(បរទេស)៖ នៅលើផែនដីមានស្នាមរណ្តៅធម្មជាតិធំៗជាច្រើន ដែលកើតឡើងចេញពីការធ្លាក់បំណែកអាចម៍ផ្កាយ មកលើផ្ទៃភពរបស់យើង កាលពីយូរណាស់ហើយ។ ក្នុងចំណោមនោះ រណ្តៅអាចម៍ផ្កាយ ដែលនៅរក្សារូបរាងល្អជាងគេបង្អស់លើភពផែនដីយើង មានឈ្មោះថា «បារីហ្គើ មីធីអ័រ ក្រេធើ (Barringer Meteor Crater)» ហើយវាស្ថិតនៅក្នុងទឹកដីសហរដ្ឋអាមេរិក។

វាត្រូវបានគេរកឃើញកាលពីឆ្នាំ១៨៩១ ខណៈអាយុរបស់រណ្តៅអាចម៍ផ្កាយនេះ ត្រូវអ្នកវិទ្យសាស្រ្តប៉ាន់ស្មានចន្លោះពី ៥០០០ឆ្នាំ ទៅដល់ ៥០,០០០ឆ្នាំ។ នាពេលនោះ អាចម៍ផ្កាយធំមួយដុំដែលមានអង្កត់ផ្ចិតប្រហែល៤៥ម៉ែត្រ និងទម្ងន់ខ្ទង់៣០០,០០០តោន បានហោះចូលមកក្នុងបរិយាកាសភពយើង ហើយធ្លាក់បុកផ្ទៃផែនដី ពេញទំហឹងជាមួយកម្លាំងដ៏ខ្លាំងក្លា។ បើធៀបជាមួយគ្រាប់បែកបរមាណូ ដែលសហរដ្ឋអាមេរិកទម្លាក់លើទីក្រុងហូរ៉ូស៉ីម៉ា របស់ជប៉ុន កាលពីសម័យសង្រ្គាមលោក គឺថាមពលដែលវាបញ្ចេញ មានកម្លាំងខ្លាំងជាងប្រហែល១,០០០ដង។

គួរជម្រាបថា រណ្តៅអាចម៍ផ្កាយ បារីងហ្គើ ក៏បានកើតឡើងចេញមក ជាមួយមុខកាត់ដល់ទៅ១,៣០០ម៉ែត្រ និងជម្រៅខ្ទង់១៨០ម៉ែត្រ។ វា មានទីតាំងស្ថិតនៅក្បែរទីក្រុងវីស្លូ (Winslow) នៃរដ្ឋអារីហ្សូណា (Arizona) របស់សហរដ្ឋអាមេរិក ដែលមិនជាឆ្ងាយប៉ុន្មានពី គោលដៅទេសចរណ៍ដ៏ល្បីមួយទៀត របស់សហរដ្ឋអាមេរិកគឺតំបន់ឧទ្យានជាតិ ហ្គ្រេន ឃែនយ៉ុន (Grand Canyon) នោះឡើយ៕