(ពិភពលោក)៖ ក្រោយផ្ដាច់ខ្លួនពីដែនដីអាណានិគមអង់គ្លេសរួចមក សហរដ្ឋអាមេរិកបានប្រកាសឯករាជ្យជាផ្លូវការនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ១៧៧៦ ដែលកាលណោះរដ្ឋសហព័ន្ធថ្មីមួយនេះមានត្រឹមតែ ១៣ រដ្ឋប៉ុណ្ណោះ។ តើអ្នកដឹងទេថា ប្រទេសណាដែលប្រកាសទទួលស្គាល់ឯករាជ្យរបស់សហរដ្ឋអាមេរិកមុនគេបង្អស់?

ព្រះរាជាណាចក្រម៉ារ៉ុក (Morocco) គឺជាប្រទេសមុនគេបង្អស់ដែលប្រកាសទទួលស្គាល់ឯករាជ្យរបស់សហរដ្ឋអាមេរិក។ ប្រទេសម៉ារ៉ុកនេះ គឺជាព្រះរាជាណាចក្រចំណាស់មួយមានប្រវត្តិកកើតរដ្ឋតាំងពីសតវត្សរ៍ទី៨ មុនគ្រិស្ដសករាជ ដែលបច្ចុប្បន្នស្ថិតនៅភាគខាងពាយព្យនៃទ្វីបអាហ្វ្រិក ហើយមានព្រំដែនសមុទ្រជាប់ជាមួយប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់។

នៅឆ្នាំ១៧៧៧ ព្រះចៅស៊ុលតង់ម៉ូហាមេដទី៣ (Sultan Mohammed III) នៃព្រះរាជាណាចក្រម៉ារ៉ុក បានទទួលស្គាល់សហរដ្ឋអាមេរិក និងបានពង្រីកសកម្មភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកថែមទៀតផង ក្នុងនោះម៉ារ៉ុកបានអនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញរបស់អាមេរិកចូលចតនៅកំពង់ផែរបស់ខ្លួនយ៉ាងរលូន។

លុះដល់ឆ្នាំ១៧៨៦ ប្រទេសម៉ារ៉ុកក៏បានប្រកាសទទួលស្គាល់ឯករាជ្យសហរដ្ឋអាមេរិកជាផ្លូវការ ដោយបានចុះសន្ធិសញ្ញាសន្តិភាពជាមួយអាមេរិកថែមទៀតផង ខណៈឯកសារសន្ធិសញ្ញានេះ ត្រូវបានគេចាត់ទុកថាជាឯកសារទំនាក់ទំនងដ៏យូរអង្វែងបំផុត នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។

ចាប់ពីឆ្នាំ១៩០៥ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក៏កាន់តែមានភាពល្អប្រសើរខ្លាំងឡើងៗ។

ម៉ារ៉ុកបានធ្លាក់ក្រោមអាណាព្យាបាលបារាំងចាប់ពីឆ្នាំ ១៩១២-១៩៥៦ ហើយនៅពេលដែលម៉ារ៉ុករួចផុតពីអាណាព្យាបាលបារាំងនៅឆ្នាំ១៩៥៦ វិញនោះ សហរដ្ឋអាមេរិកគឺជាប្រទេសមុនគេបង្អស់ ដែលទទួលស្គាល់ឯករាជ្យរបស់ម៉ារ៉ុក ហើយនៅតែបន្តទំនាក់ទំនងល្អជាមួយគ្នារហូតដល់បច្ចុប្បន្ន។

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ១៩៥៦ ម៉ារ៉ុកបានដាក់ស្ថានទូតរបស់ខ្លួននៅរដ្ឋធានីវ៉ាស៉ីនតោន ដែលពេលនោះស្ថិតក្នុងអាណត្តិប្រធានាធិបតីទី៣៤ លោក ដ្វាយត៍ ឌី. អេសិនហៅវឺរ (Dwight D. Eisenhower)។

នៅឆ្នាំ២០០៤ សហរដ្ឋអាមេរិកបានចងសម្ពន្ធមិត្តដែកថែបជាមួយម៉ារ៉ុក ហើយកងទ័ពប្រទេសទាំងពីរបានបណ្ដុះបណ្ដាល និងធ្វើសមយុទ្ធរួមគ្នាជាញឹកញាប់ ដើម្បីពង្រឹងស្ថិរភាពសន្តិសុខក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកផងដែរ ទោះបីថាសម្ពន្ធម៉ារ៉ុកមិនជាសមាជិកអង្គការណាតូនោះក៏ដោយ (Non-NATO)។

បច្ចុប្បន្ន ប្រទេសម៉ារ៉ុកបានក្លាយជាដៃគូដ៏រឹងមាំរបស់សហរដ្ឋអាមេរិក ក្នុងការខិតខំប្រឹងប្រែងប្រឆាំងភេរវកម្ម ដើម្បីការពារផលប្រយោជន៍សន្តិសុខជាតិឱ្យគ្នាទៅវិញទៅមក៕