(ពិភពលោក)៖ កន្លងមក Fresh News Plus បានជម្រាបជូនទស្សនិកជនអំពីប្រទេសចំនួន ៥ ដែលបានផ្លាស់ប្តូរឈ្មោះថ្មី ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ រួមមាន ប្រទេសថៃ ប្រទសស្រីលង្កា ប្រទេសមីយ៉ាន់ម៉ា ប្រទេសអេស្វាទីនី និងប្រទេសនែតដឺរលែន ប៉ុន្តែមិនទាន់អស់ទេ ដោយនៅមានប្រទេសមួយចំនួនទៀតដែលបានធ្វើដូចគ្នានេះ។

ខាងក្រោមនេះគឺជាប្រទេសចំនួន ៦ ផ្សេងទៀតដែលបានប្ដូរឈ្មោះថ្មី ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ រួមមាន៖

១៖ ប្រទេសម៉ាសេដូន (Macedonia)

ប្រទេសនៅតំបន់បាល់កង់ (Balkans) នៃទ្វីបអឺរ៉ុបមួយនេះ បានប្តូរឈ្មោះផ្លូវការរបស់ខ្លួនពីសាធារណរដ្ឋម៉ាសេដ្វាន ឬសាធារណរដ្ឋម៉ាសេដូន (Republic of Macedonia) ទៅជាសាធារណរដ្ឋម៉ាសេដ្វានខាងជើង ឬ សាធារណរដ្ឋម៉ាសេដូនខាងជើង កាលពីខែកុម្ភៈ ឆ្នាំ២០១៩។ មូលហេតុចម្បងនៃការប្តូរឈ្មោះបែបនេះ គឺដើម្បីក្លាយជាសមាជិកពេញលេញរបស់អង្គការ NATO ហើយកុំឲ្យជាប់ពាក់ព័ន្ធជាមួយប្រទេសក្រិកនៅជិតខាងខ្លួន ដែលមានតំបន់មួយឈ្មោះថាម៉ាសេដូនដែរ។

២៖ ប្រទេសឆែក (Czech)

ប្រទេសអឺរ៉ុបកណ្តាលមួយនេះ ភាគច្រើនត្រូវគេនិយមហៅដោយឈ្មោះពេញថា សាធារណរដ្ឋឆែក (Czech Republic)។ ក៏ប៉ុន្តែសាធារណរដ្ឋឆែកចង់មានឈ្មោះខ្លីមួយ ដើម្បីសម្រួលដល់ការហៅ និងសរសេរ ដូចជានៅក្នុងព្រឹត្តិការណ៍កីឡា និងនៅលើផលិតផលក្រុមហ៊ុនជាដើម។ ហេតុដូច្នេះ សាធារណរដ្ឋឆែកក៏បានសម្រេចប្តូរឈ្មោះទៅជាឆែគា (Czechia) កាលពីខែមេសា ឆ្នាំ២០១៦ ដោយមិនមែនយកត្រឹមពាក្យ ឆែក (Czech) ហើយកាត់ពាក្យសាធារណរដ្ឋ (Republic) ចោលឡើយ។ ចំណែកឈ្មោះវែងផ្លូវការ «សាធារណរដ្ឋឆែក» ក៏មិនត្រូវបានបោះបង់ចោលតែម្តងនោះដែរ។

៣៖ ប្រទេសអាល់តូវ៉ុលតា (Alto Volta)

ដើម្បីសាទរគម្រប់ខួប ២០ ឆ្នាំនៃការទទួលបានឯករាជ្យរបស់ខ្លួន ប្រទេសអាហ្រ្វិកខាងលិចមួយនេះបានប្តូរឈ្មោះពីសាធារណរដ្ឋអាល់តូវ៉ុលតា (Republic of Alto Volta) ទៅជាបឺគីណាវ៉ាសូ (Burkina Faso) ដែលក្នុងភាសាពួកគេ មានន័យថា «ដែនដីនៃបុគ្គលមានភាពសុច្ចរិត»។ ការប្តូរឈ្មោះនេះត្រូវបានធ្វើឡើងកាលពីឆ្នាំ១៩៨៤ ហើយទង់ជាតិ និងភ្លេងជាតិ ក៏ត្រូវបានកែប្រែជាមួយគ្នាផងដែរ។ ឈ្មោះពីមុនដែលហៅថា «អាល់តូវ៉ុលតា» គឺជាឈ្មោះទន្លេសំខាន់មួយប្រចាំនៅតំបន់អាហ្រ្វិកខាងលិច។

៤៖ ប្រទេសអាហ្រ្វិកនិរតីអាល្លឺម៉ង់ (German South West Africa)

កាលពីពេលដែលប្រទេសនៅតំបន់ភាគនិរតីនៃទ្វីបអាហ្រ្វិកមួយនេះ ទទួលបានឯករាជ្យពីប្រទេសអាល្លឺម៉ង់ ខ្លួនក៏បានប្តូរឈ្មោះទៅជាណាមីប៊ី (Namibia) ដោយវាបានកើតឡើងកាលពីឆ្នាំ១៩៩០។ ក្រោយមកទៀត ឈ្មោះទីក្រុង និងតំបន់នានាក្នុងប្រទេសអាហ្រ្វិកនេះ ដែលយកឈ្មោះតាមអាល្លឺម៉ង់ ក៏ត្រូវបានផ្លាស់ប្តូរផងដែរ ខណៈប្រជាពលរដ្ឋមិនសូវសប្បាយចិនប៉ុន្មានឡើយ ព្រោះពួកគេទម្លាប់ហៅឈ្មោះចាស់ៗរបស់ទីក្រុង និងតំបន់ទាំងនោះជាយូរមកហើយ។

៥៖ ប្រទេសខេបវើដ (Cape Verde)

ប្រទេសនេះជាប្រទេសប្រជុំកោះដ៏ស្រស់ស្អាតមួយនៅខាងលិចទ្វីបអាហ្រ្វិក (ប្រជុំកោះនៅមហាសមុទ្រអាត្លង់ទិក) ដែលបានប្តូរឈ្មោះកាលពីឆ្នាំ២០១៣ ពីឈ្មោះខេបវើដ (Cape Verde) ទៅជាសាធារណរដ្ឋខាបូវើដ (Republic of Cabo Verde) ឬត្រឹមខាបូវើដ។ ឈ្មោះថ្មីនេះ គឺជាអ្វីដែលក្រុមអ្នកដើរសមុទ្រជនជាតិព័រទុយហ្កាល់ បានរកឃើញប្រជុំកោះនេះ ហៅពួកវាតាំងតែពីគ្រិស្ដសករាជ ១៤៤៤ មកម្ល៉េះ។

៦៖ ប្រទេសអៀរឡង់ (Ireland)

នៅឆ្នាំ១៩៣៧ រដ្ឋសេរីអៀរឡង់ដែលហៅថា «Irish Free State» បានប្តូរឈ្មោះទៅជាប្រទេសអៀរឡង់ (Ireland) ដែលមានឯករាជ្យទាំងស្រុងពីចក្រភពអង់គ្លេស ខណៈផ្នែកខាងជើងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសនោះ គឺបានប្ដូរឈ្មោះជា «អៀរឡង់ខាងជើង»៕