(ពិភពលោក)៖ យើងតែងគិតថាការកសាងត្រឹមតែស្ពានឆ្លងទន្លេផងក៏នៅតែពិបាក ចុះទម្រាំការកសាងស្ពានឆ្លងសមុទ្រដ៏ធំល្វឹងល្វើយវិញនោះ តើជួបនូវឧបសគ្គលំបាកយ៉ាងណាខ្លះទៅ។ ទោះជាយ៉ាងណាមនុស្សលោកយើងនៅតែអាចជម្នះបញ្ហាទាំងនេះទាល់តែបាន ដោយពួកគេបានកសាងស្ពានឆ្លងសមុទ្រវែងៗជាច្រើនខ្សែ ដើម្បីជាមធ្យោបាយដឹកជញ្ជូនធ្វើដំណើរសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
សួរថាតើស្ពានឆ្លងសមុទ្រដែលវែងជាងគេមានប្រវែងប៉ុន្មានគីឡូម៉ែត្រ ហើយវាស្ថិតនៅប្រទេសណា?
ស្ពានដែលវែងជាងគេបំផុតនៅលើពិភពលោកនោះ គឺស្ពានហុងកុង-ជូហៃ-ម៉ាកែវ ឬ Hong Kong-Zhuhai-Macau Bridge (HZMB) ដែលស្ថិតនៅតំបន់ដីសណ្ដទន្លេគជ់ (Pearl River Delta) នៃប្រទេសចិន។ ស្ពាននេះមានប្រវែងសរុបដល់ទៅ ៥៥ គីឡូម៉ែត្រ ដែលផ្សំឡើងដោយកំណាត់ស្ពាន ផ្លូវថ្នល់តពីគល់ស្ពានទាំងសងខាង រួមទាំងផ្លូវរូងក្រោមបាតសមុទ្រដែលតភ្ជាប់កោះសប្បនិម្មិតមួយចំនួនទៀតផងដែរ។
ក្រោមអធិបតីភាពលោក ស៉ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សមិទ្ធផលស្ពានដ៏វែងដាច់កន្ទុយភ្នែកនេះ ត្រូវបានរៀបចំពិធីបើកសម្ពោធជាផ្លូវការនាថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីចំណាយពេលសាងសង់អស់ ៩ ឆ្នាំ ជាមួយនឹងការចំណាយថវិកាសាងសង់ប្រមាណ ២០ ពាន់លានដុល្លារអាមេរិក។
ក្រោយបើកសម្ពោធដាក់ឱ្យដំណើរការរួចមក ស្ពានថ្មដ៏អស្ចារ្យនេះបានតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់មធ្យោបាយធ្វើដំណើរពីទីក្រុងហុងកុង ទៅកាន់ទីក្រុងជូហៃ នៃខេត្តក្វាងទុង (Guangdong) និងបន្តទៅដល់ទីក្រុងម៉ាកែវ ដែលសុទ្ធតែជាទីក្រុងសំខាន់ៗរបស់ចិន និងមានភាពល្បីល្បាញនៅលើសកលលោក។
អ្វីដែលពិសេសលើសពីនេះ គឺវាអាចប្រឈមនឹងកម្លាំងរញ្ជួយដី ឬខ្យល់ព្យុះខ្លាំងៗបានយ៉ាងមានសុវត្ថិភាព ដោយសារកំលុងពេលសាងសង់នោះគេបានប្រើប្រាស់ដែកថែបដល់ទៅ ៤០០,០០០ តោនដែលមានសមត្ថភាពអាចទប់ទល់នឹងកម្លាំងរង្គើបានយ៉ាងរឹងមាំ។ ពាក់ព័ន្ធនឹងបរិមាណដែកថែបនេះទៀតសោត ចិនខ្លួនឯងបានបញ្ជាក់ថាដែកទាំង ៤០០,០០០ តោននេះអាចយកទៅសាងសង់មហាវិមានដែក តួអេហ្វែល នៅទីក្រុងប៉ារីសបានដល់ ៦០ ដងឯណោះ។
សូមជម្រាបថា រហូតមកដល់ពេលនេះ មិនទាន់មានប្រទេសណាអាចបំបែកកំណត់ត្រា ឬឯតទគ្គកម្មសាងសង់ស្ពានឆ្លងសមុទ្រដែលវែងជាងស្ពាននៅប្រទេសចិននេះបាននៅឡើយទេ៕