(បរទេស)៖ មានប្រទេសមួយចំនួនដែលមានប្រជាជនទូទៅខ្ពស់ៗជាងគេ ខណៈបុគ្គលដែលខ្ពស់បំផុតនាពេលបច្ចុប្បន្ន គឺជាជនជាតិតួកគី ដែលមានកម្ពស់ដល់ទៅ ២.៥១ ម៉ែត្រឯណោះ ប៉ុន្តែប្រទេសតួកគីមិនជាប់ឈ្មោះក្នុងបញ្ជីប្រទេសដែលមានប្រជាជនខ្ពស់ៗបំផុតនោះទេ ផ្ទុយទៅវិញ គឺក្រុមប្រទេសអឺរ៉ុបឯណោះទេ ដែលស្ថិតនៅចំណាត់ថ្នាក់លើគេ។
* ខាងក្រោមនេះជាឈ្មោះប្រទេសទាំង ១១ ដែលមានប្រជាជនទូទៅខ្ពស់ៗជាងគេ ក្នុងនោះរួមមាន៖
១១៖ ប្រទេសក្រូអាស៉ី (Croatia)
ប្រជាជននៃប្រទេសថ្មីថ្មោងមួយនេះ ជាទូទៅមានកម្ពស់មធ្យម ១៧៣.២០ សង់ទីម៉ែត្រ។ ដោយឡែក បើគិតពីកម្ពស់របស់បុរសក្រូអាស៉ីជាមធ្យម គឺ ១៨០.៧៨ សង់ទីម៉ែត្រ ខណៈស្រ្តីជនជាតិក្រូអាស៉ីមានកម្ពស់ ១៦៥.៦៣ សង់ទីម៉ែត្រជាមធ្យម។
១០៖ ប្រទេសអ៉ីស្លង់ (Iceland)
ប្រជាជនប្រទេសដីកោះមួយនេះ មានកម្ពស់គិតជាមធ្យម ១៧៣.២១ សង់ទីម៉ែត្រ។ ស្រ្តីអ៉ីស្លង់ជាមធ្យម គឺមានកម្ពស់ ១៦៥.៩៤ សង់ទីម៉ែត្រ រីឯបុរសមានកម្ពស់ ១៨០.៤៩ សង់ទីម៉ែត្រជាមធ្យម។
៩៖ ប្រទេសបូស្នី (Bosnia)
ជនជាតិបូស្នីមានកម្ពស់ជាមធ្យម ១៧៣.៣៥ សង់ទីម៉ែត្រ ក្នុងនោះបុរសមានកម្ពស់មធ្យម ១៨០.៨៧ សង់ទីម៉ែត្រ ចំណែកស្រ្តីមានកម្ពស់មធ្យម ១៦៥.៨៤ សង់ទីម៉ែត្រ។
៨៖ ប្រទេសស្លូវ៉ាគី (Slovakia)
ស្លូវ៉ាគីមានប្រជាជនទូទៅកម្ពស់ ១៧៣.៤៨ សង់ទីម៉ែត្រជាមធ្យម។ បុរសស្លូវ៉ាគីកម្ពស់ ១៧៩.៥០ សង់ទីម៉ែត្រជាមធ្យម ខណៈស្រ្តីស្លូវ៉ាគីកម្ពស់ ១៦៧.៤៦ សង់ទីម៉ែត្រជាមធ្យម។
៧៖ ប្រទេសប៊ែលហ្ស៉ិក (Belgium)
ពលរដ្ឋប៊ែលហ្ស៉ិកជាមធ្យមមានកម្ពស់ ១៧៣.៥៩ សង់ទីម៉ែត្រ ដោយបុរសកម្ពស់ ១៨១.៦៩ សង់ទីម៉ែត្រជាមធ្យម ខណៈស្រ្តីកម្ពស់ ១៦៥.៤៩ សង់ទីម៉ែត្រជាមធ្យម។
៦៖ ប្រទេសស៊ែប៊ី (Serbia)
ជនជាតិស៊ែប៊ីមានកម្ពស់ ១៧៤.១៣ សង់ទីម៉ែត្រជាមធ្យម ក្នុងនោះបុរសមានកម្ពស់មធ្យម ១៨០.៥៧ សង់ទីម៉ែត្រ រីឯស្រ្តីមានកម្ពស់មធ្យម ១៦៧.៦៩ សង់ទីម៉ែត្រ។
៥៖ ប្រទេសឆែក (Czech Republic)
ប្រជាជនឆែកទូទៅមានកម្ពស់ជាធម្យម ១៧៤.២៨ សង់ទីម៉ែត្រ។ បុរសឆែកកម្ពស់ ១៨០.១០ សង់ទីម៉ែត្រជាមធ្យម ចំណែកស្រ្តីឆែកមានកម្ពស់ ១៦៨.៤៥ សង់ទីម៉ែត្រជាមធ្យម។
៤៖ ប្រទេសដាណឺម៉ាក (Denmark)
ប្រជាជនដែលរស់នៅក្នុងប្រទេសសម្បូរអាហារមានជីវជាតិមួយនេះ មានកម្ពស់ជាមធ្យម ១៧៤.២៩ សង់ទីម៉ែត្រ ដោយបុរសកម្ពស់ ១៨១.៣៨ សង់ទីម៉ែត្រជាមធ្យម ខណៈស្រ្តីកម្ពស់ ១៦៧.២១ សង់ទីម៉ែត្រជាមធ្យម។
៣៖ ប្រទេសអេស្តូនី (Estonia)
ពលរដ្ឋអេស្តូនីជាមធ្យមមានកម្ពស់ ១៧៥.១៣ សង់ទីម៉ែត្រ ក្នុងនោះបុរសមានកម្ពស់មធ្យម ១៨១.៥៩ សង់ទីម៉ែត្រ ហើយស្រ្តីមានកម្ពស់មធ្យម ១៦៨.៦៧ សង់ទីម៉ែត្រ។
២៖ ប្រទេសឡេតូនី (Latvia)
ជនជាតិឡេតូនីមានកម្ពស់ ១៧៥.៦១ សង់ទីម៉ែត្រជាមធ្យម ដោយបុរសមានកម្ពស់មធ្យម ១៨១.៤២ សង់ទីម៉ែត្រ និងស្រ្តីមានកម្ពស់មធ្យម ១៦៩.៧៩ សង់ទីម៉ែត្រ។
១៖ ប្រទេសនែតដឺលែន (Netherlands)
នែតដឺលែន គឺជាប្រទេសដែលមានប្រជាជនទូទៅខ្ពស់ៗជាងគេលើលោក។ ប្រជាជននែតដឺលែនមានកម្ពស់ជាមធ្យម ១៧៥.៦២ សង់ទីម៉ែត្រ ដោយបុរសមានកម្ពស់មធ្យម ១៨២.៥៣ សង់ទីម៉ែត្រ និងស្រ្តីកម្ពស់ ១៦៨.៧២ សង់ទីម៉ែត្រជាមធ្យម៕