(បរទេស)៖ ការផុតពូជរបស់សត្វនៅផែនដី អាចកើតឡើងដោយសារតែកត្តាធម្មជាតិ ដូចជាការចុះត្រជាក់ ឬឡើងកម្តៅខ្លាំងនៃសីតុណ្ហភាព ឬមួយក៏ការប្រែប្រួលកម្រិតនីវ៉ូទឹកសមុទ្រ។ សម្រាប់សម័យកាលទំនើបក្រោយៗនេះ សកម្មភាពមនុស្ស គឺជាកត្តាចម្បងបំផុតដែលបណ្តាលឲ្យអម្បូរសត្វជាច្រើនត្រូវផុតពូជ ដូចជាការបំផ្លិចបំផ្លាញជម្រករបស់ពួកវា ការពង្រីកដីធ្វើស្រែចម្ការ ការកាប់ព្រៃឈើ ការបំពុលបរិស្ថាន ការនេសាទ ឬប្រមាញ់ច្រើនលើសកម្រិត។

ខាងក្រោមនេះ គឺជាអម្បូរសត្វល្បីៗចំនួន ១០ ប្រភេទ ដែលបានស្លាប់ផុតពូជបាត់ទៅហើយ៖

១០៖ សត្វរមាសខ្មៅអាហ្រ្វិកខាងលិច (West African Black Rhinoceros)

អម្បូរសត្វរមាសអាហ្រ្វិកមួយនេះ ជាទូទៅមានបណ្តោយប្រវែង ៣ ទៅ ៣.៨ ម៉ែត្រ កម្ពស់ ១.៤ ទៅ ១.៧ ម៉ែត្រ និងទម្ងន់ ៨០០ ទៅ ១,៣០០ គីឡូក្រាម។ វាមានកុយ (ស្នែង) ២ ដោយមួយមានប្រវែង ០.៥ ទៅ ១.៣ ម៉ែត្រ និងមួយទៀតប្រវែងចន្លោះ ២ ទៅ ៥៥ សង់ទីម៉ែត្រ។ មានមនុស្សមួយចំនួនជឿថា កុយរបស់វាអាចយកធ្វើជាថ្នាំព្យាបាលជំងឺបាន ដែលជាហេតុនាំឲ្យមានការបរបាញ់វាយ៉ាងសកម្មបំផុត។ នៅអំលុងទសវត្សឆ្នាំ១៩៣០ វិធានការរក្សាការពារសត្វរមាសនេះត្រូវបានធ្វើឡើង ប៉ុន្តែចំនួនវានៅតែបន្តថយចុះ។ សត្វរមាសខ្មៅអាហ្រ្វិកខាងលិច ត្រូវបានគេឃើញលើកចុងក្រោយបំផុតនៅប្រទេសកាម៉េរូន ក្នុងឆ្នាំ២០០៦ ហើយវាត្រូវបានបញ្ជាក់ពីការផុតពូជជាផ្លូវការនៅឆ្នាំ២០១១។

៩៖ សត្វត្រីដូហ្វីនសបៃជី (Baiji White Dolphin)

សត្វត្រីដូហ្វីននេះ មានឈ្មោះម៉្យាងទៀតថា ត្រីដូហ្វីនទន្លេចិន (Chinese River Dolphin)។ ពេលមិនទាន់ផុតពូជ ត្រីនេះមានវត្តមានតែនៅក្នុងទន្លេយ៉ាងសេ (Yangtze) នៃប្រទេសចិនប៉ុណ្ណោះ។ វាអាចមានប្រវែងរហូតដល់ ២.៥ ម៉ែត្រ និងទម្ងន់ជាង ២០០ គីឡូក្រាម។ សត្វត្រីដូហ្វីនសបៃជីបានរស់នៅក្នុងទន្លេយ៉ាងសេដោយគ្មានការរំខានខ្លាំង អស់រយៈពេលប្រមាណជាង ២០ លានឆ្នាំ តែចំនួនវាបានថយចុះយ៉ាងគំហុក ចាប់តាំងពីទសវត្សឆ្នាំ១៩៥០ មក។ ខណៈប្រទេសចិនចាប់ផ្តើមរីកចម្រើនឡើង ទន្លេយ៉ាងសេត្រូវបានប្រើប្រាស់សម្រាប់ការនេសាទ និងដឹកជញ្ជូនជាសកម្ម ហើយវត្តមានប្រព័ន្ធវារីអគ្គិសនី ក៏ជះឥទ្ធិពលអាក្រក់ខ្លាំងចំពោះពពួកសត្វត្រីនេះដែរ។ ទោះមិនត្រូវបានកត់ត្រាផ្លូវការជាសត្វផុតពូជក៏ដោយ ពុំមាននរណាម្នាក់បានប្រទះឃើញត្រីដូហ្វីនសបៃជីទៀតឡើយ តាំងពីឆ្នាំ២០០២ មក។

៨៖ សត្វពពែភ្នំផាយរេនៀន (Pyrenean Ibex)

អម្បូរពពែនេះរស់នៅតាមតំបន់ភ្នំភាគខាងជើងប្រទេសអេស៉្បាញ និងភាគខាងត្បូងប្រទេសបារាំង។ ជាទូទៅ វាមានកម្ពស់ ៦០-៧៦ សង់ទីម៉ែត្រ គិតត្រឹមស្មារបស់វា ហើយមានទម្ងន់ ២៤-៨០ គីឡូក្រាម។ ពពែភ្នំផាយរេនៀន ត្រូវគេអះអាងថាធ្លាប់មានចំនួនសរុបប្រហែល ៥០,០០០ ក្បាល ប៉ុន្តែមកដល់ដើមទសវត្សឆ្នាំ១៩០០ តួលេខនេះបានថយចុះមកនៅក្រោមត្រឹម ១០០ ក្បាលប៉ុណ្ណោះ។ មូលហេតុជាក់លាក់ ដែលបណ្តាលឲ្យអម្បូរសត្វពពែភ្នំនេះផុតពូជ គឺមិនត្រូវបានដឹងច្បាស់ឡើយ ប៉ុន្តែអ្នកវិទ្យាសាស្រ្តជឿថា ដោយសារកត្តាមួយចំនួន ដូចជាការប្រមាញ់ និងកង្វះសមត្ថភាពក្នុងការប្រកួតប្រជែងរកចំណី និងទីជម្រកជាមួយសត្វដទៃទៀត។ សត្វពពែភ្នំផាយរេនៀនចុងក្រោយ បានងាប់ក្នុងពេលធ្លាក់ពីលើដើមឈើនៅភាគខាងជើងអេស៉្បាញ នាឆ្នាំ២០០០។

៧៖ សត្វព្រាបព្រៃផាស៊្សែងចឺ (Passenger Pigeon)

សត្វព្រាបព្រៃនេះមានវត្តមាននៅតំបន់អាមេរិកខាងជើង ហើយបានផុតពូជតាំងពីដើមសតវត្សទី២០មក។ យោងតាមការប៉ាន់ស្មាន សត្វព្រាបនេះមានចំនួនចន្លោះ ៣-៥ ពាន់លានក្បាល បានរស់នៅលើទឹកដីសហរដ្ឋអាមេរិក នៅពេលដែលពួកអឺរ៉ុបបានធ្វើដំណើរទៅដល់តំបន់អាមេរិកខាងជើងជាលើកដំបូង។ ការទៅដល់នៃពួកអឺរ៉ុប បានបង្កឲ្យមានការកាប់ព្រៃឈើលើផ្ទៃដីធំៗ ដែលជាលទ្ធផលធ្វើឲ្យអម្បូរសត្វព្រាបនេះបាត់ទីជម្រក និងថយចុះចំនួន។ នៅសតវត្សទី១៩ សាច់របស់វាបានក្លាយជាអាហារថោកៗសម្រាប់ជនក្រីក្រ ដែលនាំឲ្យមានការប្រមាញ់ក្នុងលក្ខណៈទ្រង់ទ្រាយធំ។ អម្បូរសត្វព្រាប Passenger បានផុតពូជនៅក្នុងព្រៃខ្ទង់ឆ្នាំ១៩០០ ដោយមួយក្បាលចុងក្រោយបានងាប់ក្នុងសួនសត្វ នៅឆ្នាំ១៩១៤។

៦៖ សត្វតាស់ម៉ានៀនថាយហ្គឺរ (Tasmanian Tiger)

តាមពិតសត្វនេះមិនមែនជាសត្វខ្លាឡើយ ហើយក៏មិនមានជាប់ពាក់ព័ន្ធជាមួយអម្បូរសត្វខ្លាដែរ។ វាជាអម្បូរសត្វម៉្យាងហៅថា ម៉ារស៊ូភៀល (Marsupial) ជាអម្បូរជាមួយសត្វកង់ហ្គារូ (Kangaroo) និងសត្វកូអាឡា (Koala) ប៉ុន្តែសុីសាច់ជាអាហារ។ ឈ្មោះជាភាសាអង់គ្លេសរបស់វាមានពាក្យ Tiger ដែលមានន័យថាសត្វខ្លាបែបនេះ គឺដោយសារតែដងខ្លួនវាមានឆ្នូតខ្មៅៗ ដូចសត្វខ្លាដំបងដែរ។ រូបរាងជាក់ស្តែងរបស់វា គឺប្រហាក់ប្រហែលនឹងសត្វសុនខ ដែលមានទំហំមធ្យមឬធំ។ ជាទូទៅ វាមានទម្ងន់ ៣០ គីឡូក្រាម និងបណ្តោយពីកន្ទុយដល់ច្រមុះប្រវែងជិត ២ ម៉ែត្រ។ សត្វនេះមានវត្តមាននៅរដ្ឋតាស់ម៉ានៀ (Tasmania) នៃប្រទេសអូស្រ្តាលី និងកោះញូវហ្គីណេ (New Guinea)។ កត្តាបរបាញ់ត្រូវគេជឿថា ជាមូលហេតុចម្បងដែលបណ្តាលឲ្យសត្វនេះផុតពូជ ប៉ុន្តែការទន្ទ្រានរបស់មនុស្សទៅលើជម្រករបស់វា រួមជាមួយវត្តមានសត្វសុនខ និងជំងឺ ក៏ជាកត្តាចូលរួមចំណែកផងដែរ។ សត្វតាស់ម៉ានៀនថាយហ្គើចុងក្រោយនៅក្នុងព្រៃ ត្រូវបានគេសម្លាប់នៅចន្លោះឆ្នាំ១៩១០-១៩២០ ហើយមួយក្បាលចុងក្រោយបំផុត បានស្លាប់នៅសួនសត្វក្នុងរដ្ឋតាស់ម៉ានៀ នៅឆ្នាំ១៩៣៦។

៥៖ សត្វគោសមុទ្រស្ទែលឡឺរ (Steller's Sea Cow)

ឈ្មោះវា គឺត្រូវបានដាក់តាមលោក ចច ស្ទែលឡឺរ (George Steller) ដែលជាអ្នករកឃើញសត្វនេះនៅឆ្នាំ១៧៤១។ ថនិកសត្វស៉ីរុក្ខជាតិជាអាហារនេះ ត្រូវគេជឿថាអាចមានប្រវែងរហូតដល់យ៉ាងហោច ៨-៩ ម៉ែត្រ និងទម្ងន់ចាប់ពី ៨-១០ តោន ហើយរស់នៅតាមតំបន់ប្រជុំកោះនៀរ (Near Islands) ភាគនិរតីរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក និងតំបន់ប្រជុំកោះខូមមែនដឺរ (Commander Islands) នៅសមុទ្រប៊ែរីង (Bering Sea)។ សត្វនេះមិនអាចមុជខ្លួនដ៏ធំរបស់វាចូលទៅក្នុងទឹកបានទេ ដែលអាចជាកត្តានាំឲ្យវាងាយរងការប្រមាញ់ពីមនុស្ស។ ក្នុងអំលុងពេល ២៧ ឆ្នាំក្រោយការរកឃើញដោយពួកអឺរ៉ុប សត្វគោសមុទ្រស្ទែលឡឺរ ត្រូវបានគេបរបាញ់រហូតដល់ផុតពូជតែម្តង។

៤៖ សត្វបក្សីហ្គ្រេតអូក (Great Auk)

វាជាសត្វស្លាបធំ តែមិនអាចហោះបានទេ និងមានវត្តមាននៅតំបន់ភាគខាងជើងមហាសមុទ្រអាត្លង់ទិក តែនៅភាគខាងជើងអេស៉្បាញ ក៏មានសត្វនេះដែរ។ វាមានកម្ពស់ជាមធ្យម ៧៥-៨៥ សង់ទីម៉ែត្រ និងទម្ងន់ប្រហែល ៥ គីឡូក្រាម។ សត្វបក្សីនេះពូកែហែលទឹក ដែលអំណោយផលក្នុងការជួយវាប្រមាញ់អាហារនៅក្រោមផ្ទៃទឹក។ ហ្វូងបក្សីហ្រ្គេតអូកចុងក្រោយ រស់នៅលើកោះអ៊ែលឌី (Eldey) របស់ប្រទេសអ៉ីស្លង់ ហើយមកដល់ឆ្នាំ១៨៣៥ ពួកវាទាំងអស់ត្រូវបានគេសម្លាប់។ បក្សីហ្គ្រេតអូកប៉ុន្មានក្បាលចុងក្រោយបំផុត ត្រូវបានបុរស៣នាក់សម្លាប់ ក្រោយចាប់បានពួកវានៅប្រទេសស្កុតលែន ក្នុងឆ្នាំ១៨៤៤។

៣៖ សត្វបក្សីដូដូ (Dodo)

វាក៏ជាអម្បូរសត្វបក្សីមិនអាចហោះបានដែរ ដែលធ្លាប់រស់នៅប្រទេសដែនកោះម៉ូរីស (Mauritius) ភាគខាងកើតទ្វីបអាហ្រ្វិក។ កម្ពស់វាប្រហែលជា ១ ម៉ែត្រ និងទម្ងន់ ១០-១៨ គីឡូក្រាម។ ភស្តុតាងតែមួយគត់នៃរូបរាងរបស់សត្វបក្សី Dodo ដែលយើងមាន គឺតាមរយៈគំនូរ និងសំណេរផ្សេងៗគ្នាតាំងពីសតវត្សទី១៧ មកម្ល៉េះ ដូច្នេះហើយរូបរាងពិតប្រាកដរបស់វា នៅតែមិនទាន់អាចកំណត់ឲ្យប្រាកដនៅឡើយទេ។ យោងតាមការសន្និដ្ឋាន សត្វស្លាបនេះលែងមានសមត្ថភាពហោះហើរ ដោយសារការសម្បូរហូរហៀរនៃប្រភពចំណីរបស់វា និងការដែលមិនមានសត្វប្រមាញ់វា។ ក្នុងកំណត់ហេតុរបស់ក្រុមអ្នកដើរសមុទ្រហូឡង់ (នែតដឺរលែន) មានការលើកឡើងដំបូងនូវឈ្មោះបក្សីដូដូ កាលពីឆ្នាំ១៥៩៨។ សត្វស្លាបនេះ បានផុតពូជដោយសារការបរបាញ់របស់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេ បូករួមជាមួយអម្បូរសត្វឈ្លានពាន។ បើតាមការទទួលស្គាល់តាមមតិភាគច្រើន សត្វបក្សីដូដូចុងក្រោយបង្អស់ ត្រូវគេប្រទះឃើញនៅឆ្នាំ១៦៦២។

២៖ សត្វដំរីវ៉ូល្លីម៉ាម៉ូស (Wolly Mammoth)

ថនិកសត្វដ៏ធំមួយនេះ ត្រូវអ្នកវិទ្យាសាស្រ្តជឿថា មានជាប់សែស្រឡាយយ៉ាងជិតស្និទ្ធជាមួយនឹងសត្វដំរីយើងសព្វថ្ងៃ។ ពូជអម្បូរសត្វដំរីនេះ បានធ្វើបន្លាស់ទីចេញពីទ្វីបអាហ្រ្វិក កាលពីប្រមាណ ៣.៥ លានឆ្នាំមុន ហើយរីកសាយពេញភាគខាងជើងតំបន់អឺរ៉ាស៉ី (Eurasia គឺអឺរ៉ុប-អាស៉ី) ព្រមទាំងតំបន់អាមេរិកខាងជើង។ សត្វដំរីវ៉ូល្លីម៉ាម៉ូសអាចមានកម្ពស់ជាង ៤ ម៉ែត្រ និងទម្ងន់ជាង ៦ តោន។ ខ្លួនវាគ្របដណ្តប់ដោយរោម ហើយភ្លុកយ៉ាងកោងរបស់វាអាចមានប្រវែងរហូតដល់ ៥ ម៉ែត្រ។ អម្បូរសត្វដំរីនេះភាគច្រើន បានផុតពូជកាលពី ១០,០០០ ឆ្នាំមុន ដោយសារកត្តារួមបញ្ចូលគ្នារវាងការប្រមាញ់របស់មនុស្ស និងការបាត់បង់ទីជម្រកព្រោះតែបម្រែបម្រួលអាកាសធាតុ ប៉ុន្តែក្រុមដំរីវ៉ូល្លីម៉ាម៉ូសចុងក្រោយបំផុត ដែលនៅដាច់ដោយឡែកលើកោះរែនជែល (Wrangel) នៃមហាសមុទ្រអាក់ទិក បានបន្តមានវត្តមានរាប់ពាន់ឆ្នាំទៀតឯណោះ មុនពេលផុតពូជនៅខ្ទង់ឆ្នាំ ១,៧០០ មុនគ្រិស្តសករាជ។

១៖ សត្វខ្លាសេបឺធូស (Sabre-toothed Cat/Tiger/Lion)

អម្បូរសត្វមំសាសីមួយនេះ ធ្លាប់មានវត្តមាននៅលើផែនដីកាលពីចន្លោះ ៥៥លាន ទៅ ១១,៧០០ឆ្នាំមុន។ វាមានឈ្មោះជាភាសាអង់គ្លេសយ៉ាងដូច្នេះ ដោយសារតែចង្កូមយ៉ាងវែងរបស់វា ដែលខ្លះអាចមានប្រវែងរហូតដល់ ៥០ សង់ទីម៉ែត្រ។ ខ្លាសេបឺធូស អាចហាមាត់បានរង្វាស់មុំ ១២០ ដឺក្រេ បើធៀបជាមួយសត្វតោសព្វថ្ងៃ គឺបានធំជាងជិតពីរដង។ ការផុតពូជរបស់ពួកវា ត្រូវគេជឿថាអាចមានពាក់ព័ន្ធជាមួយនឹងការថយចុះក៏ដូចជាផុតពូជនៃពពួកសត្វធំៗ ដែលជាចំណីរបស់ពួកវា ឬដោយសារកត្តាដទៃទៀត រួមមានបម្រែបម្រួលអាកាសធាតុ និងការប្រកួតប្រជែងជាមួយអម្បូរមនុស្សសម័យនោះជាដើម៕