(ទីម័រលេស្តេ)៖ បច្ចុប្បន្ន ទីម័រខាងកើត ឬទីម័រលេស្តេ ជាប្រទេសដែនកោះមួយនៅតំបន់អាស៉ីភាគអាគ្នេយ៍ ដែលទទួលបានឯករាជ្យពីប្រទេសឥណ្ឌូណេស៉ីនៅឆ្នាំ២០០២ ប៉ុន្តែទម្រាំបានឯករាជ្យពេញលេញ មានរឿងរ៉ាវច្រើនណាស់បានកើតឡើងលើប្រជាជនប្រទេសនេះ ពិសេសគឺទំនាក់ទំនងជាមួយព័រទុយហ្កាល់ ដែលជាមហាអំណាចអាណានិគមចាស់ និងឥណ្ឌូណេស៉ី ដែលប្រៀបដូចជាយក្សដ៏ធំនៅជិតខាងខ្លួន។

នាសតវត្សរ៍ទី១៦ នៅពេលដែលកងទ័ពព័រទុយហ្កាល់វាយដណ្ដើមបានក្រុងម៉ាឡាកា ពួកគេបានបន្តវាយយកកោះស៊ូម៉ាត្រា និងតំបន់ប្រជុំកោះជាច្រើនទៀត ដែលក្នុងនោះក៏មានកោះទីម័រផងដែរ ហើយបានគ្រប់គ្រងតំបន់អាស៉ីអាគ្នេយ៍ដែនកោះនេះរហូតសតវត្សរ៍ទី២០។

នៅពេលដែលព័រទុយកាល់សម្រេចចិត្តចាកចេញពីបរិវេណប្រជុំកោះឥណ្ឌីសខាងកើត ឥណ្ឌូណេស៉ីក៏បានប្រកាសឯករាជ្យនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៧៥ ទីម័រខាងកើតដែលធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់ព័រទុយកាល់ តាំងពីសតវត្សរ៍ទី១៦ មកនោះ ក៏បានទទួលឥស្សរភាពដែរ ប៉ុន្តែពេលវេលាកន្លងហួសទៅមិនដល់មួយឆ្នាំផង ឥណ្ឌូណេស៉ីក៏បានឆ្លៀតឱកាសលើកទ័ពចូលវាយយកទឹកដីកោះទីម័រទាំងមូលនៅឆ្នាំ១៩៧៥។

ការវាយយកកោះទីម័រខាងលើនេះ ឥណ្ឌូណេស៉ីបានអះអាងថា ទឹកដីនៅតំបន់នេះទាំងអស់ធ្លាប់ជារបស់ឥណ្ឌូណេស៉ីពីមុន ហើយទីម័រខាងកើតគួរតែត្រូវរួមបញ្ចូលជាមួយឥណ្ឌូណេស៉ីវិញទើបបាន។

ចលនាទាមទារឯករាជ្យក៏បានកើតឡើង និងរងការបង្ក្រាបជាបន្តបន្ទាប់ពីសំណាក់កងទ័ពឥណ្ឌូណេស៉ី។ ទីម័រខាងកើតខ្លួនឯងបានរាយការណ៍ថា ក្នុងពេលស្ថិតក្រោមការគ្រប់គ្រងរបស់ឥណ្ឌូណេស៉ី មានជនស៉ីវិល និងកងទ័ពតស៊ូរបស់ខ្លួស្លាប់ជាង ១០២,៨០០ នាក់។

រដ្ឋាភិបាលឥណ្ឌូណេស៉ីក្រោមការដឹកនាំរបស់លោក ស៊ូហាតូ បានបញ្ជូនកងកម្លាំងចូលទៅបង្ក្រាបបាតុកររបស់ទីម័រខាងកើត ដែលទាមទារឯករាជ្យរហូតដល់អង្គការសហប្រជាជាតិ បញ្ចូនកងកម្លាំងរក្សាសន្តិភាពអន្តរជាតិចូលមកជួយដោះស្រាយទំនាស់ផ្សេងៗ។ រហូតដល់ឆ្នាំ១៩៩៩ នៅក្នុងសម័យប្រធានាធិបតី ហាប៊ីប៊ី ទីម័រខាងកើតក៏បំបែកខ្លួនចេញពីឥណ្ឌូណេស៉ីជានិរន្តន៍ ហើយបានប្រកាសខ្លួនជាសាធារណរដ្ឋប្រជាធិបតេយ្យទីម័រលេស្តេ (Democratic Republic of Timor-Leste) ជាផ្លូវការនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២។

ប្រទេសទីម័រខាងកើតមានផ្ទៃដីសរុប ១៥,០០៧ គីឡូម៉ែត្រក្រឡា ក្នុងនោះរដ្ឋធានី-ខេត្តចំនួន ១៣៖
១៖ រដ្ឋធានី Dili
២៖ ខេត្តលីឃ្វីកា Liquiçá
៣៖ ខេត្ត Manatuto
៤៖ ខេត្ត Baucau
៥៖ ខេត្ត Lautém
៦៖ ខេត្ត Bobonaro
៧៖ ខេត្ត Ermera
៨៖ ខេត្ត Aileu
៩៖ ខេត្ត Viqueque
១០៖ ខេត្ត Cova Lima
១១៖ ខេត្ត Ainaro
១២៖ ខេត្ត Manufahi
១៣៖ ខេត្ត Oecusse។

បច្ចុប្បន្ន ទីម័រខាងកើត ព្រមជាមួយប៉ាពូអាស៉ីណូវែលហ្គីណេ (Papua New Guinea) កំពុងបំពេញបែបបទស្នើសុំចូលជាសមាជិកអាស៊ាន៕