(ឥណ្ឌូណេស៉ី)៖ បើនិយាយអំពីទេវស្ថានដែលធំជាងគេនៅលើពិភពលោក គ្រប់គ្នាប្រាកដជាស្គាល់តំបន់អង្គររបស់កម្ពុជា រីឯទេវស្ថានតាមបែបហិណ្ឌូដ៏ល្បីឈ្មោះមួយទៀតនោះ គឺក្រុមប្រាសាទព្រហ្មបាណន់ ឬ ហារ៉ាជុងហ្គ្រាង ដែលស្ថិតនៅលើកោះជ្វាកណ្ដាល នៃប្រទេសឥណ្ឌូណេស៉ី ដោយតំបន់នេះបានជាប់ឈ្មោះជាទេវស្ថានធំជាងគេទីពីរនៅអាស៊ាន បន្ទាប់ពីតំបន់រមណីយដ្ឋានអង្គរ។
ព្រហ្មបាណន់ (Prambanan) ជាពាក្យដែលហៅតាមភាសាសំស្ក្រឹត ចំណែកឯពាក្យ ហារ៉ាជុងហ្គ្រាង (Rara Jonggrang) គឺហៅតាមភាសាជ្វាដែលជាភាសាដើមរបស់ប្រជាជននៅឥណ្ឌូណេស៉ីបច្ចុប្បន្ន។
ក្រុមប្រាសាទព្រហ្មបាណន់ចាប់ផ្ដើមកសាងឡើងដំបូងនៅគ្រិស្ដសករាជ ៨៥០ ក្នុងរជ្ជកាលព្រះបាទរ៉ាក័យពីកាតាន់ (King Rakai Pikatan) ដើម្បីអបអរចំពោះកងទ័ពរាជវង្សស័ង្ខជ័យ (Sanjaya dynasty) នៃអាណាចក្រម៉ាតារ៉ាម (Mataram Kingdom) ដែលទទួលបានជ័យជម្នះទៅលើរាជវង្សសៃលិន្ទ្រៈ (Sailendra dynasty) នៃអាណាចក្រស្រីវិជ័យ និងបញ្ចប់ការសាងសង់នៅគ្រិស្ដសករាជ ៨៥៦ ក្នុងរជ្ជកាលព្រះបាទតេជះលោកាផល្លា (King Dyah Lokapala) និងព្រះបាទបាលីទងមហាសម្ពង្ស (King Balitung Maha Sambu)។
ភូមិប្រាសាទព្រហ្មបាណន់នេះ មានកំពែងរាងការ៉េបីជាន់ព័ទ្ធជុំវិញ ទីធ្លាខាងក្នុងបំផុតមានមហាប្រាសាទចំនួន ៣ ខណៈប្រាសាទកណ្តាលសាងសង់ឡើងសម្រាប់ថ្វាយព្រះសិវៈ ប្រាសាទខាងត្បូងសម្រាប់ឧទ្ទិសថ្វាយព្រះព្រហ្ម និងប្រាសាទនៅទិសខាងជើងសម្រាប់ថ្វាយព្រះវិស្ណុ។
នៅក្នុងរជ្ជកាលព្រះបាទបាលីទងមហាសម្ពង្ស ព្រះអង្គបានពង្រីកទីធ្លាភូមិប្រាសាទនេះបន្ថែមទៀត ដោយបានកសាងប្រាសាទតូចៗជាច្រើននៅជុំវិញមហាប្រាសាទទាំង ៣ ខាងលើ និងបានកសាងមហាប្រាសាទធំចំនួន ៣ ទៀត ដើម្បីឧទ្ទិសថ្វាយព្រះនាងទុគ៌ា (ព្រះមហេសីរបស់ព្រះសិវៈ) ព្រះគណេស (ព្រះរាជបុត្ររបស់ព្រះសិវៈ) និងគោនិន្ទដែលជាសត្វជំនិះរបស់ព្រះសិវៈផងដែរ។ ការពង្រីកទីធ្លា និងការកសាងប្រាសាទបន្ថែមនេះ ធ្វើឱ្យភូមិប្រាសាទហិណ្ឌូមួយនេះមានប្រាង្គប្រាសាទតូចធំដល់ទៅ ២៤០ ឯណោះ។ នៅពីលើតួប្រាសាទមានរូបចម្លាក់បង្ហាញពីឈុតឆាកនៅក្នុងរឿងរាមាយណៈ។
ក្រុមប្រាសាទដ៏អស្ចារ្យទាំងនេះត្រូវបានទុកចោលឱ្យទ្រុធទ្រោម ចាប់ពីអាណាចក្រម៉ាតារ៉ាមដួលរលំ រហូតដល់ឆ្នាំ១៩១៨ ទើបជួសជុលសាជាថ្មីឡើងវិញ។ ទេវស្ថាននេះត្រូវចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូកាលពីឆ្នាំ១៩៩១៕