(អឺរ៉ុប)៖ រូបគំនូរម៉ូណាលីសា (Mona Lisa) គឺជារតនសម្បត្តិដ៏មានតម្លៃមួយក្នុងសម័យរ៉ឺណេស្សង់ (Renaissance) ហើយទោះកន្លងទៅអស់រយៈពេលជាង ៥០០ ឆ្នាំទៅហើយក្ដី ក៏រូបគំនូរដ៏ល្អវិចិត្រនេះនៅតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ តើគំនូរម៉ូណាលីហ្សាត្រូវបានគូរឡើងនៅឆ្នាំណា ដោយវិចិត្រកររូបណា?
វិចិត្រករដែលមានសមត្ថភាពអាចគូរគំនូរម៉ូណាលីហ្សាដ៏ល្អប្រណីតនេះ គឺមានឈ្មោះថា លេអូណាដូ ដាវិនស៉ី (Leonardo Da Vinci)។ លោកកើតនៅគ្រិស្ដសករាជ ១៤៥២ នក្នុងបុរីរដ្ឋហ្វ្លរ៉ង់ (Republic of Florence)។ ដាវិនស៉ី ចូលចិត្តគូររូបតាំងតែពីកុមារភាព ហើយគំនូរដែលលោកគូរ ភាគច្រើនសុទ្ធតែដូចរូបពិតៗមែនទែន។ ទេពកោសល្យនេះបានជួយឱ្យលោកបានក្លាយជាបុគ្គលដ៏សំខាន់មួយរូប ក្នុងការកសាងវឌ្ឍនភាពជូនសង្គមមនុស្សអឺរ៉ុបនាសម័យរ៉ឺណេស្សង់នោះ (សតវត្សទី ១៤-១៧)។
លោកបានចាប់ផ្ដើមការងារគូរគំនូរម៉ាណាលីសាខាងលើនោះ នៅអំលុងគ្រិស្ដសករាជ ១៥០៣។ រូបគំនូរនេះត្រូវបានគេចាត់ទុកថាជារូបគំនូរដ៏ល្បីល្បាញបំផុតក្នុងចំណោមស្នាដៃទាំងអស់របស់ ដាវិនស៉ី។ លោកបានចំណាយពេលដល់ទៅបួនឆ្នាំ ក្នុងការគូរគំនូរដ៏ល្អវិចិត្រមួយនេះ មានន័យថា រហូតគ្រិស្ដសករាជ ១៥០៧ ទើបលោកបញ្ចប់ការគូរគំនូរនេះ។
រូបគំនូរម៉ូណាលីសា គឺជាគំនូរដែលមានទ្រង់ទ្រាយ ការតុបតែងប្រកបដោយភាពប៉ិនប្រសប់គួរឱ្យស្ងើចសរសើរក្រៃលែង។ ភាពអស្ចារ្យមួយទៀតរបស់គំនូរនេះ គឺបានបង្កប់នូវអាថ៌កំបាំង ដែលសូម្បីតែអ្នកស្រាវជ្រាវបច្ចុប្បន្នក៏មិនទាន់ដោះប្រស្នានោះបានដែរ។
សូមជម្រាបថា រូបគំនូរម៉ូណាលីសានេះ គឺជារូបរបស់លោកស្រី លីសា ឌែល ជីអូកុងដូ (Lisa Del Giocondo) ដែលជាភរិយារបស់អ្នកជំនួញជនជាតិហ្វ្លរ៉ង់ម្នាក់មានឈ្មោះថា ហ្វ្រាន់ស៉ីស្កូ ឌែល ជីអូកុងដូ (Francesco del Giocondo)៕
* Republic of Florence គឺជាបុរីរដ្ឋតូចមួយដែលបច្ចុប្បន្នបានក្លាយជាផ្នែកមួយនៃប្រទេសអ៉ីតាលី!