ្ទីដោយសារសង្គ្រាមឈ្លានពានពីបរទេស ការផ្លាស់ប្ដូរអំណាចគ្រប់គ្រង ព្រមទាំងបណ្ដាលមកពីគ្រោះរញ្ជួយដីវាយប្រហារធ្ងន់ធ្ងរផងដែរ ដែលបានរួមចំណែកធ្វើឱ្យឧទ្យានផុសដ៏ស្រស់ស្អាតមួយនេះត្រូវខូចខាតទាំងស្រុងទៅវិញ។

រហូតដល់សម័យទំនើបបច្ចុប្បន្ន ឧទ្យានផុសបាប៊ីឡូន ឬ The Hanging Gardens of Babylon នៅសល់តែឈ្មោះតំណាល និងស្លាកស្នាមមួយចំនួននៅត្រង់ទីតាំងចាស់ ប៉ុន្តែស្ថាបត្យកម្មដ៏ល្បីល្បាញមួយនេះ ត្រូវបានគេចុះក្នុងបញ្ជីវប្បធម៌ហេឡិននិក (Hellenic Culture) ថាជាអច្ឆរិយវត្ថុបុរាណមួយក្នុងចំណោមអច្ឆរិយវត្ថុបុរាណទាំង ៧ នៅលើពិភពលោក។

គួរជម្រាបផងដែរថា កាលពីសម័យបុរាណ មានវប្បធម៌ធំៗចំនួន ៤ ផ្សេងគ្នាបានជះឥទ្ធិពលទៅលើប្រវត្តិសាស្ត្រនៅតំបន់មេសូប៉ូតាមី គឺវប្បធម៌ស៊ូមែរ (Sumerian Culture) វប្បធម៌អាស៉ីរី (Asirian Culture) វប្បធម៌បាប៊ីឡូន (Babylonian Culture) និងវប្បធម៌ពែក្ស (Persian Culture)។ ពួកស៊ូមែរ និងពួកអាស៉ីរី បានស្គាល់នូវភាពរុងរឿងរបស់ខ្លួននៅតំបន់មេសូប៉ូតាមីចាប់ពីឆ្នាំ ៣០០០-៦០០ មុនគ្រិស្ដសករាជ ចំណែកឯពួកបាប៊ីឡូនបានគ្រប់គ្រងតំបន់នេះបន្ទាប់ពីពួកអាស៉ីរីចាប់ពីឆ្នាំ ៦០០-៥០០ មុនគ្រិស្ដសករាជ។ ដូច្នេះហើយទើបមានការកសាងសំណង់ស្ថាបត្យកម្មធំៗរបស់ពួកបាប៊ីឡូន ប៉ុន្តែសំណង់របស់ពួកគេភាគច្រើនសង់អំពីឥដ្ឋ ទើបធ្វើឱ្យគុណភាពសំណងទ្រទ្រង់មិនបានយូរជាមួយបម្រែបម្រួលអាកាសធាតុ គ្រោះធម្មជាតិ និងកត្តាសង្គ្រាមជាដើម៕