(ពិភពលោក)៖ ជាធម្មតាធម្មជាតិរបស់ទឹកសមុទ្រត្រូវតែមានជាតិប្រៃជានិច្ច ប៉ុន្តែនៅលើពិភពលោកនេះ មានសមុទ្រមួយដែលប្រៃជាងគេបំផុត។ តើអ្នកដឹងទេថា សមុទ្រនោះមានឈ្មោះអ្វី?

ចង់ជ្រាបច្បាស់ សូមអានអត្ថបទចំណេះដឹងទូទៅរបស់ Fresh News Plus ខាងក្រោមនេះ៖

«Dead Sea» ឬខេមរភាសាហៅថា «សមុទ្រមរណៈ» គឺជាសមុទ្រដែលមានជាតិប្រៃជាងគេបំផុតលើលោកយើងនេះ។ តាមពិតវាមិនមែនជាសមុទ្រទេ តែវាជាបឹង (Salt lake) ដែលមិនមានព្រំប្រទល់ជាប់មហាសមុទ្រឡើយ។ ជាបឹងទឹកប្រៃដែលមានដង់ស៉ីតេអំបិលខ្ពស់បំផុត សមុទ្រមរណៈស្ថិតនៅត្រង់ព្រំប្រទល់ប្រទេសហ្សកដានី និងប្រទេសអ៉ីស្រាអែល ព្រមទាំងប្រទេសប៉ាឡេស្ទីន។

សមុទ្រមរណៈមានទំហំ ៦០៥ គីឡូម៉ែត្រក្រឡា បណ្តោយប្រវែង ៥០ គីឡូម៉ែត្រ ទទឹង ១៥ គីឡូម៉ែត្រ ជម្រៅ ៣០៦ ម៉ែត្រ និងមានទីតាំងស្ថិតនៅអាស៉ីខាងលិច (Western Asia)។ ទីកន្លែងនេះ មានភាពអស្ចារ្យដ៏គួរឲ្យទាក់ទាញជាច្រើន ខណៈអ្នកទេសចរទៅទស្សនាកម្សាន្តក៏មានចំនួនក្រាស់ក្រែលក្រៃលែង។

ជនជាតិអារ៉ាប់ហៅសមុទ្រនេះថា «អាល់បាហ៍រ៉ាល់ម៉ៃយិត (Al-Bahr al-Mayyit)» មានន័យថា «សមុទ្រមរណៈ» ដូចគ្នាទៅនឹងភាសាអង់គ្លេស ខណៈដែលភាសាហេប្រឺហៅសមុទ្រនេះថា «យ៉ាំហាមេឡះហ៍ (Yam ha-Melah)» មានន័យថា «សមុទ្រអំបិល» ពោលជាសមុទ្រដែលមានប្រៃបំផុតមួយក្នុងលោក។

* ហេតុអ្វីបានជាគេហៅថា «សមុទ្រមរណៈ»?
មូលហេតុដែលត្រូវបានគេហៅថា «សមុទ្រមរណៈ» ពីព្រោះវាមានជាតិប្រៃខ្ពស់ពេក ដែលទប់ស្កាត់សារពាង្គកាយសត្វអេកូឡូស៉ី ដូចជា ត្រី និងរុក្ខជាតិក្នុងទឹកកុំឲ្យរស់នៅទីនោះបាន ដែលប្រការនេះធ្វើឲ្យមានតែបរិមាណបាក់តេរី និងផ្សិតមួយចំនួនរស់នៅប៉ុណ្ណោះ។

ឯកសារខ្លះថា វាប្រៃជាងសមុទ្រដទៃទៀតដល់ទៅ ៤ ដង ខណៈឯកសារខ្លះថា វាប្រៃជាងសមុទ្រធម្មតាជិត ១០ ដង (ភាគច្រើននិយាយបែបនេះ)។ សមុទ្រនេះទៀតសោត មាននីវ៉ូទាបជាងនីវ៉ូទឹកសមុទ្រដល់ទៅ ៤១៧.៥ ម៉ែត្រ ដែលត្រូវបានរាប់បញ្ចូលជាតំបន់ដែលទាបបំផុតលើលោកផងដែរ។

* លក្ខណៈពិសេសផ្សេងទៀតរបស់សមុទ្រមរណៈ
សម្រាប់អ្នកចូលចិត្តការហែលទឹក សមុទ្រមរណៈគួរតែត្រូវបានកត់ទុកនៅក្នុងបញ្ជីដំណើរកម្សាន្តប្រចាំឆ្នាំរបស់ពួកគេ។ ដោយសារតែសារធាតុអំបិលក្រាស់ និងសមាសធាតុរ៉ែផ្សេងៗ ជួយឲ្យអ្នកអាចបណ្តែតខ្លួនដោយមិនបាច់ខំប្រឹង ពោលអ្នកនឹងចេះហែលទឹកដោយស្វ័យប្រវត្តិ ពេលកម្សាន្តនៅសមុទ្រនេះ។

គួរបញ្ជាក់ថា ទឹកសមុទ្រមរណៈ មានកំហាប់ល្បាយ ១.២៤ គីឡូក្រាមក្នុងមួយលីត្រ ដែលធ្វើឲ្យការហែលទឹកមានលក្ខណៈស្រដៀងគ្នា នឹងការបណ្តែតខ្លួននៅលើផ្ទៃទឹកអញ្ចឹង។ ជារឿយៗ គេតែងតែថតបានរូបភាពភ្ញៀវទេសចរជាច្រើនដែលកំពុងអានសៀវភៅបណ្តែតខ្លួនលើទឹកសមុទ្រមរណៈ។

ចំពោះបរិយាកាសនៅទីនោះ មានពន្លឺថ្ងៃគ្រប់គ្រាន់ និងខ្យល់ស្ងួតជានិច្ច ហើយវាមានល្បាប់ពណ៌ខ្មៅ ដែលផ្តល់ឲ្យអ្នកទេសចរយកមកលាបខ្លួនដើម្បីសំដិលថ្ងៃដូចការទៅចូលហាងស្ប៉ាទៀតផង។ សម្រាប់រដូវក្តៅ មានសីតុណ្ហភាពចន្លោះពី ៣២ ទៅ ៣៩ អង្សាសេ និងរដូវរងារចន្លោះពី ២០ ទៅ ២៣ អង្សាសេ៕