(ពិភពលោក)៖ ថ្ងៃនេះ Fresh News Plus នឹងចែករំលែកចំណេះដឹងទូទៅដែលទាក់ទងនឹងភូមិសាស្ត្រនយោបាយវិញម្តង ដែលបកស្រាយអំពីតំបន់ «អាស៉ីប៉ាស៉ីហ្វិក» និង «ឥណ្ឌូប៉ាស៉ីហ្វិក»។ តើតំបន់ទាំងពីរនេះ ខុសគ្នាយ៉ាងណា?
* តំបន់អាស៉ីប៉ាស៉ីហ្វិក (the Asia-Pacific region)
នៅក្នុងសុន្ទរកថារបស់មេដឹកនាំពិភពលោក កាលណាគេចង់និយាយពីភូមិសាស្ត្រនយោបាយផ្នែកខាងត្បូងនៃពិភពលោក ភាគច្រើនមានលើកឡើងពីឈ្មោះតំបន់ដ៏ធំទូលាយមួយឈ្មោះថា «អាស៉ីប៉ាស៉ីហ្វិក»។ តំបន់អាស៉ីប៉ាស៉ីហ្វិក គឺជាផ្នែកមួយរបស់ពិភពលោក ឬអាចនិយាយបានថាវាស្ថិតនៅជាប់ និងនៅជិតមហាសមុទ្រប៉ាស៉ីហ្វិកខាងលិច ដែលជាទូទៅរួមបញ្ចូលទាំងអាស៉ីខាងកើត អាស៉ីខាងត្បូង អាស៉ីអាគ្នេយ៍ និងតំបន់អូសេអានីផងដែរ។
ពាក្យថាអាស៉ីប៉ាស៉ីហ្វិកអាចរួមបញ្ចូលទាំងផ្នែកខ្លះនៃទឹកដីប្រទេសរុស្ស៉ី (នៅមហាសមុទ្រប៉ាស៉ីហ្វិកខាងជើង) និងបណ្តាប្រទេសមួយចំនួននៅទ្វីបអាមេរិក ដែលស្ថិតនៅតាមឆ្នេរមហាសមុទ្រប៉ាស៉ីហ្វិកភាគខាងកើត។ នៅពេលនិយាយពីតំបន់អាស៉ីប៉ាស៉ីហ្វិក គេក៏នឹកឃើញដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ីប៉ាស៉ីហ្វិក ហៅកាត់ថា APEC ដែលមានប្រទេសសមាជិកចំនួន ២១ ប្រទេស ជាឧទាហរណ៍រួមបញ្ចូលទាំងកាណាដា ស៉ីលី (Chile) រុស្ស៉ី ម៉ិកស៉ិក ប៉េរូ និងសហរដ្ឋអាមេរិក។
ម្យ៉ាងវិញទៀត ពាក្យនេះពេលខ្លះប្រើសម្រាប់រួមបញ្ចូលទាំងបណ្តាប្រទេសទាំងអស់នៅទ្វីបអូស្ត្រាលី នៅពេលគេចង់និយាយពីការបែងចែកពិភពលោកទៅជាតំបន់ធំៗ សម្រាប់គោលបំណងពាណិជ្ជកម្ម។
ដោយសារមិនមាននិយមន័យច្បាស់លាស់នៃការកំណត់តំបន់អាស៉ីប៉ាស៉ីហ្វិក តំបន់នេះប្រែប្រួលទៅតាមបរិបទ។ ទោះជាយ៉ាងណាក៏ដោយ ជាទូទៅវាត្រូវបានគេប្រើដើម្បីពិពណ៌នាប្រទេសនានានៅទូទាំងអាស៉ីខាងកើត អាស៉ីខាងត្បូង អាស៉ីអាគ្នេយ៍ និងតំបន់អូសេអានី។ នេះបើតាមប្រភពពីមជ្ឈមណ្ឌលសិក្សាអាស៉ីប៉ាស៉ីហ្វិកសម្រាប់ការសិក្សាផ្នែកសន្តិសុខ (the Asia-Pacific Center for Security Studies)។
មជ្ឈមណ្ឌលនេះបានអះអាងថានៅតំបន់អាស៉ីប៉ាស៉ីហ្វិកមានប្រទេស និងដែនដីចំនួន ៤៦ រួមមាន៖ អូស្ត្រាលី, បង់ក្លាដេស, ប៊ូតង់, ព្រុយណេ, មីយ៉ាន់ម៉ា, កម្ពុជា, កាណាដា, ចិន, ស៉ីលី, (Chile) ប្រទេសឃុក (Cook Islands), ហ្វ៊ីជី (Fiji Islands), ដែនដីហ្វ្រង់ប៉ូលីណេស៉ីរបស់បារាំង (French Polynesia), ឥណ្ឌា, ឥណ្ឌូណេស៉ី, ជប៉ុន, គិរីបាទី, ឡាវ, ម៉ាឡេស៉ី, ម៉ាល់ឌីវ, ម៉ាសាល (Marshall Islands), មីក្រូណេស៉ី, ម៉ុងហ្គោលី, សាធារណរដ្ឋណូរូ (Nauru), នេប៉ាល់, ណូវែលសេឡង់, ដែនដីនូវែលកាឡេដូនីរបស់បារាំង (News Caledonia), នីយ៉ូ (Niue), កូរ៉េខាងត្បូង, កូរ៉េខាងជើង, ប៉ាគីស្ថាន, សាធារណរដ្ឋប៉ាលូ (Palau), ប៉ាពូអាស៉ីនូវែលហ្គីណេ, ប៉េរូ, ហ្វីលីពីន, រុស្ស៉ី, សាម័រ (Samoa), សិង្ហបុរី, សូឡូម៉ុន (Solomon Islands), ស្រីលង្កា, ថៃ, ទីម័រខាងកើត, តុងហ្កា, ទូវ៉ាលូ (Tuvalu Islands), វ៉ានូទូ (Vanuatu Islands), វៀតណាម, និងសហរដ្ឋអាមេរិក។
* តំបន់ឥណ្ឌូប៉ាស៉ីហ្វិក (the Indo-Pacific Region)
តំបន់ឥណ្ឌូប៉ាស៉ីហ្វិក គឺជាទីតាំងលំហសមុទ្រមួយដែលរួមបញ្ចូលគ្នា បណ្តុំទៅដោយមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៉ីហ្វិក។ អ្នកវិភាគជាច្រើនយល់ឃើញថា តំបន់ឥណ្ឌូប៉ាស៉ីហ្វិក គឺជាទីតាំងដែលធ្វើការផ្លាស់ប្តូរឥទ្ធិពលអំណាច ពីពួកលោកខាងលិចមកលោកខាងកើត។
ការពង្រីកភូមិសាស្ត្រតំបន់នេះ នៅតែមិនទាន់ត្រូវបានកំណត់ ប៉ុន្តែពាក្យ «ឥណ្ឌូប៉ាស៉ីហ្វិក» សម្តៅទៅលើលំហសមុទ្រ ដែលលាតសន្ធឹងពីមហាសមុទ្រឥណ្ឌា កាត់ដែននៃអាស៉ីខាងកើត រហូតដល់មហាសមុទ្រប៉ាស៉ីហ្វិកខាងលិច រួមបញ្ចូលទាំងប្រទេសជប៉ុន និងអូស្ត្រាលី។ បច្ចុប្បន្ន (ត្រឹមឆ្នាំ២០២០) តំបន់ឥណ្ឌូប៉ាស៉ីហ្វិក ត្រូវបានកំណត់ថា មានចំនួន ២៤ប្រទេស។
ប្រទេសដែលស្ថិតក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក រួមមាន៖ អូស្ត្រាលី, បង់ក្លាដេស, ប៊ូតាន់, ប្រុយណេ, កម្ពុជា, ហ្វីជី, ឥណ្ឌា, ឥណ្ឌូនេស៉ី, ជប៉ុន, ឡាវ, ម៉ាឡេស៉ី, ម៉ាល់ឌីវ, មីយ៉ាន់ម៉ា, នេប៉ាល់, ញូហ្សៀឡែនដ៍, ប៉ាពូញ៉ូវហ្គីណេ, ហ្វីលីពីន, សិង្ហបុរី, ស្រីលង្កា, កោះតៃវ៉ាន់ (ចិន), ថៃ, ទីម័រខាងកើត (ទីម័រឡេស្តេ) និងសហរដ្ឋអាមេរិក។
ចាប់តាំងពីឆ្នាំ២០១១ ពាក្យ «ឥណ្ឌូប៉ាស៉ីហ្វិក» កំពុងត្រូវបានប្រើកាន់តែខ្លាំងឡើង នៅក្នុងសុន្ទរកថាយុទ្ធសាស្ត្រ / ភូមិសាស្ត្រនយោបាយពិភពលោក។ ក្នុងនាមជាក្របខណ្ឌអន្តរជាតិមួយ តំបន់នេះស្វែងរកការបង្កើតតំបន់ពហុភាគីតភ្ជាប់ ដែលត្រូវតែគ្រប់គ្រងដោយបទដ្ឋានច្បាប់ និងការអនុវត្តបទដ្ឋានអន្តរជាតិ ដែលបានព្រមព្រៀងជាទូទៅ។
សរុបមក «តំបន់អាស៉ីប៉ាស៉ីហ្វិក» មានទំហំធំជាង «តំបន់ឥណ្ឌូប៉ាស៉ីហ្វិក»៕