(អវកាស)៖ ខណៈដែលភពអង្គារបានជាប់ឈ្មោះជាភពអាមេរិកនោះ ក៏មានភពមួយទៀតដែរ ដែលបានជាប់ឈ្មោះជា «ភពរុស្ស៉ី» ព្រោះតែរុស្ស៉ីបានបញ្ជូនយាវអវកាសទៅកាន់ភពនេះជាញឹកញាប់ ពោលគឺតាំងពីអតីតសហភាពសូវៀតនោះមកម្ល៉េះ ដោយទទួលបានព័ត៌មានជាច្រើនអំពីភពនេះ។ តើអ្នកដឹងទេថា ភពមួយណាដែលជាប់ឈ្មោះជាភពរុស្ស៉ីយ៉ាងដូច្នេះ?

នោះគឺភពសុក្រ ជាភពលំដាប់ទីពីរដែលនៅជិតព្រះអាទិត្យបន្ទាប់ពីភពពុធ ហើយជាភពដែលនៅជិតផែនដីជាងគេបំផុតក្នុងចំណោមភពដទៃទៀត។ រៀងរាល់ ៥៨៤ ថ្ងៃ ភពផែនដី និងភពសុក្រតែងតែវិលមកជិតគ្នាម្តង ដោយជាមធ្យមមានចម្ងាយ ៤០ លានគីឡូម៉ែត្រ ហើយចម្ងាយដែលនៅជិតបំផុតរវាងទាំងពីរនេះ គឺប្រមាណ ៣៨ លានគីឡូម៉ែត្រ។

ដោយសារតែចម្ងាយនៅជិតគ្នានេះហើយ ទើបបានធ្វើឱ្យភពសុក្រមានពន្លឺភ្លឺខ្លាំងជាងគេនៅលើមេឃបន្ទាប់ពីព្រះចន្ទ ដែលចាស់ៗខ្មែរយើងតែងចំណាំហៅថា «ផ្កាយចោរ» ដែលរះនៅពេលយប់ជ្រៅ ហើយនៅពេលទៀបភ្លឺ ខ្មែរយើងតែងហៅវាថា «ផ្កាយព្រឹក» តែតាមពិតវាគឺជាភពសុក្រតែមួយនោះទេ។

បើនិយាយពីទំហំវិញ ភពសុក្រវាមានទំហំ និងលក្ខណៈមួយចំនួនប្រហាក់ប្រហែលនឹងផែនដីរបស់យើងដែរ រហូតដល់គេនិយាយថា ភពផែនដី និងភពសុក្រ គឺជាបងប្អូននឹងគ្នាទៀតផង។ ដោយសារតែហេតុនេះហើយ ទើបគេសង្ស័យថាភពសុក្រប្រហែលជាមានទម្រង់ជីវិតណាមួយដូចផែនដីយើងដែរ។

អតីតសហភាពសូវៀតបានបញ្ជូនយានអវកាសគ្មានមនុស្សបើកហោះទៅកាន់ភពសុក្រដំបូងគេ តែបានបរាជ័យជាច្រើនដង។ ដោយយានខ្លះបានឆេះខ្ទេច យានខ្លះបាត់ការទាក់ទង និងខ្លះទៀតបានជោគជ័យក្នុងការចុះចតហើយអាចបញ្ជូនព័ត៌មានខ្លះៗមកវិញ ដូចជា យាន Venera-9 យាន Venera-10 យាន Venera-14 ជាដើម ប៉ុន្តែវាអាចមានជីវិតនៅលើភពនោះតែប៉ុន្មានម៉ោងប៉ុណ្ណោះវាក៏បានខូចទៅវិញ។

ដោយសារតែការបញ្ជូនយានទៅដំបូងគេ និងយ៉ាងសកម្មរហូតដល់រាប់សិបគ្រឿង ទើបគេឱ្យឈ្មោះភពសុក្រថាជា «ភពរុស្ស៉ី»«ភពសហភាពសូវៀត» ទៀតផង។

* ហេតុអ្វីយានអវកាសរបស់រុស្ស៊ីតែងតែខូចនៅពេលដែលចុះចតដល់ផ្ទៃភពសុក្រ?

បើនិយាយពីសីតុណ្ហភាពវិញ ភពសុក្រ បើតាមសាសនាវាប្រៀបបាននឹងរណ្តៅឡភ្លើងនៃឋាននរក ដោយសារតែបរិយាកាសដ៏ក្រាស់ពោរពេញទៅដោយឧស្ម័នផ្ទះកញ្ចក់ និងភ្នំភ្លើងសកម្មធំៗប្រមាណ ១,៦០០ កន្លែង និងតូចៗជាច្រើនទៀត ធ្វើឱ្យនៅលើផ្ទៃភពមានសីតុណ្ហភាពរហូតទៅដល់ ៤៦៤ អង្សាសេ ដែលសីតុណ្ហភាពប៉ុណ្ណឹងអាចរំលាយសំណ ឬលោហធាតុមួយចំនួនបានបានមួយរំពេច ដូច្នេះវាមិនអាចបង្កលទ្ធភាពឱ្យជីវិតណាមួយរស់នៅបានឡើយ។

សម្រាប់សម្ពាធបរិយាកាសវិញ គឺខ្លាំងជាងផែនដីដល់ទៅ ៩២ ដង ដែលប្រហាក់ប្រហែលនឹងយើងចុះទៅក្នុងបាតសមុទ្រជម្រៅជាង ១,០០០ ម៉ែត្រ។ ក្នុងសម្ពាធ និងកម្តៅប៉ុណ្ណឹង បើមនុស្សយើងទៅដល់វាប្រៀបបានឡដែកដ៏ក្តៅ ហើយរុញយើងផ្ទប់ចូលគ្នា ដោយយើងនឹងឆេះរលាយខ្លួនស្លាប់មួយរំពេច។

ម្យ៉ាងទៀត នៅលើភពសុក្រមានខ្យល់បោកបក់យ៉ាងខ្លាំងដែលមានល្បឿនរហូតដល់ ៧២៤ គីឡូម៉ែត្រក្នុងមួយម៉ោង គឺអាចខ្លាំងជាងព្យុះធំៗនៅលើផែនដី ដូចជា ព្យុះស៊ីក្លូន ឬទីហ្វុងទៅទៀត។ មូលហេតុទាំងអស់នេះហើយ ទើបយានដែលទៅដល់លើផ្ទៃភពសុក្រតែងតែខូចមិនអាចដំណើរការបានយូរ ហើយធ្វើឱ្យអាមេរិកពេញចិត្តចាប់អារម្មណ៍ចង់ដាក់អាណានិគមនៅលើភពអង្គារជាជាងភពសុក្រ៕