(បរទេស)៖ នៅពាក់កណ្ដាលសម័យសង្គ្រាមលោកលើកទី២ ជប៉ុនកំពុងឡើងដៃកាន់តែខ្លាំងក្នុងការឈ្លានពានទ្វីបអាស៉ី និងបន្តទៅអាមេរិក ដោយបានវាយដល់កោះហាវ៉ៃយ៉ាងចាស់ដៃ ប៉ុន្តែបែរជាបាក់មហិច្ឆតាបន្តិចម្ដងៗទៅវិញ ដោយសារតែចាញ់សង្គ្រាមជាមួយសហរដ្ឋអាមេរិកនៅសមរភូមិ Midway នាឆ្នាំ១៩៤២។

Midway គឺជាឈ្មោះកោះតូចមួយនៅកណ្ដាលមហាសមុទ្រប៉ាស៉ីហ្វិក (ប៉ែកខាងជើង) ស្ទើរតែនៅចំចំណុចកណ្តាលរវាងជប៉ុន និងអាមេរិក ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។

សមរភូមិ Midway គឺមានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងសម័យសង្គ្រាមលោកលើកទី២ ពីព្រោះវាគឺជាការប្រយុទ្ធគ្នាដ៏អស្ចារ្យបំផុតមួយរវាងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកជប៉ុន ដោយបានកើតឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤២ ពោលគឺ ៦ ខែក្រោយការវាយឆ្មក់របស់ជប៉ុនទៅលើមូលដ្ឋានទ័ពជើងទឹករបស់អាមេរិកនៅកំពង់ផែភឺលហាប័រ (Pearl Harbor) នៃកោះហាវ៉ៃ។

ជ័យជម្នះរបស់កងទ័ពជើងទឹកអាមេរិកនៅក្នុងសមរភូមិ Midway បានរំលាយមហិច្ចតារបស់ជប៉ុន ដែលចង់បន្សាបឥទ្ធិពលរបស់សហរដ្ឋអាមេរិក ក្នុងនាមជាមហាអំណាចយោធាជើងទឹក។ លទ្ធផលនៃសមរភូមិដ៏សំខាន់មួយនេះ ក៏បានជួយកែប្រែស្ថានការណ៍នៃសង្រ្គាមលោកលើកទី២ នៅមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។

* មហិច្ឆតារបស់ជប៉ុននៅតំបន់ប៉ាស៊ីហ្វិក
ក្នុងសង្រ្គាមលោកលើកទីពីរ ជប៉ុនមានមហិច្ឆតាចង់ក្តោបក្តាប់តំបន់ប៉ាស៊ីហ្វិកភាគខាងលិច ហើយសហរដ្ឋអាមេរិកគឺជាការគំរាមកំហែង​តែមួយគត់ក្នុងវិថីឆ្ពោះទៅ​សម្រេច​គោល​ដៅនេះ។ អគ្គមេបញ្ជាការកងទ័ពជើងទឹកជប៉ុន លោក អ៉ីសារ៉ូគុ យ៉ាម៉ាម៉ូតុ (Isaroku Yamamoto) មានភាពជឿជាក់ថា លោកមានប្រៀបជាងកង​ទ័ពជើង​ទឹករបស់សហរដ្ឋអាមេរិក។ ដោយសង្ឃឹមថានឹងអាចប្រើយុទ្ធសាស្រ្ត ដូចការវាយប្រហារនៅភឺលហាប័រ លោក យ៉ាម៉ាម៉ូតុ បានសម្រេចរៀបចំផែនការ ដើម្បីកម្ទេច​កម្លាំង​ដែលអាមេរិកមាននៅតំបន់ប៉ាស៊ីហ្វិកទាំងប៉ុន្មានចោលទាំងអស់តែម្តង តាមរយៈគម្រោងឆ្មក់វាយប្រហារមួយដែលមានគោលដៅទៅលើកោះ Midway។ បើកាន់កាប់បាន​កោះនេះ ជប៉ុនយល់ថាខ្លួននឹងមានទីតាំងឈរជើងរឹងមាំ ដើម្បីទប់ទល់ជាមួយអាមេរិកនៅប៉ាស៊ីហ្វិក ហើយក៏ងាយឱ្យជប៉ុនបើកការវាយ​ប្រហារដល់ដែនដីរបស់​អាមេរិកដែរ។

ក្នុងផែនការរបស់លោក យ៉ាម៉ាម៉ូតុ ដើម្បីវាយប្រហារលើកោះ Midway មានបីជំហានសំខាន់ៗ។ ជាដំបូង គឺមានការវាយប្រហារតាមផ្លូវអាកាសទៅលើកោះ Midway នេះ ដែលធ្វើឡើងចេញពីនាវាដឹកយន្តហោះចម្បាំងនៅជួរមុខចំនួន ៤ គ្រឿង គឺអាកាហ្គិ (Akagi) ខាហ្កា (Kaga) ហ៉ីរីយុ (Hiryu) និងសូរីយុ (Soryu) ដែលស្ថិតក្រោមការបញ្ជារបស់លោក ឈូអ៉ីឈិ ណាហ្គូម៉ុ (Chuichi Nagumo)។ បន្ទាប់មកទៀត គឺមានកងកម្លាំងឈ្លានពានទៅលើកោះ Midway ផ្ទាល់ពីសំណាក់នាវា និងកងទ័ពដែលដឹកនាំដោយលោក ណូប៊ូតាកិ កុនដូ (Nobutake Kondo)។ ជាចុងក្រោយ នៅពេលកងកម្លាំងជំនួយរបស់អាមេរិក ដែលជប៉ុនរំពឹងថានឹងមកពីកំពង់ផែភឺលហាប័រ មកដល់កោះ Midway ការវាយប្រហាររួមគ្នាពីកងកម្លាំងរបស់លោក ណាហ្គូម៉ុ និងរបស់លោក យ៉ាម៉ាម៉ូតុ ផ្ទាល់ ដែលពួនរង់ចាំចម្ងាយជិត ១,០០០ គីឡូម៉ែត្រភាគខាងលិចកោះនោះ នឹងសង្រ្គប់កម្ទេចកងកម្លាំងរបស់សហរដ្ឋអាមេរិកនោះតែម្ដង។

* ផែនការជប៉ុនដែលចង់ឆ្មក់វាយប្រហារកោះ Midway ត្រូវបានអាមេរិកស៊ើបដឹងទុកជាមុន
ក្រុមអ្នកបំបែកកូដទំនាក់ទំនងរបស់សហរដ្ឋអាមេរិកបានដឹងមុនថា ជប៉ុនមានផែនការចង់វាយប្រហារទីតាំងមួយនៅតំបន់ប៉ាស៊ីហ្វិក ប៉ុន្តែពុំដឹងកន្លែងច្បាស់លាស់នោះឡើយ ដោយគ្រាន់តែដឹងថាជប៉ុនបានហៅទីតាំងនោះជាពាក្យសម្ងាត់ «AF»។ ដោយសង្ស័យថា វាគឺជាកោះ Midway អាមេរិកក៏បានប្រើនយោបាយបញ្ឆោតជប៉ុន តាមរយៈការផ្សព្វផ្សាយសារទំនាក់ទំនងមួយថាមូលដ្ឋាននៅកោះ Midway បានអស់ទឹកសាបប្រើប្រាស់ហើយ ក្នុងចេតនាឱ្យជប៉ុនបានដឹង និងរង់ចាំមើលការប្រតិកម្មរបស់ជប៉ុនថាធ្វើយ៉ាងណាខ្លះទៀត។ ក្រោយចាប់បានសារសម្ងាត់នេះហើយ មិនយូរប៉ុន្មានខាងជប៉ុនក៏បានផ្ញើសារពាក់ព័ន្ធនឹង «AF» ដែរ ដូច្នេះហើយទើតអាមេរិកបានដឹងច្បាស់ថា ទីតាំង AF នោះ គឺពិតជាកោះ Midway ប្រាកដមែន។

មិនតែប៉ុណ្ណោះ ក្រុមអ្នកបំបែកកូដរបស់អាមេរិកនៅកោះហាវ៉ៃបានស្មានដឹងទាំងពេលវេលាដែលជប៉ុនគ្រោងវាយប្រហារលើកោះ Midway គឺនឹងធ្វើឡើងនៅថ្ងៃទី៤ ឬទី៥ ខែមិថុនា ព្រមទាំងដឹងពីលំដាប់លំដោយនៃការវាយប្រហាររបស់កងទ័ពជើងទឹកជប៉ុនថែមទៀតផង។ ដោយមានព័ត៌មាននេះនៅក្នុងដៃ លោក ឆេស្តឺរ នីមីត (Chester W. Nimitz) ដែលជាអគ្គមេបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ក៏បានបង្កើតផែនការដើម្បីទប់ទល់គម្រោងឈ្លានពានរបស់ជប៉ុន។

រីឯជប៉ុនឯណេះវិញបានសន្និដ្ឋានថា នាវាដឹកយន្តហោះចម្បាំងយ៉កថោន (Yorktown) របស់អាមេរិក ដែលបានរងការខូចខាតកាលពីពេលប្រយុទ្ធគ្នាក្នុងសមរភូមិ Battle of the Coral Sea នោះ នឹងមិនអាចមានវត្តមាននៅ Midway បានឡើយ។ តាមពិត នាវាដឹកយន្តហោះចម្បាំងនេះ ត្រូវបានជួសជុលដោយប្រើពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយត្រូវបានចល័តឱ្យទៅចូលរួមជាមួយនាវាអាមេរិកដទៃទៀត ដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហាររបស់ជប៉ុននៅកោះ Midway។

* ការចាប់ផ្តើមសមរភូមិ Midway
នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤២ ក្រុមយន្តហោះទម្លាក់គ្រាប់បែក B-17 របស់អាមេរិក បានចាកចេញពីកោះ Midway ដើម្បីព្យាយាមវាយប្រហារទៅលើកងកម្លាំងឈ្លានពានរបស់ជប៉ុន ដែលដឹកនាំដោយលោក ណូប៊ូតាកិ កុនដូ ដោយអាមេរិកយល់ច្រឡំថាកងកម្លាំងនោះជាកម្លាំងធំរបស់ជប៉ុន ប៉ុន្តែទោះជាយ៉ាងណា គឺមិនបានជោគជ័យឡើយ។

ស្របពេលជាមួយគ្នានោះ លោក ឈូអ៉ីឈិ ណាហ្គូម៉ុ ដែលគ្រប់គ្រងនាវាដឹកយន្តហោះចម្បាំងទាំង ៤ គ្រឿងរបស់ជប៉ុន បានចាប់ផ្តើមជំហានដំបូងនៃការវាយប្រហារតាមការគ្រោងទុក ដោយលោកបានបញ្ជូនយន្តហោះចម្បាំងជប៉ុនសរុប ១០៨ គ្រឿង ឱ្យទៅវាយឆ្មក់លើកោះ Midway។ ពេលនោះ មូលដ្ឋានទ័ពរបស់អាមេរិកនៅកោះ Midway ក៏បានរងការខូចខាតយ៉ាងដំណំ ប៉ុន្តែប្រព័ន្ធប្រឆាំងយន្តហោះនៅតែដំណើរការដដែល។

ក្រុមអាកាសយានិកជប៉ុនក៏បានប្រាប់លោក ណាហ្គូម៉ុ ថា ការវាយប្រហារតាមផ្លូវអាកាសមួយទៀត ចាំបាច់ត្រូវតែធ្វើឡើងលើមូលដ្ឋានអាមេរិកនៅកោះ Midway។ ប៉ុន្តែភ្លាមៗនោះ ក្រុមយន្តហោះចម្បាំងអាមេរិកដែលចេញមកពីកោះ Midway ក៏បានចាប់ផ្តើមការវាយប្រហារលើក្រុមនាវាដឹកយន្តហោះចម្បាំងរបស់ជប៉ុន ប៉ុន្តែមិនជោគជ័យទេ។

ស្របពេលដែលលោក ណាហ្គូម៉ុ កំពុងបំពាក់អាវុធឱ្យយន្តហោះចម្បាំងជប៉ុនសម្រាប់ការវាយប្រហារជាលើកទីពីរនោះ យន្តហោះឈ្លបការណ៍មួយគ្រឿងរបស់ជប៉ុន ក៏បានប្រទះឃើញនាវាមួយចំនួនរបស់សហរដ្ឋអាមេរិក រួមមាននាវាយ៉កថោនផងដែរ នៅភាគខាងកើតកោះ Midway។ លោក ណាហ្គូម៉ុ ក៏បានផ្លាស់ប្តូរយុទ្ធសាស្រ្ត ដោយបង្គាប់ឱ្យយន្តហោះដែលកំពុងនៅបំពាក់អាវុធនោះ ត្រៀមវាយប្រហារទៅលើក្បួននាវារបស់អាមេរិក នៅពេលដែលយន្តហោះជប៉ុនដទៃទៀតត្រលប់មកពីកោះ Midway វិញ។

ទន្ទឹមគ្នានោះ ក្រុមយន្តហោះទម្លាក់គ្រាប់មីស៉ីលរត់ក្រោមទឹកធុន Devastator ដែលមកពីនាវាដឹកយន្តហោះចម្បាំងអាមេរិក Hornet និង Enterprise ក៏បានមកដល់ ហើយវាយប្រហារទៅលើក្រុមនាវារបស់ជប៉ុន។ ដោយពុំមានយន្តហោះចម្បាំងនៅការពារ យន្តហោះ Devastator របស់អាមេរិក ក៏ត្រូវបានក្រុមយន្តហោះចម្បាំង Zero របស់ជប៉ុនបាញ់ទម្លាក់ខ្ទេចស្ទើរតែគ្មានសល់។

យ៉ាងណាមិញ ប្រមាណជាមួយម៉ោងក្រោយមក ស្របពេលដែលជប៉ុនកំពុងចាក់សាំង និងបំពាក់អាវុធឱ្យយន្តហោះរបស់ខ្លួនឡើងវិញ ក្រុមយន្តហោះទម្លាក់គ្រាប់បែកជ្រមុជទឹក (Dive Bomber) ដែលចេញមកពីក្រុមនាវាដឹកយន្តហោះចម្បាំងអាមេរិក ក៏បានវាយប្រហារចំនាវាដឹកយន្តហោះចម្បាំងចំនួន ៣ គ្រឿងរបស់ជប៉ុន គឺអាកាហ្គិ ខាហ្កា និងសូរីយុ ដោយជោគជ័យ។

ជាការឆ្លើយតប នាវាដឹកយន្តហោះចម្បាំងជប៉ុនដែលនៅសល់តែមួយគ្រឿងប៉ុណ្ណោះ គឺយន្តហោះហ៉ីរីយុ ក៏បានបញ្ជូនយន្តហោះខ្លួនពីរជើងឲ្យទៅវាយប្រហារលើនាវាដឹកយន្តហោះចម្បាំងអាមេរិក យ៉កថោន ហើយក៏ធ្វើឱ្យនាវាចម្បាំងនេះត្រូវបោះបង់ចោល ប៉ុន្តែមិនទាន់លិចទេ។ ចំណែកក្រុមយន្តហោះទម្លាក់គ្រាប់បែកជ្រមុជទឹក មកពីនាវាដឹកយន្តហោះចម្បាំងអាមេរិកទាំង ៣ គ្រឿង ក៏បានវាយប្រហារត្រលប់ទៅលើនាវាដឹកយន្តហោះចម្បាំងហ៉ីរីយុវិញ ហើយទីបំផុតនាវាដឹកយន្តហោះចម្បាំងទាំង ៤ គ្រឿងរបស់ជប៉ុន គឺត្រូវខ្ទេចទាំងអស់។

ការប្រយុទ្ធគ្នាធំៗនៃសមរភូមិ Midway បានបញ្ចប់ទៅនៅល្ងាចថ្ងៃទី០៤ ខែមិថុនាដដែល ប៉ុន្តែការប្រយុទ្ធគ្នាបន្តិចបន្តួចបានបន្តដល់ពីរថ្ងៃក្រោយមក ដោយនាវាចម្បាំងពិឃាតឈ្មោះ ហាមម៉ាន់ (Hammann) និងនាវាដឹកយន្តហោះចម្បាំងយ៉កថោន ត្រូវបាននាវាមុជទឹកជប៉ុនបាញ់ពន្លិច។ នៅថ្ងៃទី០៦ ខែមិថុនា អគ្គមេបញ្ជាការទ័ពជើងទឹកជប៉ុន គឺលោក យ៉ាម៉ាម៉ូតុ ក៏បានសម្រេចបញ្ជាឱ្យនាវាជប៉ុនទាំងអស់ដកថយ ដែលនាំទៅរកការបិទបញ្ចប់ជាផ្លូវការនៃសមរភូមិ Midway នេះ។

សរុបមក ក្នុងសមរភូមិ Midway ខាងជប៉ុនបានបាត់បង់កម្លាំងប្រហែល ៣,០០០ នាក់ ក្នុងនោះមានទាំងអាកាសយានិកដែលពោរពេញដោយបទពិសោធន៍ច្រើនជាង ២០០ នាក់ យន្តហោះជិត ៣០០ គ្រឿង នាវាចម្បាំងធុនធ្ងន់ ១ គ្រឿងឈ្មោះ មីគូម៉ា (Mikuma) នាវាដឹកយន្តហោះចម្បាំង ៤ គ្រឿង ខណៈខាងអាមេរិកបានបាត់បង់នាវាដឹកយន្តហោះចម្បាំងយ៉កថោន និងនាវាចម្បាំងហាមម៉ាន់ រួមជាមួយយន្តហោះខ្ទង់ ១៤៥ គ្រឿង និងកងកម្លាំងប្រមាណ ៣៦០ នាក់។

ជាមួយការបរាជ័យយ៉ាងអាម៉ាស់ក្នុងសមរភូមិនេះ ជប៉ុនបានបោះបង់ចោលមហិច្ឆតាពង្រីកឥទ្ធិពលនៅប៉ាស៊ីហ្វិក ដោយមិនហ៊ានវាតទីទៅរកអាមេរិកនៅប៉ាស៊ីហ្វិកទៀតឡើយ ចាប់តាំងពីពេលនោះរហូតដល់ចប់សង្រ្គាមលោកទីពីរ។ សមរភូមិនេះក៏បានផ្តល់ឱ្យកងទ័ពអាមេរិកនូវភាពជឿជាក់ខ្ពស់ ហើយធ្វើឱ្យខាងជប៉ុនធ្លាក់ទឹកចិត្តផងដែរ ដែលជាហេតុធ្វើឱ្យរលកសង្រ្គាមនៅប៉ាស៊ីហ្វិកអំណោយផលមកខាងសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត៕