(ពិភពលោក)៖ សមុទ្រកាស្ពៀន (Caspian Sea) គឺជាសមុទ្របិទធំជាងគេនៅលើផែនដី ហើយបើគិតតាមចំណាត់ថ្នាក់ផ្សេងទៀត សមុទ្រកាស្ពៀនជាបឹងធំជាងគេបំផុត។ បឹងនេះមានផ្ទៃ ៣៧១,០០០ គីឡូម៉ែត្រក្រឡា មានចំណុះ ៧៨,២០០ គីឡូម៉ែត្រគូប និងមានជម្រៅអតិបរមារហូតដល់ ១,០២៥ ម៉ែត្រ។ សមុទ្រកាស្ពៀន ស្ថិតនៅខាងជើងសហព័ន្ធរុស្ស៉ី និងខាងត្បូងប្រទេសអ៉ីរ៉ង់។

បឹងនេះត្រូវបានគេស្គាល់ថាជាសមុទ្រ ដោយប្រជាជនរស់នៅតាមឆ្នេរសម័យបុរាណ ព្រោះតែជាតិអំបិល និងដោយមើលឃើញនូវវិសាលភាពដ៏ល្វឹងល្វើយគ្មានកោះគ្មានត្រើយដាច់កន្ទុយភ្នែក។ សមុទ្រកាស្ពៀន មានកំហាប់អំបិលប្រហែល ១.២% គឺតិចជាងទឹកសមុទ្រធម្មតាជិត ៣ ដង។ ឈ្មោះរបស់វាត្រូវបានដាក់តាមមនុស្សបុរាណ ដែលហៅថា ក្រុមមនុស្សកាស្ពៀន (Caspians)។

Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅស្តីពីសមុទ្រកាស្ពៀន ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

* ប្រវត្តិភូមិសាស្ត្រ
សមុទ្រកាស្ពៀន ក៏ដូចសមុទ្រខ្មៅ និងសមុទ្រមេឌីទែរ៉ាណេដែរ គឺធ្លាប់ជាប់នឹងមហាសមុទ្រ។ វាបានក្លាយទៅជាផ្ទៃទឹកបិទប្រហែល ៥.៥ លានឆ្នាំមកហើយ ដោយសារចលនារសាត់នៃទ្វីប ហើយកំហាប់អំបិលបានថយចុះក្រោយពេលដាច់ចេញពីមហាសមុទ្រ។ នៅអំឡុងពេលអាកាសធាតុក្ដៅហួតហែង សមុទ្របិទនេះក៏បានរីងប៉ុន្តែគ្រាប់អំបិលដ៏ច្រើនត្រូវបានខ្យល់បក់យកចេញពីផ្ទៃសមុទ្រដែលបានស្ងួត ហើយក្នុងពេលដែលអាកាសធាតុត្រជាក់សើម អាងនៃសមុទ្រត្រូវបានបំពេញឡើងវិញ។

ដោយសារលំហូរទឹកសាបនាពេលបច្ចុប្បន្ន បានធ្វើឱ្យសមុទ្រកាស្ពៀនក្លាយជាបឹងទឹកសាបនៅផ្នែកខាងជើង។ វាមានជាតិអំបិលខ្ពស់នៅច្រាំងសមុទ្រខាងអ៉ីរ៉ង់ ដែលជាកន្លែងអាងស្តុកទឹកដែលធ្វើឱ្យមានលំហូរទឹកសាបតិចតួច។ បច្ចុប្បន្ននេះកំហាប់អំបិលនៃទឹកសមុទ្រកាស្ពៀន មានប្រហែលមួយភាគបី នៃមហាសមុទ្រនៅលើផែនដី។

* ភូមិសាស្ត្រ
សមុទ្រកាស្ពៀន គឺជាផ្ទៃទឹកធំជាងគេបង្អស់ស្ថិតនៅក្នុងដីទ្វីបនៅលើពិភពលោក ដោយមានពី ៤០-៤៤ ភាគរយនៃទឹកបឹងទាំងអស់ក្នុងលោក។ ឆ្នេរសមុទ្រកាស្ពៀនជាប់ទៅនឹងប្រទេសអាស៊ែបៃហ្សង់ អ៉ីរ៉ង់ កាហ្សាក់ស្ថាន រុស្ស៉ី និងតួមេនីស្ថាន។ សមុទ្រកាស្ពៀនត្រូវបានចាត់ជាតំបន់រូបសាស្ត្រ ៣ ផ្សេងគ្នាគឺ៖ តំបន់ខាងជើង តំបន់កណ្ដាល និងតំបន់ខាងត្បូង។ ខ្សែបន្ទាត់រវាងតំបន់ខាងជើង និងតំបន់កណ្ដាល គឺច្រកម៉ាន់គីស្លាក (Mangyshlak) ដោយលាតសន្ធឹងកាត់កោះ ឈិនឈិន (Chechen) និងជ្រោយទីអ៊ុប-ការ៉ាកាន់ (Tiub-Karagan)។ ខ្សែបន្ទាត់រវាងតំបន់កណ្ដាល និងខាងត្បូងគឺច្រកអាប់សេរ៉ុន (Apsheron or Threshold) លាតសន្ធឹងកាត់កោះជីឡយ (Zhiloi) និងជ្រោយគូលី (Kuuli)។

ការបែងចែករវាងតំបន់ទាំង ៣ មានលក្ខណៈប្លែកគ្នាយ៉ាងខ្លាំង។ តំបន់ខាងជើងរួមបញ្ចូលតែល្បាក់ខាងលើប៉ុណ្ណោះ មានជម្រៅរាក់ខ្លាំងត្រឹមតែ ៥-៦ ម៉ែត្រ ហើយបរិមាណទឹកមានប្រហែល ១ ភាគរយនៃចំណុះទឹកក្នុងបឹងទាំងមូលប៉ុណ្ណោះ។ នៅតំបន់កណ្ដាលនៃសមុទ្រកាស្ពៀន មានជម្រៅមធ្យមប្រហែល ១៩០ ម៉ែត្រ។ តំបន់ខាងត្បូង គឺជាតំបន់ដែលមានជម្រៅជ្រៅជាងគេ គឺជ្រៅជាង ១,០០០ ម៉ែត្រ។ តំបន់កណ្ដាល និងខាងត្បូងមានបរិមាណទឹកដល់ទៅ ៣៣-៦៦ ភាគរយនៃបរិមាណសរុបនៃសមុទ្រកាស្ពៀន។

ផ្នែកខាងជើងនៃសមុទ្រកាស្ពៀន ជាតំបន់កំណកនៅសិសិររដូវ ហើយនៅពេលត្រជាក់បំផុតនៃសិសិររដូវ ដុំទឹកកកនឹងកើតឡើងនៅភាគខាងត្បូងផងដែរ។ មានទន្លេច្រើនជាង ១៣០ ហូរចាក់ទៅក្នុងសមុទ្រកាស្ពៀន ក្នុងនោះទន្លេវ៉ុលកា (Volga) គឺជាទន្លេធំជាងគេបង្អស់។ សមុទ្រកាស្ពៀន មានកោះតូចៗជាច្រើនដែលភាគច្រើនស្ថិតនៅភាគខាងជើង ហើយបើរួមបញ្ចូលគ្នាមានជិត ២,០០០ គីឡូម៉ែត្រក្រឡា។ នៅជាប់ភាគខាងជើងនៃសមុទ្រកាស្ពៀន គឺជាទំនាបកាស្ពៀនជាតំបន់ដែលទាបជាងនីវ៉ូទឹកសមុទ្រ ២៧ ម៉ែត្រ។

តំបន់វាលរាបហួតហែងនៃអាស៉ីកណ្ដាល លាតសន្ធឹងឆ្លងកាត់ឆ្នេរប៉ែកឦសានឯជួរភ្នំកាវកាស (Caucasus Mountains) បានក្ដោបយកច្រាំងខាងលិចនៃសមុទ្រកាស្ពៀន។ ជីវសហព័ន្ធនៅខាងជើង និងខាងកើត ត្រូវបានអាស្រ័យដោយភាពត្រជាក់នៃវាលលំហក្នុងដីទ្វីប។ ភាពខុសគ្នា រវាងអាកាសធាតុនៅភាគនិរតី និងខាងត្បូង ដែលទទួលកម្ដៅមិនស្មើគ្នា អាស្រ័យដោយតំបន់ដីខ្ពស់ៗ និងជួរភ្នំចម្រុះ។ បម្រែបម្រួលអាកាសធាតុដ៏គំហុកនៅជុំវិញសមុទ្រកាស្ពៀន បាននាំឱ្យមានជីវចម្រុះប្លែកៗគ្នាយ៉ាងច្រើននៅក្នុងតំបន់។

* ពពួកសត្វ
សមុទ្រកាស្ពៀនប្រមូលផ្ដុំទៅដោយប្រភេទត្រីស្តឺចិន (Sturgeon) យ៉ាងច្រើន ដែលបានផ្ដល់ពងសម្រាប់ប្រឡាក់។ ប៉ុន្មានឆ្នាំថ្មីៗនេះ ដោយការនេសាទហួសប្រមាណបានបណ្ដាលឱ្យបរិមាណត្រី Sturgeon ធ្លាក់រហូតដល់ចំណុចមួយដែលពួកអ្នកការពារបរិស្ថាន ចាត់វិធានការហាមឃាត់ការនេសាទត្រីប្រភេទនេះ រហូតដល់ពេលណាដែលបរិមាណពួកវាកើនឡើងវិញសិន។

ទោះជាយ៉ាងណាតម្លៃដ៏ខ្ពស់នៃពងត្រី Sturgeon បានជំរុញឱ្យអ្នកនេសាទធ្វើការសូកប៉ាន់ដល់អាជ្ញាធរដោយមធ្យោបាយផ្សេងៗ ជាហេតុបណ្ដាលឱ្យវិធានការនេះគ្មានប្រសិទ្ធភាព។ ពងត្រីដែលប្រមូលបានពីការនេសាទ បានបន្ថែមនូវគ្រោះថ្នាក់ថែមទៀតដល់បរិមាណត្រី ដែលនៅសេសសល់តាំងតែពីត្រីញី Sturgeon ក្លាយជាគោលដៅនៃការនេសាទដែលបណ្ដាលឱ្យមានការថយចុះនូវបរិមាណត្រីយ៉ាងច្រើន។

ប្រភេទឆ្មាទឹកកាស្ពៀន (Caspian seal) ដែលមានតែនៅតំបន់សមុទ្រកាស្ពៀនប៉ុណ្ណោះ ជាប្រភេទមួយក្នុងចំណោមប្រភេទឆ្មាទឹកដ៏កម្របំផុត ដែលរស់នៅក្នុងផ្ទៃទឹកក្នុងទ្វីបដូចជាប្រភេទឆ្មាទឹកបៃកាល់ (Baikal) ជាដើម។ តំបន់នេះក៏បានផ្ដល់កំណើតដល់ប្រភេទបក្សីជាច្រើនដូចជា សត្វរំពេកាស្ពៀន (Caspian gull) និងបក្សីតូចមួយប្រភេទដែលត្រូវគេស្គាល់ទូទៅថា បក្សីសមុទ្រកាស្ពៀន (Caspian tern)។ មានប្រភេទ និងអម្បូរត្រីជាច្រើនទៀតដែលរស់នៅតែក្នុងសមុទ្រកាស្ពៀន រួមមាន៖ កទុម (Kktum, ដែលត្រូវគេស្គាល់ថាជាត្រីកាស្ពៀនស) សត្វកន្លាតកាស្ពៀន (Caspian roach), ប្រ៊ីមកាស្ពៀន (Caspian bream) និងត្រីសូម៉ុងកាស្ពៀន (Caspian Salmon) ដែល៣ប្រភេទចុងក្រោយនេះសុទ្ធសឹងជាអំបូរត្រីទឹកសាប។ សូមបញ្ជាក់ថា Caspian Salmon កំពុងស្ថិតនៅក្នុងចំណុចគ្រោះថ្នាក់។

* លក្ខណៈជលសាស្ត្រ
សមុទ្រកាស្ពៀនមានលក្ខណៈជាសមុទ្រផង និងជាបឹងផង។ ជារឿយៗ វាត្រូវបានគេចាត់ថ្នាក់ថាជាបឹងធំបំផុតក្នុងលោក ថ្វីបើវាពុំមែនជាបឹងទឹកសាបក៏ដោយ។ សមុទ្រកាស្ពៀន បានក្លាយទៅជាផ្ទៃទឹកបិទប្រហែល ៥.៥លានឆ្នាំមកហើយ ដោយសារចលនារសាត់នៃទ្វីប។ ទន្លេវ៉ុលកា (ប្រហែល ៨០% នៃបរិមាណលំហូរទឹកចូល) និងទន្លេអ៊ូរ៉ាល់ (Ural River) បានហូរចាក់ទៅបំពេញសមុទ្រកាស្ពៀន ប៉ុន្តែពុំមានលំហូរទឹកចេញជាលក្ខណៈធម្មជាតិណាមួយជាជាងការរំហួតទេ។

លើសពីនេះទៅទៀត ប្រព័ន្ធសមុទ្រកាស្ពៀន គឺជាអាងទឹកបិទដែលមានកម្ពស់ទឹកផ្ទាល់ជាប្រវត្តិសាស្ត្រ មិនអាស្រ័យនឹងកម្ពស់ទឹកនៃមហាសមុទ្រឡើយ។ កម្ពស់ទឹកសមុទ្រកាស្ពៀន បានឡើងស្រកយ៉ាងឆាប់រហ័សជាច្រើនដងក្នុងរយៈពេលច្រើនសតវត្សកន្លងមកនេះ។ អ្នកប្រវត្តិសាស្ត្ររុស្ស៉ីជាច្រើនបានអះអាងថា ការឡើងនៅយុគកណ្ដាលនៃកម្ពស់ទឹកសមុទ្រកាស្ពៀន បានបណ្ដាលឱ្យទីក្រុងឆ្នេរសមុទ្រខាហ្សារី (Khazaria) ក៏ដូចជាអាទីល (Atil) ត្រូវបានទទួលរងការលិចលង់។ នៅឆ្នាំ២០០៤ កម្ពស់ទឹកមាន -២៨ ម៉ែត្រ ឬ ២៨ម៉ែត្រ ក្រោមនីវ៉ូទឹកសមុទ្រ។

ជាច្រើនសតវត្សកន្លងមកនេះ កម្ពស់ទឹកសមុទ្រកាស្ពៀនបានប្រែប្រួលស្របគ្នានឹងការចាក់បំពេញដោយទន្លេវ៉ុលកា ដែលអាស្រ័យទៅនឹងកម្ពស់ទឹកភ្លៀងនៅក្នុងតំបន់តម្រងដ៏ធំ។ កម្រិតទឹកភ្លៀងមានទំនាក់ទំនងទៅនឹងបម្រែបម្រួលក្នុងតំបន់ទំនាបអាត្លង់ទិកខាងជើង ដែលនាំទឹកភ្លៀងទៅក្នុងផ្ទៃនៃតំបន់តម្រង ហើយរងឥទ្ធិពលដោយដំណើរវិវដ្ដនៃតំបន់អាត្លង់ទិកខាងជើងនេះ។ លើសពីនេះទៅទៀត កម្ពស់ទឹកសមុទ្រកាស្ពៀនក៏មានទំនាក់ទំនងទៅនឹងលក្ខខណ្ឌសម្ពាធបរិយាកាសនៅតំបន់អាត្លង់ទិចខាងជើង ក្នុងចម្ងាយរាប់ពាន់ម៉ាយ (Mile) ទៅខាងជើង និងខាងលិច។ កត្តាទាំងនេះធ្វើឱ្យសមុទ្រកាស្ពៀន ក្លាយទៅជាកន្លែងដ៏សក្ដិសមដល់ការសិក្សាពីមូលហេតុ និងឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុសកល។

វដ្ដនៃកម្ពស់ទឹកក្នុងរយៈពេលខ្លីចុងក្រោយ បានចាប់ផ្ដើមជាមួយការស្រកចុះអស់ ៣ ម៉ែត្រ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៧៧ ហើយបានឡើង ៣ម៉ែត្រមកវិញ ពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៩៥។ ក្រោយមកទៀត មិនមានការកត់ត្រាវដ្តនៃកម្ពស់ទឹកមានការប្រែប្រួលនោះទេ៕

 

សមុទ្រកាស្ពៀន ថតដោយ MODIS ពីតារាវិថីនៃ តារារណប Terra

ផែនទីនៃសមុទ្រកាស្ពៀន

សមុទ្រកាស្ពៀនមើលតាមផែនទីពិភពលោក