(ភ្នំពេញ)៖ នៅក្នុងអត្ថបទចំណេះដឹងទូទៅមុន យើងបានដឹងហើយថាពួកអឺរ៉ុបបានមកដល់កម្ពុជាគឺចាប់ពីដើមសតវត្សរ៍ទី១៦ មកម្ល៉េះ រហូតមកដល់សម័យលង្វែក ជនជាតិព័រទុយហ្កាល់ និងអេស្ប៉ាញមួយចំនួនមានសកម្មភាពលេចធ្លោគួរឱ្យកត់សម្គាល់នៅក្នុងប្រវត្តិសាស្ត្រខ្មែរ ក្នុងនោះលោក វេឡូសូ និងលោក រីស គឺជាជនដ៏សំខាន់ក្នុងចំណោមនោះ។

តើអ្នកដឹងទេថា ជនជាតិអឺរ៉ុបទាំងពីរនាក់នេះបានធ្វើអ្វីខ្លះនៅកម្ពុជា?

នៅអំលុងគ្រិស្ដសករាជ ១៥៨៥ អ្នកផ្សងព្រេងជនជាតិព័រទុយហ្កាល់ម្នាក់ឈ្មោះ ឌីយ៉ូកូ វេឡូសូ (Diogo Veloso ឬ Diego Belloso) អាយុប្រហែល ២០ ឆ្នាំ បានមកដល់ក្រុងលង្វែក (Longvek) នៃព្រះរាជាណាចក្រខ្មែរ រួមជាមួយស្ម័គ្របក្ខពួកមួយចំនួនទៀត មានដូចជាលោក កានារ៉ូ (Carniero) លោក សាហ្ក្រេដូ (Sagredo) និងលោក ឌីយ៉ូហ្គោ ដឺ ឆាលវ៉េស កានីហ្សារ៉េស (Diogo de Cháves Carnizares) ជាដើម។ លោក វេឡូសូ បានខិតខំព្យាយាមរៀនភាសាខ្មែរ ហើយក៏ទទួលបានការសព្វព្រះទ័យយ៉ាងខ្លាំងពីព្រះមហាក្សត្រខ្មែរ ព្រះបាទសត្ថាទី១ (King Satha 1576-1595) រហូតដល់ព្រះអង្គបានលើកប្អូនស្រីជីដូនមួយឱ្យរៀបអភិសេកនឹងជនជាតិព័រទុយហ្កាល់រូបនេះថែមទៀតផង។ នៅគ្រិស្ដសករាជ ១៥៩៣ ជនជាតិអេស្ប៉ាញពីរនាក់ទៀតឈ្មោះ រីស ដឺ ហ្វ៊ែរណង់ ហ្គុងហ្សាឡេស (Ruiz de Hernán González ឬ Blas Ruiz de Fernán González) និងលោក វ៉ាហ្កាស ម៉ាឈូកា (Vargas Machuca) ក៏បានមកដល់ក្រុងលង្វែកដែរ ហើយលោកទទួលបានការរាប់អានយ៉ាងជិតស្និទ្ធពីសំណាក់ព្រះបាទសត្ថាទី១ ដោយព្រះអង្គបានសព្វព្រះទ័យតែងតាំងជាព្រះរាជអង្គរក្សផ្ទាល់ផងដែរ។

កាលសម័យនោះ ដោយសារទំនាក់ទំនងរវាងខ្មែរ-សៀមនៅតែបន្តមានជម្លោះនឹងគ្នា ដោយនៅគ្រិស្ដសករាជ ១៥៩៣ ព្រះចៅសៀម នរេសូរ (King Naresuan) បានលើកទ័ពមកវាយក្រុងលង្វែកជាលើកទី១ ប៉ុន្តែត្រូវដកថយទៅវិញ។ មិនយូរប៉ុន្មាន ព្រះចៅសៀមអង្គនេះក៏បានលើកទ័ពមកវាយក្រុងលង្វែកជាលើកទី២ ហើយលើកនេះសៀមបាននាំកម្លាំងរេហ៍ពល និងទ័ពដំរីសេះមកច្រើនជាងលើកមុនទៅទៀត។ ព្រះបាទសត្ថាទី១ បានចាត់លោក វេឡូសូ ទៅក្រុងម៉ាឡាកា ដើម្បីស្នើសុំជំនួយពីកងទ័ពព័រទុយហ្កាល់ឱ្យមកជួយព្រះអង្គ ដែលកំពុងធ្វើសង្គ្រាមជាមួយកងទ័ពសៀម ប៉ុន្តែដោយសារកងទ័ពព័រទុយហ្កាល់ជាប់ដៃច្បាំងជាមួយពួកចាមនៅតំបន់អាឆេ (Acheh) និងពួកម៉ាឡាយូនៅរដ្ឋចូហូ (Johore) ទើបមិនអាចមកជួយខ្មែរបាន។ ដោយហេតុនេះហើយ ទើបព្រះបាទសត្ថាទី១ ងាកទៅពឹងជំនួយពីកងទ័ពអេស្ប៉ាញវិញ ដែលកំពុងតាំងមូលដ្ឋានទេសាភិបាលនៅក្រុងម៉ានីល (ហ្វីលីពីនបច្ចុប្បន្ន) តាមការថ្វាយយោបល់ពីលោក រីស និងលោក វ៉ាហ្កាស។ នៅខែកក្កដា គ្រិស្ដសករាជ ១៥៩៣ នោះ ព្រះរាជាក៏បានចាត់ឱ្យលោក វេឡូសូ លោក វ៉ាហ្កាស និងលោក កានារ៉ូ ចេញដំណើរទៅម៉ានីលភ្លាម ដើម្បីស្នើសុំជំនួយពីទេសាភិបាលអេស្ប៉ាញឱ្យបញ្ជូនកងទ័ពមកជួយខ្មែរពីការលុកលុយរបស់សៀម ដោយសន្យាថានឹងបើកសិទ្ធិឱ្យបុព្វជិតកាតូលិកអេស្ប៉ាញ ផ្សព្វផ្សាយសាសនាឱ្យបានទូលំទូលាយនៅព្រះរាជាណាចក្រខ្មែរ។

ទេសាភិបាលអេស្ប៉ាញប្រចាំក្រុងម៉ានីល លោក ហ្គោម៉េស ពែរ៉េស ដាស្មារីនណាស់ (Gómez Pérez Dasmariñas) បានសរសេរលិខិតមួយច្បាប់ចុះថ្ងៃទី២៧ ខែកញ្ញា គ្រិស្ដសករាជ ១៥៩៣ ឆ្លើយតបនឹងព្រះបាទសត្ថាទី១ វិញថា លោកនឹងមកជួយផ្សះផ្សាជម្លោះរវាងខ្មែរ និងសៀម។ លោក ហ្គោម៉េស ពុំបានបញ្ជូនកងទ័ពអេស្ប៉ាញមកជួយខ្មែរឡើយ ព្រោះលោកកំពុងតែរៀបចំកងទ័ពចូលវាយយកកោះម៉ូលុក (Moluqes)។ ជាអកុសល លោក ហ្គោម៉េស ក៏ត្រូវជនជាតិចិនដែលជាអ្នកនាំផ្លូវសំពៅលួចធ្វើឃាតលោក ហើយកូនប្រុសម្នាក់របស់លោកមានឈ្មោះថា ល្វី ពែរ៉េស ដាស្មារីនណាស់ (Luis Pérez Dasmariñas) បានឡើងកាន់តំណែងបន្តពីឪពុក។

ទេសាភិបាលថ្មីនេះបានសរសេរសំបុត្រថ្មីមួយទៀតផ្ញើមកថ្វាយព្រះបាទសត្ថាទី១ ដោយនាំមកជាមួយលោក វេឡូសូ លោក វ៉ាហ្កាស និងលោក កានារ៉ូ មកក្រុងលង្វែកវិញ ប៉ុន្តែជាអកុសល ក្រុងលង្វែកត្រូវសៀមវាយបែកមុនបាត់ទៅហើយ។ លោកទាំងបីព្រមទាំងស្ម័គ្របក្ខពួកបានធ្វើសង្គ្រាមវាយឆ្មក់ទៅលើកងទ័ពសៀម ប៉ុន្តែត្រូវកងទ័ពសៀមសម្លាប់អស់ខ្លះ និងបានចាប់ខ្លួនលោក វេឡូសូ និងលោក កានារ៉ូ យកទៅឃុំជាមួយនឹងលោក រីស ដែលប្រឹងត្រដរការពារក្រុងលង្វែកជាមួយព្រះមហាឧបរាជ ស្រីសុរិយោពណ៌ (Srei Soriyopear)។ ឈ្លើយសង្គ្រាមខ្មែរ-អេស្ប៉ាញ-ព័រទុយហ្កាល់ទាំងនោះ អ្នកខ្លះត្រូវសៀមនាំយកទៅក្រុងអយុធ្យាតាមផ្លូវគោក ខ្លះក៏ត្រូវនាំទៅតាមផ្លូវទឹក ក្នុងនោះលោក រីស ត្រូវបានសៀមនាំទៅតាមផ្លូវទឹក ប៉ុន្តែនៅតាមផ្លូវសមុទ្រឆ្ពោះទៅប្រទេសសៀមនោះ លោក រីស បាននាំឈ្លើយសង្គ្រាមដទៃទៀតបះបោរឡើង រហូតដណ្ដើមបានសំពៅមួយគ្រឿង ហើយក៏បររត់សំដៅទៅក្រុងម៉ានីល។ សំពៅឈ្លើយសង្គ្រាមដែលដឹកនាំដោយលោក រីស បានទៅដល់ក្រុងម៉ានីលនៅខែមិថុនា គ្រិស្ដសករាជ ១៥៩៤។

ចំណែកលោក វេឡូសូ កំពុងជាប់គុកនៅក្រុងអយុធ្យា តែត្រូវបានព្រះចៅសៀម នរេសូរ ដោះលែង និងចាត់ឱ្យនាំរាជទូតសៀមទៅក្រុងម៉ានីល ដើម្បីសុំចងសម្ពន្ធមេត្រីជាមួយអេស្ប៉ាញនៅគ្រិស្ដសករាជ ១៥៩៤។ លុះសំពៅមកដល់ច្រកទន្លេមេណាម លោក វេឡូសូ ក៏បានទទួលដំណឹងពីកងទ័ពសៀមដែលបាក់ទ័ពរត់ពីលង្វែកមកថា មានស្ដេចខ្មែរមួយអង្គបានដឹកនាំទ័ពរំដោះក្រុងលង្វែកបានវិញហើយ ប៉ុន្តែលោក វេឡូសូ គិតថាព្រះរាជាខ្មែរនោះគឺជាព្រះបាទសត្ថាទី១ ដោយមិនបានដឹងថាជាព្រះបាទរាមាជើងព្រៃ (King Reamea Chung Prey) នោះឡើយ។ លោកក៏បានបន្តដំណើរទៅដល់ក្រុងម៉ានីលនៅខែមិថុនា គ្រិស្ដសករាជ ១៥៩៥ ហើយជួបនឹងមិត្តភក្តិចាស់ គឺលោក រីស លោក កានារ៉ូ និងលោក ម៉ាឆាដូ។ អ្នកទាំងបីបានស្រុះស្រួលគ្នាស្នើសុំជំនួយពីទេសាភិបាលអេស្ប៉ាញ ល្វី ពែរ៉េស ដើម្បីធ្វើដំណើរមកជួយព្រះរាជាខ្មែរនៅក្រុងលង្វែកវិញ។ លោក វេឡូសូ និងស្ម័គ្របក្ខពួកបានរៀបចំបញ្ជីសំណើដាក់ជូនលោក ល្វី ពែរ៉េស ដោយក្នុងនោះក៏មានគម្រោងការណ៍ដាក់ព្រះរាជាណាចក្រខ្មែរ ឱ្យស្ថិតនៅក្រោមអាណាព្យាបាលរបស់អេស្ប៉ាញ និងចង់ផ្លាស់ប្ដូរសាសនារបស់ប្រជារាស្ត្រខ្មែរទាំងស្រុងផងដែរ។

សំពៅបីគ្រឿងបានចេញដំណើរពីម៉ានីលនាថ្ងៃទី១៩ ខែមករា គ្រិស្ដសករាជ ១៥៩៦ ហើយត្រូវស្ថិតនៅក្រោមបញ្ជាការរបស់មេទ័ពអេស្ប៉ាញម្នាក់ឈ្មោះ ហ្ស័ររ៉េស ហ្កាល្លីណាតូ (Jaurez Gallinato)។ នៅលើសំពៅនោះក៏មានកងទ័ពអេស្ប៉ាញចាប់ពី ១២០-១៣០ នាក់ ជនជាតិជប៉ុនកាន់សាសនាគ្រិស្ដ ២០ នាក់ ជនជាតិហ្វីលីពីនមួយចំនួន និងបព្វជិតគណៈដូមីនីកាំង ៣ អង្គទៀត។ ក្នុងពេលធ្វើដំណើរមកប្រទេសខ្មែរ កងសំពៅទាំងបីគ្រឿងនោះត្រូវព្យុះសង្ឃរាបោកបក់ឱ្យបែកខ្ញែកគ្នា ប៉ុន្តែសំពៅដែលលោក វេឡូសូ និងលោក រីស ជិះក៏បានបរមកដល់កំពង់ផែព្រៃនគរ។ លុះមកដល់ក្រុងចតុមុខ (ភ្នំពេញបច្ចុប្បន្ន) លោក រីស និងលោក វេឡូសូ បានទទួលដំណឹងថា ព្រះបាទសត្ថាទី១ និងព្រះរាជបុត្រ ២ អង្គទៀត បានរត់ភៀសព្រះកាយទៅក្រុងវៀងច័ន្ទន៍ (Vientiane) បាត់ទៅហើយ ហើយក៏មានព្រះមហាក្សត្រថ្មីបានឡើងសោយរាជ្យបន្ត បន្ទាប់ពីរំដោះក្រុងលង្វែកពីសៀមបានសម្រេច នោះគឺព្រះបាទរាមាជើងព្រៃ ដែលកំពុងតាំងរាជធានីនៅស្រីសន្ធរ (ខេត្តកំពង់ចាមបច្ចុប្បន្ន)។ ក្នុងដំណើរមកដល់ប្រទេសខ្មែរលើកនេះ ទេសាភិបាលអេស្ប៉ាញក៏បានចាត់ឱ្យលោក រីស និងលោក វេឡូសូ ធ្វើជាឯកអគ្គរាជទូតអេស្ប៉ាញប្រចាំព្រះរាជាណាចក្រខ្មែរផងដែរ។

នៅគ្រិស្ដសករាជ ១៥៩៩ លោក រីស និងលោក វេឡូសូ បានចូលគាល់ព្រះបាទរាមាជើងព្រៃនៅក្រុងស្រីសន្ធរ ដើម្បីស្នើសុំរាជានុញ្ញាតឱ្យព្រះអង្គដាក់ព្រះរាជាណាចក្រខ្មែរនៅក្រោមអាណាព្យាបាលអេស្ប៉ាញ ប៉ុន្តែចរចាគ្នាមិនត្រូវ។ ស្របពេលគ្នានោះ ក្រុមឈ្មួញរបស់ព័រទុយហ្កាល់ អេស្ប៉ាញ បានកើតមានជម្លោះជាមួយឈ្មួញជនជាតិចិន និងជប៉ុន ដែលបណ្ដាលឱ្យខូចខាចទំនិញ និងទ្រព្យសម្បត្តិរបស់ពួកនេះយ៉ាងច្រើន។ លោក វេឡូសូ បានព្យាយាមស្នើសុំចូលគាល់ព្រះបាទរាមាជើងព្រៃដែរ ប៉ុន្តែព្រះរាមាជើងព្រៃមិនព្រមស្ដាប់ការបកស្រាយនេះឡេីយ ដោយប្រាប់ថា ទាល់តែពួកព័រទុយហ្កាល់-អេស្ប៉ាញសងការខូចខាតដល់ពួកឈ្មួញចិន-ជប៉ុនសិន ទើបព្រះអង្គព្រមព្រះសណ្ដាប់។ ដោយសារមានការប៉ះទង្គិចយ៉ាងដូច្នេះហើយ ទើបធ្វើឱ្យលោក វេឡូសូ និងលោក រីស ក៏កើតគំនិតធ្វើគតព្រះរាជាខ្មែររហូតដល់បានសម្រេច។

ក្រោយបង្កើតនូវភាពចលាចលដល់ព្រះនគរខ្មែររួចហើយ លោក វេឡូសូ និងលោក រីស ក៏បានជួបជាមួយមេទ័ពអេស្ប៉ាញ ហ្កាល្លីណាតូ ដែលត្រូវព្យុះបោកបក់ទៅដល់កោះសិង្ហបុរី ហើយបានធ្វើដំណើរមកដល់ចតុមុខ ប៉ុន្តែលោក ហ្កាល្លីណាតូ មិនពេញចិត្តចំពោះទង្វើរបស់លោក វេឡូសូ និងលោក រីស ដែលធ្វើគតព្រះមហាក្សត្រខ្មែរដូច្នេះឡើយ។ លោកមេទ័ព ហ្កាល្លីណាតូ ក៏បានដឹកនាំលោក វេឡូសូ និងលោក រីស ព្រមទាំងកងទ័ពដទៃទៀតឡើងសំពៅបរទៅកាន់ក្រុងបាណ្ឌុរង្គ (Panduranga) រាជធានីចុងក្រោយរបស់នគរចាម្ប៉ា ដើម្បីឱ្យលោក វេឡូសូ និងលោក រីស នាំព័ត៌មានទៅថ្វាយព្រះបាទសត្ថាទី១ នៅនគរលាវ ប៉ុន្តែនៅពេលទៅដល់ក្រុងវៀងច័ន្ទន៍ លោក វេឡូសូ និងលោក រីស ក៏បានដឹងថា តាមពិតព្រះបាទសត្ថាទី១ និងព្រះរាជបុត្រច្បង ព្រះជ័យជេដ្ឋា បានសុគតបាត់ទៅហើយ នៅឡើយតែចៅពញាតន់ ដែលជាព្រះរាជបុត្រទី២ នៅមានព្រះជន្ម។ លោក វេឡូសូ និងលោក រីស ក៏បានយាងចៅពញាតន់ឱ្យមកសោយរាជ្យនៅនគរខ្មែរវិញ។

លោក វេឡូសូ និងលោក រីស បានស្លាប់បាត់បង់ជីវិតក្នុងជម្លោះពាណិជ្ជកម្មរវាងពួកអេស្ប៉ាញ និងពួកជ្វា ហើយលោកទាំងពីរត្រូវពួកជ្វាសម្លាប់នៅគ្រិស្ដសករាជ ១៥៩៩ ក្នុងរាជ្យសម័យព្រះបាទបរមរាជាទី៦ (ព្រះពញាតន់)៕