(ពិភពលោក)៖ កង់វិល ថ្វីដ្បិតធម្មតាៗ តែជាតម្រូវការចាំបាច់មួយ ព្រោះគ្រប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត រថយន្ត យន្តហោះ និងវត្ថុប្រើប្រាស់ជាច្រើនទៀត សុទ្ធតែត្រូវការកង់ដើម្បីជាជំនួយ ដូច្នេះហើយទើបមនុស្សយើងបង្កើតកង់ឡើងមក។ តើអ្នកដឹងទេថា ជនជាតិណាដែលបានបង្កើតកង់មុនគេបង្អស់?
ក្រៅពីការរីកចម្រើនលើវិស័យដឹកនាំរដ្ឋ និងការអភិវឌ្ឍឧបករណ៍ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ សង្គមមនុស្សសាំមឺ (Sumer) នៅតំបន់មេសូប៉ូតាមី (Mesopotamia) ក៏ចេះបង្កើតកង់រទេះឡើងមកដែរ។ កង់ដំបូងរបស់ពួកគេ គឺគ្រាន់តែជាកង់ដីឥដ្ឋ ក្រោយមកក៏មានកង់ឈើដែលមានប្រហោងនៅចំកណ្ដាលសម្រាប់ស៊កឈើ ឬដែកភ្លៅរទេះ។
លុះក្រោយមកទៀត កង់របស់ពួកសាំមឺក៏បានវិវត្តមកជាកង់ក្នុងរូបរាងថ្មីដែលមានខ្នងកង់ មានកាំកង់ មានដុំដែលនៅចំកណ្ដាលរង្វង់កង់ ហើយជាផ្នែកទ្រទ្រង់កាំកង់ និងខ្នងកង់។ ដុំកង់រទេះនេះទៀតសោត គឺមានប្រហោងនៅចំកណ្ដាលមួយទៀត ដែលទុកសម្រាប់ស៊កដែកភ្លៅរទេះ ដើម្បីទ្រទ្រង់គ្រោងរទេះទាំងមូល ហើយអាចធ្វើចលនាទៅមុខទៅក្រោយបាន។
អ្នកស្រុកសាំមឺប្រើប្រាស់រទេះសម្រាប់ទឹមជាមួយសត្វពាហនៈ មានគោ ក្របី សេះ អូដ្ឋឱ្យដឹកជញ្ជូនរបស់របរ ភោគផល ទ្រពសម្បត្តិផ្សេងៗ ឬពេលខ្លះមនុស្សក៏អូសទាញរទេះដោយកម្លាំងមនុស្សខ្លួនឯងដែរ។ ក្រោយមក ពួកគេក៏បែកគំនិតអភិវឌ្ឍន៍រទេះធម្មតាៗនោះទៅជារទេះរបស់ព្រះរាជា ឬហៅថា «រាជរថ» ហើយថែមទាំងអភិវឌ្ឍន៍ទៅជារទេះចម្បាំងសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមទៀតផង។
ការរកឃើញ និងបង្កើតកង់នេះឡើង វាបានជួយឱ្យមនុស្សមានគំនិតថ្មីៗមួយចំនួន គឺឈានទៅបង្កើតឧបករណ៍ជាច្រើនផ្សេងទៀត ដូចជា កង់បង្វិលប្រើប្រាស់ក្នុងវិស័យសិប្បកម្ម សម្រាប់ផលិតគ្រឿងស្មូនឆ្នាំងជាដើម។ ជាលទ្ធផល វាបានបង្កើនសមត្ថភាពឱ្យពួកគេផលិតអ្វីៗកាន់តែលឿន កាន់តែច្រើន និងចំណាយពេលកាន់តែតិច និងទទួលបានរូបរាងកាន់តែស្អាត៕