(ប៉េកាំង)៖ ក្នុងនាមជាប្រទេសដែលប្រកាន់របបសាធារណរដ្ឋ ប្រធានាធិបតីចិនអនុវត្តអំណាចជាប្រមុខរដ្ឋ ដោយយោងតាមការសម្រេចរបស់សមាជជាតិប្រជាជន (NPC, National People Congress)។ តើអ្នកដឹងទេ មុខងារ និងអំណាចប្រធានាធិបតីចិន មានបែបបទយ៉ាងណា?

ចំពោះកិច្ចការបរទេស ប្រធានាធិបតីចិនជាតំណាងឲ្យសាធារណរដ្ឋប្រជាមានិតចិនទាំងមូល និងមានសិទ្ធិខ្ពស់បំផុត ក្នុងនាមជាអ្នកតំណាងប្រទេស។ ចំណែកក្នុងរូបភាពនៃបទប្បញ្ញត្តិនានា កម្មវិធីផ្លូវការ និងនិម្មិតរូប ប្រធានាធិបតីគឺជាឋានៈខ្ពស់បំផុតរបស់រដ្ឋ។ ក្នុងនាមជាប្រធានាធិបតី មិនបានសម្រេចចិត្តលើកិច្ចការរដ្ឋណាមួយដោយម្នាក់ឯងនោះទេ ប៉ុន្តែរាល់ការសម្រេចទាំងអស់ គឺត្រូវអនុលោមទៅតាមការសម្រេចរបស់សមាជជាតិប្រជាជន និងគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលជាក្បាលម៉ាស៉ីនគណបក្សកុម្មុយនីស្តចិន (CCP) ពីព្រោះប្រទេសចិនគ្រប់គ្រងដោយគណបក្សតែមួយ គឺគណបក្សកុម្មុយនីស្តចិននេះឯង។

យោងតាមរដ្ឋធម្មនុញ្ញចិន ប្រធានាធិបតីអនុវត្តទាំងមុខងារ និងអំណាចក្នុងប្រទេស និងក្រៅប្រទេស ដូចខាងក្រោម៖

១៖ មុខងារ និងអំណាចក្នុងប្រទេស
ប្រធានាធិបតីជាអ្នកប្រកាសដាក់ឲ្យប្រើច្បាប់ តែងតាំង និងដកតំណែងនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ក្រុមប្រឹក្សារដ្ឋ រដ្ឋមន្ត្រីតាមក្រសួង និងគណៈកម្មការរដ្ឋ អគ្គសវនករ និងអគ្គលេខាធិការ។ លើសពីនេះ ប្រធានាធិបតីចិនអាចផ្តល់មេដាយ និងតំណែងកិត្តិយសថ្នាក់ជាតិ ចេញបទបញ្ជាលើកលែងទោសជាពិសេសណាមួយ ប្រកាសពីច្បាប់អាជ្ញាសឹក ហើយក្នុងស្ថានភាពសង្គ្រាម ប្រធានាធិបតីក៏អាចចេញបទបញ្ជាប្រើប្រាស់កងទ័ព ដោយយោងទៅតាមសេចក្តីសម្រេចរបស់សមាជជាតិប្រជាជន និងគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួន។

២៖ មុខងារ និងអំណាចចំពោះកិច្ចការបរទេស
ប្រធានាធិបតីចិនជាអ្នកទទួលជួបតំណាងអង្គទូតបរទេស ក្នុងនាមជាប្រមុខសាធារណរដ្ឋប្រជាមានិតចិន តែងតាំង ឬកោះហៅតំណាងពេញសិទ្ធិរបស់ប្រទេសចិន នៅក្រៅប្រទេសត្រលប់មកវិញ ផ្តល់សច្ចាប័ន ឬលុបចោលសន្ធិសញ្ញា និងកិច្ចព្រមព្រៀងសំខាន់ៗ ដែលបានសម្រេចជាមួយបរទេស ដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់សមាជជាតិប្រជាជន។ រដ្ឋធម្មនុញ្ញដែលបានអនុម័តក្នុងឆ្នាំ១៩៨២ ក៏ចែងផងដែរថា អនុប្រធានាធិបតីអាចជួយដល់កិច្ចការរបស់ប្រធានាធិបតី និងអាចអនុវត្តមុខងារ និងអំណាចមួយចំនួនដែលប្រធានាធិបតីបានប្រគល់ឲ្យ។

តើគិតមកដល់ពេលនេះ តើសាធារណរដ្ឋប្រជាមានិតចិន មានប្រធានាធិបតីប៉ុន្មានរូបហើយ? សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ដោយលោក ម៉ៅ សេទុង (Mao Zedong) ដែលជាប្រធានាធិបតីចិនទីដំបូងគេ។ ក្នុងសម័យលោក ម៉ៅ សេទុង មានប្រធានាធិបតី ៣ រូបទៀត គឺលោក លីវ សៅឈី (Liu Shaoqi) លោក លី សៀននៀន (Li Xiannian) និងលោក យ៉ាង សាងឃុន (Yang Shangkun) ប៉ុន្តែអ្នកទាំងបីនាក់នេះ មិនត្រូវបានរាប់បញ្ចូលថាជាប្រធានាធិបតីក្នុងប្រវត្តិសាស្ត្រចិននោះទេ។

ផុតអាណត្តិរបស់លោក ម៉ៅ សេទុង គឺចូលដល់អាណត្តិរបស់លោក តេង ស៊ាវពីង (Deng Xiaoping) ទើបឋានៈប្រធានាធិបតីត្រូវរាប់តាមលំដាប់ មានន័យថា លោក តេង គឺជាប្រធានាធិបតីចិនជំនាន់ទី២ បន្ទាប់មក គឺមានលោក ចាង សឺមីង (Jiang Zemin) ជាប្រធានាធិបតីចិនជំនាន់ទី៣ លោក ហ៊ូ ជីនតាវ (Hu Jintao) ជាប្រធានាធិបតីចិនជំនាន់ទី៤ និងលោក ស៉ី ជីនពីង (Xi Jinping) ជាប្រធានាធិបតីចិនជំនាន់ទី៥ (បច្ចុប្បន្ន)។ តាមរដ្ឋធម្មនុញ្ញចិន ប្រធានាធិបតីត្រូវបោះឆ្នោតដោយសមាជជាតិប្រជាជន ដែលមានអាណត្តិ ៥ ឆ្នាំ និងមានសិទ្ធិកាន់តំណែងបាន ២ អាណត្តិ។ ប៉ុន្តែនៅជំនាន់លោក ស៉ី ជីនពីង នេះ ប្រទេសចិនបានកែប្រែរដ្ឋធម្មនុញ្ញរបស់ខ្លួននៅខែមីនា ឆ្នាំ២០១៨ ដោយលុបចោលការកំណត់អាណត្តិប្រធានាធិបតី។ ប្រការនេះ មានន័យថា លោក ស៉ី នឹងអាចកាន់តំណែងប្រធានាធិបតីចិនរហូតដល់អស់មួយជីវិត។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី លោកប្រធានាធិបតី ស៉ី មិនធ្លាប់ប្រកាសថា នឹងកាន់តំណែងអស់មួយជីវិត ឬបោះបង់តំណែងនៅពេលណានោះទេ៕